លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែទៅព្យាបាលជំងឺនៅក្រៅប្រទេសនោះបានមានប្រសាសន៍កាលពីម្សិលមិញនៅពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យជប៉ុនទី១ក្នុងប្រទេសកម្ពុជា ដែលជាមន្ទីរពេទ្យដ៏ទំនើបដោយចំណាយទឹកប្រាក់សាងសង់អស់៣៥លានដុល្លារក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញថា “ខ្ញុំគិតថា ខ្ញុំចង់ក្លាយទៅជាអ្នកជំងឺលើកដំបូងនៅក្នុងមន្ទីរពេទ្យនេះ”។
មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ដែលគ្រោងផ្តល់ការពិគ្រោះជំងឺលើកដំបូងនៅថ្ងៃទី១៧ ខែតុលានោះ បានដាក់ចេញមហិច្ឆតារបស់ខ្លួនជាមួយស្ថិតិពីរបិទនៅក្តារប្រកាសព័ត៌មានសម្រាប់ភ្ញៀវកាលពីម្សិលមិញថា៖ ប្រជាពលរដ្ឋខ្មែរ២២០.០០០នាក់ទៅព្យាបាលជំងឺនៅក្រៅប្រទេសរៀងរាល់ឆ្នាំ ហើយប្រទេសកម្ពុជាមានគ្រូពេទ្យ១,៧នាក់ និងគ្រែចំនួន៧ក្នុងប្រជាពលរដ្ឋ១០.០០០នាក់ បើប្រៀបធៀបទៅនឹងប្រទេសជប៉ុនដែលមានគ្រូពេទ្យ២៣នាក់ និងគ្រែចំនួន១៣៧។

លោក ហ៊ុន សែន បានថ្លែងទៅកាន់អ្នកចូលរួមនៅបរិវេណមន្ទីរពេទ្យនេះក្នុងរាជធានីភ្នំពេញដែលរួមមានលោក គីយូស៊ី អូដាវ៉ារ៉ា (Kiyoshi Odawara) សមាជិកសភាជប៉ុនដែលមកបំពេញទស្សនកិច្ច និងបុគ្គលិកថ្មីជាច្រើននាក់ទៀតថា “ការមានមន្ទីរពេទ្យដែលមានស្តង់ដារខ្ពស់បែបនេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍សម្រាប់ប្រជាជនខ្មែរប៉ុណ្ណោះទេ ថែមទាំងកសាងទំនុកចិត្តក្នុងចំណោមវិនិយោគិន និងភ្ញៀវទេសចរមានប្រាក់ដែលមកពីទីឆ្ងាយទៀតផង”។
លោក យូស៊ីហ្វូ៊មី ហាយ៉ាស៊ី (Yoshifumi Hayashi) ជាប្រធានព្យាបាលជំងឺផ្នែកវះកាត់ប្រព័ន្ធប្រសាទនៅមន្ទីរពេទ្យដែលមានគ្រែចំនួន៥០នេះបានមានប្រសាសន៍ថា បើទោះជាមន្ទីរពេទ្យនេះជាមន្ទីរពេទ្យឯកជនក៏ដោយ តែគោលបំណងសំខាន់គឺបង្កើនសេវាសុខភាពនៅប្រទេសកម្ពុជា។
លោកវេជ្ជបណ្ឌិត ហាយ៉ាស៊ី បានមានប្រសាសន៍ថា “ប្រព័ន្ធព្យាបាលមិនទាន់គ្រប់គ្រាន់ទេ។ ប្រជាពលរដ្ឋកាន់តែច្រើនឡើងៗបានចេញក្រៅប្រទេស “ទៅព្យាបាលជំងឺ។ លោកបានបន្ថែមថា “ខ្ញុំជាវេជ្ជបណ្ឌិត ខ្ញុំជំនាញ ផ្នែកវះកាត់ប្រព័ន្ធប្រសាទ ដូច្នេះខ្ញុំចង់សង្គ្រោះ ជីវិតមនុស្សឱ្យបានច្រើន។ នៅទីនេះ ប្រហែលជាបើគ្មានខ្ញុំទេ ករណីមួយចំនួនមិនអាចដោះស្រាយបានឡើយ។ នេះគឺជាការជំរុញទឹកចិត្តសម្រាប់ខ្ញុំ”។
មន្ទីរពេទ្យនេះត្រូវបានគាំទ្រដោយក្រុមមន្ទីរពេទ្យអន្តរជាតិ Kitahara ក្នុងទីក្រុងតូក្យូ ដែលពីមុនបានបើកវិទ្យាស្ថានផ្នែកប្រសាទសាស្ត្រនៅក្នុងរាជធានីភ្នំពេញ។ ក្រៅពីវិនិយោគិនឯកជន ការផ្តល់មូលនិធិសម្រាប់មន្ទីរពេទ្យនេះរួមមានកម្ចីពីអង្គការ Jica ជា ភ្នាក់ងារផ្នែកផ្តល់ជំនួយក្រៅប្រទេសរបស់ជប៉ុន។
លោកវេជ្ជបណ្ឌិត ហាយ៉ាស៊ី បានមានប្រសាសន៍ថា មន្ទីរពេទ្យនេះនឹងដោះស្រាយការព្យាបាលច្រើនប្រភេទណាស់រួមទាំងសេវាសង្គ្រោះបន្ទាន់ ក្រៅពីការសម្រាលកូន។មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកដែលផ្តល់មូលនិធិដោយជប៉ុនដែលមជ្ឈដ្ឋានទូទៅហៅថា ពេទ្យជប៉ុន បានផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ និងបញ្ចុះតម្លៃ រួមទាំងការសម្រាលកូនដល់ស្ត្រីជាមាតាក្រីក្រ និងកុមារក្នុងរាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិត ហាយ៉ាស៊ី បានមានប្រសាសន៍ថា សាខាឯកទេសនៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍គ្រោងសាងសង់លើដីជាប់គ្នានោះ ប៉ុន្តែព័ត៌មានជាក់លាក់មិនទាន់សម្រេច នៅឡើយទេ។ លោកបានថ្លែងថា បុគ្គលិកទាំងអស់ដែលមិនមែនជាជនជាតិជប៉ុននៅមន្ទីរពេទ្យនេះ បច្ចុប្បន្នមាន៨០នាក់ក្នុងចំណោម១០៤នាក់ ត្រូវបានបញ្ជូនទៅប្រទេស ជប៉ុនដើម្បីទទួលការបណ្តុះបណ្តាលសម្រាប់រយៈពេលពី៦ខែទៅ១ឆ្នាំ ជាអត្ថប្រយោជន៍ដែលនឹងបន្តសម្រាប់បុគ្គលិកថ្មី។
លោកបានមានប្រសាសន៍ថា វេជ្ជបណ្ឌិតដែលទទួលបានការបណ្តុះបណ្តាល និងបុគ្គលិកសុខាភិបាលផ្សេងទៀតគឺជាធនធានដ៏សំខាន់នៃបេសកកម្មរបស់មន្ទីរពេទ្យនេះ។ លោកបានបន្ថែមថា លោកសង្ឃឹមថា នឹងមាននិស្សិតមកពីសាកលវិទ្យាល័យនានា និងគ្រូពេទ្យមកពីមន្ទីរពេទ្យផ្សេងៗទៀតទៅសិក្សាស្វែងយល់ដកពិសោធន៍ពីការព្យាបាល និងការវះកាត់ និងទទួលការបណ្តុះបណ្តាលនៅមន្ទីរពេទ្យនេះ”។
លោកវេជ្ជបណ្ឌិត ហាយ៉ាស៊ី បានមានប្រសាសន៍ថា តម្លៃសម្រាប់ការព្យាបាលនឹងទាបជាងក្នុងប្រទេសថៃ និងប្រទេសសិង្ហបុរី ហើយថោកជាងតម្លៃនៅមន្ទីរពេទ្យផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ។ “ខ្ញុំមិននិយាយថា វាទាបពេកនោះទេ ហើយអ្នកទាំងអស់គ្នាអាចមកបាន។ ប៉ុន្តែអ្នកមានទំនុកចិត្តលើគុណភាព”។
លោកបានបន្ថែមថា “ចំពោះអ្នកជំងឺសង្គ្រោះបន្ទាន់ដែលមិនអាចរកប្រាក់បង់ថ្លៃព្យាបាលបានមានមូលនិធិសប្បុរសសម្រាប់រ៉ាប់រងការចំណាយនោះ។
មន្ទីរពេទ្យឯកជនធំកន្លងមកដែលបើកដំណើរការក្នុងរាជធានីគឺមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញដែលចំណាយទឹកប្រាក់សាងសង់អស់៥០លានដុល្លារ ដោយមន្ទីរព្យាបាលបាងកក តុសិត (Bangkok Dusit Medical Services) ហើយបានសាងសង់រួចរាល់ក្នុងឆ្នាំ២០១៤៕ សារុន