29 C
Phnom Penh

ជនសង្ស័យបោកគ្រាប់បែកត្រូវបានបង្ហាញនៅមុខបណ្តាញព័ត៌មាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្ស៨នាក់ដែលត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងការបោកគ្រាប់បែកនៅក្នុងក្រុងភ្នំពេញកាលពីដើមខែនេះ ត្រូវបានបង្ហាញមុខចំពោះបណ្តាញព័ត៌មានកាលពីថ្ងៃសុក្រ និងជាប់ចោទពីបទពាក់ព័ន្ធក្នុងគម្រោងសម្លាប់បុរសម្នាក់ទាក់ទិននឹងរឿងស្នេហា។

មនុស្ស៨នាក់ដែលត្រូវចាប់ខ្លួនជាប់សង្ស័យថាពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកកាលពីដើមខែនេះបង្ហាញចំពោះមុខប្រព័ន្ធផ្សព្វផ្សាយនៅឯក្រសួងមហាផ្ទៃក្នុងក្រុងភ្នំពេញនៅថ្ងៃសុក្រ។ រូបថត ស៊ីវ ចាន់ណា
មនុស្ស៨នាក់ដែលត្រូវចាប់ខ្លួនជាប់សង្ស័យថាពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកកាលពីដើមខែនេះបង្ហាញចំពោះមុខប្រព័ន្ធផ្សព្វផ្សាយនៅឯក្រសួងមហាផ្ទៃក្នុងក្រុងភ្នំពេញនៅថ្ងៃសុក្រ។ រូបថត ស៊ីវ ចាន់ណា

ទោះបីជាមានការអះអាងដំបូងដែលថា ការបោកគ្រាប់បែកនៅថ្ងៃទី៦ខែកញ្ញា ដែលបណ្តាលឲ្យរបួសមនុស្សយ៉ាងតិច៣នាក់ ជារឿងនយោបាយក៏ដោយ ក៏ក្រុមមន្ត្រីបានប្រកាសកាលពីថ្ងៃពុធថា តាមការពិតវាជាប់ទាក់ទងនឹង “រឿងស្នេហា” ពាក់ព័ន្ធនឹងបុរសវៀតណាមម្នាក់ដែលរងរបួសដោយការផ្ទុះនោះដែរ។

កាលពីថ្ងៃសុក្រ ក្រុមអ្នកសើុបអង្កេតបាននិយាយថា បុរសម្នាក់ផ្សេងឈ្មោះ អ៊ា លីហួរ ជាគោលដៅគ្រោងទុក។

លោក លីហួរ  ដែលមិនបានរងរបួស បានបដិសេធមិននិយាយនៅពេលដែលអ្នកកាសែតទៅហាងលក់គ្រឿងម៉ូតូរបស់គាត់នៅផ្លូវលេខ១៦៣ ក្នុងខណ្ឌចំការមន ស្ថិតនៅចម្ងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីកន្លែងបោកគ្រាប់បែកនោះ។

ក្នុងសន្និសីទកាសែតមួយក្នុងក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃសុក្រ នគរបាលបាននិយាយថា ជនជាប់ឃុំ៨នាក់នេះនៅពីក្រោយទាំងការបោកគ្រាប់បែក ទាំងការប៉ុនប៉ងមិនបានសម្រេចពីមុនដើម្បីសម្លាប់លោក លីហួរ ។

និយាយនៅមុខអ្នកជាប់ឃុំដែលមានទឹកមុខភ័យព្រួយ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញបានអះអាងថា មនុស្សទាំង៨នាក់ជាផ្នែកមួយនៃគម្រោងឃាតកម្មមិនបានសម្រេចេនះ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានរៀបរាប់ថា ជាច្រើនថ្ងៃមុនពេលបោកគ្រាប់បែកនោះ ជនជាតិខ្មែរឈ្មោះ សុខ  គឹមលី អាយុ៤១ឆ្នាំ ជាមេខ្លោង និងជនជាតិវៀតណាមពីរនាក់ឈ្មោះ ចាំង ធីវ៉េ និង ឡេ យាំងយ៉ុង បានជួលឈ្មោះ នីស៊យ បិុញ ជាជនជាតិវៀតណាមដែរឲ្យបាញ់សម្លាប់លោក លីហួរ ប៉ុន្តែ មិនបានសម្រេច។បន្ទាប់ពីការប៉ុនប៉ងនោះមកអ្នកស្រី គឹមលី បន្ទាប់មក បានសុំឲ្យប្តីប្រពន្ធឈ្មោះ ប៊ុន ភក្តី និងប្រពន្ធរបស់គាត់ឈ្មោះ ប៊ូ សុភាព រៀបចំការបោកគ្រាប់បែកសម្លាប់លោក អ៊ា លីហួរ ។ ប្តីប្រពន្ធនេះបានសុំឲ្យឈ្មោះ សាក់ មា៉ប់ ធ្វើការវាយប្រហារនេះ។

បុរសម្នាក់ទៀតឈ្មោះ នូ សំបាន ក៏ជាប់ចោទថា ជាជនរួមគំនិតម្នាក់ដែរ។ ការជាប់ពាក់ព័ន្ធរបស់គាត់មិនត្រូវបានឲ្យដឹងទេ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បាននិយាយថា “នេះជាករណីប៉ុនប៉ងឃាតកម្ម ហើយផែនការធ្វើឃាតគិតទុកជាមុននេះជាអំពើសងសឹក”។

ដោយមិនផ្តល់សេចក្តីពិស្ដារបន្ថែមទៀត លោកបាននិយាយបន្ថែមថា “ជនសង្ស័យ៨នាក់នឹងត្រូវបញ្ជូនទៅតុលាការ ហើយជាប់ចោទពីបទប៉ុនប៉ងធ្វើឃាតដោយការបាញ់សម្លាប់”។

លោក លី សុផាណា អ្នកនាំពាក្យតុលាការក្រុងភ្នំពេញបាននិយាយថា ក្រុមនេះត្រូវបានចោទសួរដោយព្រះរាជអាជ្ញារង ហឹុង ប៊ុនថន ។

លោក សុផាណា បាននិយាយថា មកដល់ត្រឹមល្ងាចថ្ងៃសុក្រ តុលាការបានសម្រេចចោទប្រកាន់ជនជាតិវៀតណាម៣នាក់ពីបទប៉ុនប៉ងធ្វើឃាត និងឃុំខ្លួនពួកគេជាបណ្តោះអាសន្ន។

លោកបាននិយាយថា អ្នកផ្សេងទៀតត្រូវបញ្ជូនត្រឡប់ទៅក្រសួងមហាផ្ទៃ។

នៅពេលដែលនគរបាលបានអះអាងជាសាធារណៈថា ការបោកគ្រាប់បែកនោះជារឿងនយោបាយ ការសង្ស័យបានចាប់ផ្តើមតាមបណ្តាញព័ត៌មានហ្វេសប៊ុកថា សមត្ថកិច្ចនិងប្រើឧប្បត្តិហេតុនេះជាលេសមួយដើម្បីរឹតបន្តឹងសន្តិសុខមុនការជំនុំជម្រះលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងនៅ៣ថ្ងៃបន្ទាប់ ដែលនៅពេលនោះអ្នកគាំទ្របក្សប្រឆាំងរាប់រយនាក់បានមកជួបជុំគ្នានៅក្រុងភ្នំពេញ។

កាលពីថ្ងៃសុក្រ នគរបាលបាននិយាយថា ខ្លួនមិនជាប់ពាក់ព័ន្ធពីការអះអាងដំបូងរបស់ខ្លួនទេ។

លោក គៀត ចាន់ថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ ដែលដំបូងឡើយនិយាយថា ការផ្ទុះនោះជាស្នាដៃ “ក្រុមនយោបាយ” ដែល”មានចេតនាបង្កចលាចលសង្គម” បានបដិសេធថា មិនធ្លាប់ធ្វើការសន្និដ្ឋានណាមួយបែបនេះទេ។

លោកបាននិយាយថា “យើងអាចទទួលស្គាល់ថា ការសន្និដ្ឋានដំបូងគឺខុស ប៉ុន្តែ អំឡុងពេលនោះខ្ញុំចាំថា ខ្ញុំមិនបាននិយាយថា វាជារឿងនយោបាយទេ”។

លោកបាននិយាយថា “ខ្ញុំគ្រាន់តែបាននិយាយថា យើងមិនបានឃើញផែនការណាមួយដែលបង្ហាញថា វាជារឿងសងសឹកទេ។ខ្ញុំបាននិយាយថា ប្រហែលជាមានបញ្ហាផ្សេងទៀត ប៉ុន្តែ ខ្ញុំមិនបាននិយាយឲ្យច្បាស់ថា វាជារឿងនយោបាយឡើយ”៕និត រាយការណ៍បន្ថែមដោយ (George Wright)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស