27 C
Phnom Penh

ការ​​​សិក្សា​​​បង្ហាញ​​​ថា មាន​​​ការ​​​បំពាន​​​ និង​​​ប្រមាថ​​​លើ​​​អ្នកប្តូរភេទជាស្ត្រី​នៅ​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីពីរសប្តាហ៍មុន អ្នកប្តូរភេទជាស្ត្រីមួយក្រុមតូចបានអង្គុយនៅមាត់ស្ទឹងក្រុងសៀមរាប នៅពេលនោះស្រាប់តែមានមន្ត្រី នគរបាលមួយក្រុមបានមកដល់ ហើយបានប្រាប់ពួកគាត់ឲ្យចេញទៅឲ្យឆ្ងាយ។ វាគឺជាការរើសអើងយ៉ាងច្បាស់ក្រឡែត ដែលយារយី ពួកគាត់ចំពោះការនៅតាមទីប្រជុំជនហើយនេះជាទង្វើដែលកើតឡើងជាប្រចាំ។

នេះគ្រាន់តែជាការរៀបរាប់មួយពីការសិក្សាដ៏សំខាន់លើកដំបូងស្តីពីអ្នកប្តូរភេទជាស្ត្រីនៅកម្ពុជាដែលចេញដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកាលពីម្សិលមិញប៉ុណ្ណោះ។

ការរៀបរាប់ផ្សេងៗទៀតអាក្រក់ជាងនេះឆ្ងាយ។

នៅក្នុងករណីជិត១០ អ្នកប្តូរភេទជាស្ត្រីដែលសង្ស័យថា ជាអ្នករកស៊ីផ្លូវភេទនោះបានលើកឡើងថា ពួកគេត្រូវនគរបាលក្រុងសៀមរាបបង្ខំឲ្យចុះងូតទឹកស្ទឹង។ មន្ត្រីនគរបាលចង់ឲ្យពួគគាត់ទទឹកខ្លួនដើម្បីកុំឲ្យពួកគេមានជម្រើសផ្សេងក្រៅពីទៅផ្ទះ។

នៅក្នុងករណីខ្លះ អ្នកប្តូរភេទជាស្ត្រីបានលើកឡើងថា ពួកគេត្រូវបានបង្ខំឲ្យលុបលាងមុខចេញនៅក្នុងស្ទឹង ដោះសក់ពាក់ហើយដោះខោអាវនៅទីសាធារណៈ ដោយធ្វើឲ្យពួកគេបាត់បង់អត្តសញ្ញាណម្តងបន្តិចៗ។

ក្រុមអ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា ការរំលោភបំពាននេះ “ទំនងជាស្មើនឹងអំពើព្រៃផ្សៃ អំពើអមនុស្សធម៌ និងអំពើបន្ទាបបន្ថោក ហើយអាចជាការធ្វើទារុណកម្ម ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ”។

អាជ្ញាធរក្រុងសៀមរាបបានបដិសេធយ៉ាងដាច់អហង្ការចំពោះអ្វីដែលបានរៀបរាប់កាលពីម្សិលមិញ។ លោក សត ណាឌី ស្នងការនគរបាលខេត្តបានលើកឡើងថា មន្ត្រីនគរបាលមិនដែលបង្ខំអ្នកប្តូរភេទជាស្ត្រីឲ្យចុះទៅក្នុងស្ទឹងឡើយ។

លោកបានមានប្រសាសន៍ថា “គ្មានករណីបែបនេះទេ។ នគរបាលរបស់យើងមិនដែលធ្វើបែបនេះឡើយ”។

លោកបាននិយាយមុនពេលដាក់ទូរស័ព្ទរបស់អ្នកយកព័ត៌មានចុះថា “របាយការណ៍នេះភូតកុហក។”។

លោក ឃឹម ប៊ុនសុង អភិបាលខេត្ត ដែលក៏បានដាក់ទូរស័ព្ទចុះដែរនោះ បានលើកឡើងថា “ខ្ញុំមិនដែលឮករណីនោះទេ”។

របាយការណ៍ស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលមានចំណងជើងថា”ការរើសអើងលើកអ្នកប្តូរភេទជាស្ត្រីនៅតាមទីប្រជុំជននៅក្នុងព្រះរាជាណាចក្រកម្ពុជា” គឺផ្អែកលើការស្ទាបស្ទង់មតិមនុស្សភេទទី៣ចំនួន១៣៥នាក់នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។

អ្នកដែលត្រូវបានសម្ភាសបានប្រាប់រឿងរ៉ាវដ៏គួរឲ្យតក់ស្លុត។

៩២ភាគរយនៃអ្នកដែលត្រូវបានសម្ភាសបានលើកឡើងថា ពួកគាត់ត្រូវបានគេបំពានដោយពាក្យសំដី ដោយសារតែអត្តសញ្ញាណយេនឌ័ររបស់ខ្លួនពេលដើរចេញទៅខាងក្រៅ។ ពីរនាក់ក្នុងចំណោមមនុស្ស៥នាក់ដែលត្រូវបានសម្ភាសបានរាយការណ៍ថា ត្រូវបានរំលោភបំពានរាងកាយនៅតាមទីប្រជុំជន ហើយជិតម្នាក់ក្នុងចំណោម៣នាក់បានលើកឡើងថា ខ្លួនត្រូវបានរំលោភបំពានផ្លូវភេទ។

ការសិក្សានេះគឺជាឆ្លុះបញ្ចាំងពីការពិតលើកដំបូងដែលអ្នកប្តូរភេទជាស្ត្រីប្រឈមនៅកម្ពុជា ដោយមិនរាប់បញ្ចូលជំរឿនលើកមុនរបស់រដ្ឋាភិបាលដែលប៉ាន់ប្រមាណថា មានអ្នកប្តូរភេទជាស្ត្រីចំនួន៣.០៣០នាក់នៅកម្ពុជា គិតត្រឹមឆ្នាំ២០១៤។

តួលេខនេះគ្រាន់តែជាចំណុចផ្តើមមួយប៉ុណ្ណោះ មិនមែនជាតួលេខទាំងមូលទេពោលគឺនៅមានស្ត្រីស្រឡាញ់ស្រ្តី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ(LGBT) ប្រហែលមួយភាគបីទៀតនៅមិនហ៊ានបង្ហាញឲ្យដឹង នេះបើយោងតាមមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា។

ការសិក្សាស្រាវជ្រាវនេះបានលើកឡើងទៀតថា អ្នកប្តូរភេទជាស្ត្រី ដែលកើតមកមានរូបរាងជាប្រុស ប៉ុន្តែ មានអត្តសញ្ញាណ ជាស្រី គឺងាយកត់សម្គាល់។ កត្តានេះបាននាំឲ្យមានការយារយីជារៀងរាល់ថ្ងៃ និងរំលោភបំពានជាប្រចាំ។

លោក នួន ស៊ីដារ៉ា អ្នកសម្របសម្រួលគម្រោងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងនៅកន្លែងធ្វើបទបង្ហាញអំពីការសិក្សានេះ នៅក្នុងរាជធានីភ្នំពេញថា “យើងមិនអាចបន្តវប្បធម៌និទ្ទណ្ឌភាពសម្រាប់ ជនល្មើសដែលប្រឆាំងអ្នកប្តូរភេទជាស្ត្រីបន្តទៀតបានឡើយ។គ្មានច្បាប់ការពារពួកគេទេ។ នេះជាគម្លាតមួយ”។

ការសិក្សានេះលើកឡើងបន្តទៀតថា អ្នកប្តូរភេទជាស្ត្រីទាំងនេះប្រឈមបញ្ហាផ្លូវច្បាប់ក្នុងកម្រិតមួយចំនួនដូចជា ពួកគាត់ត្រូវបានយារយីពីសំណាក់នគរបាល បណ្តឹងណាមួយដែលពួកគាត់បានដាក់ប្តឹងភាគច្រើនត្រូវបានច្រានចោល ហើយពួកគាត់មិនដែលត្រូវបានទទួលបានការការពារតាមផ្លូវច្បាប់ឲ្យបានជាក់លាក់នោះឡើយ។ បន្ថែមពីលើការលំបាកទាំងនេះ អ្នកដែលត្រូវបានសម្ភាសចំនួន៣៥ភាគរយលើកឡើងថា ពួកគេគឺជាអ្នករកស៊ីផ្លូវភេទជារបរដែលពួកគេភាគច្រើនធ្វើទាំងបង្ខំចិត្តដោយសារមានការរើសអើងពីគ្រួសារ ពីនិយោជកដែលរឹតត្បិតឱកាសការងារ និងពីម្ចាស់ផ្ទះជួល។

នៅកន្លែងធ្វើបទបង្ហាញអំពីការសិក្សានេះកាលពីម្សិលមិញ វាគ្មិនបានស្នើឲ្យមានការទទួលស្គាល់មនុស្សភេទទី៣ឲ្យបានខ្លាំងជាងមុន ជាពិសេសក្នុងចំណោមមិត្តភក្តិ និងសមាជិកគ្រួសារ។ ប៉ុន្តែ ការរើសអើងហាក់បីដូចជាបន្តនៅកន្លែងនោះតែម្តង។

អ្នកយកព័ត៌មានម្នាក់មកពីវិទ្យុ Media One ដែលបានទៅយកម៉ៃក្រូហ្វូនមកសួរសំណួរអំឡុងវគ្គសំណួរចម្លើយបានសួរទាក់ទិននឹងការបង្ខំឲ្យចុះងូតទឹកស្ទឹងក្រុងសៀមរាបថា “សំណួររបស់ខ្ញុំគឺថា តើរបររកស៊ីផ្លូវភេទជារបរស្របច្បាប់ ឬខុសច្បាប់?”។ គាត់បានសួរហើយសួរទៀតជាច្រើនលើកច្រើនសា។

ឈុន វៃ អ្នកប្តូរភេទជាស្ត្រីដែលមានអាយុ២៨ឆ្នាំបានស្នើសុំឲ្យអ្នកនយោបាយផ្តោតការចាប់អារម្មណ៍លើអ្នកប្តូរភេទ និងធ្វើឲ្យអាពាហ៍ពិពាហ៍សម្រាប់មនុស្សស្រឡាញ់ ភេទដូចគ្នា និងការស្មូមកូនចិញ្ចឹមស្របច្បាប់។

នាងបានសួរថា “សំណួររបស់ខ្ញុំគឺថា ឆ្នាំណាយើងអាចទទួលបានសិទ្ធិស្មើភាព?”។

បន្ទាប់ពីវគ្គសំណួរចម្លើយនេះ ឈុន វៃ ដែលច្រៀង និង លេងកំប្លែងជាប្រចាំតាមកញ្ចក់ទូរទស្សន៍ដោយប្រើឈ្មោះ សៀវ ឡុងលី នៅលើឆាកនោះ បាននិយាយថា រឿងរ៉ាវដែលចេញពីក្រុងសៀមរាបគឺគួររន្ធត់ណាស់។

នាងបាននិយាយថា “វាហាក់បីដូចជាអាជ្ញាធរក្រុងសៀមរាបគិតថា យើងមិនមែនជាផ្នែកមួយនៃសង្គមទេ”។

នាងបានលើកឡើងទៀតថា ប៉ុន្តែ ដោយមានការចេញរបាយការណ៍ស្រាវជ្រាវនេះ វាហាក់បីដូចជាមានគេកំពុងតែចាប់អារម្មណ៍ ចំពោះអារម្មណ៍របស់នាងជាលើកដំបូង ដោយយកមេដៃចង្អុលទៅបេះដូងនាង៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ ឃួន ណារីម)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស