28 C
Phnom Penh

លោក គ្រីស្យង់ ដេ ប៉ាលីយ៉ែរ ស្ថាបនិក​អង្គការ​កុមារ​ក្រៅ​រដ្ឋាភិបាល ស្លាប់​ក្នុង​វ័យ​៨២​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មិត្តភក្តិជាច្រើនបាននិយាយកាលពីថ្ងៃអាទិត្យថា លោក គ្រីស្យង់ ដេ ប៉ាលីយ៉ែរ ដែលរួមជាមួយភរិយារបស់លោកផង បានរួមគ្នាបង្កើតអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ជាអង្គការមួយដែលគាំទ្រកុមារទុគ៌តរាប់ពាន់នាក់នៅប្រទេសកម្ពុជា បានទទួលមរណភាពនៅយប់ថ្ងៃសៅរ៍។

cam-photo-christianលោក ភិន សារ៉ាពេជ្រ ដែលនៅពេលថ្មីៗនេះបានចេញពីតំណែងជានាយក PSE បន្ទាប់ពីធ្វើការរយៈពេល១៦ឆ្នាំ បានមានប្រសាសន៍ថា បុរសជនជាតិបារាំងវ័យ៨២ឆ្នាំរូបនេះបានធ្វើមរណកាលដោយសារជរាពាធ នៅមណ្ឌលរបស់អង្គការនេះក្នុងខណ្ឌមានជ័យ។ លោកបាននិយាយបន្ថែមថា លោក គ្រីស្យង់ ដេ ប៉ាលីយ៉ែរ ដែលក៏មានសញ្ជាតិខ្មែរដែរនោះ បានអស់កម្លាំងនិងពេលខ្លះខ្សោយ ប៉ុន្តែបានសម្រេចចិត្តមិនទៅប្រទេសបារាំងដើម្បីព្យាបាលទេ។

លោក សារ៉ាពេជ្រ បានមានប្រសាសន៍ថា “គាត់បានបន្សល់ទុកគ្រប់យ៉ាង និងបានលះបង់ជីវភាពរស់នៅរបស់គាត់នៅប្រទេសបារាំង ហើយគាត់បានស្នាក់នៅក្នុងប្រទេសកម្ពុជា គាត់បានសម្រេចចិត្តស្លាប់នៅទីនេះ”។

លោក ដេ ប៉ាលីយ៉ែរ និង លោកស្រី ម៉ារី ហ្វ្រង់ ដេ ប៉ាលីយ៉ែរ ភរិយារបស់លោក បានបង្កើតអង្គការដើម្បីភាពញញឹមនៃកុមារ ក្នុងឆ្នាំ១៩៩៦ បន្ទាប់ពីបានឃើញកុមារក្រីក្រដើររើសនិងស៊ីសំរាមនៅកន្លែងចាក់សំរាមស្ទឹងមានជ័យ នៅជាយក្រុងភ្នំពេញ។

បន្ទាប់ពីការរៀបចំបង្កើតមណ្ឌលមួយនៅជិតកន្លែងនោះ គូស្វាមីភរិយារូបនេះបានបង្កើតមណ្ឌលពីរកន្លែងថែមទៀតនៅខេត្តសៀមរាប និងក្រុងព្រះសីហនុ ។ អង្គការក្រៅរដ្ឋាភិបាលនេះ កាលពីសប្តាហ៍មុន បានរៀបចំពិធីអបអរខួបលើកទី២០របស់ខ្លួន ដោយមានការបញ្ចាំងរឿង “Les Pepites,” or “Little Gems ត្បូងតូច,” ជាឯកសារស្តីពីអង្គការនេះ។

អង្គការនេះនិយាយថា ខ្លួនបានជួយចិញ្ចឹមនិងអប់រំកុមារច្រើនជាង១០.០០០នាក់ ចាប់តាំងពីអង្គការបានចាប់ផ្តើមបើកទ្វារមក។

លោក សារ៉ាពេជ្រ ដែលបានចាត់ទុកលោក ដេ ប៉ាលីយ៉ែរ “ដូចជាឪពុករបស់ខ្ញុំជាងមិត្តភក្តិទៅទៀតនោះ” បានមានប្រសាសន៍ថា “ខ្ញុំគិតថា គាត់ជាមនុស្សគំរូពិតប្រាកដក្នុងការចែករំលែកនិងផ្តល់សេចក្តីស្រឡាញ់…។ គាត់បានជួយមនុស្សជាច្រើនឲ្យរួចផុតពីសេចក្តីវេទនា”។

លោក សាបាស្ទាន ម៉ារត (Sebastien Marot) នាយកប្រតិបត្តិនៃអង្គការមិត្តសំឡាញ់ (Friends International) ជាអង្គការក្រៅរដ្ឋាភិបាលមួយផ្សេងទៀត ដែលបានធ្វើការជាយូរមកហើយជាមួយកុមារក្រីក្រ បានមានប្រសាសន៍ថា លោកបានស្គាល់និងបានធ្វើការជាមួយលោក ដេ ប៉ាលីយ៉ែរ ចាប់តាំងពីការបង្កើតអង្គការដើម្បីភាពញញឹមនៃកុមារមកម៉្លេះ។

លោក ម៉ារ៉ត បាននិយាយអំពីការស្លាប់របស់គាត់ថា “ជាការក្រៀមក្រំណាស់។ គាត់ជាអ្នកការពារកុមារដ៏ខ្លាំងម្នាក់។ គាត់បានដើរចុះឡើងឥតឈប់ឈរ និងបាននិយាយអំពីកុមារមកពីតំបន់ក្រីក្រ”។

លោក ម៉ារ៉ត បានមានប្រសាសន៍ថា ទោះបីជាអង្គការទាំងពីរ “មិនមែនតែងតែស្របគ្នាគ្រប់កិច្ចការក៏ដោយ” ក៏លោកជឿថា អង្គការដើម្បីភាពញញឹមនៃកុមារ នឹងបន្តបម្រើអ្នកក្រីក្រតទៅទៀត។

លោកបាននិយាយថា “អង្គការដើម្បីភាពញញឹមនៃកុមាររឹងមាំនិងអាចដំណើរការដោយគ្មានរូបគាត់។ គាត់បានកសាងអ្វីៗដែលនឹងនៅស្ថិតស្ថេរ ហើយនោះជាអ្វីរឹងមាំសម្រាប់កិត្តិយសរបស់គាត់ និងភរិយារបស់គាត់”។

ពិធីបុណ្យសពតាមប្រពៃណីខ្មែរជូនលោក ដេ ប៉ាលីយ៉ែរ គ្រោងនឹងធ្វើនៅថ្ងៃនេះ នាវេលាម៉ោង១រសៀល ក្នុងទីបរិវេណមណ្ឌលអង្គការដើម្បីភាពញញឹមនៃកុមារ ក្នុងសង្កាត់ស្ទឹងមានជ័យ៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស