26 C
Phnom Penh

មនុស្ស​​ប្រាំនាក់​​ត្រូវ​បាន​ចាប់​ខ្លួន​​​ទាក់ទិន​ករណី​​បំផ្ទុះ​គ្រាប់​បែក​​នៅ​​​ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្សប្រាំនាក់ត្រូវបានចាប់ខ្លួនក្នុងរយៈពេលពីរថ្ងៃមកនេះ ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកនៅតាមផ្លូវដ៏អ៊ូអរមួយក្នុងរាជធានីភ្នំពេញកាលពីដើមខែនេះ ដោយមន្ត្រីមួយរូបបានប្រាប់ស្ថាប័នព័ត៌មានក្នុងស្រុកមួយថា ការវាយប្រហារខាងលើនេះទំនងជាទាក់ទិនជម្លោះស្នេហាដែលជាប់ពាក់ព័ន្ធនឹងបុរសជនជាតិវៀតណាមម្នាក់ដែលរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនោះ។

cam-photoo-genade-folo-channaយ៉ាងហោចណាស់មនុស្សបីនាក់បានរងរបួសកាលពីយប់ថ្ងៃទី៦ ខែកញ្ញា នៅពេលគ្រាប់បែកបានផ្ទុះនៅលើកំណាត់ផ្លូវលេខ១៦៣ ក្នុងខណ្ឌចំការមន។ រូបភាពកាមេរ៉ាសុវត្ថិភាពដែលបានបែកធ្លាយប៉ុន្មានម៉ោងក្រោយមក បង្ហាញពីគ្រាប់បែកនៅចំកណ្ដាលផ្លូវ ខណៈម៉ូតូមួយជួរបើកកាត់ ហើយផ្ទុះនៅខាងឆ្វេងរថយន្តស៊េរីទំនើបមួយគ្រឿង ជះផ្សែង និងកម្ទេចកម្ទីខ្មួលខ្មាញ់។

ដំបូងឡើយ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានមានប្រសាសន៍ថា ការផ្ទុះនេះជាស្នាដៃរបស់ “ក្រុមនយោបាយ” មួយដែល “មានបំណងបង្កចលាចលក្នុងសង្គម” ហើយបានបញ្ជាក់ថា  មន្ត្រីកំពុងស្រាវជ្រាវតាមចាប់បុរសពីរនាក់ដែលបើកម៉ូតូកាត់ប៉ុន្មានវិនាទីមុនពេលគ្រាប់បែកផ្ទុះ។

ទោះជាយ៉ាងណា លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់គេហទំព័រព័ត៌មាន Fresh News កាលពីម្សិលមិញថា នគរបាលបានចាប់ខ្លួនមនុស្សប្រាំនាក់កាលពីម្សិលមិញ និងកាលពីថ្ងៃអង្គារ ដោយលើកឡើងថា មូលហេតុគួរឱ្យសង្ស័យគឺ “ជម្លោះ ស្នេហាលួចលាក់ជាមួយជនរងគ្រោះជាជនជាតិវៀតណាម”។

ពេលទាក់ទងបានតាមទូរស័ព្ទ លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា ពិតជាមានការចាប់ខ្លួនមែន ប៉ុន្តែបានបដិសេធមិនបញ្ជាក់លម្អិតទេ។ លោកថ្លែងថា “ត្រឹមត្រូវហើយ តែវាមិនទាន់ច្បាស់ទេ។ កុំអាលសិន ចាំគេជូនពេលក្រោយ។ យើងនឹងមិនទុកទេព័ត៌មានអញ្ចឹង”។

បន្ទាប់មកលោកមានប្រសាសន៍ថា លោកបានបញ្ជាឱ្យគេហទំព័រ Fresh News ដកអត្ថបទចុះផ្សាយនេះចេញដោយខ្លាចវាធ្វើឱ្យប៉ះពាល់ដល់ការស៊ើបអង្កេតដែលកំពុងបន្ត។ អត្ថបទនេះត្រូវបានដកចេញវិញនៅពេលរសៀល។ លោកថ្លែងថា  ”បើយើងនិយាយចុះឡើងៗ វាដូចជាវ៉ៃទឹកឱ្យផ្អើលត្រី”។

លោក អុិន បូរ៉ា ប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខនៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា  ជនសង្ស័យប្រាំនាក់ត្រូវបានសួរនាំនៅអគ្គស្នងការនគរបាលជាតិ។ លោកគូសបញ្ជាក់ថា “យើងមិនទាន់សាកសួរពួកគេចប់ទេ” មុនពេលបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀត។

បន្ទាប់ពីនគរបាលប្រកាសថា ការផ្ទុះនេះជារឿងនយោបាយ ការសង្ស័យបានចាប់ផ្ដើមសុសសាយតាមបណ្ដាញទំនាក់ទំនងសង្គមថា សមត្ថកិច្ចនឹងប្រើប្រាស់ហេតុការណ៍នេះធ្វើជាលេសដើម្បីបង្កើនការរឹតបន្តឹងសន្តិសុខនៅមុនសវនាការជំនុំជម្រះទោសលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងនៅថ្ងៃទី៩ ខែកញ្ញា ដែលអំឡុងពេលនោះអ្នកគាំទ្រគណបក្សប្រឆាំងជាច្រើនរយនាក់បានប្រមូលផ្ដុំគ្នានៅក្នុងរាជធានីភ្នំពេញ។

ប្អូនប្រុសរបស់លោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវគេធ្វើឃាត បាននិយាយកាលពីសប្ដាហ៍មុនថា រដ្ឋាភិបាលជាអ្នកបំផ្ទុះគ្រាប់បែកនេះដើម្បីបង្វែរការចាប់អារម្មណ៍ ពីការស៊ើបអង្កេតដែលហាក់ជាប់គាំងរបស់ខ្លួនលើករណីឃាតកម្មដែលបានកើតឡើងកាលពីថ្ងៃទី១០ ខែកក្កដានេះ។

នៅពេលសួរថាតើនគរបាលបានផ្លាស់ប្ដូរចិត្តហើយឬនៅចំពោះការយល់ថា “ក្រុមនយោបាយ” ជាប់ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់បែកនេះ លោក សារ៉ាន់ កំសត់ អ្នកនាំពាក្យនគរបាលជាតិបាននិយាយពាំត្រណោត។

លោកបានមានប្រសាសន៍ថា “ស្អីក៏ដោយ ប្អូនឯងត្រូវដឹងថា រឿងអីក៏ដោយដែលកើតឡើង គេត្រូវសន្និដ្ឋានជាបឋម ហើយការសន្និដ្ឋានជាបឋមមិនមែនត្រូវមួយរយភាគរយទេ”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស