38 C
Phnom Penh

ឥណ្ឌា​​​ពីរ​​​នាក់​​​ត្រូវ​​​​​​ចាប់​​​ខ្លួន​​​ពាក់​​​ព័ន្ធ​​​ប្រាក់ខែ​​​ និង​​​​​​ថ្លៃ​​​ឈ្នួល​​​កាសីុណូ​​​៣,៧លាន​​​ដុល្លារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីបាននិយាយកាលពីម្សិលមិញថា ពេលនេះបុរសជនជាតិឥណ្ឌា ពីរនាក់កំពុងជាប់ក្នុងមន្ទីរឃុំឃាំងរបស់នគរបាលខេត្តស្វាយរៀង ពីបទមិនបើកប្រាក់ខែឲ្យបុគ្គលិកនិងបង់ថ្លៃឈ្នួលអគារសរុបជាទឹកប្រាក់រាប់លានដុល្លារពាក់ព័ន្ធអាជីវកម្មដែលពួកគេបានធ្វើប្រតិបត្តិការចេញពីកាស៊ីណូមួយកន្លែងនៅព្រំដែនកម្ពុជា-វៀតណាម។

យោងតាមលោក កែវ សុថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ប៉ានចាល ស៊ូនីល មូកេសគូម៉ា (Panchal Sunil Mukeshkumar) អាយុ៣៧ឆ្នាំ និង សា ម៉ានថាន ចាយមីសគូម៉ា (Shah Manthan Jaymishkumar) អាយុ២៩ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារតាមពាក្យបណ្តឹងរបស់កាស៊ីណូ ទីតាន ឃីង (Titan King Casino) ក្នុងក្រុងបាវិត។

កាស៊ីណូ ទីតាន ឃីង តម្លៃ១០លានដុល្លាររបស់ឧកញ៉ា គិត ធាង ដែលជាបងប្អូនបង្កើតរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយាល់គ្រុប។ សាងសង់នៅក្នុងឆ្នាំ២០១០វាជាកាស៊ីណូមួយក្នុងចំណោមកាស៊ីណូជាង១០ទីតាំងដែលធ្វើប្រតិបត្តិការក្នុងក្រុងជាប់ព្រំដែនមួយនេះ ដែលទទួលបានអ្នកលេងល្បែងភាគច្រើនជាជនជាតិវៀតណាម។

លោក កែវ សុថា បានមានប្រសាសន៍ថា បុរសជនជាតិឥណ្ឌា ទាំងពីរនាក់បានជួលអគារមួយរបស់កាស៊ីណូនេះដើម្បីធ្វើអាជីវកម្មរបស់ខ្លួន ប៉ុន្តែគេមិនដឹងថាវាជាអាជីវ កម្មអ្វីឡើយ។ លោកថ្លែងថា “បើតាមខ្ញុំដឹង បុរសទាំងពីរនាក់នេះបានជួលអគារកាស៊ីណូដើម្បីបើកអាជីវកម្ម ហើយក្រោយមកខកខានបើកប្រាក់ខែឲ្យបុគ្គលិក” ឬថ្លៃឈ្នួលអគារ។

សេចក្តីថ្លែងការណ៍មួយដែលបង្ហោះលើគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិបានលើកឡើងថា បុរសទាំងពីរនាក់នេះត្រូវបានចាប់ខ្លួនពីបទ “ឆបោក និងរំលោភលើសេចក្តីទុកចិត្ត” ពាក់ព័ន្ធទំហំទឹកប្រាក់ ៣,៦៩លានដុល្លារសម្រាប់រយៈពេលចន្លោះពីថ្ងៃទី១៨ខែមេសា ដល់ថ្ងៃទី១៣ខែកញ្ញា។ សេចក្តី ថ្លែងការណ៍ដដែលមិនបានបញ្ជាក់លម្អិតអំពីករណីនេះទេ។

អ្នកនាំពាក្យលោក គិត ធាង ដែលប្រាប់ត្រឹមតែឈ្មោះ តុលា បានបង្វែរសំណួរទៅមេធាវីរបស់ឧកញ៉ារូបនេះដែលប្រាប់ថាខ្លួនមានឈ្មោះ សុខា ហើយនិយាយថា លោកបានដឹងអំពីករណីឆបោកនេះដែរ ប៉ុន្តែលោកគ្មានសិទ្ធិនិយាយលម្អិតបន្ថែមទៀតទេ។

លោក កែវ សុថា លើកឡើងថា ពេលនេះសំណុំរឿងនេះត្រូវបានសើុបអង្កេតដោយនគរបាលអន្តោប្រវេសន៍ ហើយបានបង្វែរសំណួរបន្ថែមទៀតទៅលោក ឆោមវណ្ណៈ នាយការិយាល័យអន្តោប្រវេសន៍ខេត្តដែលបដិសេធមិនឆ្លើយបំភ្លឺ។

លោក ផាន់ រតនា អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀងមានប្រសាសន៍ថា បុរសទាំងពីរនាក់នេះត្រូវបានសាកសួរនៅតុលាការ កាលពីម្សិលមិញ ប៉ុន្តែ មិនទាន់មានការចោទប្រកាន់ណាមួយនៅឡើយទេ។”ព្រះរាជអាជ្ញាសាកសួរពួកគេមិនទាន់ជាប់ទេ” ហើយថា ពួកគេទាំងពីរត្រូវបានឃុំខ្លួននៅការិយាល័យអន្តោប្រវេសន៍ពេញមួយយប់ ហើយសាកសួរម្តងទៀតនៅថ្ងៃេនះ៕ សុខុម (រាយការណ៍បន្ថែមដោយ Aisha Down)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស