26 C
Phnom Penh

ព្រះ​សង្ឃ​ជា​​​​សកម្មជន​​​​ទទួល​មេដាយ​ លុះត្រា​​​​​​តែ​​​លក្ខខណ្ឌ​​​​​​ទាម​​​ទារ​​​​​​​​​ត្រូវ​​​បំពេញ​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយពីប្រគេនគ្រឿងឥស្សរិយយសដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នោះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ព្រះសង្ឃដ៏លេចធ្លោមានសង្ឃដីកាកាលពីថ្ងៃអាទិត្យថា ព្រះអង្គនឹងទទួលយកមេដាយ លុះត្រាតែរដ្ឋាភិបាលបំពេញលក្ខខណ្ឌទាមទារទាក់ទងនឹងឃាតកម្មនាខែកក្កដាទៅលើលោក កែម ឡី អ្នកវិភាគនយោបាយសិន។

cam-photo-buntenh-800x449ព្រះតេជគុណ ប៊ុនតិញ ជាមិត្តភក្តិរបស់អ្នកវិភាគនយោបាយដ៏លេចធ្លោដែលបានជួយរៀបចំពិធីបុណ្យសពលោក កែម ឡី គឺជាអ្នករិះគន់ដ៏ខ្លាំងលើគណបក្សកាន់អំណាចក្នុងប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ។ ក្នុងអនុក្រឹត្យកាលពីខែមុន លោក ហ៊ុន សែន បានប្រគេនគ្រឿងឥស្សរិយយសដល់ព្រះតេជគុណដែលទទួលស្គាល់ស្នាដៃរបស់ព្រះអង្គក្នុងការការពារបរិស្ថានក្នុងនាមជាប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម។

ព្រះតេជគុណមានសង្ឃដីកាថា ព្រះតេជគុណ”មិនភ្ញាក់ផ្អើលទេ” ដោយទទួលបានមេដាយពីរដ្ឋាភិបាលដដែល ដែលបានឃុំព្រះអង្គដោយសារតែភាពសកម្មជាច្រើនលើកច្រើនសា។

ព្រះតេជគុណ ប៊ុនតិញ មានសង្ឃដីកាថា “អាត្មានឹងទទួលយកមេដាយនេះ ប៉ុន្តែអាត្មាមានលក្ខខណ្ឌបី ព្រោះអាត្មាដឹងថា អ្នកដែលរៀបចំមេដាយឲ្យអាត្មាមានគោលបំណងចង់បានការគាំទ្រ”។

ព្រះតេជគុណមានសង្ឃដីកា “លក្ខខណ្ឌទីមួយ គេត្រូវបង្ហាញកាមេរ៉ាសុវត្ថិភាពពីហាងស្តាម៉ាតអំពីការបាញ់លោកបណ្ឌិត កែម ឡី។ ទីពីរ ត្រូវធានាឱ្យមានយុត្តិធម៌ដល់គ្រួសាររបស់កែម ឡី។ ទីបី អាត្មាចង់បានសិទ្ធិរៀបចំបុណ្យ១០០ថ្ងៃឱ្យលោក កែម ឡី នៅភ្នំពេញដោយគ្មានការហាមឃាត់ពីអាជ្ញាធរក្រុងភ្នំពេញ”។

អាជ្ញាធរបានបដិសេធមិនបញ្ចេញជាសាធារណៈនូវវីដេអូ ស៊ីស៊ីធីវី ក្នុងហាងដែលនៅទីនោះលោក កែម ឡី ត្រូវបានឃាតករបាញ់ស្លាប់កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ហើយនគរបាលមិនបានផ្តល់សេចក្តីលម្អិតថ្មីអំពីការស៊ើបអង្កេតទៅលើឃាតកម្មទេ តាំងពីថ្ងៃឃាតកម្មបានកើតឡើងមកនោះ។

ជនសង្ស័យជាឃាតករដែលនគរបាលបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីគេចចេញពីកន្លែងកើតហេតុ បានប្រាប់ថាខ្លួនឈ្មោះ ជួប សម្លាប់។ អាជ្ញាធរខេត្តសៀមរាបបានបង្ហាញអត្តសញ្ញាណបុរសនេះថាឈ្មោះ អឿត អាង ជាអ្នកភូមិដែលពីមុនធ្លាប់ធ្វើទាហាន។

ពិធីបុណ្យសពលោក កែម ឡី ជាសំឡេងដ៏មានប្រជាប្រិយតាមវិទ្យុនិងជាអ្នករៀបចំនយោបាយថ្នាក់មូលដ្ឋាននិងមានអ្នកស្តាប់ជាច្រើនតាមបណ្តាញផ្សព្វផ្សាយសង្គម បានឃើញអ្នកគាំទ្ររាប់ពាន់នាក់នៅពាសពេញផ្លូវក្នុងក្រុងភ្នំពេញ ក្នុងខណៈដែលសាកសពលោកបានហែពីវត្តចាស់ទៅស្រុកកំណើតរបស់លោកនៅខេត្តតាកែវ។

ព្រះតេជគុណ ប៊ុនតិញមានសង្ឃដីកាថា ព្រះអង្គសង្ឃឹមថានឹងរៀបចំពិធីរំលឹកខួប១០០ថ្ងៃម្តងទៀតចាប់ពីថ្ងៃមានឃាតកម្មលើអ្នកវិភាគនយោបាយនេះ។

ព្រះតេជគុណមានសង្ឃដីកាថា “យើងមានគម្រោងធ្វើបុណ្យគម្រប់ខួប១០០ថ្ងៃនៅភ្នំពេញប៉ុន្តែរហូតដល់ពេលនេះ ចៅអធិការវត្តចាស់មិនអនុញ្ញាតឱ្យធ្វើពិធីក្នុងវត្តរបស់លោកទេ។ព្រះតេជគុណបានមានសង្ឃដីកាថា អាជ្ញាធរក្រុងនិងខណ្ឌបានដាក់សម្ពាធលើព្រះចៅអធិការវត្ត។

លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វាបានសើចចំអកនឹងការអះអាងនេះ។

លោក ហួត បាននិយាយថា “បើលោកស្រង់សម្តីខ្ញុំ សូមនិយាយថា ខ្ញុំសើច ព្រោះយើងមិនដែលឃើញសំណើសុំធ្វើបុណ្យ១០០ថ្ងៃអ៊ីចឹងទេ”។

លោក កែម រិទ្ធីសិទ្ធិ ប្អូនប្រុសលោក កែម ឡី បាននិយាយថាគ្រួសាររបស់លោកគ្រោងរៀបចំពិធីដោយខ្លួនឯងនៅក្នុងខេត្តតាកែវ។

លោក រិទ្ធីសិទ្ធិ បាននិយាយថា “នៅភ្នំពេញ យើងបានធ្វើបុណ្យសពរយៈពេល១៥ថ្ងៃហើយ យើងមិនចង់ឱ្យមានការលំបាកក្នុងការរៀបចំពិធីនេះទៀតទេ”៕ មាំ វិបុល

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស