28 C
Phnom Penh

តុលាការ​ផ្តន្ទាទោស​សកម្មជន​​​តំបន់​​​បឹង​​​កក់​​​​​​​ទាក់ទិន​​​សំណុំរឿង​​​ឆ្នាំ​​​២០១១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កន្លះទសវត្សរ៍បន្ទាប់ពីត្រូវបានចោទប្រកាន់ពាក់ព័ន្ធការតវ៉ាហិង្សានៅខាងក្រៅសាលារាជធានីភ្នំពេញ សកម្មជនបួននាក់មកពីសហគមន៍បឹងកក់ដែលកំពុងប្រឈមនឹងបញ្ហាត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារម្មាក់ៗ៦ខែកាលពីម្សិលមិញ ពីបទប្រមាថរាជការសាធារណៈ និងប្រឆាំងអ្នករាជការសាធារណៈ។

សកម្មជនទាំង៤នាក់នេះត្រូវបានចោទប្រកាន់ភ្លាមៗបន្ទាប់ពីការតវ៉ានៅក្នុងខែវិច្ឆិកា ឆ្នាំ២០១១ដែលអំឡុងពេលនោះសកម្មជនបានគប់ស្បែកជើងកែងចោត ដុំថ្ម និងវត្ថុផ្សេងៗលើកងសន្តិសុខដែលលើកកម្លាំងមកបំបែកពួកគាត់ដោយប្រើដំបង និងខែលបង្ក្រាបកុបកម្ម។ សំណុំរឿងនេះស្ថិតក្នុងស្ថានភាពស្ងៀមស្ងាត់រហូតដល់ខែមុន ទើបត្រូវបានសើរើឡើងវិញ ស្របពេលមានការវាយប្រហារផ្នែកផ្លូវច្បាប់លើអ្នករិះគន់រដ្ឋាភិបាល។

មន្ត្រីនគរបាលបង្ក្រាបកុបកម្មដើរក្បែរសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ សកម្មជនដីធ្លីមកពីតំបន់បឹងកក់៤នាក់ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារម្នាក់ៗ៦ខែពាក់ព័ន្ធការតវ៉ានៅក្នុងឆ្នាំ២០១១។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
មន្ត្រីនគរបាលបង្ក្រាបកុបកម្មដើរក្បែរសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ សកម្មជនដីធ្លីមកពីតំបន់បឹងកក់៤នាក់ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារម្នាក់ៗ៦ខែពាក់ព័ន្ធការតវ៉ានៅក្នុងឆ្នាំ២០១១។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះលី សុខឡេង  បានសម្រេចចេញសាលក្រមផ្តន្ទាទោសអ្នកស្រី ទេព វន្នី អ្នកស្រី គង់ ចន្ថា អ្នកស្រី បូ ឆវី និងអ្នកស្រី ហេង មុំ ដែលត្រូវផ្តន្ទាទោសសកំបាំងមុខកាលពីព្រឹកម្សិលមិញ។

អ្នកស្រី គង់ ចន្ថា និងអ្នកស្រី បូ ឆវី ត្រូវបានអនុញ្ញាតឲ្យចាកចេញពីតុលាការដើម្បីទុកពេលឲ្យប្តឹងឧទ្ធរហណ៍ រីឯអ្នកស្រី ទេពវន្នី សមាជិកដ៏លេចធ្លោជាងគេនៅក្នុងក្រុមសកម្មជននេះត្រូវបានបញ្ជូនត្រឡប់ទៅពន្ធនាគារព្រៃស ជាកន្លែងដែលអ្នកស្រីត្រូវបានឃុំឃាំងជាបណ្តោះអាសន្នពាក់ព័ន្ធការតវ៉ាដាច់ដោយឡែកមួយទៀតកាលពីឆ្នាំ២០១៣វិញ។

ចៅក្រម លី សុខឡេង បានមានប្រសាសន៍ថា “ពួកគាត់មិនគោរពអាជ្ញាធរ ហើយជេរប្រមាថមន្ត្រីសាលារាជធានីភ្នំពេញ។ពួកគាត់វាយប្រហារមកលើកងសន្តិសុខ…សន្តិសុខម្នាក់ត្រូវគេវាយចំក្បាល ហើយម្នាក់ទៀតបានរងរបួស”។

ចុងចោទទាំងនេះនៅតែមិនចុះញ៉មនៅក្នុងបន្ទប់សវនាកាដោយស្រែកឡើងថា “អយុត្តិធម៌!ម្តងហើយម្តងទៀតពេញសវនាការ។

អ្នកស្រី ទេព វន្នី បានលើកឡើងថា “ខ្ញុំនឹងរៀបចំឯកសារដើម្បីប្តឹងឧទ្ធរណ៍ ព្រោះយើងមិនបានជេរប្រមាថ និងប្រើអំពើហិង្សាលើសន្តិសុខទេ ប៉ុន្តែ ផ្ទុយទៅវិញគឺសន្តិសុខ និងនគរបាលទេដែលជាអ្នកវាយដំមកលើពួកយើង”។

អ្នកស្រី បូ ឆវី បានលើកឡើងថា ចុងចោទមិនបានប្រើអំពើហិង្សាទេ ឬសូម្បីតែរៀបចំការតវ៉ាឆ្នាំ២០១១ដែលអ្នកចូលរួមប្រហែល១០០នាក់បានសម្រេចរួមគ្នាយកញត្តិដាក់ជូនសាលារាជធានីភ្នំពេញ។

cam-photo-front-channa-8អ្នកស្រីបាននិយាយថា “ឥឡូវនេះជារដូវបុណ្យភ្ជុំបិណ្ឌ ប្រសិនបើខ្ញុំប្រើអំពើហិង្សាលើអាជ្ញាធរមែននោះ សូមដាក់បណ្តាសាឲ្យខ្ញុំស្លាប់ចុះ”។

បន្ទាប់ពីការផ្តន្ទាទោស អ្នកស្រី គង់ ចន្ថា និងអ្នកស្រី បូ ឆវី បានព្យាយាមចូលទៅក្នុងរថយន្តពន្ធនាគារជាមួយអ្នកស្រី ទេព វន្នី ដែរ ប៉ុន្តែត្រូវបានសន្តិសុខរារាំង។ ទីបំផុតពួកគាត់បានចូលរួមជាមួយសកម្មជនប្រហែល៤០នាក់ដែលបានប្រមូលផ្តុំគ្នានៅផ្លូវម្ខាងទៀតទល់មុខតុលាការ និងដែលត្រូវបានរារាំងមិនឲ្យដើរមកក្បែរអគារតុលាការដោយសន្តិសុខដែលមានចំនួនប្រហាក់ប្រហែលគ្នា។

អំឡុងការតវ៉ាឆ្នាំ២០១១សកម្មជនបានទាមទារឲ្យអ្នកភូមិតំបន់បឹងកក់ចំនួន៩៤គ្រួសារទទួលបានដីមួយផ្នែកនៃដីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យាទុកសម្រាប់សមាជិកសហគមន៍បឹងកក់ដែលត្រូវបានបណ្តេញចេញ។ អំពើហិង្សាបានផ្ទុះឡើងនៅពេលនគរបាលបានរារាំងស្ត្រីប្រហែល១០០នាក់មិនឲ្យធ្វើដំណើរឆ្ពោះទៅកាន់មហាវិថីព្រះមុនីវង្ស។

សាលដីកាផ្តន្ទាទោសនេះធ្វើឡើងស្របពេលរដ្ឋាភិបាលបើកយុទ្ធនាការប្រឆាំងគណបក្សសង្គ្រោះជាតិ សកម្មជនសិទ្ធិមនុស្ស និងអ្នករិះគន់ផ្សេងៗទៀត។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិកំពុងរស់នៅក្នុងស្ថានភាពនិរទេសខ្លួនដើម្បីគេចចេញពីការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ខណៈលោក កឹម សុខា អនុប្រធានរបស់លោកត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ខែកាលពីដើមខែនេះ ប៉ុន្តែ លោកមិនត្រូវបានចាប់ខ្លួនទេ ហើយនៅសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្តាលបក្សក្នុងរាជធានីភ្នំពេញនៅឡើយ។

យុទ្ធនាការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” ដែលមានរយៈពេលយ៉ាងយូរដើម្បីអំពាវនាវសុំឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សកំពុងជាប់ពន្ធនាគារ និងការសើុបអង្កេតប្រកបដោយតម្លាភាពនៅក្នុងករណីធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយកាលពីខែកក្កដានោះ បានឈានដល់ការបញ្ឈប់ ឬយ៉ាងហោចណាស់ផ្អាកបណ្តោះអាសន្ន បន្ទាប់ពីមានការចាប់ខ្លួនអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា សកម្មជនម្នាក់ទៀតអំឡុងការតវ៉ាដោយសន្តិវិធីកាលពីខែមុន។

cam-photo-boeng-kak-jump-channaទោះជាយ៉ាងណា បន្ទាប់ពីវិលត្រឡប់ទៅកាន់តំបន់បឹងកក់វិញ ទាំងអ្នកស្រី គង់ ចន្ថា និងអ្នកស្រី មុំ ឆវី បាននិយាយថា ពួកគាត់នឹងមិនខ្លាចរអារដ្ឋាភិបាលឡើយ។

អ្នកស្រី គង់ ចន្ថា បាននិយាយនៅកន្លែងលក់ត្រីអាំងតាមចិញ្ចើមផ្លូវរបស់អ្នកស្រីថា “យើងនឹងបន្តការតវ៉ាបន្តទៀត ទោះបីជាពួកគេមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើការតវ៉ាប្រសិនបើប្រជាពលរដ្ឋនិយាយប្រឆាំងនឹងរដ្ឋាភិបាលក៏ដោយ។ ប្រសិនបើពួកគេឃាត់ខ្លួនខ្ញុំ វាមិនអាចបញ្ឈប់ខ្ញុំមិនឲ្យធ្វើដូច្នេះបានទេ ហើយខ្ញុំនឹងទៅចូលរួមជាមួយនឹងគណបក្សប្រឆាំង”។

អ្នកស្រី គង់ ចន្ថា បានលើកឡើងថា អ្នកស្រីមានសុទុដ្ឋិនិយមថា លោកស្រី ហុីលឡារី គ្លីតុន បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជាអ្នកផ្តល់រង្វាន់ភាពជាអ្នកដឹកនាំរបស់អង្គការ Vital Voices ដល់អ្នកស្រី ទេព វន្នី កាលពីឆ្នាំ២០១៣នោះ នឹងជួយពួកគាត់។

អ្នកស្រីបាននិយាយថា “ប្រសិនបើលោកស្រី ហីុលឡារី គ្លីនតុន ឈ្នះនៅក្នុងការបោះឆ្នោតលើកក្រោយនេះ ខ្ញុំជឿជាក់ថា លោកស្រីនឹងធ្វើអន្តរាគមន៍”។

អ្នកស្រី បូ ឆវី បានលើកឡើងថា ការសើរើសំណុំរឿងពាក់ព័ន្ធការតវ៉ាក្នុងឆ្នាំ២០១១ឡើងវិញគឺជាការប៉ុនប៉ងបំបិទមាត់អ្នកប្រឆាំងយ៉ាងច្បាស់ក្រឡែត។

អ្នកស្រីបាននិយាយថា “ខ្ញុំគិតថា ពួកគេចង់បំបែកពួកយើង។ ពួកគេចង់បំបែកពួកយើងឲ្យនៅឆ្ងាយពីការតវ៉ាទាមទារសុំឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស…និងការទាមទារឲ្យស្វែងរកយុត្តិធម៌ជួនលោក កែម ឡី។ ពួកគេចង់ឲ្យបញ្ហាទាំងអស់នេះនៅស្ងាត់ស្ងៀម”៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស