34 C
Phnom Penh

ជន​​​ជាតិ​​​​​​វ៉េណេ​​​ស៊ុយ​​​អេ​​​ឡា​​​និង​​​ម៉ាឡេស៊ី​​​ជាប់គុក​​​ពី​​​បទ​​​ប៉ុនប៉ង​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីបាននិយាយថា ជនបរទេសពីរនាក់ដែលចាប់ខ្លួននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីថ្ងៃច័ន្ទ ម្នាក់មានវាលិសបង្កប់កូកាអ៊ិនជិត១គីឡូកន្លះនិងម្នាក់ទៀតចងផ្អោបហេរ៉ូអ៊ីនមួយគីឡូជាប់នឹងភ្លៅត្រូវតុលាការចោទប្រកាន់កាលពីថ្ងៃសុក្រ។

អាដេលី ឡូប៉េ អាល់វៀរ៉េស អាយុ២២ឆ្នាំ ជាជនជាតិវ៉េណេស៊ុយអេឡា បានធ្វើដំណើរមកកម្ពុជាពីប្រទេសប្រេស៊ីល ដោយមានកូកាអ៊ីន១.៤៤៩ក្រាម ដែលមានតម្លៃជាទឹកប្រាក់១៤៤.៩០០ដុល្លារ ចំណែកឯ អាម៉ាដ ចូហារី ជុង អាយុ២២ឆ្នាំ ជាជនជាតិម៉ាឡេស៊ីត្រូវចាប់ខ្លួនពេលព្យាយាមឆ្លងកាត់តាមសន្តិសុខដោយមានហេរូអ៊ីន១.០៦៨ក្រាមដែលមានតម្លៃជាង ៧០០.០០០ដុល្លារ។

យោងតាមលោក សារី បុត្រសត្យា នាយការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននៅឯតុលាការក្រុងភ្នំពេញកាលពីរសៀលថ្ងៃសុក្រ ហើយបញ្ជូនទៅពន្ធនាគារព្រៃសរង់ចាំសវនាការ។

បទល្មើសនេះមានទោសជាប់ពន្ធនាគារពី២០ឆ្នាំដល់ជាប់ពន្ធនាគារអស់មួយជីវិត ដោយផ្អែកលើបរិមាណនិងភាពសុទ្ធនៃគ្រឿងញៀន។

យោងតាមលោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អ្នកស្រី អាលវៀរ៉េស ត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល១០យប់ ថ្ងៃច័ន្ទ បន្ទាប់ពីចុះចតនៅភ្នំពេញពីជើងហោះហើរដែលចេញដំណើរពីប្រទេសប្រេស៊ីល ហើយឈប់នៅប្រទេសអេត្យូពីនិងថៃ។

នាយឧត្តមសេនីយ៍ វីរិទ្ធ និយាយថា លោក ជុង ត្រូវបានចាប់ខ្លួននៅឯព្រលានយន្តហោះនៅម៉ោង១២និង៨នាទី បន្ទាប់ពីចូលជិះយន្តហោះតាមជើងហោះហើរបាសសាកា អ៊ា ទៅកាន់ក្រុងម៉ាកាវ។

ក្នុងពេលចាប់ខ្លួននោះ លោក អ៊ិន សុង មន្ត្រីមន្ទីរប្រឆាំងគ្រឿងញៀនបាននិយាយថា មានបុរសហុងកុងម្នាក់ដែលបានបង្ហាញអត្តសញ្ញាណថាជាមេខ្លោងនៅពីក្រោយការរត់ពន្ធនេះ ប៉ុន្តែថា បុរសនោះបានភៀសខ្លួនចេញពីកម្ពុជា ប្រហែលទៅវៀតណាម នៅពេលដែលនគរបាលដឹងកន្លែងស្នាក់នៅរបស់គាត់។

លោក សុង បាននិយាយថា មេខ្លោងទទួលបានព័ត៌មានពីសារព័ត៌មានទាក់ទងនឹងការចាប់ខ្លួនលោក ជុង ជាស្ថានការណ៍មួយដែលលោកនិយាយថា គួរឲ្យសោកស្តាយ។

លោក សុង និងលោក វីរិទ្ធ បាននិយាយថា ការចាប់ខ្លួនអ្នកទាំងពីរបានធ្វើឡើងនៅក្នុងទីសាធារណៈនៃព្រលានយន្តហោះ ហើយមើលឃើញដោយមន្ត្រីគយ អន្តោប្រវេសន៍និងនគរបាល ដោយធ្វើឲ្យពិបាកថាតើនរណាបញ្ចេញព័ត៌មានឲ្យប្រព័ន្ធផ្សព្វផ្សាយ។

នាយឧត្តមសេនីយ៍បានមានប្រសាសន៍កាលពីថ្ងៃពុធថា “នៅព្រលាន មានមន្ត្រីអនុវត្តច្បាប់ច្រើនណាស់ ហើយមានប្រភេទនិងវិធីខុសៗគ្នាក្នុងការទទួលបានព័ត៌មាន ហើយវាងាយស្រួលនឹងលេចធ្លាយ”៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស