31 C
Phnom Penh

នរណា​ជា​ម្ចាស់​ឈើ​៣.០០០​កំណាត់​រក​ឃើញ​ដោយ​ក្រុម​សមត្ថកិច្ច?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអង្គារថា កាលពីថ្ងៃច័ន្ទ កម្លាំងសមត្ថកិច្ចបង្ក្រាបការកាប់ឈើរបស់រដ្ឋាភិបាលបានរឹបអូសឈើជិត៣.០០០កំណាត់ ដែលលាក់ទុកក្នុងព្រៃមួយកន្លែងនៅខេត្តមណ្ឌលគិរី។

លោក អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេសដែលដឹកនាំកម្លាំងសមត្ថកិច្ចបាននិយាយថា ម្ចាស់ឈើលេខ២ចំនួន២.៩៤៩កំណាត់ ជាប្រភេទឈើខ្លុង ត្បែង និង ត្រាច មិនដឹងជានរណាទេ។

លោក ខ្លូត សុឃា អធិការស្រុក បាននិយាយថា ឈើនោះទំនងជាត្រូវទុកចោលនៅកន្លែងកាប់ឆ្ការក្នុងស្រុកកោះញែកដោយពួកឈ្មួញ ដែលសង្ឃឹមថានឹងដឹកជញ្ជូនឆ្លងព្រំដែនទៅប្រទេសវៀតណាម។

លោកបាននិយាយថា មិនមានសម្បទានដីសេដ្ឋកិច្ចក្បែរនោះទេ ហើយប៉ុស្តិ៍ព្រំដែននៅជិតបំផុតមានចម្ងាយច្រើនគីឡូម៉ែត្រពីទីនោះ។

រូបថតកន្លែងឈើដែលបង្ហោះតាមព័ត៌មានហ្វ្រេសញូ បង្ហាញឲ្យឃើញនគរបាលឈរពីលើគំនរឈើដែលមានបន្ទាត់ផ្ចិតជិតកន្លះម៉ែត្រនិងមានប្រវែងច្រើនម៉ែត្រ នៅរាយប៉ាយលើដីមានស្មៅដុះជុក ក្នុងឃុំណងឃីលិក។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី បាននិយាយថា “យើងនឹងរក្សាទុកឈើនៅទីនោះ ហើយបញ្ជាឲ្យកម្លាំងរាជអាវុធហត្ថយាមការពារវា។ បន្ទាប់មកយើងនឹងបញ្ជូនរបាយការណ៍ទៅតុលាការខេត្តដើម្បីឲ្យគេសម្រេចថាត្រូវដោះស្រាយឈើនោះយ៉ាងម៉េច”។

ឧត្តមសេនីយ៍រូបនេះបានបដិសេធមិននិយាយឲ្យដឹងថាកម្លាំងអាវុធហត្ថបានរកឃើញឈើនោះដោយរបៀបណាទេ។ លោកបាននិយាយថា “យើងមិនចាំបាច់ប្រាប់លោកទេ”។

លោក សារូ រតនា នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បាននិយាយថា ឈើនោះឥឡូវនេះជាការទទួលខុសត្រូវរបស់មន្ទីរបរិស្ថានខេត្ត។

លោកបាននិយាយថា “យើងមិនទទួលខុសត្រូវចំពោះឈើនោះទៀតទេ”។

ក្រុមមន្ត្រីបរិស្ថានមិនអាចទាក់ទងបានឡើយ។

ប្រតិបត្តិការនេះជាប្រតិបត្តិការថ្មីបំផុតក្នុងការរឹបអូសយកឈើជាបន្តបន្ទាប់ដោយកម្លាំងសមត្ថកិច្ច ដែលបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខែមករា ដែលរឹបអូសបានឈើរាប់សិបពាន់ម៉ែត្រគូប ប៉ុន្តែតាមមើលទៅគ្មានការចាប់ខ្លួនមនុស្សទេ។

លោក សុក រដ្ឋា អ្នកសម្របសម្រួលសមាគមអាដហុកខេត្តមណ្ឌលគិរី បាននិយាយថា “គេមិនទាន់បានចាប់ ឬ ឃាត់ខ្លួនសូម្បីតែម្នាក់នៅឡើយទេ”៕ និត (រាយការណ៍បន្ថែមដោយ Aisha Down)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស