29 C
Phnom Penh

លោក​នាយករដ្ឋមន្ត្រី​ស្វែងរក​ប្រាក់​៣០០​លាន​ដុល្លារ​ពី​ចិន​សម្រាប់​វិស័យ​ស្រូវ​អង្ករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងការប្រឹងប្រែងថ្មីបំផុតដើម្បីសម្រាលផលប៉ះពាល់នៃការធ្លាក់ចុះតម្លៃស្រូវ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលបានស្វះស្វែងរកប្រាក់៣០០លានដុល្លារពីប្រទេសចិន ដើម្បីបង្កើនសមត្ថភាពម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងផ្តល់ប្រាក់ដល់ពួកគេសម្រាប់ទិញស្រូវពីកសិករ។

cam-photo-rice-channaការប្រកាស ធ្វើនៅឯពិធីប្រគល់សញ្ញាប័ត្រក្នុងក្រុងភ្នំពេញ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានយល់ព្រមលើទឹកប្រាក់២៧លានដុល្លារដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវសម្រាប់ទិញស្រូវ ក្នុងចំនួននោះ២០លានដុល្លារបានពីរដ្ឋាភិបាល និង៧លានដុល្លារពីធនាគារអភិវឌ្ឍន៍ជនបទ។ តម្លៃស្រូវមធ្យមក្នុងមួយតោនធ្លាក់ចុះពី២៥០ដុល្លារនៅពាក់កណ្តាលខែសីហា មកត្រឹម១៩៣ដុល្លារនៅសប្តាហ៍មុន។

លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា “ទុនរបស់យើងមិនគ្រប់គ្រាន់ទេ។ រដ្ឋបញ្ចេញ២០លានដុល្លារភ្លាមៗគឺជាអន្តរាគមន៍ចាំបាច់ដើម្បីដោះស្រាយនូវផលប៉ះពាល់ដែលកើតមានចំពោះកសិករ”។

លោកបានមានប្រសាសន៍ថា “សម្រាប់ដំណោះស្រាយរយៈពេលមធ្យម ខ្ញុំបានធ្វើការជាមួយនឹងថ្នាក់ដឹកនាំចិន និងមន្ត្រីឯកទេសរបស់យើងកំពុងធ្វើការជាមួយនឹងមន្ត្រីចិន ពីព្រោះយើងត្រូវការពីមិត្តចិន៣០០លានដុល្លារ ដើម្បីយកមកកសាងទីតាំងមួយចំនួនសម្រាប់ជា” រោងម៉ាស៊ីនកិនស្រូវ ឡសម្ងួត ឃ្លាំងស្តុក និងជាទុនសម្រាប់បង្វិលទិញស្រូវ។

ថ្លែងនៅឯសន្និសីទកាសែតនៅធនាគារអភិវឌ្ឍន៍ជនបទក្នុងក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទ លោក រស់ សីលវ៉ា អនុរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ បាននិយាយថា រដ្ឋាភិបាលមានផែនការវិនិយោគប្រាក់៣០០លានដុល្លារទៅលើហេដ្ឋារចនាសម្ពន្ធ ដើម្បីរក្សាទុក និងសម្ងួតស្រូវនៅឆ្នាំក្រោយ។ លោកបាននិយាយថា លោកមិនប្រាកដថាតើនេះជាប្រាក់ដដែលដែលលោកនាយករដ្ឋមន្ត្រីបានស្នើសុំពីប្រទេសចិនឬយ៉ាងណាទេ។

លោកបាននិយាយថា “ចំពោះផែនការរយៈពេលវែង យើងសម្រេចបានផែនការទី១ ដោយទទួលបាន [រង្វាន់សម្រាប់] អង្ករល្អលេខ១នៅលើពិភពលោក”។ លោកបាននិយាយបន្ថែមថា ផែនការទី២បង្កើនការនាំអង្ករចេញឲ្យបានមួយលានតោនក្នុងមួយឆ្នាំ ជាបំណងដែលចង់បានបំផុត។

ក្នុងពេលដែលកសិករជាច្រើនកំពុងជួបការលំបាកក្នុងការសងប្រាក់កម្ចី ជាថ្មីម្តងទៀត កាលពីថ្ងៃច័ន្ទ លោក ហ៊ុន សែន បានអំពាវនាវដល់ស្ថាប័នម៉ាក្រូហិរញ្ញវត្ថុឲ្យមានការអនុគ្រោះចំពោះការសងប្រាក់យឺតពេល កាត់បន្ថយ ឬ លុបចោលថ្លៃការប្រាក់ និងកុំប្តឹងផ្តល់ទៅតុលាការ ឬរឹបអូសយកទ្រព្យសម្បត្តិ។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំងបាននិយាយថា ការអង្វរករជាសាធារណៈដល់ក្រុមហ៊ុនដែលស្វែងរកចំណេញនឹងមិនការពារកសិករបានទេ ទាល់តែដាក់ចេញនូវគោលនយោបាយពិតប្រាកដ។ លោកបាននិយាយថា “រដ្ឋាភិបាលត្រូវតែមានច្បាប់ដើម្បីគ្រប់គ្រងធនាគារទាំងនេះ។ ដើម្បីគ្រប់គ្រងអត្រាការប្រាក់ អ្នកមិនអាចគ្រាន់តែទៅហើយប្រាប់ធនាគារថា ‘កុំធ្វើនោះ’ ដោយគ្មានច្បាប់សមស្របត្រឹមត្រូវឡើយ។ តើធនាគារណានឹងស្តាប់ទៅ?”។

លោក មីហ្គែល ចានកូ (Miguel Chanco) អ្នកវិភាគប្រចាំតំបន់ឲ្យក្រុម Economist Intelligence Unit បាននិយាយថា ការអន្តរាគមន៍ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលមិនមានការភ្ញាក់ផ្អើលទេ ព្រោះវា “អាចមានប្រយោជន៍នយោបាយដល់គណបក្សកាន់អំណាច នៅពេលការបោះឆ្នោតឃុំសង្កាត់ខាងមុខ” ដែលកំណត់ធ្វើនៅខែមិថុនាឆ្នាំក្រោយ។

លោក ចានកូ បាននិយាយបន្ថែមថា “យ៉ាងណាក៏ដោយ ប្រសិនបើយើងសម្លឹងមើលស្ថានភាពយូរអង្វែង ខ្ញុំមិននិយាយថា វាជាវិស័យមួយដែលខ្ញុំនឹងប្រាប់ឲ្យដឹងដោយស្មោះត្រង់ថា តម្លៃស្រូវទំនងជាមិនបានថ្លៃដូចដែលឃើញនៅទសវត្សរ៍ឆ្នាំ២០០០នោះទេ”។

“មូលនិធិសាធារណៈគួរចំណាយលើវិធានការយូរអង្វែង ដើម្បីឲ្យកសិករច្រើនទៀតឈប់ធ្វើស្រែ ដូច្នេះវាកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រទេសកម្ពុជាចំពោះការប្រែប្រួលចុះឡើងនៃតម្លៃរបស់ប្រើប្រាស់លើពិភពលោក”៕ និត (រាយការណ៍បន្ថែមដោយ កង សុធា)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស