ក្នុងករណីថ្មីបំផុតនៃការសង្ស័យបោកប្រាស់តាមទូរស័ព្ទអីុនធឺណិត ជនជាតិចិននិងចិនតៃវ៉ាន់៦៣នាក់ត្រូវបានបញ្ជូនទៅប្រទេសចិនវិញតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីរសៀលថ្ងៃអង្គារ។
យោងតាមរបាយការណ៍មួយដែលចេញដោយនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ការស៊ើបអង្កេតជាច្រើនខែលើក្រុមជនសង្ស័យបោកប្រាស់នេះបានឈានដល់ការចាប់ខ្លួនពួកគេក្នុងការឆ្មក់ជាច្រើនលើកចូលផ្ទះជាច្រើនកន្លែងក្នុងខណ្ឌច្បារអំពៅនៅក្រុងភ្នំពេញកាលពីខែមុន។
ជនជាតិចិន៥០នាក់ និងជនជាតិតៃវ៉ាន់១៣នាក់ត្រូវបានបញ្ជូនទៅក្រុងឆាងស៊ូតាមជើងយន្តហោះក្រុមហ៊ុនអាកាសចរណ៍ឈ្នួល China Southern ដែលបានហោះឡើងនៅម៉ោង២រសៀល។
លោក អ៊ុក ហៃសិលា ប្រធានផ្នែកស៊ើបអង្កេតនៅនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបាននិយាយថា នៅពេលដែលនាយកដ្ឋានអន្តោប្រវេសន៍បានរាយការណ៍ដំបូងអំពីការចាប់ខ្លួន៦៤នាក់នោះ ចំនួនដំបូងនេះគឺមិនត្រឹមត្រូវទេ”។
យោងតាមទីភ្នាក់ងារព័ត៌មានអេភីថា ក្រុមនេះបាននឹងកំពុងប្រើបច្ចេកវិជ្ជាដែលអាចឲ្យនិយាយទាក់ទងគ្នាតាមអីុនធឺណិតទៅជនរងគ្រោះនៅប្រទេសចិន។
បច្ចេកវិជ្ជានេះអាចត្រូវប្រើដើម្បីបិទបាំងប្រភពនៃការហៅទូរស័ព្ទ ដោយធ្វើឲ្យគេពិបាកតាមដាន។ ក្រុមបោកប្រាស់ជនជាតិចិននិងតៃវ៉ាន់ត្រូវចាប់ខ្លួននិងនិរទេសក្នុងករណីជាច្រើនស្រដៀងគ្នា។
ការព្យាយាមកន្លងមកដោយរដ្ឋាភិបាលក្រុងតៃប៉ិដើម្បីឲ្យនាំពលរដ្ឋរបស់ខ្លួនមកស្រុកវិញ មិនទទួលបានការយកចិត្តទុកដាក់ដោយរដ្ឋាភិបាលកម្ពុជា ដែលប្រកាន់ខ្ជាប់នូវនយោបាយ “ចិនមួយ” ដ៏ចម្រូងចម្រាសទេ៕និត