28 C
Phnom Penh

គ.ជ.ប. នឹងពិនិត្យភាពមិនប្រក្រតីនៃការចុះឈ្មោះបោះឆ្នោតទាហាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃសុក្រថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នឹងធ្វើការស្រាវជ្រាវដល់ទីកន្លែងក្នុងខេត្តចំនួនបី បន្ទាប់ពីគណបក្សសង្គ្រោះជាតិបានចោទទាហានថា បានយកកម្លាំងរបស់ខ្លួនទៅចុះឈ្មោះបោះឆ្នោតនៅក្រៅទីលំនៅ ឬទីសំណាក់ពិតប្រាកដរបស់សាមីខ្លួន។

យោងតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទទួលព័ត៌មានថា ទាហាន រាជអាវុធហត្ថ និងនគរបាល ត្រូវបានអនុញ្ញាតឲ្យចុះឈ្មោះនៅក្រៅមូលដ្ឋានរបស់ខ្លួន ក្នុងខេត្តព្រះវិហារ សៀមរាប និងខេត្តបាត់ដំបង។

លោក ពុទ្ធា បាននិយាយថា “ព័ត៌មាននេះ គ.ជ.ប.បានទទួលមុន ហើយគ.ជ.ប.ក៏បានបញ្ចូនមន្ត្រីច្បាប់ មន្ត្រីជំនាញរបស់ខ្លួនទៅធ្វើការស្រាវជ្រាវពាក់ព័ន្ធនឹងរឿងនេះហើយ។ ហើយប្រហែលជាអាទិត្យក្រោយនឹងមានរបាយការណ៍ហើយរឿងនេះ”។

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរទៅលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីប្រាប់ឲ្យគណៈកម្មាធិការនេះដឹងអំពីការរំលោភបំពានច្បាប់បោះឆ្នោតពីសំណាក់ទាហាន។

ច្បាប់តម្រូវឲ្យអ្នកបោះឆ្នោតត្រូវតែមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងត្រូវចុះឈ្មោះបោះឆ្នោត។ ដើម្បីចុះឈ្មោះ ប្រជាពលរដ្ឋត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងមានលំនៅឋាន ឬទីសំណាក់ក្នុងឃុំសង្កាត់ដែលសាមីខ្លួនត្រូវបោះឆ្នោត។

ការបោះឆ្នោតឃុំសង្កាត់គ្រោងនឹងធ្វើនៅថ្ងៃទី៤ខែមិថុនាឆ្នាំក្រោយ រីឯការបោះឆ្នោតជាតិវិញនឹងធ្វើនៅខែកក្កដាឆ្នាំ២០១៨។

លិខិតរបស់លោក កឹម សុខា មានខ្លឹមសារថា ច្បាប់បោះឆ្នោតត្រូវបានរំលោភបំពាន ដោយសមាជិកកងកម្លាំងប្រដាប់អាវុធត្រូវបានគេបញ្ជូនឲ្យទៅចុះឈ្មោះបោះឆ្នោតនៅតាមមូលដ្ឋានក្នុងខេត្តមួយចំនួន ដែលមិនមែនជាទីលំនៅ ឬទីសំណាក់របស់កងកម្លាំងប្រដាប់អាវុធ យោធា និងនគរបាលទាំងនោះ។

លិខិតនិយាយថា ការចុះឈ្មោះបោះឆ្នោតនៅទីតាំងផ្សេងពីទីលំនៅ ឬទីសំណាក់របស់សាមីខ្លួនបែបនេះ គឺជាសកម្មភាពដែលរំលោភបំពានលើច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦។

ទាំងលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ទាំងលោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃសុក្រ។

លោ ពុទ្ធា បានទទួលស្គាល់ថា មានការលំបាកចំពោះសមាជិកកងកម្លាំងប្រដាប់អាវុធក្នុងការវិលត្រឡប់ទៅផ្ទះរបស់ខ្លួន ដើម្បីចុះឈ្មោះ ហើយទៅម្តងទៀតដើម្បីបោះឆ្នោត “ពីព្រោះពួកគេមានភារកិច្ចនៅតាមបន្ទាយរបស់ខ្លួន”។

ទោះជាយ៉ាងនេះក្តី លោកបានលើកឡើងនូវការងារដែលអាចមាន ដោយបញ្ជាក់ថាមានមន្ត្រីទាហាននិងនគរបាលយ៉ាងហោចណាស់៧០.០០០នាក់នឹងត្រូវដាក់នៅតាម២២.០០០ការិយាល័យបោះឆ្នោតក្នុងប្រទេស នៅថ្ងៃបោះឆ្នោតឆ្នាំក្រោយ។

“អ៊ីចឹង ទាហានទាំងនោះអាចត្រូវចាត់តាំងឲ្យទៅចុះឈ្មោះនៅតាមកន្លែងដែលពួកគាត់នឹងត្រូវការពារ”៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស