38 C
Phnom Penh

គណ​​​បក្ស​​​កាន់​​​អំណាច ‘មិន​​​បារម្ភ’ ចំពោះ​​​ការ​​​ប្រកាស​​​របស់​​​តុលាការ​​​ឧក្រិដ្ឋ​​​កម្ម​​​​​​អន្តរជាតិ ICC

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចបាននិយាយថា ថ្នាក់ដឹកនាំបក្សមិនព្រួយបារម្ភឡើយចំពោះសេចក្តីសម្រេចមួយដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងពង្រីកទំហំសំណុំរឿងនានាដែលខ្លួនបានពិចារណាដើម្បីរាប់បញ្ចូលការបំផ្លាញបរិស្ថាន និងការចាប់យកដីធ្លី។

ក្រុមហ៊ុនច្បាប់ Global Diligence មានមូលដ្ឋាននៅក្រុងឡុងដ៍ ដែលបានដាក់ពាក្យប្តឹងក្រុមអ្នកមានអំណាចក្នុងជួរគណបក្សប្រជាជនកម្ពុជា ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិកាលពីឆ្នាំ២០១៤ តាមការជំរុញពីគណបក្សសង្គ្រោះជាតិ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថា សេចក្តីសម្រេចនេះបានបង្កើនលទ្ធភាពបន្តសំណុំរឿងនេះទៅមុខ។

ក្រុមហ៊ុននេះបាននិយាយអំពីសេចក្តីសម្រេចប្រកាសដោយអគ្គរដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហ្វាទូ បេនស៊ូដា (Fatou Bensouda) ថា “ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ តុលាការឧក្រិដ្ឋកម្មអន្តរជាតិនឹងផ្តល់អាទិភាពលើឧក្រិដ្ឋកម្មនានាក្នុងយុត្តាធិការរបស់ខ្លួនដែលប្រព្រឹត្តឡើងដោយមធ្យោបាយ ឬដែលបង្កឲ្យមាន ‘ការបំផ្លិចបំផ្លាញបរិស្ថាន ការកេងប្រវ័ញ្ចធនធានធម្មជាតិដោយខុសច្បាប់ ឬការដកហូតដីធ្លីដោយខុសច្បាប់’។ការផ្តោតយកចិត្តទុកដាក់ថ្មីនេះនឹងជួយបិទគម្លាតនិទណ្ឌភាពសម្រាប់ឧក្រិដ្ឋកម្មអន្តរជាតិដែលប្រព្រឹត្តអំឡុងពេលមានសន្តិភាព ហើយបើកទ្វារសម្រាប់រឿងក្តីដែលដាក់ប្តឹងក្រុមអ្នកមានអំណាចក្នុងជួរគណបក្សកាន់អំណាចរបស់ប្រទេសកម្ពុជា ជួសមុខឲ្យជនរងគ្រោះកម្ពុជា”។

សំណុំរឿងដែលប្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនេះអះអាងថា ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា និងសហការីរបស់ខ្លួនគឺជាអ្នកទទួលខុសត្រូវចំពោះការធ្វើឲ្យប្រជាជនរាប់សែននាក់ចាកចេញពីដីធ្លីរបស់ពួកគាត់ ធ្វើឲ្យពួកគាត់ធ្លាក់ក្នុងភាពក្រីក្រខ្លាំង។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សកាន់អំណាចដែលត្រូវបានភ្ជាប់ទៅនឹងការកាប់បំផ្លាញព្រៃឈើយ៉ាងរាលដាលជាងមួយទសវត្សរ៍កន្លងមកនេះដែរនោះ គ្មានអ្វីត្រូវបារម្ភទេ។

លោកថ្លែងថា “យើងមិនបារម្ភទេ ពីព្រោះយើងមិនបានធ្វើអ្វីខុស។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជាពលរដ្ឋ ដូច្នេះយើងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋហើយប្រឆាំងអ្នកណាក៏ដោយ មិនថាធំ ឬ តូចទេ ដែលរំលោភសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ”។

លោកបានគូសបញ្ជាក់ថា ការរំលោភបំពាននៅក្នុងប្រទេសកម្ពុជា តាមដែលចោទប្រកាន់នេះ គឺតូចតាចណាស់បើប្រៀបធៀបទៅនឹងការរំលោភបំពាននៅក្នុងប្រទេសផ្សេងៗទៀត។ ”គេគួរតែចាប់ខ្លួនអ្នកដែលទម្លាក់គ្រាប់បែកលើប្រទេសស៊ីរី ប្រទេសអីុរ៉ាក់ និងប្រទេសអីុរ៉ង់ ទើបត្រូវ។ នោះទើបជាឧក្រិដ្ឋជន”៕មានិត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស