33.3 C
Phnom Penh

ការបញ្ចេញប្រាក់សម្រាប់​វិបត្តិស្រូវ​អង្ករ​​ជាដំណោះស្រាយ​មួយគ្រា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈរដ្ឋាភិបាលខិតខំស្រោចស្រង់វិស័យ ស្រូវអង្ករដែលទទួលរងផលប៉ះពាល់ដោយសារស្រូវធ្លាក់ថ្លៃ និងការប្រកួតប្រជែងខ្លាំងពីអន្តរជាតិនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានសរសើរដល់មន្ត្រីរដ្ឋាភិបាល និង”សប្បុរសជនពាណិជ្ជករ” ដែលធ្វើតាមការអំពាវនាវរបស់លោកដែលស្នើឲ្យមានមូលនិធិជាបន្ទាន់។

ដោយធ្លាក់ចុះពីប្រហែល២៥០ដុល្លារក្នុងមួយតោនកាលពីពាក់កណ្តាលខែសីហាមកនៅត្រឹម១៩៣ដុល្លារក្នុងមួយតោនក្នុងសប្តាហ៍មុននោះតម្លៃស្រូវដែលម្ចាស់រោងម៉ាស៊ីនកិនស្រូវផ្តល់ឲ្យកសិករបានធ្វើឲ្យវិស័យនេះជួបវិបត្តិរយៈពេលខ្លី ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីបានប្រកាសកាលពីម្សិលមិញថា វិបត្តិហិរញ្ញវត្ថុដែលអាចកើតមាន ទប់ស្កាត់បានហើយ។

កសិករស្ទូងស្រូវក្បែរចម្ការអំពៅ ក្នុងខេត្តកំពត កាលពីខែកក្កដា។ រូបថតៈ John Vink

ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុម័តយល់ព្រមឲ្យមានការបញ្ចេញប្រាក់២៧លានដុល្លារដើម្បីផ្តល់ឧបត្ថម្ភធនដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដែលជួយឲ្យពួកគេអាចរក្សាលំនឹងនៃតម្លៃស្រូវបាននោះ ការទិញស្រូវបន្ថែមនៅសប្តាហ៍នេះដោយមន្ត្រីរដ្ឋាភិបាល និងមិត្តភក្តិដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភបានជួយវិស័យនេះឲ្យនៅតែមានដំណើរការ។

លោក ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីប្រគល់សញ្ញាបត្រមួយកាលពីម្សិលមិញក្នុងរាជធានីភ្នំពេញថា “ខ្ញុំពិតជាអរគុណជាមួយរដ្ឋមន្ត្រី រដ្ឋលេខាធិការ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាសប្បុរជនពាណិជ្ជកររបស់យើងដែលបានជួយទិញស្រូវ”។

លោកបានបន្ថែមថា “ខ្លះ១០តោន ខ្លះ២០តោន ខ្លះ៥តោន។ ឥឡូវមិនមែនជាបញ្ហា គ្មានប្រាក់ទិញស្រូវទេ ប៉ុន្តែជាបញ្ហាមានកន្លែងហាលឬក៏អត់”។

លោក ហ៊ុន សែន បានសង្កត់ធ្ងន់លើចំណុចនេះដោយនិយាយសំដៅដល់លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដែលទទួលបានស្គាល់ថា លោកបានទិញស្រូវ១០តោន ប៉ុន្តែ ទុកវានៅរោងម៉ាស៊ីនកិនស្រូវ។ លោកនាយករដ្ឋមន្ត្រីបានសំដែងការសោកស្តាយចំពោះស្ថានភាពនេះដោយលើកឡើងថា ការចូលរួមចំណែករបស់រដ្ឋមន្ត្រីរូបនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

លោកបានមានប្រសាសន៍ថា “យើងដោះស្រាយបានតែបញ្ហាប្រាក់ប៉ុណ្ណោះប៉ុន្តែយើងនៅមិនទាន់បានដោះស្រាយបញ្ហាសំខាន់នៅឡើយទេ។ អ្នកទិញស្រូវគ្រប់រូបសូមទិញស្រូវមកហាលនៅផ្ទះខ្លួនឯង” រួចយកវាមកកិននៅភ្នំពេញ។

លោកបានបន្ថែមថា ការធ្វើដូច្នេះវាជួយឲ្យរោងម៉ាស៊ីនស្រូវនៅតាមបណ្តាខេត្តមានកន្លែងទំនេរច្រើនដើម្បីទិញស្រូវ និងកែច្នៃស្រូវ។

ប៉ុន្តែទោះបីជាការខិតខំទាំងនេះក៏ដោយ វានៅមិនទាន់គ្រប់គ្រាន់ដើម្បីដោះស្រាយវិបត្តិ និងបញ្ហាសំខាន់ដែលញាំញីវិស័យស្រូវអង្ករនៅឡើយទេ នេះបើយោងតាមអ្នកជំនាញផ្នែកកសិកម្ម និងអ្នកសេដ្ឋកិច្ច។

លោក ចាន់ សុផល ប្រធានមជ្ឈមណ្ឌលដើម្បីការសិក្សាគោលនយោបាយសម្រាប់អភិវឌ្ឍន៍កម្ពុជាបានលើកឡើងថាអន្តរាគមន៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ទោះបីជាជួបការលំបាកខ្លាំងនៅក្នុងឆ្នាំនេះក៏ដោយ តែវាមានសារៈសំខាន់សម្រាប់ជួយដល់វិស័យនេះឲ្យមានដំណើរទៅមុខយូរអង្វែង។

លោកបានលើកឡើងទៀតថា រោងម៉ាស៊ីនកិនស្រូវខ្វះដើមទុនដើម្បីទិញស្រូវពីកសិករ រីឯកសិករវិញមានអារម្មណ៍ខ្លាចជំពាក់បំណុលគេកាន់តែច្រើនឡើងៗឥតឈប់ឈរ និងព្រួយបារម្ភអំពីសុវត្ថិភាពដីធ្លីរបស់ខ្លួន។

លោកបានមានប្រសាសន៍ទាក់ទិននឹងការបញ្ចេញប្រាក់ថា “រដ្ឋាភិបាលក៏បានធ្វើអ៊ីចឹងដែរកាលពីមុនមក ជួនកាល១៥លានដុល្លារ ជួនកាល១៨លានដុល្លារ។ ម្ចាស់រោងម៉ាស៊ីនកិនស្រូវជាធម្មតាខ្វះប្រាក់”។

លោក ចាន់ សុផល បានលើកឡើងបន្តទៀតថា ជារៀងរាល់ឆ្នាំ”រដ្ឋាភិបាលបានផ្តល់ឥណទានខ្លះៗដែលមិនច្រើននោះទេបើធៀបនឹងតម្រូវការនៅក្នុងវិស័យនេះ។ វិស័យនេះត្រូវការរាប់លានដុល្លារ។ ត្រូវបំពេញតម្រូវការបន្ថែមទៀត”។

លោកបានមានប្រសាសន៍បន្ថែមថា ដោយសារតែតម្លៃជី ថ្លៃដឹកជញ្ជូន និងតម្លៃអគ្គិសនីនៅក្នុងប្រទេសកម្ពុជាខ្ពស់ជាងនៅប្រទេសវៀតណាម និងថៃនោះស្តង់ដារពូជស្រូវរបស់កម្ពុជាគ្មានឱកាសប្រកួតប្រជែងលើឆាកអន្តរជាតិឡើយ។ ផ្ទុយទៅវិញរដ្ឋាភិបាលគួរតែជួយកសិករនៅក្នុងការបង្កបង្កើនស្រូវគុណភាពខ្ពស់ ហើយ “ធានាឲ្យបានថា យើងមានពូជស្រូវសែនក្រអូប”។ បន្ថែមពីលើនេះទៅទៀត កសិករត្រូវការជីមានគុណភាព សម្ភារកសិកម្មនឹងការបណ្តុះបណ្តាលដើម្បីបង្កបង្កើនផលស្រូវឲ្យទទួលបានទិន្នផលខ្ពស់ ហើយបញ្ហាទាំងអស់េនះរដ្ឋាភិបាលគួរតែធ្វើវាតាមរយៈការបញ្ជូនអ្នកជំនាញទៅដល់កន្លែងតែម្តង។

កម្ពុជាមិនសម្រេចបានសក្កានុពលដើម្បីយកប្រៀងលើគូប្រជែងរបស់ខ្លួនឡើយទោះបីជាមានដីធ្វើស្រេច្រើនក៏ដោយ នេះបើយោងតាមលោក ថេង សាវឿន អគ្គលេខា ធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា។ ទោះជាយ៉ាងណា លោកបានលើកឡើងថា “កសិករ កំពុងប្រើប្រាស់ជី និងថ្នាំសម្លាប់សត្វល្អិតមិនត្រឹមត្រូវ ឧទាហរណ៍តិចជាងកម្រិតណែនាំ ឬប្រើហួសប្រមាណ ឬប្រើខុសពេល”។

លោកបានលើកឡើងទៀតថា “លទ្ធផលគឺចំណាយប្រាក់អស់ច្រើន បំពុលបរិស្ថានហើយទីបំផុតប៉ះពាល់ដល់និរន្តរភាពនៃវិស័យនេះ”។ ហើយទោះបីជាប្រជាពលរដ្ឋខ្មែរភាគច្រើនពឹងផ្អែកលើការធ្វើស្រែក៏ដោយ តែកម្ពុជានៅខ្វះប្រព័ន្ធធារាសាស្ត្រ ការស្រាវជ្រាវនិងការអភិវឌន្ឍច្រើនណាស់។

ខណៈអន្តរាគមន៍ហិរញ្ញវត្ថុ ធ្វើឲ្យកសិករដែលជិតនឹងក្ស័យធនពេញចិត្តនោះ វាក៏ទំនងជាការព្យាយាមដើម្បីទទួលបានឬរក្សាការគាំទ្រផ្នែកនយោបាយដែរនេះបើយោងតាមលោក យ៉ង សាំងកុមារ ប្រធានកម្មវិធីនៅគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាអតីតប្រធានមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍ កសិកម្មកម្ពុជា សេដាក(CEDAC) ជាអង្គការមិនមែនរដ្ឋាភិបាលដែលផ្តោតលើកសិកម្ម។

លោកបានមានប្រសាសន៍ថា “យើងកំពុងរស់នៅក្នុងសង្គមប្រជាធិបតេយ្យដែលជិតដល់ពេលបោះឆ្នោត ហេតុដូច្នេះប្រសិនបើកសិករមិនសប្បាយចិត្តខ្ញុំមិនច្បាស់ទេថា តើពួកគាត់នឹងគាំទ្រគណបក្សនេះ ឬរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេសឬអត់នោះ”។

VIJ2016017H0657-800x533លោកបានលើកឡើងទៀតថា ដោយការត្អូញត្អែររបស់កសិករមានសភាពកាន់តែខ្លាំងយ៉ាងឆាប់រហ័ស ដែលក្នុងនោះកសិកររាប់រយនាក់ក្នុងខេត្តបាត់ដំបងបាននាំគ្នាយកស្រូវរបស់ខ្លួនមកគរបិទផ្លូវជាតិមួយកាលពីថ្ងៃអាទិត្យដើម្បីតវ៉ាឲ្យរកដំណោះស្រាយចំពោះបញ្ហាស្រូវធ្លាក់ថ្លៃនោះ រដ្ឋាភិបាលត្រូវតែចាត់វិធានការ។

លោកបានមានប្រសាសន៍ថា “វិស័យកសិកម្មនៅតែជាក្បាលម៉ាស៊ីនសម្រាប់សេដ្ឋកិច្ចរបស់យើង ហេតុដូច្នេះ ប្រសិនបើកសិករជាច្រើនមានបញ្ហា ឬក៏រកប្រាក់មិនបាន វានឹងធ្វើឲ្យប៉ះពាល់ដល់វិស័យនេះទាំងមូល និងសង្គមទាំងមូល”។

លោក ហ៊ាន វណ្ណហ៊ន អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានកសិកម្មនៅក្រសួង កសិកម្ម បានទទួលស្គាល់ថា រដ្ឋាភិបាលពិតជាខ្វះការគាំទ្រដល់វិស័យស្រូវអង្ករមែន។

លោកបានលើកឡើងថា កសិករដែលមានភ័ពល្អប្រហែលជាជ្រើសរើសការបូមទឹកបញ្ចូលស្រែដើម្បីបង្កបង្កើនស្រូវឲ្យលើសពីរមួយដងក្នុងមួយឆ្នាំ ប៉ុន្តែ កសិករជាច្រើនពឹងផ្អែកលើទឹកភ្លៀង ហើយព្យាយាមធ្វើឲ្យការចំណាយរបស់ខ្លួនអស់តិចបំផុត។

លោកបានថ្លែងថា “ថ្លៃអគ្គិសនីប៉ះពាល់ដល់គ្រប់ផ្នែកនៃខ្សែសង្វាក់តម្លៃ”។

លោកបានលើកឡើងបន្តទៀតថា ការធ្វើទីផ្សារប្រកបដោយប្រសិទ្ធភាពដើម្បីជួយឲ្យអង្កររបស់កម្ពុជាឈានជើងចូលទីផ្សារអន្តរជាតិ និងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រដើម្បីដោះស្រាយតម្រូវការរបស់កសិករភាគច្រើនដែល”នៅតែពឹងផ្អែកលើធម្មជាតិ” ត្រូវតែជាអាទិភាព។

ហើយវាមិនគ្រាន់តែចំពោះវិស័យឯកជនដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានបន្ទោសនៅក្នុងសប្តាហ៍នេះចំពោះការខកខានមិនបានវាយតម្លៃឲ្យបានត្រឹមត្រូវ និងខកខាននៅក្នុងការធ្វើស្រែសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញនោះឡើយ។ លោក ហ៊ាន វណ្ណហ៊ន បានថ្លែងថា “វាក៏ជាតួនាទីរបស់រដ្ឋាភិបាលដែរ”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ កង សុធា)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស