ទើបតែមួយសប្ដាហ៍មុន គណបក្សប្រឆាំងបានគំរាមធ្វើមហាបាតុកម្មក្នុងពេលដ៏ខ្លីខាងមុខ នៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញា “កម្ចាត់ចោល” អ្នកប្រឆាំងដែលធ្វើបាតុកម្មជាសាធារណៈ។ ឥរិយាបថនេះបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ទោះបីវាគ្រាន់តែបណ្តោះអាសន្នក្តី។
នៅក្នុងសារមួយបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃអាទិត្យ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានជំរុញឱ្យអ្នកគាំទ្រចៀសវាង “អំពើហិង្សា ពាក្យអសុរោះ ឬពាក្យវាយប្រហារ” ដែលអាចធ្វើឱ្យភាពតានតឹងផ្នែកនយោបាយកាន់តែពុះកញ្ជ្រោលឡើងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខ។
ការអង្វរករនេះកើតមានឡើងបន្ទាប់ពីសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ដែលបានគូសបញ្ជាក់ពី “បទឈប់បាញ់” ដ៏ផុយស្រួយមួយរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង បន្ទាប់ពីគណបក្សសង្គ្រោះជាតិបានព្រលយពាក្យបញ្ចប់ការធ្វើពហិការមិនចូលសភារបស់ខ្លួនដែលអាចកើតមាន។
ទោះជាយ៉ាងណា ការឈប់ទ្រឹងផ្នែកនយោបាយនេះកើតមានឡើងស្របពេលរដ្ឋាភិបាលកំពុងបង្ក្រាបកាន់តែខ្លាំង ដែលក្នុងនោះមន្ត្រីអង្គការសិទ្ធិមនុស្ស និងអ្នកនយោបាយបក្សប្រឆាំងជាង២០នាក់ត្រូវបានចាប់ដាក់ពន្ធនាគារក្នុងឆ្នាំកន្លងទៅ។
កាលពីថ្ងៃអាទិត្យ លោក កឹម សុខា មានប្រសាសន៍ថា លោកឆ្លៀតឱកាសក្នុងពិធីបុណ្យភ្ជុំនេះដើម្បី “សុំឱ្យគ្រួសារនយោបាយខ្មែរបានជួបជុំគ្នាដោះស្រាយបញ្ហាជាតិ”។ លោកសរសេរថា “ខ្ញុំសូមអំពាវនាវជាថ្មីម្ដងទៀត ជាពិសេសថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ សូមចៀសវាងការប្រើអំពើហិង្សា ពាក្យអសុរោះ ឬពាក្យវាយប្រហារគ្នាដែលនាំឱ្យប៉ះពាល់ដល់បរិយាកាសនៃពិធីបុណ្យប្រពៃណីជាតិនេះ និងប៉ះពាល់ដល់បរិយាកាសនយោបាយយូរអង្វែង”។
លោក កឹម សុខា ដែលបានសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញចាប់តាំងពីខែឧសភាមក ត្រូវបានតុលាការផ្ដន្ទាទោសកាលពីថ្ងៃទី៩ ខែកញ្ញា ពីបទបដិសេធក្នុងការចូលខ្លួនទៅតុលាការដើម្បីឆ្លើយសំណួរពាក់ព័ន្ធបទ “សញ្ចរកម្ម” ដែលពាក់ព័ន្ធស្រីកំណាន់ម្នាក់។
រដ្ឋាភិបាលបានធ្វើសមយុទ្ធយោធាមួយចំនួនជុំវិញអគារទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ប៉ុន្តែបញ្ជាក់ថា ខ្លួននឹងមិនចាប់លោក កឹម សុខា ឡើយរហូតទាល់តែដំណើរការប្តឹងទាស់ចប់សព្វគ្រប់។ ប្រសិនបើសាលក្រមនេះតម្កល់ទុកជាបានការដដែល រដ្ឋាភិបាលនិយាយថា លោកនឹងត្រូវបញ្ជូនទៅពន្ធនាគាររយៈពេល៥ខែ និងដកហូតតួនាទីជាតំណាងរាស្ត្រ។
គណបក្សសង្គ្រោះជាតិបានគំរាមធ្វើមហាបាតុកម្ម ប្រសិនបើរដ្ឋាភិបាលធ្វើតាមអ្វីដែលខ្លួនប្តេជ្ញា។ ទោះជាយ៉ាងណា កាលពីសប្ដាហ៍មុនលោក សុន ឆ័យ សមាជិកសភាគណបក្សសង្គ្រោះជាតិបានបញ្ចេញឥរិយាបថចង់ផ្សះផ្សា ដោយលើកឡើងថា គណបក្សរបស់លោកមានឆន្ទៈបញ្ចប់ការធ្វើពហិការមិនចូលសភារបស់ខ្លួន ប្រសិនបើគណបក្សប្រជាជនកម្ពុជាយល់ព្រមពិចារណាឡើងវិញនូវច្បាប់ស្ដីពីតុលាការដែលត្រូវបានអនុម័តកាលពីពេលថ្មីៗនេះ និងការកោះហៅរដ្ឋមន្ត្រីបួនរូបមកធ្វើការសាកសួរ។
លោក សយ សុភាព ជាអ្នកអត្ថាធិប្បាយព័ត៌មានដ៏ល្បីល្បាញមួយរូបក្នុងប្រព័ន្ធផ្សព្វផ្សាយ និងដែលយូរៗម្ដងធ្វើជាអ្នកផ្សះផ្សានយោបាយសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងកាលពីម្សិលមិញថា លោកកំពុងជួយភាគីទាំងពីរដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេ។ លោកបានជំរុញឱ្យបណ្តាអ្នកយកព័ត៌មានរង់ចាំមើលសិនថា តើអាចរកបានផលប្រយោជន៍ដែរទេ។ លោកគូសបញ្ជាក់ថា “ចាំចប់សិនចាំសរសេរ កុំឱ្យវាខូចការ”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា លោកគ្មានព័ត៌មានស្ដីពីការប្រឹងប្រែងរបស់លោក កឹម សុខា ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា នៅក្នុងការចរចានោះទេ ហើយលោកថ្លែងថា “ទុកឱ្យគាត់ធ្វើការងាររបស់គាត់ចុះ”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននិយាយសម្រាលភាពស្មោះត្រង់នៃការអត្ថាធិប្បាយរបស់លោក កឹម សុខា ហើយបានគូសបញ្ជាក់ជាថ្មីអំពីការអះអាងរបស់រដ្ឋាភិបាលថា ការចោទប្រកាន់លើរូបលោកគ្មានអ្វីពាក់ព័ន្ធនឹងនយោបាយឡើយ។
លោកមានប្រសាសន៍ទៀតថា “គាត់ថាកុំឱ្យប្រជាជនវ៉ៃគ្នាមែន អ្នកនយោបាយខ្មែរគួរតែចូលមកចរចាដោះស្រាយបញ្ហាជាតិ បញ្ហាជាតិស្អី អាហ្នឹងបញ្ហាជាតិគេគិតហើយ មិនអាចដោះស្រាយបញ្ហាបុគ្គល រឿងអ្នកល្មើសច្បាប់ទេ។ ការចរចាគ្នាណាមួយក៏ដោយមិនអាចលើកយកកម្មវត្ថុលើកលែងអ្នកទោស អ្នកប្រព្រឹត្តល្មើសច្បាប់បានទេ។
ទោះជាយ៉ាងណា ប្រវត្តិសាស្ត្រថ្មីៗនេះបង្ហាញពីគំរូដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ប្រើប្រាស់តុលាការដើម្បីបង្ក្រាបអ្នកប្រកួតប្រជែងពីបទព្រហ្មទណ្ឌដែលលោកបដិសេធថាមិនមែនជារឿងនយោបាយ បន្ទាប់មកបានបន្តផ្គូផ្គងការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រជាមួយនឹងការផ្សះផ្សានយោបាយរយៈពេលខ្លី។
ជាឧទាហរណ៍កាលពីឆ្នាំមុន សកម្មជនសិទ្ធិដីធ្លី១០នាក់បានទទួលការព្រះរាជទានលើកលែងទោសពីបទចោទប្រកាន់ដែលជាទូទៅគេមើលឃើញថាជារឿងនយោបាយ ពោលគឺពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានអនុម័តលើសមាសភាពសមាជិកទាំងប្រាំបួនរូបនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)ថ្មី។ កិច្ចព្រមព្រៀងនយោបាយដែលបានបញ្ចប់ការធ្វើពហិការមិនចូលសភារយៈពេល១០ខែរបស់គណបក្សប្រឆាំងកាលពីខែកក្កដា ឆ្នាំ២០១៤ ឈានទៅដល់ការដោះលែងតំណាងរាស្ត្រប៉ុន្មានរូបដែលត្រូវបានដាក់ពន្ធនាគារប៉ុន្មានថ្ងៃមុននោះ។
ប្រសិនបើលោក ហុ៊ន សែន នាំផ្សះផ្សា លោកនឹងអនុវត្តតាមគំរូមួយដែលត្រូវបានបង្កើតឡើង និងប្រើប្រាស់ដំបូងបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០០៣ ដែលពេលលោក សម រង្ស៊ី និងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វុ៊នស៊ិនប៉ិចបានបង្កើត “សម្ព័ន្ធអ្នកប្រជាធិបតេយ្យ”។
ដូចនៅប៉ុន្មានខែបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ដែរ ថ្នាក់ដឹកនាំគណបក្សប្រឆាំងបានបដិសេធមិនចូលសភាឡើយចំពេលមានការចោទប្រកាន់ថាមានការលួចបន្លំនៅក្នុងការបោះឆ្នោត លោក ហ៊ុន សែន បានផ្ដល់កិច្ចព្រមព្រៀងមួយដែលធ្វើឱ្យមេដឹកនាំមួយរូបរបស់គណបក្សប្រឆាំងពេញចិត្ត ហើយធ្វើឱ្យអ្នកផ្សេងទៀតខឹងយ៉ាងខ្លាំង ហើយរយៈពេលដ៏ខ្លីនៃឆន្ទៈនយោបាយត្រូវបានរារាំងដោយការបង្ក្រាបដែលបានធ្វើឱ្យលោក សម រង្ស៊ី រត់ភៀសខ្លួនទៅប្រទេសបារាំង។
ការនិរទេសខ្លួនខ្លួនឯងរបស់លោក សម រង្ស៊ី បានបញ្ចប់កាលពីឆ្នាំ២០០៦ និងឆ្នាំ២០១៣
នៅពេលលោកទទួលបានការព្រះរាជទានលើកលែងទោសដោះលែងតាមសំណើរបស់លោក ហ៊ុន សែន ដែលមជ្ឈដ្ឋានជាច្រើននិយាយថាដើម្បីផ្ដល់ភាពស្របច្បាប់ដល់ការបោះឆ្នោតខាងមុខ។ ប៉ុន្តែអំឡុងសុន្ទរកថាមួយកាលពីខែមេសា លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា លើកទី៣លែងមានសំណាងដូចមុនហើយ។
លោកបានមានប្រសាសន៍ថា “យើងមានវប្បធម៌លើកលែងទោស និងវប្បធម៌សន្តិភាព ប៉ុន្តែយើងមិនអាចលើកលែងទោសឱ្យនរណាម្នាក់ដែលបានប៉ុនប៉ងធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងស្ថានភាពអស្ថិរភាពនោះទេ”។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតមានប្រសាសន៍ថា ការប្រកាសបទឈប់បាញ់របស់លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះបង្ហាញថា លោក “បើកចំហជាងមុនស្វាគមន៍ការផ្សះផ្សា” ប៉ុន្តែថា លោកមិនប្រាកដទេចំពោះក្តីរំពឹងថានឹងមានសម្បទានច្រើន។
លោកបានលើកឡើងកាលពីថ្ងៃសុក្រថា “អ្វីក៏អាចទៅរួចដែរនៅកម្ពុជា ប៉ុន្តែអ្វីក៏អាចទៅរួចដែរជាមួយលោក ហ៊ុន សែន។ ចាំមើលថាតើនឹងមានអ្វីកើតឡើង។ ប៉ុន្តែខ្ញុំគិតថា បើគណបក្សសង្គ្រោះជាតិបញ្ចប់ការធ្វើពហិការរបស់ខ្លួន គេនឹងដោះលែងមនុស្សមួយចំនួន”។
លោកបានបន្ថែមទៀតថា អ្នកដែលទំនងបំផុតសម្រាប់ទទួលបានការដោះលែងបែបនេះគឺមន្ត្រីសិទ្ធិមនុស្ស៤រូបរបស់អង្គការអាដហុកដែលត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា។
លោក មាស នី អ្នកវិភាគនយោបាយមានប្រសាសន៍ថា គណបក្សទាំងពីរហាក់កំពុងដើរលើផ្លូវត្រូវ។ លោកលើកឡើងកាលពីម្សិលមិញថា “យើងឃើញចាប់ផ្ដើមមានពាក្យខ្លះវិជ្ជមាន គណបក្សនយោបាយទាំងពីរធ្លាប់តែវាយប្រហារគ្នាអត់ចេះឈប់។ អ្នកទាំងសងខាងហ្នឹងទាល់ច្រកទាំងពីរ ពីដើមមកឃើញមានអ្នកខ្លាំង មានអ្នកខ្សោយ មានអ្នកមានអំណាច មានអ្នកត្រូវជាប់ទោស។ ខាងគណបក្សសង្គ្រោះជាតិលែងមានអីទៅមុខទាំងអស់ក្រៅពីយកសាច់ឈាមជនស៊ីវិលទៅប្ដូរនឹងការតវ៉ាដើម្បីការពារ ហើយគណបក្សប្រជាជនក៏អត់មានអីក្រៅពីត្រៀមកាំភ្លើងរួចស្រេចដើម្បីបាញ់សម្លាប់ពលរដ្ឋខ្លួនឯងដែរ”៕ សុខុម