28 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​​ប្រកាន់​ជំហរ​រឹងមំា​លើ​​​គម្រោង​​​ធ្វើ​បាតុ​កម្ម​​ ​ស្រប​​​ពេល​​​​​​កំពុង​មាន​ការ​គំរាម​ ​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមឧត្ដមសេនីយ៍ដ៏ស្មោះស្ម័គ្ររបស់លោកប្ដេជ្ញាទប់ស្កាត់បាតុកម្មប្រឆាំងរដ្ឋាភិបាលទោះក្នុងតម្លៃណាក៏ដោយនោះ  គណបក្សសង្គ្រោះជាតិបាននិយាយកាលពីម្សិលមិញថា ខ្លួនមិនខ្លាចឡើយ ហើយនឹងបន្តគម្រោងធ្វើមហាបាតុកម្មក្នុងរាជធានីភ្នំពេញ។

ក្រោយពីគណបក្សសង្គ្រោះជាតិប្រកាសថា ខ្លួននឹងធ្វើបាតុកម្មប្រឆាំងការសម្រេចផ្តន្ទាទោសលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងកាលពីសប្តាហ៍មុន រថយន្តយោធារាប់សិបគ្រឿងដែលដឹកទាហានពាក់បាំងមុខ និងប្រដាប់ដោយអាវុធបានចល័តនៅខាងក្រៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិពេញមួយយប់ថ្ងៃច័ន្ទ។  នៅយប់នោះ លោក ហ៊ុន សែន បានព្រមានប្រជាពលរដ្ឋថា កុំ “ញ៉ាមធ្វើបាតុកម្ម” ហើយបានប្ដេជ្ញាតាមរយៈសារបង្ហោះលើហ្វេសប៊ុកថានឹងកម្ចាត់ចោលរាល់កម្លាំងនៅក្នុងប្រទេសដែល  ”បំផ្លាញសណ្ដាប់ធ្នាប់សង្គម”។

cam-photo-cnrp-channa-485x323លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំងបានថ្លែងទៅកាន់អ្នកគាំទ្រប្រមាណ១០០នាក់នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញថា គណបក្សមិនខ្លាចឡើយ។ លោកបានមានប្រសាសន៍ថា “យើងមិនបារម្ភទេចំពោះការបំភិតបំភ័យរបស់អ្នកឯង។ ខ្ញុំចង់និយាយថា ការប្រើប្រាស់អាវុធរបស់អ្នកឯងដើម្បីបំភិតបំភ័យពួកយើង គឺខុសច្បាប់”។

កាលពីថ្ងៃទី៣១ ខែសីហា យោធាបានចល័តឧទ្ធម្ភាគចក្រពីលើទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងខណ្ឌមានជ័យ ហើយបានសំចតអូប័រដែលបំពាក់ដោយកាំភ្លើងយន្តនៅមាត់ច្រាំងទន្លេបាសាក់ ត្រង់ចំណុចខាងក្រោយអគារទីស្នាក់ការគណបក្សនេះ។

លោក សុន ឆ័យ បានគូសបញ្ជាក់ថា “រដ្ឋាភិបាលមិនអាចប្រើប្រាស់អាវុធរបស់ខ្លួនដើម្បីបំភិតបំភ័យប្រជាពលរដ្ឋបានទេ។ ភារកិច្ចរបស់កងទ័ព កងកម្លាំងប្រដាប់អាវុធ គឺត្រូវការពារសន្តិសុខ និងទឹកដី។ អ្នកឯងប្រើប្រាស់កងកម្លាំងរបស់ជាតិដើម្បីគំរាមកំហែងប្រជាពលរដ្ឋខ្លួនឯង។ នេះជាទង្វើខុសច្បាប់។ ធ្វើបែបនេះគ្មានប្រយោជន៍ដល់ប្រទេសជាតិ ឬរដ្ឋាភិបាលទេ។ ពេលអ្នកឯងហោះក្រឡឹង [ឧទ្ធម្ភាគចក្រ] ហើយប្រជាពលរដ្ឋថតរូបទាំងនោះបង្ហោះ និងចែករំលែកទូទាំងពិភពលោក ពិភពលោកនឹងចោទប្រកាន់អ្នកឯងថាប្រើអំណាចយោធា ឬជារដ្ឋាភិបាលយោធា”។

លោកមានប្រសាសន៍ទៀតថា គណបក្សសង្គ្រោះជាតិនឹងរៀបចំព្រឹត្តិការណ៍មួយដើម្បីប្រារព្ធអបអរខួប២៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ប៉ុន្តែបញ្ជាក់ថា ការជួបដុំគ្នានោះធ្វើឡើងដាច់ដោយឡែកពីមហាបាតុកម្មដែលបានគ្រោងទុក។

លោកប្រាប់ថា កាលបរិច្ឆេទសម្រាប់ការតវ៉ាតាមការគ្រោងទុកនេះមិនទាន់កំណត់នៅឡើយទេ ប៉ុន្តែអ្នកគាំទ្របានបញ្ជូនគ្រឿងឧបភោគបរិភោគរួចហើយ ដូចជាទឹកបរិសុទ្ធ អង្ករ និងទឹកត្រីជាដើម។

គួររំឭកថា លោក កឹម សុខា ត្រូវបានតុលាការផ្ដន្ទាទោសកាលពីថ្ងៃសុក្រ ឱ្យជាប់ពន្ធនាគារ៥ខែ ពីបទបដិសេធក្នុងការចូលខ្លួនទៅតុលាការទាក់ទិនសំណុំរឿងមួយដែលមជ្ឈដ្ឋានទូទៅជឿថាជារឿងនយោបាយ។ ចាប់តាំងពីពេលនោះមក គ្មានការប៉ុនប៉ងចាប់ខ្លួនលោកទេ ខណៈលោកសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សប្រឆាំង។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រើកម្លាំងទប់ស្កាត់កុំឱ្យគណបក្សប្រឆាំងធ្វើមហាបាតុកម្ម។

លោកបានមានប្រសាសន៍ថា “ពួកគេបានប្រកាសហើយថា ពួកគេមិនខ្លាចទេ ព្រោះពួកគេគិតថាខ្លួននឹងទទួលបានអត្ថប្រយោជន៍ពីការធ្វើបាតុកម្ម។ ប៉ុន្តែជំហររបស់រដ្ឋាភិបាលគឺថា មិនថាវាធំឬតូចទេ គឺមិនអនុញ្ញាតឡើយ។ ខ្ញុំគិតថា បាតុកម្មរបស់ពួកគេគឺជាការខំប្រឹងប្រែងគំរាមរដ្ឋាភិបាលស្របច្បាប់ ដែលត្រូវបានបង្កើតឡើងចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ។ អ្នកឯងចាញ់ឆ្នោត៥លើកហើយ ហើយចង់លេងផ្លូវកាត់ វាមិនអាចទៅរួចទេ។ កងកម្លាំងប្រដាប់អាវុធមកពីគ្រប់ផ្នែកទាំងអស់បានត្រៀមខ្លួនរួចជាស្រេច។ ពួកគេរង់ចាំតែបញ្ជាប៉ុណ្ណោះ”។

លោក មាស នី អ្នកវិភាគនយោបាយឯករាជ្យបានមានប្រសាសន៍ថា លោកជឿថា គណបក្សប្រឆាំងមានជម្រើសតិចតួចណាស់ក្រៅពីការតវ៉ាជាសាធារណៈ ដោយសារស្ថានភាពនយោបាយ ប៉ុន្តែលើកឡើងថា ជំហររបស់ភាគីទាំងពីរកំពុងតែទាញសង្គមឱ្យធ្លាក់ចូល “ភ្នក់ភ្លើងនៃការភ័យខ្លាច”។

លោកបានលើកឡើងទៀតថា “គណបក្សសង្គ្រោះជាតិគ្រាន់តែចង់ប្រាប់អ្នកគាំទ្ររបស់ខ្លួនកុំឱ្យគិតថា  គណបក្សសង្គ្រោះជាតិបានបោះបង់ចោលការតស៊ូ។ ខ្ញុំមើលឃើញថា គណបក្សប្រឆាំងកំពុងជាប់គាំង ហើយក៏គ្មានជម្រើសផ្សេងដែរក្រៅពីការប្រមូលផ្ដុំប្រជាពលរដ្ឋ ចំណែកឯគណបក្សកាន់អំណាចក៏គ្មានជម្រើសផ្សេងដែរក្រៅតែពីការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីបង្ក្រាបលើប្រជាពលរដ្ឋខ្លួនឯង”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស