37 C
Phnom Penh

មន្ត្រី​​​គីបិច​​​​​​និយាយ​​​ពី​​​សុំ​​​កូន​​​ចិញ្ចឹម​​​ជា​​​មួយ​​​ក្រសួង​​​​​​សង្គម​​​កិច្ច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្តីប្រពន្ធជនជាតិកាណាដាដែលសង្ឃឹមថាយកកុមារខ្មែរទៅចិញ្ចឹមកាន់តែកៀកនឹងសម្រេចបានសុបិនរបស់ខ្លួននៅសប្តាហ៍នេះ ក្នុងខណៈដែលមន្ត្រីមកពីខេត្តគីប៊ិចបានជួបជាមួយមន្ត្រីក្នុងក្រុងភ្នំពេញ ដើម្បីពិភាក្សាពីការអាចសម្រេចបានការរៀបចំឲ្យមានការយកកូនចិញ្ចឹមជាទ្វេភាគី។

ប្រឈមនឹងសម្ពាធអន្តរជាតិកាន់តែខ្លាំងក្នុងពេលមានរបាយការណ៍ថាមានការជួញដូរកុមារនិងពុករលួយនោះ ប្រទេសកម្ពុជាបានហាមប្រាមមិនឲ្យមានការយកកូនចិញ្ចឹមអន្តរប្រទេសក្នុងឆ្នាំ២០១១ ពោលគឺពីរឆ្នាំបន្ទាប់ពីអនុម័តច្បាប់ដែលធ្វើនិយ័តកម្មលើស្មុំកូននេះ។

ក្រសួងសង្គមកិច្ចចាប់តាំងពីឆ្នាំ២០១២បានប្រកាសគម្រោងម្តងហើយម្តងទៀតថា នឹងលើកបម្រាមនេះ ប៉ុន្តែដកចេញវិញ ដោយលើកឡើងពីការត្រូវការនិយ័តកម្មតឹងរឹងនិងការពារឲ្យបានរឹងមាំ។

យោងតាមលោក តូច ចាន់នី អ្នកនាំពាក្យក្រសួង ប្រតិភូគីប៊ិចដែលដឹកនាំដោយលេខាធិការកិច្ចការសុំកូនចិញ្ចឹមអន្តរជាតិនៃរដ្ឋបាលខេត្តលោក ចូស៊ីអាន ហ្គូពិល បានជួបជាមួយលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកាលពីថ្ងៃអង្គារ ជាផ្នែកនៃបេសកកម្មស្វែងរកការពិតនៅកម្ពុជា។

លោក ចាន់នី បាននិយាយថា ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីបានស្នើសុំឲ្យមន្ត្រីដែលមកធ្វើទស្សនកិច្ចពិនិត្យមើលសុខុមាលភាពកុមារកម្ពុជាដែលយកទៅចិញ្ចឹមពីមុនៗដោយឪពុកម្តាយជនជាតិកាណាដា ហើយបាននិយាយថា ប្រតិភូខ្មែរនឹងធ្វើដំណើរទៅខេត្តគីប៊ិច ដើម្បីធ្វើដូចគ្នាដែរ។

អ្នកនាំពាក្យបាននិយាយថា កុមារកម្ពុជាជាង១០០នាក់ត្រូវបានយកទៅចិញ្ចឹមនៅប្រទេសកាណាដា មុនឆ្នាំ២០០៩។ លោកមិនបាននិយាយថា តើមានកុមារចំនួនប៉ុន្មាននាក់កំពុងរស់នៅក្នុងខេត្តគីប៊ិកទេ ដែលកាលពីដើមជាខេត្តអាណានិគមបារាំង។

ទាំងកុងស៊ុលកាណាដាក្នុងក្រុងភ្នំពេញ ទាំងស្ថានទូតកាណាដាក្នុងក្រុងបាងកកមិនបានឆ្លើយតបនឹងសំណើសុំធ្វើអត្ថាធិប្បាយទេ។

ក្រសួងសង្គមកិច្ចបាននិយាយថា ខ្លួនបានធ្វើកំណែទម្រង់មួយចំនួន ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវនូវច្បាប់ស្តីពីស្មុំកូនអន្តរប្រទេសនាឆ្នាំ២០០៩ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមជាមួយប្រទេសអ៊ីតាលី និងម៉ាល់ត៍ ដែលនឹងអនុញ្ញាតឲ្យមានការសុំកូនចិញ្ចឹមតាមរយៈទីភ្នាក់ងារស្របច្បាប់ នៅពេលដែលច្បាប់អនុវត្តតាមស្តង់ដាអន្តរជាតិ។

កាលពីខែមិថុនា ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្មុំកូនចិញ្ចឹមជាមួយរដ្ឋបាលតំបន់កាតាឡានក្នុងប្រទេសអេស្ប៉ាញ ដោយស្ថានទូតអេស្ប៉ាញក្នុងក្រុងបាងកកបានប្រកាសថាកិច្ចព្រមព្រៀងនោះឥតមានតម្លៃទេ ព្រោះគ្មានការយល់ព្រមពីរដ្ឋាភិបាលថ្នាក់ជាតិនៅក្រុងម៉ាឌ្រីដ៕ (រាយការណ៍បន្ថែមដោយ Sonia Kohlbacher)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស