29 C
Phnom Penh

ឈ្មួញឈើ​​​​​​ិវៀតណាមត្មះតិះដៀលក្រុមអ្នកកាសែតចំពោះការក្បត់នឹងខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឈ្មួញឈើស្តុកស្តម្ភម្នាក់នៅខេត្តស្ទឹងត្រែង បានត្មះតិះដៀលអ្នកកាសែតមូលដ្ឋានមួយក្រុមកាលពីថ្ងៃសុក្រ ចំពោះការរាយការណ៍ពីសកម្មភាពកាប់ឈើខុសច្បាប់របស់ខ្លួនប្រាប់សមត្ថកិច្ច ថ្វីបើពួកគេទទួលយកការសូកប៉ាន់ឲ្យរក្សាភាពស្ងាត់ស្ងៀមក្តី។

អ្នកស្រី ហេង សំនៀង ដែលគេចផុតពីការផ្តន្ទាទោសម្តងហើយម្តងទៀតថ្វីបើគាត់ជាប់ពាក់ព័ន្ធករណីកាប់ឈើខុសច្បាប់ជាច្រើនក្តី បានកោះប្រជុំនៅក្នុងស្រុកសៀមបូក កាលពីព្រឹកថ្ងៃសុក្រ ដើម្បីថ្កោលទោសក្រុមអ្នកកាសែតដែលគាត់ជឿថាបានរាយការណ៍ប្រាប់កងរាជអាវុធហត្ថអំពីសកម្មភាពដឹកជញ្ជូនឈើមួយកាលពីពេលថ្មីៗនេះ។

អ្នកស្រី ហេង សំនៀង ដែលជាទូទៅគេស្គាល់ថា “យាយព្រឿង” បានប្រាប់អ្នកកាសែតប្រមាណ១០នាក់នៅក្នុងវីដេអូមួយបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីចុងសប្តាហ៍កន្លងទៅថា “អ្នកកាសែតទាំងអស់ជាសាក្សីដឹងឮការរកស៊ីរបស់ខ្ញុំ ព្រោះពួកគេទទួលលុយពីខ្ញុំ”។

ខណៈលើកធូបអុជពីលើក្បាល អ្នកស្រីរៀបរាប់រាប់ថា ពួកគេបានទទួលលុយជាថ្នូរនឹងការរក្សាភាពស្មោះត្រង់របស់ខ្លួនចំពោះកាត់ ប៉ុន្តែអ្នកកាសែតទាំងនោះបានបំពានសេចក្តីថ្លៃថ្នូររបស់ខ្លួនដោយការរាយការណ៍ប្រាប់សមត្ថកិច្ចអំពីសកម្មភាពខុសច្បាប់របស់គាត់។

ឈ្មួញរូបនេះបាននិយាយទាំងកំហឹងថា “ខ្ញុំរកស៊ីបានលុយតិចតួច ហើយខ្ញុំចែករំលែកគ្នា។ បើពួកគេទទួលបានព័ត៌មានពីខ្ញុំ សូមកុំធ្វើបាបខ្ញុំ។បើពួកគេធ្វើបាបខ្ញុំ ពួកគេនឹងងាប់ដោយក្រឡាប់ឡាន”។ស្ត្រីរូបនេះបានបដិសេធមិនឆ្លើយបំភ្លឺទេទាក់ទិនការកោះប្រជុំខាងលើនេះ នៅពេលទាក់ទងបានកាលពីម្សិលមិញ។

លោក រស់ សាលី អ្នកយកព័ត៌មាននៅក្នុងខេត្តេនះឲ្យកាសែតកោះសន្តិភាពដែលមានវត្តមានក្នុងអង្គប្រជុំនោះដែរ និយាយថា ការកោះប្រជុំនេះធ្វើឡើងដោយអ្នកស្រី ហេង សំនៀង បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានឃាត់រថយន្តតួរីស ៥គ្រឿងដែលដឹកឈើពេញរបស់គាត់មិនឲ្យឆ្លងដែនចូលទៅប្រទេសវៀតណាម កាលពីយប់ថ្ងៃព្រហស្បតិ៍។

លោកនិយាយទៀតថា ដោយទទួលបានដំណឹងថាកងរាជអាវុធខេត្តបានរាំងផ្លូវរថយន្តតួរីសទាំងនោះនៅចន្លោះខេត្តក្រចេះ និងខេត្តត្បូងឃ្មុំតាមកំណាត់ផ្លូវជាតិលេខ៧ អ្នកស្រី ហេង សំនៀង បានប្រាប់ក្រុមអ្នកបើកបររថយន្តឲ្យលុបចោលការដឹកជញ្ជូននោះ។ នៅពេលអ្នកបើកបររថយន្តទាំងនោះត្រឡប់ទៅដល់ឃ្លាំងរបស់អ្នកស្រី ហេង សំនៀង នៅក្នុងស្រុកសៀមបូកវិញ សមត្ថកិច្ចក៏បានបានទៅដល់ទីនោះភ្លាមដែរ បណ្តាលឲ្យគាត់បន្ទោសក្រុមអ្នកកាសែតចំពោះការរាយការណ៍ប្រាប់សមត្ថកិច្ច។

លោកបានបន្តថា “យាយព្រឿង ជាឈ្មួញឈើនៅក្នុងខេត្តស្ទឹងត្រែង ហើយរាល់អ្នកកាសែត និងសមត្ថកិច្ចសុទ្ធតែដឹងពីរបៀបគាត់រកសីុជាយូរមកហើយ ព្រោះពួកគេទទួលលុយប្រចាំខែពីគាត់”។

លោក អៀង វណ្ណឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា វាពិតជាដូចការរៀបរាប់របស់លោក រស់ សាលី អំពីហេតុការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះប្រាកដមែនប៉ុន្តែថា ករណីនេះត្រូវបានប្រគល់ឲ្យទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងហើយហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយទៀតទេ។

មន្ត្រីរដ្ឋបាលព្រៃឈើមិនអាចទាក់ទងសំុការបំភ្លឺបានទេ។ពួកគេបាននិយាយកាលពីខែមុនថា ស្ត្រីឈ្មួញឈើរូបនេះកំពុងត្រូវបានស៊ើបអង្កេត បន្ទាប់ពីការឆ្មក់ចូលឃ្លាំងរបស់គាត់បានបង្ហាញពីឈើកាប់ថ្មីៗដោយខុសច្បាប់ជាច្រើន។ទោះជាយ៉ាងណា ពួកគេនិយាយថា ស្ត្រីរូបនេះ និងបុគ្គលិករបស់គាត់មិនត្រូវបានសួរនាំ ឬឃាត់ខ្លួនឡើយក្នុងករណីនេះ ហើយបដិសេធមិនពន្យល់ពីមូលហេតុអ្វីទាំងអស់។

លោក នូ ហួ ស្នងការរងខេត្តមាន ប្រសាសន៍ ថា កន្លងមកអ្នកស្រី ហេង សំនៀង ធ្លាប់បានប្រាប់មន្ត្រីរបស់លោកថា អ្នកស្រីបានបង់ប្រាក់ឲ្យមន្ត្រីជាន់ខ្ពស់ដើម្បីអនុញ្ញាតឲ្យគាត់បន្តការរកស៊ីទៀត។បុ៉ន្តែលោកបញ្ជាក់ថា លោក មិនជឿគាត់ទេ។ “ខ្ញុំមិនគិតថា យាយព្រឿង បង់លុយប្រចាំខែឲ្យប៉ូលិសទេ ព្រោះ ខ្ញុំមិនដែលទទួលបានលុយនោះសូម្បីតែ១ដុល្លារ”។

លោកលើកឡើងថា សមត្ថកិច្ចបានដឹងពីសកម្មភាពខុសច្បាប់របស់គាត់ ប៉ុន្តែ “សមត្ថ កិច្ចរបស់យើងមិនយាមកាម២៤ម៉ោងដើម្បីឃាត់ការដឹកជញ្ជូនឈើទេ” ហេតុដូច្នេះមិនអាចបញ្ឈប់អ្វីដែលលោកសង្ស័យថាជាឈើឆ្លងដែននៅពេលយប់ជ្រៅបានឡើយ។

កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលបានដាក់បម្រាមទូទៅលើការនាំចេញឈើទៅវៀតណាម ដើម្បីទប់ការកាប់ឈើខុសច្បាប់។ ទោះជាយ៉ាងណា ទិន្នន័យគយវៀតណាម បានបង្ហាញថាឈើប្រណីតជាច្រើននៅតែត្រូវបាននាំចេញ ដែលមានតម្លៃជាង៨៥លានដុល្លារអំឡុងឆមាសទី១ដើមឆ្នាំនេះ។

យោងតាមលោក ហូរ សំអុល មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះបានមានប្រសាសន៍ថា អ្នកស្រី ហេង សំនៀង បានសាងបណ្តាញអ្នកកាសែតក្នុងមូលដ្ឋានយ៉ាងហោចណាស់២០នាក់ ដែលត្រូវបានសូកប៉ាន់ឲ្យបិទមាត់។

លោកបានលើកឡើងទៀតថា “អ្នកកាសែតដែលទទួលបានលុយប្រចាំខែពីយាយព្រឿង តែងតែស្ងាត់ស្ងៀម”។ ចំណែកឯអ្នកកាសែតផ្សេងៗទៀតដែលមិនទទួលបាន “តែងតែរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យឃាត់រថយន្តរបស់គាត់កុំឲ្យដឹកឈើ”។

អ្នកកាសែតម្នាក់ឈ្មោះ គឹម ស្រេង មកពីគេហទំព័រព័ត៌មានដើមអម្ពិលនិយាយថា គាត់មិនទទួលបានលុយជាប្រចាំពីឈ្មួញរូបនេះទេ ប៉ុន្តែស្ត្រីរូបនេះបានឲ្យលុយគាត់ចន្លោះពី៥មឺុនទៅ១០មឺុនរៀលអំឡុងពេលប្រជុំម្តងម្កាលក្នុងពេលកន្លងមក។

លោក រស់ សាលី ជាអ្នកកាសែតដែលបានចូលរួមការប្រជុំខាងលើនេះក៏ទទួលស្គាល់ថាបានទទួលលុយពីអ្នកស្រី ហេង សំនៀង ដែរ ប៉ុន្តែបានបដិសេធមិនបញ្ជាក់ថាចំនួនប៉ុន្មានទេ។ គាត់និយាយថា “បើខ្ញុំប្រាប់ហាក់ដូចខ្ញុំកាត់ពងខ្លួនឯងឲ្យឆ្កែស៊ីអ៊ីចឹង”៕សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស