30 C
Phnom Penh

រដ្ឋមន្ត្រី​​ប្រាប់​ UN ​ថា ​​ការ​ឲ្យ​ប្រកាន់​​តាម​ ’លទ្ធិ​ប្រជា​ធិបតេយ្យល្អ​ឥតខ្ចោះ​​’ មិន​សម​ហេតុ​សម​ផល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយការពាររដ្ឋាភិបាលចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍ ដោយលើកឡើងថា គណបក្សកាន់អំណាចត្រូវបានគេតម្រូវឲ្យប្រកាន់តាម “លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះ” ដោយមិនសមហេតុសមផល ខណៈគណបក្សប្រឆាំង “កំពុងប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ”។

ពេលថ្លែងសុន្ទរកថាដ៏សំខាន់លើកដំបូងទៅកាន់អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីក្រសួងការបរទេសថ្មីរូបនេះគឺជាមន្ត្រីរដ្ឋាភិបាលចុងក្រោយបំផុតដែលវាយបកលើការអះអាងដែលថា គណបក្សប្រជាជនកម្ពុជាកំពុងព្យាយាមបំបាក់គណបក្សប្រឆាំង និងអ្នករិះគន់ផ្សេងៗទៀតមុនការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ  និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសថ្លែងអំឡុងសម័យប្រជុំលើកទី៧១របស់មហាសន្និបាតអង្គការសហ ប្រជាជាតិកាលពីថ្ងៃសៅរ៍ ក្នុងទីក្រុងញូវយ៉ក។ រូបថតៈ UN Photo / Cia Pak
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសថ្លែងអំឡុងសម័យប្រជុំលើកទី៧១របស់មហាសន្និបាតអង្គការសហ ប្រជាជាតិកាលពីថ្ងៃសៅរ៍ ក្នុងទីក្រុងញូវយ៉ក។ រូបថតៈ UN Photo / Cia Pak

លោកបានមានប្រសាសន៍ថា “ស្ថាប័នអន្តរជាតិ និងសមាជិកសភាលោកខាងលិចជួនកាលបានចោទប្រកាន់  និងព្យាយាមដាក់ការស្ដីបន្ទោស។ ខ្ញុំនៅទីនេះចំពោះមុខអស់លោកមិនមែនក្នុងនាមជាគណបក្សដែលត្រូវបានចោទប្រកាន់ទេ ខ្ញុំនិយាយទៅកាន់អស់លោកក្នុងនាមជាប្រទេសដែលតែងតែត្រូវបានវិនិច្ឆ័យក្នុងផ្លូវអវិជ្ជមាន ហើយថែមទាំងតែងតែត្រូវបានគេយល់ខុស  និងមិនទទួលស្គាល់ទៀតផង ជាពិសេសនៅលោកខាងលិច”។

ដោយសំដែងការសោកស្តាយចំពោះស្ដង់ដារប្រជាធិបតេយ្យដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ លោក ប្រាក់ សុខុន បានលើកឡើងថា ”នៅលោកខាងលិច  អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ប្រព័ន្ធផ្សព្វផ្សាយខ្លះ និងរដ្ឋាភិបាលខ្លះតែងតែចាត់ទុកភាពខ្សោយរបស់យើងជាស្ថានភាពមិនអាចទទួលយកបាន”។

លោកបានថ្លែងបន្តថា  ”នៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស យើងត្រូវបានស្នើឱ្យទទួលយកគំរូលទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះ ហើយនេះមិនបានគិតដល់ការពិតដែលថា ប្រទេសមួយចំនួនផ្សេងទៀតមានវិធីសាស្ត្រផ្សេងនោះឡើយ។ យើងតែងតែស្ថិតក្នុងស្ថានភាពដែលគណបក្សប្រឆាំងកំពុងប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ”។

ទាំងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង និងលោក កឹម សុខា អនុប្រធានរបស់លោកត្រូវបានរារាំងដោយជោគជ័យមិនឱ្យមានសកម្មភាពតាមរយៈអ្វីដែលមជ្ឈដ្ឋានទូទៅមើលឃើញថា ជាសំណុំរឿងតុលាការមានជាប់ពាក់ព័ន្ធរឿងនយោបាយ។ លោក សម រង្ស៊ី  កំពុងរស់នៅក្នុងប្រទេសបារាំង ដើម្បីគេចពីការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ខណៈលោក កឹម សុខា បាននិងកំពុងរស់នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិនៅក្នុងរាជធានីភ្នំពេញដើម្បីគេចពីការចាប់ខ្លួន។

កាលពីដើមខែនេះ ប្រទេសចំនួន៣៦បានចេញសេចក្ដីថ្លែងការណ៍មួយអំឡុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយលើកឡើងពីកង្វល់យ៉ាងខ្លាំង “ពាក់ព័ន្ធការកើនឡើងកម្ដៅនាពេលបច្ចុប្បន្ននៃភាពតានតឹងនយោបាយនៅកម្ពុជា ដែលគំរាមកំហែងដល់សកម្មភាពស្របច្បាប់របស់គណបក្សប្រឆាំង និងអង្គការសិទ្ធិមនុស្ស”។

លោក នៃ សំអុល ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការប្រជាជាតិបានឆ្លើយតបចំពោះសេចក្ដីថ្លែងការណ៍នេះ ដោយលើកឡើងថា កង្វល់ដ៏ខ្លាំងនេះផ្អែកលើស្ថានការណ៍មិនពិតដែលបង្ហាញដោយ  ”គណបក្សនយោបាយ និងអង្គភាពផ្សេងៗ”។ លោកបន្ថែមថា “យើងមិនស្វាគមន៍ចំពោះការជ្រៀតជ្រែកនៅក្នុងស្ថានភាពនយោបាយរបស់យើងទេ”។

លោក នីកូឡាស អាហ្គោស្ទីនី (Nicolas Agostini) តំណាងសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (International Federation For Human Rights)ប្រចាំអង្គការសហប្រជាជាតិបានលើកឡើងថា  ការនិយាយការពាររបស់កម្ពុជាប្រឆាំងការរិះគន់ពីអន្តរជាតិកំពុងតែហាក់បីដូចជាមានភាពស្រដៀងគ្នាកាន់តែខ្លាំងឡើងៗទៅនឹងប្រទេសចិនដែលឥឡូវជាអ្នកផ្ដល់ផលប្រយោជន៍បរទេសធំបំផុតរបស់ខ្លួន។

លោក នីកូឡាស អាហ្គោស្ទីនី បានលើកឡើងតាមរយៈអុីម៉េលមួយថា “ការឆ្លើយតបរបស់កម្ពុជាចំពោះការរិះគន់ពីអន្តរជាតិកំពុងតែផ្អែកកាន់តែខ្លាំងឡើងៗលើការច្រានចោល’ការជ្រៀតជ្រែក’ ‘ស្ដង់ដារពីរ’ និង’ការធ្វើឲ្យរឿងអ្វីមួយក្លាយជារឿងនយោបាយ’ ។ ទាំងនេះជាសញ្ញាបង្ហាញពីទំនាក់ទំនងការទូតជាមួយចិន។ ក្នុងនោះ យើងអាចនិយាយបានថា ចិនមានឥទ្ធិពលលើទំនាក់ទំនងអន្តរជាតិរបស់គណបក្សប្រជាជនកម្ពុជា”។

លោកបានបន្តថា ”គ្មានអ្វីបញ្ជាក់ប្រាប់ពលរដ្ឋខ្មែរឬប្រជាពលនៅតំបន់អាស៊ីឲ្យបានច្បាស់អំពីវិធីសាស្ត្រប្រកាន់តាមលទ្ធិប្រជាធិបតេយ្យដែលពោរពេញដោយភាពចន្លោះប្រហោងរបស់គណបក្សប្រជាជនកម្ពុជាទេ។ អ្វីដែលយើងកំពុងមើលឃើញ គឺអ្វីដែលអ្នកកាន់អំណាចផ្ដាច់ការកំពុងធ្វើនៅក្នុងពិភពលោក ដូចជាការយារយីគណបក្សប្រឆាំង ការចាប់បុគ្គលសំដែងមតិយោបល់ឯករាជ្យដាក់ពន្ធនាគារ និងការព្យាយាមបំភិតបំភ័យសង្គមទាំងមូល រួមមានការគំរាមប្រើហិង្សា ដើម្បីក្ដោបក្ដាប់អំណាចជាដើម”។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំតំបន់អាស៊ី ក៏បានលើកឡើងផងដែរថា ការច្រានចោលរបស់រដ្ឋាភិបាលចំពោះគំនិតរបស់លោកខាងលិចអាចមើលឃើញថា  ជាការទោរទន់ទៅរករដ្ឋាភិបាលក្រុងប៉េកាំង។

លោកលើកឡើងតាមរយៈអុីម៉េលមួយថា ”ខណៈរដ្ឋាភិបាលកម្ពុជាកំពុងតែបង្កើនការបង្ក្រាបលើអង្គការមិនមែនរដ្ឋាភិបាល និងគណបក្សប្រឆាំងនោះ រដ្ឋាភិបាលក៏កំពុងតែខិតខំបញ្ចុះបញ្ចូលរដ្ឋាភិបាល និងជាពិសេសប្រទេសម្ចាស់ជំនួយកុំឱ្យចូលមកពាក់ព័ន្ធដែរ ដោយអះអាងថា ប្រទេសភាគច្រើនដែលនៅស្ងាត់ស្ងៀមនោះគាំទ្រខ្លួននៅក្នុងបញ្ហានេះ”។

លោកបានបន្ថែមថា “នេះគឺជាភាពស្មោះត្រង់មួយផ្នែក និងជាការទោរទន់មួយផ្នែកទៅរកប្រទេសចិន ជាសម្ពន្ធមិត្តដែលមិនខ្វល់ថាតើកម្ពុជាបានរំលោភសិទ្ធិមនុស្សក្នុងកម្រិតប៉ុណ្ណានោះ”។

លោកបានបន្ថែមទៀតថា “អ្វីដែលយើងឮពីរដ្ឋាភិបាលបរទេស ទីមួយ គឺក្ដីព្រួយបារម្ភយ៉ាងខ្លាំងជាច្រើនពាក់ព័ន្ធបញ្ហាថាតើ ត្រូវស្ដារស្ថានភាពសិទ្ធិមនុស្សដែលកំពុងចុះដុនដាបយ៉ាងឆាប់រហ័សមកវិញតាមរបៀបណា ប៉ុន្តែទី២ គឺការអស់សង្ឃឹមមិនដឹងថាត្រូវធ្វើអ្វី ពីព្រោះរដ្ឋាភិបាលកម្ពុជាមិនព្រមស្ដាប់ការរិះគន់ដែលធ្វើឡើងជាសាធារណៈ  ឬជាលក្ខណៈបុគ្គល”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលលើកឡើងថា ការរិះគន់របស់លោកខាងលិចគឺមិនបានគិតដល់វប្បធម៌ខុសគ្នានោះឡើយ។

លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “លទ្ធិប្រជាធិបតេយ្យរបស់យើងផ្អែកលើរដ្ឋធម្មនុញ្ញរបស់យើង។ ប្រសិនបើនរណាម្នាក់មិនពេញចិត្ត  សូមដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ឬក្រុមប្រឹក្សាធម្មនុញ្ញ”។

លោកបានបន្ថែមថា “លទ្ធិប្រជាធិបតេយ្យរបស់យើងខុសគ្នាស្រឡះពីលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសអស់លោក។ យើងហូបបាយ រីឯអស់លោកវិញហូបបឺហ្គឺ។ យើងខុសគ្នាស្រឡះ”៕ ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស