28 C
Phnom Penh

ប្រទេស​៣៦​រិះគន់​សិទ្ធិ​​​មនុស្ស​​​​នៅ​​​​ប្រទេស​កម្ពុជា​ ​​​តែ​រដ្ឋាភិបាល​មិនអើ​ពើ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងការរិះគន់ជាសាកលពីការចាប់ខ្លួន ការបំភិតបំភ័យទៅលើគណបក្សប្រឆាំង និងអ្នករិះគន់ផ្សេងៗទៀតពីសំណាក់គណបក្សប្រជាជនកម្ពុជានោះ ប្រទេសចំនួន៣៦បានគាំទ្រសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ ដោយជំរុញឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស “រួមមានសេរីភាពនៃការបញ្ចេញមតិ ការជួបជុំ និងការប្រមូលផ្តុំ”។

ដោយធ្វើបទបង្ហាញអំឡុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៣៣ក្នុងទីក្រុងហ្សឺណែវ សេចក្តីថ្លែងការណ៍នោះដែលត្រូវបានគាំទ្រដោយប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន២៨ និងសហរដ្ឋអាមេរិក ព្រមទាំងប្រទេសអាល់ បានី អូស្ត្រាលី កាណាដា ជប៉ុន ម៉ាសេដ្វានន័រវែស និងប្រទេសស្វ៊ីសនោះ បានអំពាវនាវឲ្យគណបក្សកាន់អំណាចនេះបន្ធូរបន្ថយភាពតានតឹងនយោបាយ និងគោរពនីតិរដ្ឋ។

សេចក្តីថ្លែងការណ៍របស់លោក ខេត ហាភើ (Keith Harper) តំណាងអាមេរិកប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិមានខ្លឹមសារថា “យើងបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនូវភាពតានតឹងនយោបាយនាពេលបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាដែលគំរាមកំហែងដល់សកម្មភាពស្របច្បាប់របស់គណបក្សប្រឆាំង និងអង្គការសិទ្ធិមនុស្សជាអង្គការមិនមែនរដ្ឋាភិបាល”។

សេចក្តីថ្លែងការណ៍នេះបានលើកឡើងពីភាពយ៉ាប់យឺុននៃកិច្ចព្រមព្រៀងនយោបាយឆ្នាំ២០១៤សម្រាប់”វប្បធម៌សន្ទនា” រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ការចាត់វិធានការផ្លូវច្បាប់នាពេលថ្មីៗប្រឆាំងអ្នករិះគន់រដ្ឋាភិបាល “ដោយមិនសមហេតុសមផល” ព្រមទាំងឧបសគ្គថ្មីចំពោះ “សេរីភាពនៃការបញ្ចេញមតិ ការជួបជុំ និងការប្រមូលផ្តុំ”។

ប្រទេសទាំងនេះក៏បានកត់សម្គាល់ផងដែរ”ពីផលប៉ះពាល់ធ្ងន់ធ្ងរ” ដែលការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយកាលថ្ងៃទី១០ ខែកក្កដាមានលើអ្នករិះគន់រដ្ឋាភិបាល ហើយបានអំពាវនាវឲ្យមានការសើុបអង្កេតប្រកបដោយតម្លាភាពអំពីការស្លាប់របស់លោក។

សេចក្តីថ្លែងការណ៍ដដែលនេះបានបន្តថា “លើសពីនេះទៅទៀតនោះ យើងអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើការឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង និងការកសាងទំនុកចិត្ត និងភាពជឿជាក់ “នៅមុនការបោះឆ្នោតដែលនឹងមកដល់នាពេលខាងមុខ។

បន្ទាប់ពីការធ្វើបទបង្ហាញរបស់ក្រុមប្រឹក្សានេះ ប្រទេសបូស្នុី  លិចតិនស្តាញ និងប្រទេសអ៊ុយក្រែនក៏បានគាំទ្រសេចក្តីថ្លែងការណ៍នេះផងដែរ។

គណបក្សប្រជាជនកម្ពុជាបានច្រានចោលការអះអាងពីការរំលោភបំពានសិទ្ធិមនុស្សម្តងហើយម្តងទៀត ហើយបានបន្ទោសគណបក្សប្រឆាំងចំពោះការបង្កចលាចល។ គណបក្សនេះបានចាត់វិធានការផ្លូវច្បាប់លើថ្នាក់ដឹកនាំគណបក្សប្រឆាំងចាប់ខ្លួនសកម្មជន និងយកទាហានទៅដាក់តាមផ្លូវដើម្បីសម្ញែងកម្លាំងនៅជុំវិញទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានមានប្រសាសន៍កាលពីម្សិលមិញថា  សេចក្តីថ្លែងការណ៍រួមនេះជាការបកស្រាយមិនត្រឹមត្រូវ ហើយមានឥទ្ធិពលតិចតួចនៅក្នុងរាជធានីភ្នំពេញ។

លោកបានមានប្រសាសន៍ថា សហគមន៍អន្តរជាតិ “មិនមែនមានតែប្រទេស៣៦នោះទេ។ គឺមានច្រើនជាងនេះ។យើងកោតសរសើរចំពោះការបារម្ភរបស់ពួកគេ ប៉ុន្តែកង្វល់នេះមិនមែនជាអ្វីដែលកំពុងកើតឡើងជាក់ស្តែងឡើយ។ វាមិនត្រឹមត្រូវទេ”។

លោកបានថ្លែងថា អន្តរាគមន៍ពីខាងក្រៅមានតែធ្វើឲ្យជម្លោះកើនឡើងកម្តៅកាន់តែខ្លាំងប៉ុណ្ណោះដោយលើកយកការឈ្លានពានរបស់អន្តរជាតិលើប្រទេសអីុរ៉ាក់ជាងមួយទសវត្សរ៍មកនេះជាឧទាហរណ៍។ ប៉ុន្មានឆ្នាំក្រោយមក ប្រទេសនេះត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម និងការរីកដុះដាលរដ្ឋអិុស្លាម។

លោកបានមានប្រសាសន៍ថា “សូមធ្វើការសម្រេចឲ្យបានត្រឹមត្រូវ។ ទុកឱ្យកម្ពុជារស់នៅដោយមានសន្តិភាពផង”៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស