ក្នុងខែសីហា ឆ្នាំ២០១៣ មេដឹកនាំគណបក្សសង្គ្រោះជាតិបានប្រាប់អ្នកគាំទ្រប្រហែល១០.០០០នាក់នៅក្នុងទីលានប្រជាធិបតេយ្យ ក្នុងក្រុងភ្នំពេញថា គណបក្សនឹងកៀងគរបាតុកម្ម ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនយល់ព្រមនឹងការស៊ើបអង្កេតដោយមិនលម្អៀងទៅលើការបោះឆ្នោតជាតិដ៏ចម្រូងចម្រាស។
សម្ទុះក៏កាន់តែមានសន្ទុះឡើងចាប់តាំងពីយុទ្ធនាការតាមដងផ្លូវដ៏អ៊ូអរមុននឹងការបោះឆ្នោត ហើយនៅពេលដែលគណបក្សកាន់អំណាចបានបដិសេធការទាមទាររបស់គណបក្សប្រឆាំងនោះ សេចក្ដីទោមនស្សបានផ្ទុះឡើងជាទ្រង់ទ្រាយមហាបាតុកម្ម ដែលសំដៅទៅរកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

អ្នកគាំទ្រគណបក្សសង្គ្រោះជាតិរាប់ម៉ឺននាក់ដើរតាមវិថីនៅរាជធានីភ្នំពេញ ក្នុងខែធ្នូ ឆ្នាំ២០១៣។ រូបថត ស៊ីវ ចាន់ណា
លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងបានប្រាប់អ្នកគាំទ្រដ៏ក្លាហានរាប់ពាន់នាក់ថា “យើងនឹងដើរគ្រប់ផ្លូវ ហើយស្រែកថា “ហ៊ុន សែន អើយចុះចេញទៅ” ក្នុងខណៈដែលការតវ៉ាឥតឈប់ឈរបានចាប់ផ្ដើមក្នុងខែធ្នូ ដោយចេះតែកើនឡើងនូវចំនួនអ្នកតវ៉ាដល់ប្រហែល៥.០០០នាក់ដែលដើរកាត់តាមវិថីនានានៅថ្ងៃទី២២ ខែធ្នូ ជាបាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏ធំបំផុតនៅក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ។
ស្ទើរតែ៣ឆ្នាំក្រោយមក ដោយរដ្ឋាភិបាលបានចាប់ផ្ដើមវាយប្រហារតាមផ្លូវច្បាប់ប្រឆាំងនឹងមេដឹកនាំបក្សប្រឆាំងនោះ គណបក្សសង្គ្រោះជាតិជាថ្មីម្ដងទៀតក៏គំរាមធ្វើមហាបាតុកម្ម។
លោក សម រង្ស៊ី ដែលនិយាយតាមវីដេអូលីងពីប្រទេសបារាំងបានថ្លែងទៅកាន់សកម្មជនជាយុវជន ដែលប្រមូលផ្ដុំគ្នានៅឯទីស្នាក់ការគណបក្សសង្គ្រោះជាតិកាលពីសប្ដាហ៍មុនថា “ប្រសិនបើបងប្អូនគិតថា វាជារឿងត្រឹមត្រូវ យើងត្រូវរៀបចំមហាបាតុកម្មដូចឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤”។
ប៉ុន្តែកាលៈទេសៈស្ទើរតែមិនខុសគ្នាច្រើនពេកទេ។
លោក សម រង្ស៊ី ដែលទទួលការលើកលែងទោស ហើយអនុញ្ញាតឱ្យវិលត្រឡប់មកមាតុភូមិវិញប៉ុន្មានសប្ដាហ៍ មុននឹងការបោះឆ្នោតកាលពីឆ្នាំ២០១៣ ជាថ្មីម្ដងទៀតកំពុងរស់នៅក្រៅប្រទេស ដើម្បីគេចពីការជាប់ពន្ធនាគារ។ លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងដែលតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៥ខែកាលពីសប្ដាហ៍មុន បន្តសម្ងំនៅក្នុងទីស្នាក់ការបក្សក្នុងក្រុងភ្នំពេញ។ រដ្ឋាភិបាលត្រាប្រណីលើភាពទោមនស្សរបស់សាធារណជនកាន់តែពុះកញ្ជ្រោលជាច្រើនខែនៅក្នុងឆ្នាំ២០១៣ មុននឹងបង្ក្រាបដោយឃោរឃៅទៅលើការតវ៉ាក្នុងខែមករា ឆ្នាំ២០១៤ ប៉ុន្តែពេលនេះខ្លួនបានប្រកាសយ៉ាងច្បាស់ថា ខ្លួនគ្មានចេតនាបណ្ដោយឱ្យព្រឹត្តិការណ៍ទាំងនោះកើតឡើងទៀតទេ។
លោក អ៊ា សុផល សាស្ត្រាចារ្យរងផ្នែកការទូត និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ អ៊ុកស៊ីដេនថល នៅក្រុងឡូសអ៊ែនជេឡេស បាននិយាយនៅក្នុងសារអុីម៉េលថា “ប្រវត្តិសាស្ត្របានកើតឡើង។ ឥឡូវគេគ្រប់គ្នាអាចរៀនពីប្រវត្តិនោះ។ អាជ្ញាធរមិនបណ្ដោយឱ្យរឿងដូចក្នុងឆ្នាំ២០១៣កើតឡើងច្រំដែលទេ”។ លោកសាស្ត្រាចារ្យរងបាននិយាយថា “គេនឹងប្រតិកម្មខ្លាំងដោយបង្ហាញយ៉ាងច្បាស់ថា គេមិនអាចបណ្ដោយឱ្យអ្វីមួយកើតឡើងដូចក្នុងឆ្នាំ២០១៣ កើតឡើងម្ដងទៀតទេ។
ប្រតិកម្មបានកើតឡើងស្ទើរតែភ្លាមៗ ក្នុងពេលដែលគណបក្សសង្គ្រោះជាតិបានលើកឡើងអំពីការធ្វើបាតុកម្ម។ លោក ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃច័ន្ទភ្ជាប់ដោយរូបថតរបស់លោកស្លៀកពាក់ឯកសណ្ឋានយោធា ដោយសន្យាថានឹងទប់ស្កាត់ការតវ៉ាណាមួយប្រឆាំងនឹងរដ្ឋាភិបាល។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “វាធ្ងន់ជាងគំរាមទៅទៀត ព្រោះជាប្រភេទនៃបញ្ជាដល់កម្លាំងរបស់រាជរដ្ឋាភិបាលទាំងអស់ត្រៀមខ្លួនកម្ចាត់ចោលរាល់កម្លាំងដែលធ្វើសកម្មភាពបំផ្លាញសន្តិសុខជាតិ ហើយខ្ញុំមានសិទ្ធិនឹងនិយាយរបៀបនេះ ព្រោះជាសិទ្ធិអំណាចនាយករដ្ឋមន្ត្រី។
ប៉ុន្មានម៉ោងក្រោយមក ឡានរាប់សិបគ្រឿងដែលដឹកទាហានពាក់ម៉ាស់ និងប្រដាប់ដោយអាវុធគ្រប់ដៃចល័តនៅខាងក្រៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ចំណែកឯអូប័រដែលបំពាក់ដោយកាំភ្លើងយន្តបើកចុះឡើងនៅខាងក្រោយអគារនៅតាមទន្លេបាសាក់។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាននិយាយនៅសប្ដាហ៍នេះឆ្លើយតបនឹងការប្ដេជ្ញារបស់គណបក្សសង្គ្រោះជាតិថាធ្វើមហាបាតុកម្មថា “សាខាកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមខ្លួនជាស្រេច។ គេគ្រាន់តែរង់ចាំបទបញ្ជាប៉ុណ្ណោះ”។
លោក អ៊ា សុផល បាននិយាយថា អ្វីគ្រប់យ៉ាងត្រូវពិចារណា ឱកាសរបស់គណបក្សប្រឆាំងដែលអាចប្រមូលមនុស្សរាប់ម៉ឺននាក់មកតវ៉ាតាមដងផ្លូវទំនងជាមិនអាចទៅរួចទេ ប៉ុន្តែក៏អាចដែរ។ លោកបានកត់សម្គាល់ថា ឃាតកម្មទៅលើអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព លោក កែម ឡី កាលពីខែកក្កដា ជំរុញឱ្យមានការបង្ហាញការកាន់ទុក្ខជាសាធារណៈដ៏ធំធេង។
សាស្ត្រាចារ្យរងរូបនេះបាននិយាយថា “នឹងមានឧប្បត្តិហេតុមួយទៀតដែលធ្វើឱ្យសេចក្ដីសោកសង្រេងរបស់ពលរដ្ឋក្លាយជាកំហឹង ដែលនឹងនាំឱ្យមានការតវ៉ាតាមដងផ្លូវ”។ ដោយប្រាក់ឈ្នួលបន្តកើនឡើងជាលំដាប់នៅក្នុងវិស័យកាត់ដេរនោះ សាស្ត្រាចារ្យរងរូបនេះបាននិយាយថា គណបក្សប្រឆាំងក៏នឹងពិបាកប្រមូលផ្ដុំកម្មករដូចខ្លួនបានធ្វើនៅក្នុងឆ្នាំ២០១៣ណាស់។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតបាននិយាយថា លោកមិនដឹងថា សម្ទុះនឹងចេញពីទីណានោះទេ។ លោកបាននិយាយថា “បាតុកម្មឆ្នាំ២០១៣ គេពិតជាស្ថិតនៅលើសម្ទុះដ៏ធំនៃការបោះឆ្នោត និងការមកដល់របស់ សម រង្ស៊ី។ ខ្ញុំមិនដឹងថា សម្ទុះនឹងចេញមកពីណាទេ ប៉ុន្តែវាមិនមានន័យថា វាមិនមាននោះទេ”។
ទាំងលោក អ៊ា សុផល និងលោក អ៊ូ វីរៈ បាននិយាយថា ការខ្វះមេដឹកនាំផ្ទាល់បានធ្វើឱ្យការតវ៉ាគណបក្សប្រឆាំងជាទ្រង់ទ្រាយធំនៅឆ្ងាយ ដោយសម្គាល់ថា ការគំរាមហាក់ដូចជាខ្សោយដែលចេញពីលោក សម រង្ស៊ី។
លោក អ៊ូ វីរៈ បាននិយាយថា “ខ្ញុំគិតថា គេគ្រប់គ្នានឹងចូលចិត្តបែបហ្នឹង ដោយអង្គុយយ៉ាងរំភើយនៅក្នុងក្រុងប៉ារីសដ៏ស្រស់ស្អាត ហើយអំពាវនាវឱ្យមានមហាបាតុកម្ម។ ជាចុងបញ្ចប់ ខ្ញុំគិតថាខ្វះមេដឹកនាំ ហើយខ្ញុំគិតថា ពលរដ្ឋនឹងប្រហែលជាគាំទ្រក្នុងចិត្ត ប៉ុន្តែមិនចូលរួមដើរតាមផ្លូវទេ”។
សួរថា តើលោកមានជំនឿចិត្តប៉ុណ្ណាដែលគណបក្សសង្គ្រោះជាតិអាចប្រមូលផ្ដុំអ្នកគាំទ្រឱ្យបានដូចក្រោយពីការបោះឆ្នោត ហើយថាតើលោកព្រួយបារម្ភអំពីសុវត្ថិភាពរបស់អ្នកគាំទ្រឬយ៉ាងណា ប្រសិនបើគេពិតជាចូលរួមតវ៉ាតាមដងផ្លូវនោះ លោក សម រង្ស៊ី បានគ្រាន់តែមានប្រសាសន៍ថា លោកនឹង “យល់ព្រមលើសេចក្ដីសម្រេចណាមួយដែលធ្វើឡើងដោយសហសេវិករបស់ខ្ញុំផ្ទាល់”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា បាតុកម្មនាឆ្នាំ២០១៣ គឺជាមេរៀនដែលបានរៀនសម្រាប់គណបក្សកាន់អំណាច។
លោកបាននិយាយថា “គេបានព្យាយាមធ្វើរដ្ឋប្រហារប្រឆាំងនឹងលទ្ធផលការបោះឆ្នោត។ គេបានធ្វើប្រឆាំងនឹងឆន្ទៈពលរដ្ឋ។ គេបំផ្លាញប្រជាធិបតេយ្យ”។
សួរថាហេតុអ្វីរដ្ឋាភិបាលប្រយ័ត្នប្រយែងខ្លាំងទៅលើគណបក្សសង្គ្រោះជាតិដែលនឹងធ្វើបាតុកម្មជាថ្មីនោះ លោក ផៃ ស៊ីផាន បាននិយាយថា លោក សម រង្ស៊ី មានគម្រោងបំផ្លាញ”ជីវិតកម្ពុជា”។
អ្នកនាំពាក្យរូបនេះបាននិយាយថា “ប្រសិនបើពលរដ្ឋទូទាំងប្រទេសធ្វើមហាបាតុកម្ម រដ្ឋាភិបាលនឹងមិនអាចគ្រប់គ្រងបានទេ។ នោះជាហេតុដែលគេចង់ឃើញភាពអនាធិបតេយ្យកើតឡើងនៅកម្ពុជា”។
លោក អ៊ូ ចាន់រិទ្ធ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបាននិយាយថា មហាបាតុកម្មនឹងកើតឡើងដោយសារតែការថ្នាំងថ្នាក់ក្នុងចិត្តកាន់តែពុះកញ្ជ្រោលក្នុងចំណោមសាធារណជន ហើយថា ការគំរាមប្រើកងកម្លាំងប្រដាប់អាវុធដោយរដ្ឋាភិបាលក៏កាន់តែបង្កើនការតាំងចិត្តរបស់បក្សប្រឆាំងដែរ។
តំណាងរាស្ត្ររូបនេះបាននិយាយថា “ខ្ញុំមិនគិតថា ការគំរាមប្រើកងកម្លាំងប្រដាប់អាវុធ ឬអាវុធនឹងធ្វើឱ្យពលរដ្ឋភ័យខ្លាចទេ។ ផ្ទុយទៅវិញ វានឹងបញ្ឆេះកំហឹងពលរដ្ឋ”៕ រើន (រាយការណ៍បន្ថែមដោយ បែន សុខហា៊ន)