ក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានលើកឡើងថា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ត្រូវបានផ្ដន្ទាទោសកាលពីម្សិលមិញឱ្យជាប់ពន្ធនាគាររយៈពេល៦ខែ ពីបទរិះគន់មន្ត្រីតុលាការកាលលោកបម្រើការងារជាអ្នកធ្វើយុទ្ធនាការការពារសិទ្ធិមនុស្ស ដោយបង្ហាញច្បាស់ក្រឡែតថា សង្គមស៊ីវិលកំពុងរងការគំរាមកំហែង។
លោក នី ចរិយា អតីតប្រធានផ្នែកស៊ើបអង្កេតនៅសមាគមសិទ្ធិមនុស្សអាដហុកត្រូវបានរកឃើញពិរុទ្ធភាពពីបទ “បរិហារបង្កាច់កេរ្តិ៍ និងផ្សព្វផ្សាយនូវការអត្ថាធិប្បាយដែលមានបំណងបង្ខិតបង្ខំមន្ត្រីតុលាការដោយខុសច្បាប់” ទាក់ទិនការអត្ថាធិប្បាយរិះគន់ព្រះរាជអាជ្ញា និងចៅក្រមនៅសាលាដំបូងខេត្តសៀមរាប។ លោកក៏ត្រូវបានពិន័យជាប្រាក់៦លានរៀល (ប្រហែល១.៥០០ដុល្លារ) ផងដែរ។
ដោយត្រូវបានតែងតាំងជាអគ្គលេខាធិការរង គ.ជ.ប. កាលពីខែមករា លោក នី ចរិយា ត្រូវបានចាត់ទុកជាបុគ្គលមានឥទ្ធិពលដែលអាចទប់ទល់បានជាមួយនឹងថ្នាក់ដឹកនាំ គ.ជ.ប. ដែលមកពីគណបក្សប្រជាជនកម្ពុជា នៅមុនការបោះឆ្នោតនាពេលខាងមុខ។ លោកក៏ប្រឈមការចោទប្រកាន់ទាក់ទិនការផ្ដន្ទាទោសលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងផងដែរ។
សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើបណ្ដឹងបរិហារកេរ្តិ៍រយៈពេល៤ម៉ោងកាលពីម្សិលមិញជុំវិញហេតុការណ៍កាលពីថ្ងៃទី១២ និងថ្ងៃទី២០ ខែឧសភាឆ្នាំមុន ដែលនៅពេលនោះលោក នី ចរិយា បានធ្វើសន្និសីទកាសែតចំនួនពីរ ថ្កោលទោសការចាប់កសិករពីរនាក់នៅខេត្តសៀមរាបដាក់ពន្ធនាគារ ដោយចោទពួកគាត់ថាបានរានដីដោយខុសច្បាប់ក្នុងស្រុកវ៉ារិន។ លោក នី ចរិយា បានលើកឡើងនៅពេលនោះថា លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប និងលោក គី រិទ្ធី ចៅក្រមស៊ើបសួរបានដោះស្រាយរឿងក្ដីរបស់កសិករទាំងពីរនាក់នេះដោយមិនត្រឹមត្រូវ ហើយបានផ្តន្ទាទោសពួកគាត់ដោយមិនត្រឹមត្រូវទៀត។
តាមការសាកសួររបស់លោក ឃី ឆាយ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះកាលពីម្សិលមិញ លោក នី ចរិយា បដិសេធថា លោកមិនបានដាក់សម្ពាធលើសាលាដំបូងខេត្តសៀមរាប ឬចោទប្រកាន់ព្រះរាជអាជ្ញា និងចៅក្រមទាំងនោះពីបទពុករលួយឡើយ។
លោក នី ចរិយា បានថ្លែងថា “ខ្ញុំគ្រាន់តែនិយាយអំពីនីតិវិធីចាប់ខ្លួនខុសច្បាប់តែប៉ុណ្ណោះ។ ខ្ញុំមិនបានគំរាមកំហែងតុលាការឡើយ។ តើខ្ញុំមានអំណាចអីទៅគំរាមតុលាការនោះ?”។
លោកបានផ្ដល់សក្ខីកម្មថា អំឡុងសន្និសីទកាសែតលើកទី២លោកបាននិយាយថា លោកនឹងបញ្ជូនពាក្យបណ្ដឹងទៅក្រសួងយុត្តិធម៌ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និងអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍។
លោក នី ចរិយា បានមានប្រសាសន៍ថា “ស្ថាប័នមួយក្នុងចំណោមស្ថាប័នទាំងបី អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍រូបនេះបានឆ្លើយតបថា រឿងក្ដីនេះមានភាពមិនប្រក្រតី។
ប៉ុន្តែ លោក ឃី ឆាយ បានប្រាប់តុលាការកាលពីម្សិលមិញថា តាមច្បាប់ មានតែចៅក្រមស៊ើបសួរសាលាឧទ្ធរណ៍ប៉ុណ្ណោះមានសិទ្ធិនិយាយថានីតិវិធីចាប់ខ្លួននេះខុសច្បាប់។
ចៅក្រមរូបនេះបានមានប្រសាសន៍ថា “ការធ្វើសន្និសីទដើម្បីចោទប្រកាន់តុលាការគឺមិនត្រឹមត្រូវឡើយ ហើយវាប៉ះពាល់ដល់ជំនឿទុកចិត្ត និងកេរ្តិ៍ឈ្មោះរបស់តុលាការ”។
លោក សៀង សុខ ព្រះរាជអាជ្ញារងបានមានប្រសាសន៍ថា បីថ្ងៃបន្ទាប់ពីការធ្វើសន្និសីទកាសែតលើកទី១របស់លោក នី ចរិយា តុលាការបានផ្ញើលិខិតមួយច្បាប់ដល់លោក បញ្ជាឱ្យលោកឈប់រិះគន់ព្រះរាជអាជ្ញារងរូបនេះ និងចៅក្រមស៊ើបសួរ។
លោក សៀង សុខា បានមានប្រសាសន៍ថា អង្គហេតុដែលលោក នី ចរិយា ធ្វើសន្និសីទកាសែតលើកទី២បង្ហាញឱ្យឃើញថា លោកមាន “បំណងមិនល្អ…ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះតុលាការ”។
បន្ទាប់ពីសាលក្រមត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ លោក នី ចរិយា បានប្រាប់អ្នកយកព័ត៌មានថា លោកមានគម្រោងប្ដឹងទាស់។ លោកបាននិយាយខណៈពេលត្រូវគេក្រៀកចេញពីសាលសវនាការថា “យើងគ្មានសង្ឃឹមថានឹងទទួលបានយុត្តិធម៌ទេ ព្រោះស្ថាប័នតុលាការអយុត្តិធម៌”។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. បានមានប្រសាសន៍ថា ប្រសិនបើសាលក្រមត្រូវបានអនុវត្ត មានន័យថា បណ្តឹងឧទ្ធរណ៍ត្រូវបានបដិសេធ។ “លោក នី ចរិយា មិនអាចត្រឡប់ទៅបម្រើការវិញជាអគ្គលេខាធិការរង គ.ជ.ប. បានឡើយ”។
លោក ហង្ស ពុទ្ធា បានថ្លែងថា “យើងសោកស្ដាយបើបាត់បង់មន្ត្រី គ.ជ.ប. មួយរូប។ យើងមិនចង់ឱ្យបញ្ហានេះកើតឡើងដល់មន្ត្រី គ.ជ.ប. ណាម្នាក់ឡើយ”។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានរិះគន់សាលក្រមនេះថា ជាការវាយប្រហារនយោបាយលើសិទ្ធិមនុស្ស។
លោក Kingley Abbot ទីប្រឹក្សាជាន់ខ្ពស់ផ្នែកច្បាប់អន្តរជាតិនៅគណៈកម្មការក្រុមអ្នកច្បាប់អន្តរជាតិដែលបានតាមដានសវនាការនេះ បានមានប្រសាសន៍ថា “សាលក្រមនេះលុបបំបាត់ការសង្ស័យដែលថា អង្គការសិទ្ធិមនុស្ស និងសង្គមស៊ីវិលរងការគំរាមកំហែងនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ”។
លោកបានលើកឡើងតាមរយៈអុីម៉េលថា “ការផ្ដន្ទាទោសលោក នី ចរិយា ចំពោះការបំពេញការងារដ៏សំខាន់របស់លោកក្នុងឋានៈជាអ្នកការពារសិទ្ធិមនុស្ស គឺជាការវាយប្រហារលើសង្គមកម្ពុជា ទាំងមូល ព្រោះវានឹងរារាំងអ្នកផ្សេងទៀតដែលចង់និយាយជួសមុខឲ្យជនរងគ្រោះនៃការរំលោភបំពានសិទ្ធិមនុស្ស ពីការស្វែងរកយុត្តិធម៌”។
លោកស្រី វ៉ាន ហៀលី (Wan-Hea Lee) តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានមានប្រសាសន៍ថា សវនាការនេះគឺជាភ័ស្តុតាងបង្ហាញថា កំណែទម្រង់ប្រព័ន្ធតុលាការចាំបាច់ត្រូវដោះធ្វើជាបន្ទាន់។
លោកស្រី លី បានថ្លែងថា “សវនាការយុត្តិធម៌ត្រូវបានធានាតាមរយៈការធ្វើបទបង្ហាញ និងការវិភាគលើភ័ស្តុតាងដែលប្រាកដប្រជាតាមរយៈហេតុផលផ្លូវច្បាប់ត្រឹមត្រូវការវិនិច្ឆ័យ និងការគោរពដល់នីតិវិធីដែលធានាសមភាពអំណាចរវាងអយ្យការ និងមេធាវីការពារ។ ការធានាទាំងនេះមិនឃើញមាននៅក្នុងសវនាការសព្វថ្ងៃនេះទេ”។
លោកស្រី Betty Yolanda សហប្រធាននៅវេទិកាអាស៊ីសម្រាប់សិទ្ធិមនុស្ស និងអភិវឌ្ឍន៍ដែលឃ្លាំមើលការងារតស៊ូមតិនៅក្នុងប្រទេសកម្ពុជា បានអង្វរករសុំឱ្យរដ្ឋាភិបាលទទួលស្គាល់ការរួមចំណែកដែលអ្នកការពារសិទ្ធិមនុស្សដូចលោក នី ចរិយា បានធ្វើចំពោះប្រទេសជាតិ។
លោកស្រី Yolanda បានលើកឡើងនៅក្នុងអុីម៉េលថា “សាលក្រមថ្ងៃនេះបញ្ជាក់ថា គ្មានកន្លែងជ្រកកោនទេសម្រាប់អ្នកប្រឆាំងនៅក្នុងប្រទេសកម្ពុជា ដែលក្រុមអ្នកការពារសិទ្ធិមនុស្សត្រូវបានធ្វើទុក្ខបុកម្នេញចំពោះការបំពេញការងារស្របច្បាប់របស់ពួកគេ”។
លោកស្រីបានសរសេរទៀតថា ”អំឡុងពេលមានការភ័យខ្លាចក្នុងសង្គម បន្ទាប់ពីការបាញ់សម្លាប់លោក កែម ឡី និងការចោទប្រកាន់បទព្រហ្មទណ្ឌលើអ្នកការពារសិទ្ធិមនុស្ស៥រូប រួមទាំងលោក នី ចរិយា ផងនោះ ការផ្តន្ទាទោសនេះមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើការប្រើប្រាស់សេរីភាពជាមូលដ្ឋាននៅក្នុងប្រទេស”។
លោក នី ចរិយា និងមន្ត្រីជាន់ខ្ពស់សមាគមសិទ្ធិមនុស្សអាដហុកបួនរូបទៀតកំពុងត្រូវឃុំខ្លួនបណ្ដោះអាសន្នពីបទជាប់ពាក់ព័ន្ធការសូកប៉ាន់ស្ត្រីម្នាក់ដែលគេអះអាងថា ជាស្រីកំណាន់របស់លោក កឹម សុខា ឱ្យបដិសេធរឿងសហាយស្មន់អំឡុងការសាកសួរក្នុងរឿងក្ដី “សញ្ចរកម្ម”។ លោកត្រូវបានបញ្ជូនទៅពន្ធនាគារប៉េហ្ស៊ីស្ថិតក្នុងរាជធានីភ្នំពេញវិញបន្ទាប់ពីសវនាការកាលពីម្សិលមិញ៕ សារុន