27 C
Phnom Penh

សត្វ​ដំរី​ចុះ​ប្រេងមួយ​ក្បាល​​ក្នុង​ខេត្ត​មណ្ឌល​គិរី​រត់ចូលព្រៃ​បាត់​ ក្រោយ​​​ជាន់​ម្ចាស់រហូត​ដល់​​ស្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា នគរបាលកំពុងតាមស្វែងសត្វរកដំរីមួយក្បាលដែលបានជាន់ម្ចាស់រហូតដល់ស្លាប់ក្នុងខេត្តមណ្ឌលគិរីកាលពីម្សិលមិញ នៅពេលបុរសជាម្ចាស់រូបនេះបានព្យាយាមចាប់វាមកវិញបន្ទាប់ពីសត្វដំរីនេះបានរួចប្រហែល១សប្តាហ៍មក។

យោងតាមលោក ពេជ្រ សុធារី អធិការនគរបាលសង្កាត់រមនា  ក្រុងសែនមនោរម្យទីដែលសត្វដំរីនេះរស់នៅបានឲ្យដឹងថា សត្វដំរីនេះត្រូវបានបង្វឹកដើម្បីដឹកភ្ញៀវទេសចរនៅជិតតំបន់ទឹកជ្រោះបូ៊ស្រា នៅក្នុងស្រុកពេជ្រាដានោះ បានរត់ចូលក្នុងព្រៃបាត់ដើម្បីស្វែងរកដំរីញីប្រហែល១សប្តាហ៍កន្លងមកហើយ។

លោកបានមានប្រសាសន៍ថា នៅពេលលោក ប៉ុប ស៊្រាង អាយុ៥៥ឆ្នាំ ជាម្ចាស់បានរកឃើញដំរីនេះនៅក្នុងឃុំស្រែអំពូម ស្រុកពេជ្រាដា នៅពេលប្រហែលថ្ងៃត្រង់ ហើយបានព្យាយាមចាប់វាមកវិញនោះ សត្វដំរីនេះមានកំហឹងយ៉ាងខ្លាំង។

លោក ងួន សារ៉ុន អភិបាលស្រុកបានមានប្រសាសន៍ថា ដោយនគរបាល សមាជិកក្រុមគ្រួសារ និងភ្ញៀវទេសចរប្រហែល១៥នាក់កំពុងសម្លឹងមើលនោះលោក ប៉ុប ស៊្រាង បានលោតឡើងលើខ្នងដំរី ហើយបានយកកង្វេចាក់ក្បាលរបស់វាបញ្ជាឲ្យវាដើរ។

លោក នួន សារ៉ុន បានមានប្រសាសន៍ថា “ដំរីចុះប្រេងនេះបានយកប្រមោយវាយម្ចាស់របស់វា ហើយបានគ្រវែងបុរសជាម្ចាស់ឡើងទៅលើ ហើយធ្លាក់មកដីវិញ”។ បន្ទាប់មក សត្វដំរីនេះ “បានយកប្រមោយវាយបុរសជាម្ចាស់ ហើយជាន់រហូតដល់ស្លាប់”។លោកបានបន្ថែមថា “វាមើលទៅដូចជាខ្សែក្នុងភាពយន្តអ៊ីចឹង។

លោក រ៉ា បូរិទ្ធ នាយប៉ុស្តិ៍ឃុំស្រែអំពូម បានមានប្រសាសន៍ថា ក្រុមមនុស្សបានស្រែកដាក់សត្វដំរីនោះដោយសង្ឃឹមថា នឹងធ្វើឱ្យវាខ្លាច ប៉ុន្តែ មិនបានជោគជ័យឡើយ។

លោកបានមានប្រសាសន៍ថា “យើងមិនអាចជួួយជនរងគ្រោះបានទេ… ពីព្រោះយើងមិនមានកាំភ្លើងដើម្បីបាញ់បន្លាចវាឡើយ”។

លោក រ៉ា បូរិទ្ធ បានមានប្រសាសន៍បន្ថែមថា នៅពេលដឹងច្បាស់ថា មិនមានសង្ឃឹមចំពោះលោក ប៉ុប ស៊្រាង នោះ ក្រុមមនុស្សបានរត់គេចពីសត្វដំរីនេះដោយការភ័យខ្លាច។ បន្ទាប់ពីរត់បានចម្ងាយប្រហែល១០០ម៉ែត្រដោយសត្វដំរីនេះដេញតាមផងនោះ សត្វដំរីនោះបានរត់ចូលព្រៃបាត់។

លោកបានបន្ថែមថា ចាប់តាំងពីពេលនោះមក នគរបាលបានធ្វើការល្បាតតាមផ្លូវក្បែរតំបន់ទឹកជ្រោះនោះដើម្បីជូនដំណឹងដល់អ្នកភូមិ និងភ្ញៀវទេសចរឲ្យស្ថិតនៅឲ្យឆ្ងាយ ប៉ុន្តែ មិនបានឃើញសត្វដំរីនោះទេ រហូតមកដល់ល្ងាចម្សិលមិញនេះ។

លោ ទូច យន់ ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា ក្រុមមន្ត្រីសុទ្ធតែប្រដាប់ដោយកាំភ្លើងបាញ់ថ្នាំសណ្តំទុកសម្រាប់បាញ់សត្វដំរីនោះពេលពួកគេប្រទះឃើញវា៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស