យុទ្ធនាការតវ៉ា ”ថ្ងៃច័ន្ទពណ៌ខ្មៅ” ដែលបានធ្វើឡើងជាច្រើនសប្តាហ៍មកហើយនោះ បានចាប់ផ្តើមឡើងវិញកាលពីម្សិលមិញ បន្ទាប់ពីផ្អាកគ្មានសកម្មភាពអស់រយៈពេល២សប្តាហ៍ ស្របពេលមានការចាប់ខ្លួន និងការបើកសវនាការជំនុំជម្រះរឿងក្តីរបស់សកម្មជន ហើយរដ្ឋាភិបាលបានព្រមានអ្នកតវ៉ាភ្លាមៗថា សកម្មភាពរបស់ពួកគេត្រូវបាន “កត់ទុក” ហើយ ហើយថា ពួកគេអាចនឹងត្រូវផ្តោតគោលដៅ ប្រសិនបើបន្តការតវ៉ាបន្តទៅមុខទៀត។
ដោយចាប់ផ្តើមនៅក្នុងខែឧសភា សកម្មជនរាប់សិបនាក់មកពីតំបន់រងការបណ្តេញចេញនៅក្នុងរាជធានីភ្នំពេញ បាននាំគ្នាចេញមកតវ៉ាតាមផ្លូវក្នុងរយៈពេល១៨ខែជាប់ៗគ្នាដោយមានការទាមទារជាច្រើន រួមមានការសុំឲ្យដោះលែងមន្ត្រីកំពុងជាប់ពន្ធនាគារមកពីសមាគមសិទ្ធិមនុស្សអាដហុក និងសុំឲ្យមានការសើុបអង្កេតប្រកបដោយភាពឯករាជ្យលើការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយកាលពីខែកក្កដាជាដើម។ កាលពីខែមុនសកម្មជន ទេព វន្នី និង បូវ សោភា ត្រូវបានចាប់ញាត់ចូលក្នុងរថយន្តនគរបាល ខណៈអ្នកតវ៉ាជេរដាក់បណ្តាសា ទីងមោង តំណាងមន្ត្រីតុលាការ ហើយក្រោយមកត្រូវបានរកឃើញថា មានពិរុទ្ធភាពពីបទ “ប្រមាថ”។ អ្នកស្រី ទេព វន្នី និងសកម្មជនបីនាក់ផ្សេងទៀតត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ខែកាលពីសប្តាហ៍មុនពីបទប្រមាថរាជការសាធារណៈ និងប្រឆាំងអ្នករាជការសាធារណៈអំឡុងការតវ៉ាឆ្នាំ២០១១។

ជាលទ្ធផល យុទ្ធនាការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅហាក់បីដូចជាលែងមានសកម្មភាព។ទោះជាយ៉ាងណា កាលពីម្សិលមិញ ក្រុមសកម្មជនបានវិលត្រឡប់មកធ្វើការតវ៉ាតាមផ្លូវឡើងវិញ សម្រាប់ការតវ៉ាពីរដាច់ដោយឡែកពីគ្នានៅក្នុងសហគមន៍បុរីកីឡា និងសហគមន៍បឹងកក់។
នៅអំឡុងពេលព្រឹក នគរបាល និងកងសន្តិសុខរាប់សិបនាក់បាននាំគ្នាចុះទៅកាន់សហគមន៍បុរីកីឡានៅម៉ោងប្រហែល៩និង៣០នាទីព្រឹក ដោយបានបំផ្លាញបដា និងរឹបអូសយកទីងមោងចំបើងតំណាងមន្ត្រីតុលាការពុករលួយ នេះបើយោងតាមសកម្មជន ស សន ។
នៅម៉ោងប្រហែល៥ល្ងាច អ្នកតវ៉ាប្រហែល៤០នាក់បាននាំគ្នាធ្វើដំណើរទៅកាន់តំបន់បឹងកក់ ដោយរិះគន់អ្វីដែលពួកគេចាត់ទុកថា ជាមន្ត្រីពុករលួយដែលកំពុងធ្វើការឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
អ្នកស្រី គង់ ចន្ថា ជាអ្នកតវ៉ាដែលត្រូវបានផ្តន្ទាទោសជាមួយអ្នកស្រី ទេព វន្នី កាលពីសប្តាហ៍មុន ប៉ុន្តែអនុញ្ញាតឲ្យនៅមានសេរីភាពដើម្បីទុកពេលឲ្យដាក់ពាក្យបណ្តឹងឧទ្ធរណ៍នោះបានស្រែកឡើងថា “កាលពីអតីតកាលខ្មែរក្រហមបង្ខំឲ្យប្រជាពលរដ្ឋស្លៀកពាក់ខ្មៅ។ ឥឡូវនេះលោក ហ៊ុន សែន គឺលោកជាអ្នកដែលធ្វើឲ្យយើងស្លៀកពាក់ខ្មៅម្តងទៀត”។
អ្នកស្រី បូ ឆវី ដែលត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ខែកាលពីសប្តាហ៍មុនដែរនោះ បាននិយាយការពារការតវា៉ដែលកំពុងតែបន្តនេះ។

អ្នកស្រីបាននិយាយថា “យើងគ្មានបំណងណាមួយផ្តួលរំលំរដ្ឋាភិបាល ឬប្រើអំពើហិង្សាប្រឆាំងអាជ្ញាធរទេ។ ផ្ទុយទៅវិញអ្នកដែលការពារសិទ្ធិរបស់ប្រជាពលរដ្ឋត្រូវបានចាប់ខ្លួនបញ្ជូនទៅពន្ធនាគារ និងបាញ់សម្លាប់”។
លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានលើកឡើងថា ការចាប់ខ្លួននឹងចាប់ផ្តើមម្តងទៀត ប្រសិនបើសកម្មជនចាប់ផ្តើមធ្វើយុទ្ធនាការតវ៉ាឡើងវិញ ដោយរិះគន់អង្គការមិនមែនរដ្ឋាភិបាលដែលលោកបដិសេធមិនបញ្ចេញឈ្មោះនោះថា បានធ្វើឲ្យការតវ៉ាផ្ទុះឡើងកាន់តែខ្លាំង។
លោកបានមានប្រសាសន៍ថា “យើងដឹងទាំងអស់គ្នាហើយថា ចលនាថ្ងៃច័ន្ទពណ៌ខ្មៅនេះជាចលនាប្រឆាំងនឹងរាជរដ្ឋាភិបាល។ ក្នុងនាមជាអាជ្ញាធរយើងនឹងនៅតែបន្តអនុវត្តច្បាប់”។
លោក ខៀវ សុភ័គ អ្នកនាំាពាក្យក្រសួងមហាផ្ទៃបានព្រមានអ្នកតវ៉ាកុំឲ្យបះបោរប្រឆាំងលោក ហ៊ុន សែន ដែលបាននិយាយប្រឆាំងនឹងភាពគ្រោះថ្នាក់នៃ “បដិវត្តន៍ពណ៌”។ លោកបានលើកឡើងថា អាជ្ញាធរបានកត់ត្រាទុកអ្នកដែលជាប់ពាក់ព័ន្ធនៅក្នុងយុទ្ធនាការតវ៉ានេះរួចហើយ ហើយអាចនឹងផ្តោតគោលដៅលើអ្នកតវ៉ាដើម្បីជាការឆ្លើយតបវិញ។
ឧត្តមសេនីយ៍ ខៀវ សុភ័គ បានលើកឡើងថា “ទោះខែហ្នឹងរួចខ្លួន កុំសន្សំបាប យើងកត់ទុកហើយ”។ លោកបានបន្ថែមថា “ថ្ងៃេនះរួចខ្លួន មិនទាន់អីទេ បើនៅធ្ងន់ហើយ។ ដូច ទេព វន្នី តាំងពីជំនាន់ណា ប៉ុន្តែ គេកត់ត្រាទុក។ ប្រយ័ត្នអាហ្នឹង”៕ ស៊ុយឈាង