29 C
Phnom Penh

ប្រព័ន្ធ​​​បោះ​​​ឆ្នោត​​​​​​បរាជ័យ​​​ចាត់​​​ចំណាត់​​​ថ្នាក់​​​កម្ពុជា​​​​​​ថា​​​អាក្រក់ជាង​​​គេ​​​​​​ក្នុង​​​តំបន់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការសិក្សាដែលធ្វើបច្ចុប្បន្នភាពដែលចាត់ចំណាត់ថ្នាក់ប្រទេសនានាដោយផ្អែកលើភាពត្រឹមត្រូវនៃការបោះឆ្នោតរបស់គេ បានចាត់ថ្នាក់ការបោះឆ្នោតនាឆ្នាំ២០១៣ ដែលបរាជ័យរបស់ប្រទេសកម្ពុជាទៅក្នុងលំដាប់បាតក្រោមរបស់ខ្លួន ដោយចាត់ក្នុងចំពូកអាក្រក់បំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងក្នុងចំណោមប្រទេស១០បាតក្រោមគេក្នុងពិភពលោក។

ការបង្ក្រាបបក្សប្រឆាំង ការប្រើល្បិចបន្លំលើការចុះឈ្មោះអ្នកបោះឆ្នោតនិងការប្រើហិរញ្ញវត្ថុលើយុទ្ធនាការដោយមិនត្រឹមត្រូវ ដែលជាការរិះគន់ធម្មតាលើការបោះឆ្នោតជាតិចុងក្រោយរបស់ប្រទេសកម្ពុជា គឺជាអ្វីដែលបន្ទច់បង្អាក់ដ៏សំខាន់ក្នុងការសិក្សាដោយគម្រោងសុចរិតភាពបោះឆ្នោត ដែលធ្វើឡើងដោយសាកលវិទ្យាល័យហាវើតនិងសាកលវិទ្យាល័យស៊ីដនី។

ស្ត្រីម្នាក់បោះឆ្នោតអំឡុងពេលការបោះឆ្នោតជាតិនាឆ្នាំ២០១៣។ រូបថត ស៊ីវ ចាន់ណា
ស្ត្រីម្នាក់បោះឆ្នោតអំឡុងពេលការបោះឆ្នោតជាតិនាឆ្នាំ២០១៣។ រូបថត ស៊ីវ ចាន់ណា

អ្នកស្រី ផិពប៉ា នរិស អ្នកស្រាវជ្រាវ ជាសាស្ត្រាចារ្យនិងជាប្រធានគម្រោងរៀបរាប់អំពីអត្តាធិបតេយ្យការបោះឆ្នោតថាជារឿងមួយ ដែលរៀបចំការបោះឆ្នោតដើម្បីធ្វើឲ្យស្របច្បាប់ដល់រដ្ឋាភិបាលប៉ុណ្ណោះ ប៉ុន្តែគេអាចប្រើល្បិចបន្លំលទ្ធផល”។

អ្នកស្រីបាននិយាយក្នុងកិច្ចសម្ភាសអាត់សំឡេងដែលបង្ហោះតាមអីុនធឺណិតដោយសាកលវិទ្យាល័យនៅដើមឆ្នាំនេះថា “បើអ្នកជាមេដឹកនាំផ្តាច់ការដែលគិតអំពីរឿងនេះ វិធីស្រួលបំផុត គឺត្រូវប្រាកដថា គូប្រឆាំងរបស់អ្នកមិនអាចអនុញ្ញាតឲ្យឈរឈ្មោះបានទេ”។

អ្នកស្រីបាននិយាយថា “ការបំបិទសំឡេងអ្នកប្រឆាំងដោយចាប់ពួកគេដាក់ពន្ធនាគារ “ពីបទចោទប្រកាន់ដែលប្រឌិតឡើង”ជាឧទាហរណ៍ គឺ”មានប្រសិទ្ធភាព…ច្រើនជាងដាក់សន្លឹកឆ្នោតបន្លំចូលប្រអប់ឆ្នោតទៅទៀត ហើយជារឿងដែលបង្ហាញឲ្យឃើញច្បាស់ថែមទៀតអ៊ីចឹង”។

នៅកម្ពុជា គណបក្សប្រជាជនកម្ពុជាកាន់អំណាចត្រូវបានចោទថាផ្តន្ទាទោសនិងដាក់ពន្ធនាគារចំពោះមន្ត្រីបក្សប្រឆាំងតាមរយៈបទចោទប្រកាន់ជារឿងនយោបាយ ដែលរួមមានលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនិងលោក កឹម សុខា អនុប្រធាន។ លោក រង្ស៊ី កំពុងស្ថិតនៅក្នុងប្រទេសបារាំង ដើម្បីគេចពីការជាប់ពន្ធនាគារ ចំណែកឯលោក សុខា កំពុងសម្ងំនៅក្នុងទីស្នាក់ការបក្សក្នុងក្រុងភ្នំពេញ។

គម្រោងបោះឆ្នោត ដែលចាប់ផ្តើមធ្វើក្នុងឆ្នាំ២០១២បានចាត់ថ្នាក់ភាពត្រឹមត្រូវនៃការបោះឆ្នោតនៅក្នុងប្រទេសចំនួន១៥៣ប្រទេសហើយមកដល់ពេលនេះ។

ការបោះឆ្នោតនាឆ្នាំ២០១៣របស់ប្រទេសកម្ពុជា ដែលចាត់ទុកដោយគម្រោងថា “បរាជ័យ”គឺមានចំណាត់ថ្នាក់ក្នុង១០ប្រទេសបាតក្រោមគេក្នុងពិភពលោក និងអាក្រក់បំផុតនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ដែលកាន់តែអាក្រក់ជាងរដ្ឋកុម្មុយនិស្តឯកបក្ស ដូចជាប្រទេសឡាវនិងវៀតណាមទៅទៀត។

កម្ពុជាមាននីតិវិធីបោះឆ្នោតមិនមានដំណើរការច្រើនជាងប្រទេសទាំងនោះ ហើយទទួលរងគ្រោះពីអ្វីដែលអ្នកស្រី នរិស ចាត់ទុកថាជាឧបសគ្គធំៗបំផុតពីរចំពោះការបោះឆ្នោតដោយត្រឹមត្រូវ គឺការគ្រប់គ្រងរបស់បក្សកាន់អំណាចទៅលើទូរទស្សន៍ និងការប្រើហិរញ្ញវត្ថុក្នុងយុទ្ធនាការដោយមិនស្មើភាពគ្នានិងពុករលួយ។

អ្នកសង្កេតការណ៍និយាយថា ឧបសគ្គទាំងពីរនេះនៅតែមិនមានការដោះស្រាយនៅឡើយទេ មុនការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយនិងការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៨។

លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែលបានយល់ស្របនឹងការវាយតម្លៃរបស់គម្រោងនេះ ដោយនិយាយថា គណបក្សប្រជាជនកម្ពុជាជាប្រវត្តិសាស្ត្រប្រើថវិកាក្នុងយុទ្ធនាការរបស់ខ្លួនដោយប្រើប្រាស់ធនធានរដ្ឋ ដោយយកប្រៀបដាច់លើបក្សប្រឆាំង។

លោក បញ្ញា បាននិយាយថា “គណបក្សប្រជាជនកម្ពុជាប្រើមិនត្រឹមតែហិរញ្ញវត្ថុច្រើនសម្បើមរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើធនធានរដ្ឋច្រើនលើសលុប ដើម្បីប្រយោជន៍របស់ខ្លួន ដូចជា កម្លាំងប្រដាប់អាវុធ រថយន្ត អគាររដ្ឋនិងថវិកាជាតិជាដើម”។

លោកបាននិយាយថា “មានការបំភិតបំភ័យ ការប្រកួតប្រជែងមិនត្រឹមត្រូវ ជម្លោះដែលមិនទាន់ដោះស្រាយចេញ….មានការប្រើកម្លាំងប្រដាប់អាវុធ ដើម្បីបំបិទសេរីភាពនៃការបញ្ចេញមតិរបស់បក្សប្រឆាំង។ មានគម្លាតធំរវាងប្រព័ន្ធផ្សព្វផ្សាយក្នុងយុទ្ធនាការបក្សនានា និងការប្រើហិរញ្ញវត្ថុក្នុងយុទ្ធនាការ”។

ដូចគ្នានេះដែរ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បាននិយាយថា លោកយល់ស្របទាំងស្រុងចំពោះការរកឃើញរបស់ការសិក្សានោះ ហើយបានចង្អុលទៅលើកិច្ចព្រមព្រៀងនយោបាយនាឆ្នាំ២០១៤ ដែលក្នុងនោះគណបក្សសង្គ្រោះជាតិទទួលបានអាជ្ញាបណ្ណបង្កើតស្ថានីយទូរទស្សន៍របស់ខ្លួន ជាផ្នែកសំខាន់នៃដំណោះស្រាយ ដែលបានបញ្ចប់ការតវ៉ានិងពហិការមិនចូលសភាអស់រយៈពេលច្រើនខែ ដោយសារតែលទ្ធផលការបោះឆ្នោតកាលពីមុន។

ទូរទស្សន៍នៅតែជាប្រភពសំខាន់នៃព័ត៌មានសម្រាប់ពលរដ្ឋខ្មែរ ប៉ុន្តែគ្រប់គ្រងស្ទើរតែទាំងស្រុងដោយគណបក្សប្រជាជនកម្ពុជានិងសម្ពន្ធមិត្ររបស់ខ្លួន។

មហិច្ឆតាទូរទស្សន៍របស់គណបក្សសង្គ្រោះជាតិបានជាប់គាំង បន្ទាប់ពីអាជ្ញាធរខេត្តកណ្តាលបានហាមឃាត់គណបក្សនេះមិនឲ្យដំឡើងអង់តែនកាលពីខែមេសា ដោយនិយាយថា អ្នកភូមិនៅជុំវិញទីតាំងនោះបានជំទាស់។ បក្សប្រឆាំងមានចម្ងល់ថា ហេតុអ្វីក៏អាជ្ញាធរ រួមទាំងអភិបាលក្រុងតាខ្មៅ លោក ហេង ធៀម បដិសេធចោលសំណើនោះឆាប់យ៉ាងដូច្នេះ។

លោក សុវណ្ណ បាននិយាយនៅសប្តាហ៍នេះថា “ហេតុផលនយោបាយគឺនៅពីក្រោយការរារាំងគម្រោងទូរទស្សន៍នេះ”។

យោងតាមគម្រោងសុចរិតភាពការបោះឆ្នោត ដែលក្រឡេកមើលដំណើរតៗដ៏វែងនៃការត្រៀមរៀបចំដែលឆ្ពោះទៅរកថ្ងៃបោះឆ្នោតឲ្យដឹងថា ឧបសគ្គនានាដែលប្រឈមដោយគូប្រឆាំងនយោបាយដែលស្វែងរកប្រព័ន្ធផ្សព្វផ្សាយស្មើគ្នា គឺគ្រាន់តែជាផ្នែកមួយនៃការបោះឆ្នោតត្រូវបរាជ័យយ៉ាងណាប៉ុណ្ណោះ។

គម្រោងបានស្ទង់មតិលើអ្នកជំនាញរាប់សិបនាក់ទាក់ទងនឹងចំណុចជាក់លាក់៤៩ចំណុចនៃការបោះឆ្នោត។ អ្នកជំនាញសម្រាប់កម្ពុជាត្រូវបានធ្វើការស្ទង់មតិ បន្ទាប់ពីការបោះឆ្នោតនាឆ្នាំ២០១៣ ហើយប្រទេសនេះបានទទួលលំដាប់ថ្នាក់ដំបូងលេខ៦៩ក្នុងចំណោម៧៣ប្រទេសទូទាំងពិភពលោក។ បន្ទាប់ពីធ្វើបច្ចុប្បន្នភាពលើលំដាប់ថ្នាក់ដើម្បីបញ្ចូលប្រទេស៨០បន្ថែមទៀតនោះ ឥឡូវនេះកម្ពុជាជាប់លំដាប់ថ្នាក់១៤៥ក្នុងចំណោម១៥៣ប្រទេស។

លោក ម៉ាក ហ្គ្រឹនណិង ជាអ្នកស្រាវជ្រាវម្នាក់ក្នុងបណ្តាអ្នកស្រាវជ្រាវទាំងអស់របស់គម្រោងបាននិយាយថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា គឺជាចំណុចខ្មៅមួយ។

លោក ហ្គ្រឹនណិង បាននិយាយក្នុងសារអ៊ីម៉ែលថា គណៈកម្មាធិការនេះ “ត្រូវបានគេចាត់ទុកថាលម្អៀង មិនបំពេញការងារប្រកបដោយវិជ្ជាជីវៈ ហើយក៏មិនបានធ្វើឲ្យការងាររបស់ខ្លួនមានតម្លាភាពដែរ”។

អ្នកស្រី ផិពប៉ា ប្រធានគម្រោងពន្យល់នៅក្នុងកិច្ចសម្ភាសរបស់អ្នកស្រីថា មានឱកាសច្រើនក្នុងដំណើរការបោះឆ្នោតសម្រាប់របបអត្តាធិបតេយ្យនានា ដើម្បីរារាំងការបោះឆ្នោតដោយសេរី។

អ្នកស្រីនិយាយថា “បើអ្នកគិតអំពីការបោះឆ្នោតតាំងពីការចាប់ផ្តើមដំបូង តើអ្នកបង្កើតគណៈកម្មាធិការបោះឆ្នោតរបស់អ្នកយ៉ាងណា រហូតដល់ការចុះឈ្មោះអ្នកបោះឆ្នោត ការចុះឈ្មោះគណបក្ស យុទ្ធនាការ ប្រព័ន្ធផ្សព្វផ្សាយ ថវិកា ការរាប់សន្លឹកឆ្នោត រហូតដល់លទ្ធផល ពោលគឺចំណុចនីមួយៗ គឺជាអ្វីដែលកើតឡើងបន្តៗគ្នា”។

អ្នកស្រីនិយាយបន្តថា “អ្វីដែលគេកំពុងធ្វើ គឺបន្លំផ្នែកមួយ ឬផ្នែកមួយផ្សេងទៀតក្នុងព្រឹត្តិការណ៍បន្តៗគ្នា ដើម្បីឲ្យប្រាកដថា គេទទួលបានតំណែងជាថ្មី”។

ទោះជាយ៉ាងនេះក្តី អាជ្ញាធរកម្ពុជាប្រតិកម្មទៅនឹងការវាយតម្លៃរបស់គម្រោងនេះក្នុងការបោះឆ្នោតនាឆ្នាំ២០១៣។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថា គណៈកម្មាធិការបោះឆ្នោតត្រូវបានកែទម្រង់ដោយមានការចូលរួមទ្វេបក្ស ហើយការចុះឈ្មោះអ្នកបោះឆ្នោតត្រូវបានធ្វើឡើងវិញ។

លោក ពុទ្ធា បាននិយាយថា “គ្មានអ្វីល្អឥតខ្ចោះទេ ប៉ុន្តែ “ការបោះឆ្នោតក្នុងពេលខាងមុខនឹងល្អប្រសើរជាងការបោះឆ្នោតលើកមុនៗ”។

សួរថាតើលោកចង់សើរើការរកឃើញរបស់គម្រោងឬយ៉ាងណានោះ លោក ពុទ្ធា បានឆ្លើយថា “ខ្ញុំរវល់ណាស់”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានរិះគន់ការអះអាងរបស់លោក បញ្ញា ដែលថាធនធានរដ្ឋជួយគណបក្សនេះឈ្នះឆ្នោត។ លោកបាននិយាយថា “តើលោកភ្លើ បានជាវាយតម្លៃបែបហ្នឹង?”។

លោក ឥសាន បាននិយាយថា “គល់ បញ្ញា មិនគិតអំពីច្បាប់ទេ។ គាត់ប្រើមនោសញ្ចេតនានិងអារម្មណ៍ ដើម្បីធ្វើការវាយតម្លៃរបស់គាត់។ វាមិនត្រឹមត្រូវទេ”។

អ្នកនាំពាក្យរូបនេះបាននិយាយថា ច្បាប់បច្ចុប្បន្នបានហាមប្រាមមិនឲ្យប្រើដោយខុសចំពោះធនធានរដ្ឋនិងកម្លាំងប្រដាប់អាវុធទេ។ លោកបាននិយាយថា ទោះជាយ៉ាងនេះក្តី ប្រព័ន្ធផ្សព្វផ្សាយក្នុងយុទ្ធនាការនិងការប្រើហិរញ្ញវត្ថុ គឺជាការទទួលខុសត្រូវរបស់ភាគីនីមួយៗ ហើយគណបក្សប្រជាជនកម្ពុជាមានបទពិសោធច្រើនយូរហើយ។

អ្នកនាំពាក្យរូបនេះបាននិយាយថា ” វាមិនដូចគ្នានឹងប្រដាល់នោះទេ បើអ្នកឯងមានទម្ងន់ធ្ងន់ជាង គេឲ្យអ្នកឯងបញ្ចុះទម្ងន់ហើយ”៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស