34 C
Phnom Penh

ជន​សង្ស័យ​ប្រាំ​នាក់​បន្ថែម​ទៀត​ត្រូវ​បាន​ចោទ​ប្រកាន់​​ពីបទ​មនុស្ស​ឃាត​ដោយ​គិត​ទុក​ជាមុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីតុលាការបាននិយាយកាលពីម្សិលមិញថា សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ បានចោទប្រកាន់ជនសង្ស័យជាជនជាតិខ្មែរប្រាំនាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកកាលពីដើមខែនេះ មួយថ្ងៃបន្ទាប់ពីជនជាតិវៀតណាមបីនាក់ដែលត្រូវបានចោទប្រកាន់ពីបទឃុបឃិតជាមួយពួកគេ ត្រូវបានចោទប្រកាន់មក។

cam-photo-front-channa-4យោងតាមលោក លី សុផាណា អ្នកនាំាពាក្យសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍ថា ជនជាតិខ្មែរទាំងប្រាំនាក់នោះគឺឈ្មោះ ប៊ុន ភក្ដី អាយុ៣២ឆ្នាំ ប៊ូ សុភាព អាយុ២៥ឆ្នាំ សាក់ ម៉ាប់ អាយុ៣៦ឆ្នាំ នូ សំបាន អាយុ៣៣ឆ្នាំ និងស្ត្រីជាមេខ្លោងឈ្មោះ សុខ គឹមលី អាយុ៤១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុនដោយចៅក្រមស៊ើបសួរ នូ វាសនា ចំណែកជនសង្ស័យជាជនជាតិវៀតណាមគឺឈ្មោះ ចាំង ធីវ៉េ អាយុ៤៦ឆ្នាំ ឡេ យាំងយ៉ុង អាយុ៤៧ឆ្នាំ និង នី ស័រប៉ិញ អាយុ៣៦ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត។

លោក លី សុផាណា ដែលបានបដិសេធមិនបង្ហាញព័ត៌មានទាក់ទិនភ័ស្តុតាងដាក់បន្ទុកលើចុងចោទទាំងនោះបានមានប្រសាសន៍ថា “ស្ត្រីឈ្មោះ សុខ គឹមលី ត្រូវបានចោទប្រកាន់ពីបទផ្ដួចផ្ដើមគំនិតឱ្យមានការសម្លាប់ដោយគិតទុកជាមុននេះ ហើយជនជាតិខ្មែរផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយគិតទុកជាមុន” ដែលអាចមានទោសជាប់ពន្ធនាគារមួយជីវិត  ប្រសិនបើពួកគេត្រូវបានរកឃើញថាមានពិរុទ្ធភាព។

ចៅក្រម នូ វាសនា មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ ការចោទប្រកាន់ពីបទមនុស្សឃាតដោយគិតទុកជាមុននេះមានចែងនៅក្នុងក្រមព្រហ្មទណ្ឌថា ”ជាផែនការគ្រោងទុកជាមុនដើម្បីប៉ុនប៉ងសម្លាប់ជនរងគ្រោះ” ហើយមិនចាំបាច់ទាល់តែជនរងគ្រោះស្លាប់ឡើយ។ ការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី៦ ខែកញ្ញា បណ្តាលឱ្យមនុស្សយ៉ាងតិចបីនាក់រងរបួស។

លោក ប៉ាល់ សុធី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ឥឡូវនេះជនសង្ស័យទាំងប្រាំបីនាក់កំពុងស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស។

លោក ប៉ាល់ សុធី បានបញ្ជាក់ឡើងវិញថា នគរបាលជឿថា  ការជំរុញឱ្យមានការវាយប្រហារកាលពីខែកញ្ញា ដែលបានកើតឡើងនៅផ្លូវលេខ១៦៣ក្នុងខណ្ឌចំការមន កើតចេញពី “រឿងស្នេហា”។

បន្ទាប់ពីដំបូងលើកឡើងថា គោលដៅដែលគិតទុកគឺបុរសជនជាតិវៀតណាមម្នាក់ដែលបានរងរបួសដោយការបំផ្ទុះនោះ ក្រុមមន្ត្រីកាលពីថ្ងៃសុក្រ បានលើកឡើងថា តាមពិតបុរសរូបនោះឈ្មោះ អៀ លីហួរ ដែលជាម្ចាស់ហាងលក់សម្ភារម៉ូតូស្ថិតនៅចម្ងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីកន្លែងផ្ទុះ ប៉ុន្តែមិនបានរងរបួសឡើយ។

លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីបានមានប្រសាសន៍កាលពីថ្ងៃសុក្រថា អ្នកស្រី សុខ គឹមលី បានជួលជនសង្ស័យម្នាក់ទៀតឈ្មោះ នី ស័រប៉ិញ ឱ្យបាញ់សម្លាប់ អៀ លីហួរ ប៉ុន្មានថ្ងៃមុនការវាយប្រហារដោយគ្រាប់បែក ប៉ុន្តែហេតុការណ៍នោះមិនបានសម្រេច។

អៀ លីហួរ បដិសេធមិនធ្វើអត្ថាធិប្បាយទេនៅពេលអ្នកយកព័ត៌មានធ្វើការទាក់ទងនៅហាងរបស់គាត់កាលពីថ្ងៃសុក្រ ហើយលោក បា៉ាល់ សុធី បានបដិសេធមិននិយាយលម្អិតអំពីការអះអាងទាំងនោះទេកាលពីម្សិលមិញ។

ពីដំបូងលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានមានប្រសាសន៍ថា ការបំផ្ទុះនេះគឺជាស្នាដៃរបស់ “ក្រុមនយោបាយ” ដែល ”មានបំណងបង្កភាពចលាចលនៅក្នុងសង្គម” ហើយបានអះអាងថា ក្រុមមន្ត្រីកំពុងស្វែងរកបុរសពីរនាក់ដែលបានជិះម៉ូតូផុតតែប៉ុន្មានវិនាទីប៉ុណ្ណោះមុនពេលគ្រាប់បែកផ្ទុះ។

ទោះជាយ៉ាងណា កាលពីថ្ងៃសុក្រ លោកបានបដិសេធថាលោកមិនធ្លាប់និយាយដូចនោះទេ។ លោកបានមានប្រសាសន៍ថា “ខ្ញុំនិយាយថា ប្រហែលជាមានបញ្ហាផ្សេង ប៉ុន្តែខ្ញុំមិនបាននិយាយច្បាស់ថា វាជារឿងនយោបាយទេ”៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស