31 C
Phnom Penh

អតិថិ​​​ជន​​​​​​ស្ទាក់​​​ស្ទើរ​​​​​​​​​ក​​​្នុង​​​​​​ការ​​​យក​​​​​ទូរ​ស័ព្ទ​​​ ​​​Note7 ​​​មក​​​ដូរ​​​ ​​​បន្ទាប់ពី​​​មានព័ត៌មានផ្ទុះថ្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពេលដើរចូលទៅក្នុងកន្លែងផ្តល់ជំនួយ សម្រាប់អតិថិជនរបស់ក្រុមហ៊ុន Samsung (Samsung Service Center) នៅតាមបណ្តាយមហាវិថីព្រះមុនីវង្សកាលពីម្សិលមិញ លោកឡុង ពិសាស អាយុ២២ឆ្នាំចេះតែសង្ស័យចំពោះការប្រមូលចូលវិញនូវទូរស័ព្ទ Galaxy Note7  ដែលគាត់ប្រើបាន១ខែមកហើយ។

cam-photo-samsung-jump-channaលោកបាននិយាយពេលកំពុងលេងហ្វេសប៊ុកនៅក្នុងទូរស័ព្ទសេ៊រីនេះថា “ខ្ញុំគិតថាទូរស័ព្ទទាំងនេះពិតជាគ្មានបញ្ហាអ្វីឡើយ។ ខ្ញុំបានប្រើវាតាំងពីថ្ងៃទី២៤ខែសីហាមកម្លេ៉ះ។ វាអត់មានផ្ទុះនោះទេ”។

កាលពីថ្ងៃច័ន្ទក្រុមហ៊ុន Thai Samsung Electronics ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងតំបន់របស់ក្រុមហ៊ុន Samsung បានឆ្លើយតបចំពោះសេចក្តីរាយការណ៍ព័ត៌មានជាច្រើនស្តីអំពីការផ្ទុះទូរស័ព្ទស៊េរីនេះ ដោយអំពាវនាវឲ្យអតិថិជនបិទ Note 7 របស់ខ្លួនភ្លាមៗ ហើយយកវាមកដូរនៅកន្លែង Service Centerរបស់ក្រុមហ៊ុនក្នុងរាជធានីភ្នំពេញ។

នៅក្នុងវិធានការបណ្តោះអាសន្នមួយទៀត ក្រុមហ៊ុន Samsung បានលើកឡើងថា ខ្លួននឹងផ្តល់ប្រព័ន្ធថ្មីសម្រាប់អាប់ដេត (Update) នៅសប្តាហ៍ក្រោយ ដែលនឹងការពារថ្មរបស់ Note 7 កុំឲ្យលើសពី៦០ភាគរយពេលសាកថ្មដោយអាចរក្សាទូរស័ព្ទកុំឲ្យក្តៅលើសកម្រិត។

ទូរស័ព្ទ Note 7 ប្រមាណ១.៣០០គ្រឿងត្រូវបានលក់នៅក្នុងប្រទេសកម្ពុជាតាំងពីវាចេញលក់ជាលើកដំបូងនៅចុងខែសីហាមកនេះបើយោងតាមលោក ឆែ សុខឡេង អ្នកគ្រប់គ្រងផ្នែកទីផ្សារ និងទំនាក់ទំនងនៅសាខាក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន Samsung ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង។

ខណៈអតិថិជនជាច្រើនដឹងថាទូរស័ព្ទរបស់ខ្លួនអាចផ្ទុះឆេះពេលសាកថ្ម មានអតិថិជនមួយភាគធំនិយាយថា ពួកគាត់មិនសូវជាចង់យកវាទៅដូរសោះ។

លោក ឡុង ពិសាល ដែលធ្វើការនៅក្រុមហ៊ុនទូរគមនាគមន៍មួួយបានលើកឡើងថា លោកបានមើលវីដេអូតាមយូធូប ដែលប្រាប់ថា ម្ចាស់ទូរស័ព្ទ Note 7 “ត្រូវទុកឲ្យថ្មទូរស័ព្ទរបស់លោកអ្នកធ្លាក់សល់ក្រោម៥ភាគរយ ហើយចាំសាកវាឡើងវិញ”។

លោកបាននិយាយរៀបរាប់ឡើងវិញពីការណែនាំតាមអីុនធឺណិតថា “ប្រសិនបើទូរស័ព្ទរបស់អស់លោកអ្នកឡើងក្តៅខ្លាំងពេលសាកថ្ម អ៊ីចឹងមានន័យថា វានឹងផ្ទុះហើយ”។

ដោយបានសាកល្បងបែបនេះជាមួយទូរស័ព្ទរបស់ខ្លួនភ្លាមៗ បន្ទាប់ពីមានការប្រកាសប្រមូលចូលវិញ លោកបាននិយាយថា លោកជឿជាក់ថា វាមិនផ្ទុះទេព្រោះ “វាមិនបានឡើងក្តៅខុសពីធម្មតានោះឡើយ”។

ទោះជាយ៉ាងណា បន្ទាប់ពីការក្រើនរំឭករបស់ក្រុមហ៊ុន Samsung ដែលប្រមូលបានទូរស័ព្ទ Note 7 ចំនួន២,១៥លានគ្រឿងទូទាំងពិភពលោកមកវិញ លោក ឡុង ពិសាល បាននិយាយថា លោកមានការស្ទាក់ស្ទើរក្នុងការយកទូរស័ព្ទរបស់ខ្លួនទៅដូរ។

លោកបាននិយាយទាំងមានអារម្មណ៍ស្តាយពេលយកដៃចុចមើលសារអេឡិចត្រូនិកជាលើកចុងក្រោយ ខណៈកំពុងរង់ចាំនៅក្នុងជួររបស់ខ្លួនថា “ខ្ញុំត្រូវការទូរស័ព្ទ Note 7 សម្រាប់ការងារប្រចាំថ្ងៃរបស់ខ្ញុំ។ វាជាទូរស័ព្ទ មានសុវត្ថិភាព ហើយងាយស្រួលប្រើ”។

លោក វង្ស និត អ្នកផ្តល់ព័ត៌មាននៅហាងលក់ទូរស័ព្ទអប្សរា ជាហាងមួយក្នុងចំណោមហាងលក់រាយធំៗបំផុតចំនួន៣ឲ្យក្រុមហ៊ុនSamsung នៅកម្ពុជាបានលើកឡើងថា ៦០ភាគរយនៃអតិថិជន១០០នាក់ដែលប្រើ Note 7 គិតថា ទូរស័ព្ទនេះគ្មានបញ្ហានោះទេ។ហាងលក់ទូរស័ព្ទអប្សរា បានចាប់ផ្តើមប្រាប់អតិថិជនរបស់ខ្លួនឲ្យយកទូរស័ព្ទមកដូរ បន្ទាប់ពីការប្រកាសរបស់ក្រុមហ៊ុន Samsung តាមបណ្តាញទំនាក់ទំនងសង្គម។

លោកបាននិយាយថា “មកទល់ពេលនេះហាងអប្សរាប្រមូលមកវិញបានប្រហែល២០គ្រឿងហើយ។ ប្រហែលជាអតិថិជន៣០ទៅ៤០ភាគរយខ្លាចពេលពួកគាត់ឮថា ទូរស័ព្ទសេ៊រីនេះផ្ទុះ…ប៉ុន្តែ ពួកគាត់មួយចំនួនមិនបានយកទូរស័ព្ទរបស់ខ្លួនមកវិញនោះឡើយ ហើយនៅតែចង់ប្រើវាដដែល”។

លោក អ៊ា សុភី ជាអតិថិជនដែលស្ថិតក្នុងចំណោមអ្នកទាំងនោះ។ ទោះបីជារន្ធ USB ឡើងក្តៅពេលគាត់សាកថ្មទូរស័ព្ទ Note7 ស៊េរីថ្មីរបស់គាត់ក៏ដោយ តែគាត់បានលើកឡើងថា គាត់មានការស្ទាក់ស្ទើរក្នុងការយកវាមកដូរយកទូរស័ព្ទផ្សេង ប៉ុន្តែបានយកវាមកដូរបន្ទាប់ពីក្រុមហ៊ុន Samsung បានប្រាប់ឲ្យគាត់យកវាមក។

លោក អ៊ា សុភីដែលបង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបាននិយាយថា “ខ្ញុំនឹងរង់ចាំមើលសិនថា តើស្ថានភាពស្ងប់ស្ងាត់វិញឬយ៉ាងណា។ បន្ទាប់មកខ្ញុំប្រហែលជាដូរមកប្រើសេ៊រី Note វិញ”។

លោក ឆែ សុខឡេង បានលើកឡើងទៀតថា រហូតមកទល់ពេលនេះមានទូរស័ព្ទមិនដល់១ភាគ៤ផងត្រូវបានប្រមូលមកវិញទូទាំងប្រទេស ពោលគឺប្រមូលបានត្រឹមតែប្រមាណ៣០០គ្រឿងប៉ុណ្ណោះ ហេតុដូច្នេះវាចាំបាច់ត្រូវតែមានការខិតខំបន្ថែមទៀតដើម្បីប្រមូលឲ្យអស់មកវិញ។

លោកបានលើកឡើងតាមរយៈអីុម៉េលមួយថា “យើងនឹងទាក់ទងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងដោយផ្ទាល់ និងប្រើគ្រប់មធ្យោបាយទាំងអស់។ប្រសិនបើទូរស័ព្ទយកវិញក្នុងស្ថានភាពមួយទឹក យើងនៅតែដូរឲ្យដដែល។ ខ្ញុំគិតថាវាមានមិនច្រើនទេ…ស្តុករបស់យើងអស់ស្ទើរតែភ្លាមៗ។ ប្រជាពលរដ្ឋចូលចិត្តប្រើវា ហើយមិនលក់វាវិញឡើយ”។

អ្នកស្រី សូ មា៉លី ម្ចាស់ហាង វីង អាន លក់ទូរស័ព្ទនៅខាងត្បូងផ្សារធំថ្មីបានលើកឡើងថា បើទោះជាមានតម្រូវការទូរស័ព្ទសេ៊រីនេះច្រើនក៏ដោយ ក៏ហាងរបស់អ្នកស្រីមិនទិញចូល ឬលក់ចេញទូរស័ព្ទ Note 7 ឡើយ។

អ្នកស្រីបាននិយាយថា “ខ្ញុំមិនហ៊ាននោះទេ ខ្ញុំខ្លាចវាមានបញ្ហា ដូចជាបញ្ហាផ្ទុះថ្មជាដើម។ មានវីដេអូនៅអាមេរិកឡានមួយបានផ្ទុះឆេះ បន្ទាប់ពីគេទុក Note 7 ចោល ក្នុងឡាននោះ”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស