31 C
Phnom Penh

ក្រុម​ប្រជា​កសិករ​​​​​យក​​បាវ​ស្រូវ​​​បិទ​​​ផ្លូវ​​​ជាតិ​​​​ក្នុង​ខេត្ត​បាត់ដំបង ស្រប​​​ពេល​មាន​​​​​​វិបត្តិ​​​​តម្លៃ​ស្រូវ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កសិករយ៉ាងតិច៤០០នាក់ បានយកស្រូវ១០០តោនទៅគរនៅលើផ្លូវជាតិលេខ៥ ក្នុងខេត្តបាត់ដំបងកាលពីព្រឹកម្សិលមិញដើម្បីស្វះស្វែងរកការធានាថាពួកគាត់អាចទទួលបានប្រាក់មកវិញខ្លះៗសម្រាប់ការបង្កបង្កើនផលរបស់ពួកគាត់  ស្របពេលរដ្ឋាភិបាលកំពុងខិតខំយ៉ាងខ្លាំងដើម្បីតតាំងដោះស្រាយតម្លៃស្រូវដែលធ្លាក់ចុះ។

ចាប់តាំងពីពាក់កណ្ដាលខែសីហាមក មានការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃស្រូវជាមធ្យមក្នុង១តោន ដែលម្ចាស់រោងម៉ាស៊ីនកិនស្រូវបានផ្ដល់ឱ្យ ពោលគឺធ្លាក់ចុះពីប្រហែល២៥០ដុល្លារមកនៅត្រឹម១៩៣ដុល្លារកាលពីសប្ដាហ៍មុន នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានចេញដោយក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុកាលពីថ្ងៃសុក្រ។

សេចក្តីប្រកាសព័ត៌មាននេះបានលើកឡើងថា  ដោយព្យាយាមធ្វើអន្តរាគមន៍ដើម្បីការពារកសិករ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចដាក់ចេញនូវកម្មវិធីពិសេសមួយដែលមានថវិកាសមមូលនឹង២៧លានដុល្លារ ក្នុងនោះ២០លានដុល្លារគឺជាថវិការបស់រដ្ឋ រីឯចំណែកនៅសល់គឺបានមកពីធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្ដល់ឧបត្ថម្ភធនដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងរក្សាតម្លៃស្រូវឱ្យនៅថេរ។ សេចក្ដីប្រកាសព័ត៌មាននេះបានលើកឡើងបន្តថា ប្រាក់បម្រុងទាំងនេះនឹងអាចទិញស្រូវបានប្រហែល៩០.០០០តោន ដោយធ្វើឱ្យកសិកររំពឹងថា នឹងទទួលបានតម្លៃ២៣៥ដុល្លារសម្រាប់ស្រូវក្នុង១តោន។

លោក ហ៊ុន ហាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ថា “ស្របពេលដំណាលគ្នានេះ អ្នកនាំចេញអង្ករនឹងមានអង្ករសម្រាប់នាំចេញ ព្រោះពួកគាត់នឹងទទួលបានការផ្គត់ផ្គង់គ្រប់គ្រាន់ពីរោងម៉ាស៊ីនកិនស្រូវដែលមានស្រូវគ្រប់គ្រាន់នៅក្នុងស្តុក”។

ទោះជាយ៉ាងណា នៅក្នុងខេត្តបាត់ដំបងកសិករលើកឡើងថា ស្ថានភាពនេះក្លាយជាស្ថានភាពធ្ងន់ធ្ងរ ដោយសាររោងម៉ាស៊ីនកិនស្រូវផ្ដល់តម្លៃថោកជាងការប៉ាន់ប្រមាណទាបបំផុតរបស់ក្រសួង ឬក៏បដិសេធមិនទិញស្រូវរបស់ពួកគាត់ទាំងស្រុងតែម្ដង។

លោក អុឹម សារិន ជាកសិករអាយុ៣២ឆ្នាំម្នាក់និយាយថា “យើងខិតខំធ្វើស្រែខ្លាំងណាស់ ហើយបន្ទាប់មកយើងយកស្រូវទៅលក់ឱ្យរោងម៉ាស៊ីនកិនស្រូវនៅក្នុងភូមិ ប៉ុន្តែរោងម៉ាស៊ីនកិនស្រូវខ្លះមិនទិញស្រូវរបស់យើងនោះទេ ដោយលើកហេតុផលអ៊ីចេះហេតុផលអ៊ីចុះ រីឯខ្លះទៀតឱ្យតម្លៃទាបខ្លាំងណាស់ដែលយើងមិនអាចទទួលយកបានឡើយ”។

ដោយមានអារម្មណ៍ថា គេមិនយកចិត្តទុកដាក់ និងដោយគ្មានជម្រើសផ្សេងណាមួយនោះ លោក អុឹម សារិន និងកសិកររាប់សិបនាក់ផ្សេងទៀតបានសម្រេចយកបញ្ហារបស់ពួកគាត់ទៅកាន់សាលាឃុំកំពង់ព្រៀង ក្នុងស្រុកសង្កែ ខេត្តបាត់ដំបងនៅម៉ោងប្រហែល៨និង៣០នាទីព្រឹក។

លោកបាននិយាយថា ”យើងបានឈប់ត្រាក់ទ័រដែលមានដឹកស្រូវនៅតាមផ្លូវ ហើយយើងបានអូសបាវស្រូវប្រហែល១០បាវយកទៅដាក់នៅលើផ្លូវដើម្បីទាមទារឱ្យស្រូវមានតម្លៃឡើងវិញ”។ លោកបន្ថែមថា អ្នកតវ៉ាយ៉ាងច្រើនចេះតែមានចំនួនកើនឡើង ខណៈពួកគាត់ធ្វើដំណើរទៅកាន់សាលាឃុំនេះ។

លោកបានលើកឡើងទៀតថា  ទីបំផុតតំណាងមកពីធនាគារស្រូវធំបំផុតនៅក្នុងខេត្តនេះ បានចាប់ផ្ដើមការចរចា។

មកដល់ម៉ោង១រសៀល កសិករបានព្រមព្រៀងលក់ស្រូវរបស់ពួកគាត់ក្នុងតម្លៃចន្លោះពី១៩២,៥០ដុល្លារ ដល់២១០ដុល្លារក្នុងមួយតោន តាមគុណភាពស្រូវ នេះបើយោងតាមលោកមេឃុំ សំ ណេត។ លោកបានលើកឡើងបន្តថា ទោះបីជាបង្កឱ្យមានការកកស្ទះចរាចរណ៍អស់៤ម៉ោងក៏ដោយ  តែការតវ៉ានេះមិនជាបញ្ហាធំដុំនោះទេ។

លោកបាននិយាយថា ”ពួកគាត់គ្រាន់តែស្នើសុំដំណោះស្រាយដើម្បីធ្វើឱ្យតម្លៃស្រូវរបស់ពួកគាត់ឡើងថ្លៃវិញប៉ុណ្ណោះ ហើយបញ្ហាត្រូវបានដោះស្រាយរួចហើយនៅរសៀលនេះ  ដោយសារធនាគារស្រូវនៅក្នុងខេត្តបានព្រមព្រៀងទិញស្រូវរបស់ពួកគាត់”។

លោកបាននិយាយបន្ថែមថា “ឥឡូវនេះរថយន្តមួយចំនួនមកពីធនាគារស្រូវកំពុងតែដើរប្រមូលស្រូវពីកសិករហើយ”។

លោក កង វឿន អាយុ៦០ឆ្នាំ ជាកសិករម្នាក់ទៀតបានលើកឡើងថា កសិករមិនពេញចិត្តនឹងការព្រមព្រៀងនេះ ប៉ុន្តែវាបានជួយសម្រាលទុក្ខលំបាកខ្លះៗ។

លោកបាននិយាយថា “យើងព្រួយបារម្ភខ្លាំងណាស់ដែលស្រូវរបស់យើងបាត់បង់តម្លៃអស់រលីង ហើយប្រសិនបើយើងមិនអាចលក់ផលិតផលរបស់យើងបានទេ ជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងនឹងជួបការលំបាក់កាន់តែខ្លាំងជាមិនខាន  ព្រោះយើងគ្មានប្រាក់ដើម្បីសងបំណុលគេនោះឡើយ”។

លោកនិយាយបន្ថែមថា “ទោះបីជាតម្លៃស្រូវមិនខ្ពស់ដូចអ្វីដែលយើងចង់បានក៏ដោយ តែវាអាចទទួលយកបាន ព្រោះអីវាអាចជួយយើងឱ្យទទួលបានផលប្រយោជន៍ខ្លះៗដែរ”។

អន្តរាគមន៍របស់រដ្ឋាភិបាល ដែលធ្វើឡើងដើម្បីធានាថា  កសិករមិនបាត់បង់ប្រាក់លើការបង្កបង្កើនផលនោះ  គឺជាការយល់ខុស នេះបើយោងតាមលោក អៀន ថូម៉ាស (Ian Thomas) អ្នកផ្ដល់ប្រឹក្សាផ្នែកបរិស្ថាន។

លោកបានលើកឡើងថា “វាហាក់បីដូចជាការចែកទៅឱ្យមា៉ាស៊ីនកិនស្រូវនៅកម្ពុជា ដែលជាអ្នកទទួលខុសត្រូវមួយផ្នែកសម្រាប់បញ្ហានេះ។ អ្វីដែលកសិករនៅកម្ពុជាត្រូវការគឺការស្តុកទុក ហេតុដូច្នេះពួកគាត់អាចនិយាយថាទេចំពោះឈ្មួញកណ្ដាលបាន។ បន្ទាប់មកពួកគាត់អាចរង់ចាំរហូតដល់ពួកគាត់ទទួលបានតម្លៃប្រសើរ”។

លោកបានលើកឡើងទៀតថា កម្ពុជានៅតែមិនអាចសង្ឃឹមថា  មានលទ្ធភាពប្រកួតប្រជែងនៅក្នុងទីផ្សារក្នុងតំបន់ដែលមានការប្រកួតប្រជែងខ្លាំងស្រាប់បាននោះឡើយ ដោយសារមានទិន្នផលស្រូវច្រើនហួសប្រមាណមកពីប្រទេសវៀតណាម ភូមា និងប្រទេសថៃ។

លោកមានប្រសាសន៍ថា “អ្នកពឹងផ្អែកលើស្រូវខ្លាំងពេកហើយ។ រឿងដ៏ល្អបំផុតដែលត្រូវធ្វើគឺជួយកសិកររកមធ្យោបាយផ្សេងដើម្បីរកប្រាក់ក្រៅពីបង្កបង្កើនផលស្រូវ”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Janelle Retka)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស