30 C
Phnom Penh

សិស្ស​​និទ្ទេស​ A ​ទទួលបាន​​រង្វាន់​ និងការ​កោត​សរសើរ​នៅ​វិមាន​សន្តិភាព​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រង់ចាំក្រោមម្លប់ដើមត្នោតនៃអគារការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកម្សិលមិញ អ្នកស្រី សួន កញ្ញា អាយុ៤៣ឆ្នាំ ញញឹមមិនឈប់ឡើយនៅពេលគាត់នឹកឃើញដល់ព្រឹកដែលគាត់ដឹងថា កូនស្រីរបស់គាត់ទទួលបាននិទ្ទេស A នៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ។

កូនស្រីរបស់គាត់ឈ្មោះ សុធា ដួងធីតា អាយុ១៨ឆ្នាំ កំពុងស្ថិតនៅក្នុងវិមានសន្តិភាព ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី ទទួលបានការសរសើរ និងរង្វាន់ជាមួយសិស្សចំនួន៤០៤នាក់ផ្សេងទៀតដែលទទួលបាននិទ្ទេស A ជាមួយនឹងពិន្ទុសរុបចាប់ពី៩៩ភាគរយឡើងទៅ។

ក្រុមសិស្សដែលទទួលបាននិទ្ទេស A នៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ស្ដាប់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពិធីប្រគល់រង្វាន់នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ក្រុមសិស្សដែលទទួលបាននិទ្ទេស A នៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ស្ដាប់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពិធីប្រគល់រង្វាន់នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

អ្នកស្រី សួង កញ្ញា បានរំឭកថា “ព្រឹកនោះខ្ញុំធ្វើអ្វីក៏មិនកើតដែរ”។ នៅពេលស្ដាប់ឮព័ត៌មានផ្សាយនៅម៉ោង៦ព្រឹក គាត់ចាប់ផ្ដើមលោតកញ្ឆេងនៅក្នុងមុងលើគ្រែដេកដោយក្ដីត្រេកអរយ៉ាងខ្លាំងដោយសារតែការខិតខំប្រឹងរៀនសូត្ររបស់កូនគាត់ទទួលបានផល។

ក្នុងចំណោមសិស្សទាំង៩៣.៧៥២នាក់ដែលមានឈ្មោះប្រឡងកំណត់សិទ្ធិបន្តការសិក្សាថ្នាក់ឧត្តមសិក្សា កញ្ញា សុធា ដួងធីតា ស្ថិតក្នុងចំណោមសិស្ស៥៥.៧៥៣នាក់ ឬស្មើនឹង៦២ភាគរយដែលប្រឡងជាប់។ ទោះជាយ៉ាងណា សិស្សដែលប្រឡងជាប់និទ្ទេស A មានមិនដល់១ភាគរយផងទេ។

អ្នកស្រី សួន កញ្ញា និយាយថា “ខ្ញុំបានទូរស័ព្ទប្រាប់បងប្អូនទាំងអស់។ ខ្ញុំសប្បាយចិត្តណាស់”។

ការប្រឡងជាប់កាន់តែជួបការលំបាកខ្លាំងឡើង នៅពេលកំណែទម្រង់ដើម្បីលុបបំបាត់ការលួចចម្លង និងការសូកប៉ាន់ត្រូវបានអនុវត្តនៅក្នុងឆ្នាំ២០១៤។ អត្រាប្រឡងជាប់ក្នុងឆ្នាំនោះមានត្រឹមតែ៤០ភាគរយប៉ុណ្ណោះ ហើយសិស្សដែលប្រឡងជាប់និទ្ទេស A មានចំនួនត្រឹមតែ១១នាក់។ កាលពីឆ្នាំមុន សិស្សដែលប្រឡងជាប់មាន៥៦ភាគរយ ក្នុងនោះសិស្ស១០៨នាក់បានប្រឡងជាប់និទ្ទេស A។

លោក ហ៊ុន សែន បានថ្លែងទៅកាន់សិស្សដែលទទួលបានពិន្ទុខ្ពស់ទាំងនេះកាលពីម្សិលមិញថា “ខ្ញុំសូមឆ្លៀតឱកាសនេះអបអរសាទរចំពោះសិស្សទាំងអស់ដែលបានប្រឡងជាប់និទ្ទេស A”។

បន្ទាប់មក លោកនាយករដ្ឋមន្ត្រីបានប្រគល់ឱ្យសិស្សម្នាក់ៗនូវ Tablet សាំស៊ុងមួយគ្រឿង កាក់ប្រាក់មួយ និងស្រោមសំបុត្រមួយដែលមានប្រាក់២លានរៀល  (ប្រហែល៥០០ដុល្លារ)។

ហើយជាលើកដំបូង នាយកសាលាចំនួន១៤១របស់សិស្សប្រឡងជាប់និទ្ទេស A ទាំងនេះក៏ទទួលបានរង្វាន់ដែរ គឺម្នាក់ៗ១លានរៀល (ប្រហែល២៥០ដុល្លារ) និង៣លានរៀល (ប្រហែល៧៥០ដុល្លារ) សម្រាប់សាលារបស់ពួកគាត់។

កញ្ញា អុីវ ស្រីលីន អាយុ១៨ឆ្នាំ និយាយបន្ទាប់ពីពិធីនេះថា ”ខ្ញុំរំភើបណាស់ ពីព្រោះខ្ញុំបានជួបសម្ដេច។ អ្វីដែលយើងទទួលបានគឺស័ក្ដិសម។ យើងខិតខំយ៉ាងខ្លាំង”៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស