38 C
Phnom Penh

បក្ស​​​សង្គ្រោះ​​​ជាតិ​បន្ទន់​​​ជំហរ​​​លើ​​​ការ​​​ធ្វើពហិការ​​​មិន​​​ចូលសភា ស្រប​​​ពេល​​​នយោបាយ​​​​​​មាន​​​ភាព​​​តាន​​​តឹង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សប្រឆាំងបានបន្ធូរលក្ខខណ្ឌនៃការធ្វើពហិការមិនចូលសភាកាលពីម្សិលមិញ ដោយដកការទាមទាររបស់ខ្លួនឲ្យរដ្ឋាភិបាលទម្លាក់ចោលសំណុំរឿងតុលាការដែលឈានដល់ការផ្តន្ទាទោសលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិពាក់ព័ន្ធបទព្រហ្មទណ្ឌ។

cam-photo-sam-an-channa-KHMERការបន្ទន់ឥរិយាបថមកសម្របសម្រួលពាក់ព័ន្ធការធ្វើពហិការរាប់ខែដែលចាប់ផ្តើមបន្ទាប់ពីនគរបាលបានព្យាយាមចាប់ខ្លួនលោក កឹម សុខា កាលពីថ្ងៃទី២៧ ខែឧសភានោះទំនងជា បន្ថយកម្តៅនៃជម្លោះដែលផ្ទុះឡើងរវាងគណបក្សធំៗចំនួនពីរនៅកម្ពុជាស្របពេលភាពតានតឹងនយោបាយបាននិងកំពុងកើនឡើងកម្តៅ។

ស្របពេលមានការចាប់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងដាក់ពន្ធនាគារ ការសម្ញែងកម្លាំងនៅជុំវិញទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ការគំរាមមិនឲ្យធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាល និងការប្តេជ្ញារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  “កម្ចាត់” ពួកប្រឆាំងដែលធ្វើការតវ៉ាបែបនេះនោះ គណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថាមានតែការពិភាក្សាទេដែលអាចត្រួសត្រាយផ្លូវទៅមុខបាន។

ពេលថ្លែងទៅកាន់អ្នកយកព័ត៌មាននៅខាងក្រៅពន្ធនាគារព្រៃស កន្លែងដែលអ្នកនយោបាយគណបក្សប្រឆាំងចំនួន១៨នាក់កំពុងជាប់ពន្ធនាគារនោះលោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា ឥឡូវនេះគណបក្សមានឆន្ទៈលើកឡើងថា ឥឡូវនេះគណបក្សមានឆន្ទៈបញ្ចប់ការធ្វើពហិការមិនចូលសភាប្រសិនបើគណបក្សកាន់អំណាចព្រមពិចារណាច្បាប់ស្តីពីតុលាការដែលអនុម័តក្នុងពេលថ្មីៗ និងការកោះហៅរដ្ឋមន្ត្រីចំនួន៤រូបមកសាកសួរ។

លោក សុន ឆ័យ បានមានប្រសាសន៍ថា “វាឈានដល់ចំណុចដែលគ្មានជម្រើសរវាងគណបក្សធំៗទាំងពីរ គឺមានតែការពិភាក្សាគ្នាប៉ុណ្ណោះ”។

កាលថ្ងៃច័ន្ទនៅក្នុងសុន្ទរកថាតែមួយដែលលោក ហ៊ុន សែន បានគំរាម “កម្ចាត់” អ្នកដែលហ៊ានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់លោកនោះ លោកបានលើកឡើងថា លោកជា “ឆ្កែសុទ្ធ” បើចរចាជាមួយគណបក្សប្រឆាំងពាក់ព័ន្ធស្ថានភាពក្នុងពេលបច្ចុប្បន្នដោយនិយាយថា “កន្លែងតែមួយគត់ដែលចរចាបានគឺនៅសភា”។

លោក សុន ឆ័យ បានលើកឡើងថា លោក មើលឃើញថា សម្តីរបស់លោក ហ៊ុន សែន ជាសញ្ញាប្រាប់ថា ភាគីទាំងពីរត្រៀមខ្លួនចរចាជាមួយគ្នាហើយ។

លោកបានមានប្រសាសន៍ថា “សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា លោកចង់ចរចា”។

កាលពីដើមសប្តាហ៍នេះ លោក សុន ឆ័យសមាជិកជាន់ខ្ពស់គណបក្សប្រឆាំងដែលតែងតែដឹកនាំការចរចាជាមួយគណបក្សប្រជាជនកម្ពុជានោះ បានបញ្ជាក់ពីមាគ៌ាបក្សខុសស្រឡះមួយ ពេលនិយាយការពារការគំរាមធ្វើបាតុកម្មទ្រង់ទ្រាយធំ។

លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “ជួនកាលវាត្រូវការមានគេមកដាស់ពួកគេឲ្យភ្ញាក់ឡើង ហើយបង្ខំឲ្យពួកគេធ្វើរឿងត្រឹមត្រូវ”។

ទើបតែខែមុនប៉ុណ្ណោះ លោក សុន ឆ័យ បាននិយាយថា គណបក្សរបស់លោកនឹងមិនពិចារណាចូលរួមសម័យប្រជុំសភាឡើយ លុះត្រាតែតុលាការឈប់ចាត់វិធានការលើលោក កឹម សុខា។ លោកបានមានប្រសាសន៍កាលពីថ្ងៃទី២៥ខែសីហាថា “ខ្ញុំគិតថា ប្រសិនបើពួក គេអាចឈប់រំខានដល់ប្រធានស្តីទីរបស់យើង យើងនៅតែអាចពិចារណាត្រឡប់ទៅធ្វើការនៅក្នុងសភាវិញ”។

ការធ្វើពហិការមិនចូលសភារបស់គណបក្សសង្គ្រោះជាតិទទួលបានជោគជ័យដោយអន្លើ ដោយលោក ហ៊ុន សែន តែងតែនិយាយចំអកលើគណបក្សប្រឆាំងដែលបដិសេធមិនមកធ្វើការហើយសូម្បីតែអ្នកសង្កេតការណ៍នយោបាយឯករាជ្យក៏លើកឡើងដែរថា គណបក្សប្រឆាំងនឹងទទួលបានប្រយោជន៍ពីការធ្វើការធ្វើនយោបាយសភា។

ចាប់តាំងពីឆ្នាំមុនមក គណបក្សសង្គ្រោះជាតិបានចាត់ទុកការធ្វើវិសោធនកម្មច្បាប់ដែលខ្លួនលើកឡើងថា វាពង្រឹងបទប្បញ្ញត្តិដែលគំរាមកំហែងដល់ឯករាជភាពរបស់តុលាការតាមរយៈការអនុញ្ញាតឲ្យស្ថាប័ននីតិប្រតិបត្តិមានសម្ពាធលើរដ្ឋបាលតុលាការនោះ ជាអាទិភាព។ ពួក គេផ្តោតលើច្បាប់ស្តីពីការរៀបចំតុលាការ ច្បាប់ស្តីពីលក្ខន្តិកៈរបស់ចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រមដែលសុទ្ធតែត្រូវបានអនុម័តក្នុងឆ្នាំ២០១៤។

លោក សុន ឆ័យ បានលើកឡើងទៀតថា ការស្នើរបស់គណបក្សប្រឆាំងឲ្យធ្វើវិសោធនកម្មច្បាប់ទាំងបីនេះបច្ចុប្បន្នកំពុងស្ថិតនៅចំពោះមុខគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា និងដែលនឹងជួបប្រជុំគ្នានៅថ្ងៃពុធសប្តាហ៍ក្រោយ។គណបក្សសង្គ្រោះជាតិចង់ឲ្យការធ្វើវិសោធនកម្មទាំងនោះឆ្លងគណៈកម្មាធិការនេះ ហើយដាក់ចូលក្នុងរបៀបវារៈរបស់សភាទាំងមូល មុនសម័យប្រជុំសភាពេញអង្គលើកក្រោយរបស់ខ្លួន ដែលនឹងធ្វើឡើងនៅខែក្រោយ។

លោកបានបន្ថែមថា រដ្ឋមន្ត្រីទាំងបួនរូបដែលគណបក្សសង្គ្រោះជាតិចង់សាកសួរគឺលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពាក់ព័ន្ធភាពមិនប្រក្រតីរបស់តុលាការ ព្រមទាំងការជាប់ទាក់ទិននឹងក្រុមហ៊ុនស្រមោលនៅក្រៅប្រទេសដែលត្រូវបានលាតត្រដាងនៅក្នុងបណ្តុំឯកសារឈ្មោះ “Panama Papers” លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិពាក់ព័ន្ធការអនុញ្ញាតឲ្យយោធាធ្វើសេចក្តីថ្លែងការណ៍នយោបាយដោយបើកចំហ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ពាក់ព័ន្ធតម្លៃស្រូវចុះថោកដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពកសិករនិងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលគណបក្សសង្គ្រោះជាតិចង់សាកសួរពាក់ព័ន្ធការគ្រប់គ្រងប្រព័ន្ធសុខាភិបាលមិនត្រឹមត្រូវ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានច្រានចោលយ៉ាងដាច់អហង្ការចំពោះសំណើរបស់គណបក្សសង្គ្រោះជាតិ។ លោកបានមានប្រសាសន៍ថា “គណបក្សប្រជាជនកម្ពុជានឹងមិនឲ្យគណបក្សសង្គ្រោះជាតិចាប់ធ្វើចំណាប់ខ្មាំងនោះទេ”។

លោកបានបន្ថែមថា “បន្ទាប់ពីគំរាមធ្វើបាតុកម្មទ្រង់ទ្រាយធំ ឥឡូវពួកគេកំពុងគំរាមពាក់ព័ន្ធការធ្វើវិសោធនកម្មច្បាប់ទៀត។ មិនចាំបាច់ត្រូវធ្វើវិសោធនកម្មច្បាប់ទាំងនោះទេ ព្រោះវាមានដំណើរការទៅមុខដោយរលូនហើយ”។

លោកបានបន្ថែមទៀតថា ទោះជាយ៉ាងណា គណបក្សប្រឆាំងដែលមានអាសនៈចំនួន៥៥ក្នុងចំណោមអាសនៈសភាសរុបចំនួន១២៣ មិនអាចបោះឆ្នោតអនុម័តលើការធ្វើវិសោធនកម្មដោយខ្លួនឯងបានឡើយ។ “ដើម្បីធ្វើវិសោធនកម្មច្បាប់ លោកឯងចាំបាច់ត្រូវមានសំឡេងពីរភាគបី។ ពួកគេគ្មានសំឡេងគ្រប់គ្រាន់ឡើយ”។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា លោកទទួលបានលិខិតពីគណបក្សសង្គ្រោះជាតិហើយ ហើយបានបញ្ជូនវាទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាដើម្បីពិនិត្យរួចហើយ។

នៅក្នុងការច្រានចោលថ្មីបំផុតរបស់លោកចំពោះកង្វល់អន្តរជាតិពាក់ព័ន្ធបរិយាកាសនយោបាយដ៏អាប់អួនៅកម្ពុជា លោក ហ៊ុន សែន បានប្រាប់មន្ត្រីការទូតជប៉ុនដែលមកបំពេញទស្សនកិច្ច និងអ្នកនយោបាយអំឡុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញថា ការយល់ឃើញបែបនោះគឺជាការយល់ច្រឡំធំ។

ដើម្បីពន្យល់អំពីចំណុចនេះ លោកបាននិយាយរឿងនិទានមួយអំពីថៅកែក្រុមហ៊ុន និងនារីកាន់ខាងគណនី។

ប្រពន្ធរបស់ថៅកែក្រុមហ៊ុនដែលសង្ស័យថា ប្តីរបស់ខ្លួនមានស្នេហាលួចលាក់បានវាយប្តីរបស់ខ្លួនដោយសារតែសារដែលនារីកាន់ខាងគណនីផ្ញើមកដោយនិយាយថា “លោកប្រធានខ្ញុំមានផ្ទៃពោះហើយ”។ ប្រពន្ធរូបនេះបានវាយប្តីរបស់ខ្លួនម្តងទៀតពេលឃើញសារមួយទៀតដែលនារីកាន់ខាងគណនីនោះនិយាយថា នាងនឹងប្រាប់ពុកម៉ែហើយនៅថ្ងៃស្អែក។ ទីបំផុតប្រពន្ធរូបនេះបានអានសារទី៣ដែលពន្យល់ថា នារីកាន់ខាងគណនីសុំច្បាប់ដើម្បីទៅជួបគ្រួសារខាងសង្សាររបស់នាង។

លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ទម្រាំតែដឹងរឿងពិតគឺ៣ថ្នេរ។ កម្ពុជាគឺវាដូចនេះឯង អ៊ីចឹងកុំអាលសរុបអី”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ គុច ណារ៉េន)

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស