29 C
Phnom Penh

​​ក្រុម​ជួញដូរ​គ្រឿង​ញៀន​​ត្រូវ​​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្សបួននាក់ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីម្សិលមិញ ពីបទជួញដូរថ្នាំញៀនមេតំហ្វេមីនច្រើនបំផុតដែលមិនធ្លាប់ដកហូតបាននៅក្នុងប្រទេសកម្ពុជា។

cam-photo-front-channa-9ចុងចោទជាជនជាតិខ្មែរឈ្មោះ លីវ សឺ អាយុ៤៣ឆ្នាំ  និងចុងចោទជាជនជាតិចិនឈ្មោះ តេង យ័ន ភីង (Deng Yuan Ping) អាយុ៥៣ឆ្នាំ និងឈ្មោះ លី យ៉ុង (Ly Yong) អាយុ៤៣ឆ្នាំ មានវត្តមាននៅសាលាដំបូងរាជធានីភ្នំពេញ  នៅពេលសម្រេចសាលក្រមផ្ដន្ទាទោសនេះ។ ដាំ ញ៉ា ដែលជាមន្ត្រីក្រុមប្រឹក្សាក្រុងស្ទឹងត្រែង ត្រូវបានផ្ដន្ទាទោសកំបាំងមុខ ហើយតុលាការបានចេញដីកាចាប់ខ្លួនបុរសរូបនេះ។

លីវ សឺ ឈ្មោះ តេង យ័ន ភីង ឈ្មោះ លី យ៉ុង ឈ្មោះ ដាំ ញ៉ា ឱ្យជាប់ពន្ធនាគារមួយជីវិត និងពិន័យជាប្រាក់ក្នុងម្នាក់ៗ៦០លានរៀល [ប្រហែល១៥.០០០ដុល្លារ] ពីបទផលិត រក្សាទុក និងជួញដូរគ្រឿងញៀន”។

ស្ត្រីឈ្មោះ ផល រ៉ានី អាយុ២៤ឆ្នាំ ដែលជាមិត្តស្រីរបស់ លីវ សឺ ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល (ប្រហែល១.៥០០ដុល្លារ) ពីបទជួយបុរសទាំងនេះផលិត និងចែកចាយគ្រឿងញៀនមេតំហ្វេមីន និងហេរ៉ូអុីនទម្ងន់ជិត៥៥គូឡូក្រាម និងមានតម្លៃប្រមាណ៣លានដុល្លារនេះ។

តុលាការក៏បានបង្កកគណនីធនាគាររបស់ចុងចោទជាជនជាតិខ្មែរទាំងបីនាក់ និងរឹបអូសដីធ្លី និងទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់ លីវ សឺ និងឈ្មោះ ដាំ ញ៉ា នៅក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ផងដែរ។

គ្រឿងញៀនទាំងនេះដែលមានម៉ាទឹកកក៣៨គីឡូក្រាម  មេតំហ្វេតាមីនប្រភេទគ្រាប់១៦គីឡូក្រាម និងគ្រឿងញៀនហេរ៉ូអុីន៣៤៥ក្រាម រកឃើញក្នុងទូដែកមួយនៅផ្ទះល្វែងរបស់ឈ្មោះ ដាំ ញ៉ា ក្នុងខណ្ឌឫស្សីកែវ កាលពីខែមិថុនាឆ្នាំមុន  ក្រោយពីការស៊ើបអង្កេតរយៈពេល៣ខែដឹកនាំដោយនគរបាលនៅក្នុងរាជធានីភ្នំពេញ និងខេត្តស្ទឹងត្រែង។

ក្រុមស៊ើបអង្កេតនិយាយថា គ្រឿងញៀនទាំងនេះដែលរត់ពន្ធពីប្រទេសឡាវ ចូលមកប្រទេសកម្ពុជា មានគោលដៅនាំចេញទៅកោះតៃវ៉ាន់ ដោយរំលែកតិចៗលក់ក្នុងក្លឹបកម្សាន្តនានានៅក្នុងស្រុក។

នៅថ្ងៃសវនាការកាលពីខែកក្កដា  ស្ត្រីឈ្មោះ ផល រ៉ានី បានព្យាយាមដកចម្លើយសារភាពទទួលទោសកាលពីមុនរបស់នាង ដោយអះអាងថា នាងបានប្រឌិតរឿងថាខ្លួនឯង និង លីវ សឺ ជាប់ពាក់ព័ន្ធរឿងនេះ បន្ទាប់ពីដឹងថា បុរសរូបនេះផិតក្បត់។

បន្ទាប់មក ផល រ៉ានី បានសារភាពថា នាងក៏ផិតក្បត់ដែរ ហើយថា ថ្នាំញៀនទាំងនោះប្រាកដជារបស់សាហាយនាងឈ្មោះ ដាំ ញ៉ា ដែលនាងបញ្ជាក់ថាជាកសិករដាំកៅស៊ូ។ លីវ សឺ បញ្ជាក់ថា វាពិតជាដូចការលើកឡើងរបស់នាងមែន។

បីសប្ដាហ៍ក្រោយមក បុរសជនជាតិចិនទាំងនេះបានប្រាប់តុលាការថា  អ្នកបកប្រែរបស់ខ្លួនដែលផ្តល់ដោយនគរបាល បានបកប្រែចម្លើយដើមរបស់ពួកគេខុស ក៏បានអះអាងដែរថា ពួកគេស្គាល់ពីរនាក់សង្សារនេះដោយសារចូលភោជនីយដ្ឋានរបស់ពួកគេ បន្ទាប់ពីជួប លីវ សឺ នៅកាស៊ីណូ ណាហ្គា វើល។

តេង យ័ន ភីង បាននិយាយទៀតថា ថ្នាំញៀនមួយ “កញ្ចប់តូច” ដែលសមត្ថកិច្ចចាប់បាននៅនឹងខ្លួនគាត់ គឺទុកសម្រាប់ព្យាបាលជំងឺ។ គាត់បាននិយាយនៅពេលនោះថា “ខ្ញុំមានដុំសាច់ខួរក្បាល។ ខ្ញុំឈឺចុកចាប់ក្នុងក្បាល ហើយពេលខ្ញុំប្រើគ្រឿងញៀន វាក៏ធូរស្រាល”។

នៅពេលគាត់ត្រូវបានក្រៀកចេញពីសាលសវនាការ និងបញ្ជូនចូលរថយន្តពន្ធនាគារកាលពីម្សិលមិញ លីវ សឺ បានប្ដេជ្ញាប្ដឹងទាស់សាលក្រមនេះ។ គាត់និយាយថា “ខ្ញុំមិនបានធ្វើទេ។ ខ្ញុំត្រូវគេឃុំខ្លួននៅពេលនោះ”។

តាមពិត លីវ សឺ ត្រូវបានចាប់ខ្លួននៅខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីគ្រឿងញៀនដោយឡែកមួយ នៅប៉ុន្មានខែមុនពេលថ្នាំញៀនមេតំហ្វេមីន និងហេរ៉ូអុីនទាំងនេះត្រូវបានរកឃើញក្នុងផ្ទះរបស់ឈ្មោះ ដាំ ញ៉ា។

ប៉ុន្តែយោងតាមលោក សាន សុធី នាយរងមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានឱ្យដឹងថា ភ្នាក់ងារសម្ងាត់ម្នាក់ដែលគេស្គាល់ត្រឹមតែភ្នាក់ងារ៥៥០២ ដែលបន្លំខ្លួនជាជនជួញដូរគ្រឿងញៀន ត្រូវបាន “ចាប់ខ្លួនជាមួយ លីវ សឺ ហើយត្រូវបានបញ្ជូនទៅពន្ធនាគារខេត្ត។

សំដៅដល់ទូដែកដែលរកឃើញថ្នាំញៀន ឧត្ដមសេនីយ៍ទោ សាន សុធី មានប្រសាសន៍កាលពីខែកក្កដាថា នៅទីនោះ ភ្នាក់ងារនេះបានស្ដាប់ឮដោយចៃដន្យពេល លីវ សឺ ទូរស័ព្ទទៅស្ត្រីឈ្មោះ ផល រ៉ានី ហើយប្រាប់នាងថា “យកទូដែកចេញពីផ្ទះជួលនោះ”។

លោក បែន សុនសម័យ មេធាវីដ៏មានឥទ្ធិពលដែលតំណាងឱ្យឈ្មោះ ដាំ ញ៉ា មានប្រសាសន៍ថា សាលក្រមនេះ “អយុត្តិធម៌” ហើយថា លោកនឹងស្នើសុំឱ្យតុលាការកាត់ក្ដីឡើងវិញ។ លោកបានថ្លែងថា “គ្មានភ័ស្តុតាងដើម្បីដាក់បន្ទុកគាត់ទេ។ ពេលសំណុំរឿងនេះកំពុងកើតឡើង គាត់កំពុងទទួលការព្យាបាលក្នុងប្រទេសថៃ” ហើយថា ដាំ ញ៉ា កំពុងស្ថិតក្នុងប្រទេសថៃ នៅឡើយ។

ឧត្ដមសេនីយ៍ទោ សាន សុធី បានមានប្រសាសន៍ថា សមត្ថកិច្ចកំពុងប្រឹងប្រែងតាមប្រមាញ់មន្ត្រីក្រុមប្រឹក្សាក្រុង។ “យើងកំពុងព្យាយាមស្វែងរកចាប់ខ្លួនឈ្មោះ ដាំ ញ៉ា”។

លោក ចុង អ៊ាវហេង មេធាវីការពារ  លីវ សឺ និង ផល រ៉ានី បានខកខានសវនាការផ្ដន្ទាទោសនេះ បន្ទាប់ពីក្រឡាបញ្ជីមួយរូបប្រាប់លោកថា  សាលក្រមនឹងត្រូវប្រកាសនៅសប្តាហ៍ក្រោយ។

លោកបានមានប្រសាសន៍ថា “ក្រឡាបញ្ជីតុលាការបានប្រាប់ខ្ញុំថា សាលក្រមនឹងប្រកាសនៅថ្ងៃទី២៦ ខែកញ្ញា ដូច្នេះហើយខ្ញុំក៏ចាកចេញពីតុលាការ” ហើយថា ទោះជាយ៉ាងណា លោកនឹងប្តឹងទាស់ជួសមុខឲ្យកូនក្តីរបស់លោក៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស