31 C
Phnom Penh

រដ្ឋមន្ត្រី​កសិកម្ម​បន្ទោស​ឈ្មួញ​ចំពោះ​វិបត្តិ​ស្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយរដ្ឋាភិបាលប្រញាប់ប្រញាល់ដើម្បីការពារកសិករពីការធ្លាក់ចុះតម្លៃស្រូវដ៏រហ័ស លោក វ៉េង សាខន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃពុធបានបន្ទោសវិស័យឯកជនចំពោះការជួយលើកស្ទួយប្រទេសដែលប្រកួតប្រជែងដោយមិនគិតដល់ប្រទេសកម្ពុជា ដោយនាំចូលផលិតផលដែលអាចមានប្រភពក្នុងស្រុក។

cam-photo-rice-channa-1ខណៈដែលកសិករនៅទូទាំងប្រទេសមើលឃើញការធ្លាក់ចុះខ្លាំងភ្លាមៗនៃតម្លៃស្រូវរបស់ខ្លួន ពីប្រហែល២៥០ដុល្លារក្នុងមួយតោននៅពាក់កណ្តាលខែសីហា មកត្រឹម១៩៣ដុល្លារនៅសប្តាហ៍មុន រដ្ឋាភិបាលបានអន្តរាគមន៍ដោយបញ្ចេញប្រាក់២៧លានដុល្លារជាជំនួយដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដើម្បីធ្វើឲ្យទីផ្សារមានស្ថិរភាពជាបណ្តោះអាសន្ន។

ក្នុងសន្និសីទកាសែតនៅទីស្នាក់ការក្រសួងកសិកម្មក្នុងក្រុងភ្នំពេញកាលពីថ្ងៃពុធ លោក សាខន បានមានប្រសាសន៍ថា បរាជ័យជាទូទៅរបស់ប្រទេសកម្ពុជាក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាងរបស់ខ្លួនផ្នែកលក់ស្រូវអង្ករ គឺដោយសារការខ្វះគំនិតច្នៃប្រឌិត និងការស្រាវជ្រាវពីសំណាក់អ្នកជំនួញក្នុងស្រុក។

លោកបាននិយាយថា “ចំពោះផ្នែកឯកជន ពួកគេធ្វេសប្រហែស និងមិនពូកែខាងប្រជែងធ្វើជំនួញទេ។ ពួកគេមិនពូកែអាចប្រកួតប្រជែងក្នុងតំបន់បាន”។

លោក សាខន បាននិយាយថា ទាំងប្រទេសវៀតណាម ទាំងប្រទេសថៃ បានទម្លាក់តម្លៃស្រូវនាំចេញរបស់ខ្លួនបន្តិចម្តងៗតាំងពីឆ្នាំ២០១២ ដើម្បីប្រកួតប្រជែងជាអន្តរជាតិ។

លោកបាននិយាយថា ពាណិជ្ជករកម្ពុជា “គួរសិក្សាតម្លៃទីផ្សារ និងអ្វីដែលមិត្តរបស់យើងនៅជុំវិញយើងកំពុងធ្វើ អ្វីដែលពួកគេអាចធ្វើ និងអ្វីដែលយើងមិនអាចធ្វើ។ ពីព្រោះ គួរឲ្យស្តាយណាស់ ទោះបីជាយើងមានអតិថិជនក៏ដោយ ក៏យើងខាតបង់ប្រាក់ដែរ”។

លោកបាននិយាយបន្ថែមថា “នៅប្រទេសកម្ពុជា មានរោងចក្រច្រើនដែលផលិតអាហារសម្រាប់ត្រី និងអាហារសម្រាប់សត្វផ្សេងទៀត ដែលត្រូវការស្រូវសម្រាប់ផលិតកម្ម”។ ប៉ុន្តែ ក្រុមហ៊ុនជាច្រើនមើលរំលងលទ្ធភាពនៃការប្រើស្រូវក្នុងស្រុក ឬពោត ឬកន្ទក់ ដើម្បីបង្កើតអាហារទាំងនេះ ហើយម្ចាស់រោងកិនស្រូវមិនបានផ្សព្វផ្សាយលក់វាឲ្យបានត្រឹមត្រូវទេ។

លោក សាខន បាននិយាយថា ម្យ៉ាងទៀត ក្រុមហ៊ុននៅប្រទេសវៀតណាមឆ្លៀតយកប្រយោជន៍ពីផលិតផលក្នុងស្រុក ដោយលុបចោលតម្លៃនៃការនាំចូលសម្ភារ ហើយរក្សាតម្លៃដែលប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

cam-photo-front-300x200លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានមានប្រសាសន៍ថា វិស័យឯកជនក៏គួរអន្តរាគមន៍ជួយកសិករឲ្យមានការវាងវៃខាងជំនួញថែមទៀត ដោយបង្កើនចំណេញគ្រប់គ្នា។

លោកបាននិយាយថា “ប្រសិនបើយើងនៅតែទុកឲ្យកសិករជ្រើសរើសគ្រាប់ពូជដោយគ្មានចំណេះដឹងបច្ចេកទេស ហើយយើងទិញផលរបស់ពួកគាត់ ខ្ញុំគិតថា មុខជំនួញរបស់យើងនឹងខាតបង់”។ លោកបាននិយាយបន្ថែមថា ការប្រើជីនិងថ្នាំសម្លាប់សត្វល្អិតចង្រៃឲ្យបានត្រឹមត្រូវ ក៏អាចជួយបង្កើនទិន្នផលរបស់ពួកគាត់បានដែរ។

លោកបាននិយាយថា “ប្រសិនបើយើងមិនមានវិធានការច្បាស់លាស់ដូចនេះទេ យើងអាចបាត់បង់អតិថិជន។ រាជរដ្ឋាភិបាលចាំបាច់ត្រូវអង្គុយនិងគិតអំពីការរកមធ្យោបាយដែលយើងអាចជួយវិស័យឯកជនរបស់ប្រទេសកម្ពុជាដោះស្រាយបញ្ហា”។

លោក ឡាយ ឈុនហួ ប្រធានក្រុមហ៊ុន City Rice Mill នៅខេត្តបាត់ដំបង បាននិយាយថា តម្លៃសេវាសាធារណៈបានធ្វើឲ្យលំបាកដល់វិស័យឯកជនទៅហើយ ហើយរដ្ឋាភិបាលចាំបាច់មានផែនការដើម្បីគាំទ្រការខិតខំរយៈពេលវែង ដើម្បីពង្រឹងវិស័យស្រូវអង្កររបស់ប្រទេសកម្ពុជា។

ដោយលើកឡើងនូវតម្លៃអគ្គិសនីទាបជាងយ៉ាងច្រើននៅបណ្តាប្រទេសជិតខាង លោកបានសួរ “តើយើងឆ្លាតម៉េចទៅ បើតម្លៃអគ្គិសនី ជាកត្តាសំខាន់នៃផលិតកម្ម ខ្ពស់ដូច្នេះ?”។

លោក ឈុនហួ បាននិយាយថា រដ្ឋាភិបាលក៏គួរផ្តល់ពូជស្រូវដែលឲ្យទិន្នផលខ្ពស់ ធ្វើឲ្យប្រព័ន្ធធារាសាស្ត្រនៅទូទាំងប្រទេសប្រសើរឡើង ដើម្បីប្រមូលផលបានច្រើនដងក្នុងមួយឆ្នាំៗ និងដំឡើងពន្ធលើការនាំអង្ករចូល។

“វិធានការទាំងអស់នេះនឹងជួយយើងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យស្រូវអង្ករកម្ពុជា”៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស