ក្រុមមន្ត្រីបានលើកឡើងនៅពិធីមួយកាលពីម្សិលមិញថា ផ្លូវរថភ្លើងភាគខាងជើងប្រទេសកម្ពុជាត្រូវបានតភ្ជាប់ទៅប្រទេសថៃតាមព្រំដែនស្ថិតក្នុងក្រុងប៉ោយប៉ែត ប៉ុន្តែកំណាត់ផ្លូវដែកក្នុងប្រទេសកម្ពុជា ចាំបាច់ត្រូវស្ថាបនាឱ្យបានរួចរាល់សិនមុនពេលរថភ្លើងអាចចាប់ផ្តើមដំណើរការរវាងប្រទេសទាំងពីរ។
នៅពិធីមួយដែលកត់សម្គាល់ពីព្រឹត្តិការណ៍ដ៏សំខាន់ក្នុងគម្រោងដែលបានដំណើរការចាប់តាំងពីឆ្នាំ២០០៨មក ក្រុមមន្ត្រី រួមមានលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ការធ្វើដំណើរតាមផ្លូវដែកឆ្លងកាត់ព្រំដែនដែលសម្រួលទាំងការដឹកទំនិញ និងអ្នកដំណើរនោះ នឹងអាចដំណើរការនៅឆ្នាំក្រោយនេះ។
លោក លី បូរិន ប្រធាននាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ផ្លូវដែកប្រវែងប្រហែល៦គីឡូម៉ែត្រមិនទាន់ស្ថាបនារួចរាល់នៅឡើយទេក្នុងប្រទេសកម្ពុជា។
ក្រុមមន្ត្រីបានបើកការដ្ឋានស្ថាបនាកំណាត់ផ្លូវដែកប្រវែង៤៨គីឡូម៉ែត្ររវាងក្រុងប៉ោយប៉ែត និងក្រុងសេរីសោភ័ណកាលពីខែកុម្ភៈ ឆ្នាំ២០០៨ ដោយកាលបរិច្ឆេទដំបូងគ្រោងស្ថាបនាឱ្យរួចរាល់ក្នុងឆ្នាំ២០០៩។
លោក លី បូរិន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះរាល់ការដឹកជញ្ជូនទាំងអស់នៅតាមព្រំដែនកំពុងត្រូវបានដោះស្រាយរវាងប្រទេសទាំងពីរ រួមទាំងនីតិវិធីគយ និងអន្តោប្រវេសន៍។
លោកបានមានប្រសាសន៍ថា “យើងនឹងជួបប្រជុំជាមួយសមភាគីថៃដើម្បីពិភាក្សារកដំណោះស្រាយ”។ កាលពីព្រឹកម្សិលមិញផងដែរ ប្រជាពលរដ្ឋប្រហែល២០នាក់បានធ្វើការតវ៉ានៅខាងក្រៅសាលាក្រុងប៉ោយបែ៉តជុំវិញបញ្ហាដែលបង្កឡើងដោយគម្រោងស្ថាបនាផ្លូវដែកនេះ។
លោក វ៉ន វន្ត អាយុ៣៦ឆ្នាំដែលស្ថិតក្នុងចំណោមអ្នកតវ៉ាដែលបានរស់នៅតាមបណ្តោយផ្លូវដែកក្នុងសង្កាត់ផ្សារកណ្តាលបាននិយាយថា ពួកគាត់កំពុងទាមទារសំណងពីអាជ្ញាធរមូលដ្ឋានចំពោះសំឡេងរំខាន និងគ្រោះថ្នាក់ដែលបង្កឡើងដោយការស្ថាបនានេះ។
លោក វ៉ន វន្ត បាននិយាយថា ក្រុមអ្នកតវ៉ាបានជួបប្រជុំជាមួយលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ហើយលោក លី បូរិន បាននិយាយអំពីនាយកដ្ឋានផ្លូវដែកនេះបន្ទាប់ពីពួកគាត់ធ្វើការតវ៉ានៅម៉ោងប្រហែល៧និង២០នាទីព្រឹក ប៉ុន្តែ មិនបានឈានដល់ដំណោះស្រាយទេ។
គាត់បាននិយាយថា “លោកអភិបាលក្រុងបានប្រាប់ពួកយើងកុំឲ្យមកទីនេះធ្វើការតវ៉ាទៀត ពីព្រោះវាមិនមែនជាការទទួលខុសត្រូវរបស់លោកក្នុងការរកដំណោះស្រាយជូនគ្រួសារដែលរងផលប៉ះពាល់ឡើយ។ ប្រសិនបើពួកយើងមកទៀត លោកនឹងចាប់អ្នកតវ៉ាទាំងអស់យកទៅដាក់គុកតែម្តង”។
លោក ង៉ោ ម៉េងជ្រួន បានដាក់ទូរស័ព្ទអ្នកយកព័ត៌មានចុះនៅពេលត្រូវបានសួរអំពីជំនួបេនះ។ លោក លី បូរិន បានមានប្រសាសន៍ថា លោកបានព្យាយាមពន្យល់អំពីស្ថានភាពនេះដល់ក្រុមអ្នកតវ៉ា ប៉ុន្តែ ថា ពួកគាត់មិនស្តាប់ទេ។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានប្រាប់ពួកគាត់ថា រដ្ឋាភិបាលនឹងមិនរកដំណោះស្រាយជូនពួកគាត់ទេ ពីព្រោះពួកគាត់រស់នៅខុសច្បាប់លើដីរបស់រដ្ឋ។ ពួកគាត់គួរតែអរគុណរដ្ឋាភិបាលដែលបានអនុញ្ញាតឲ្យពួកគាត់រស់នៅទីនោះ”៕សារុន