គ្រឿងញៀនខុសច្បាប់ជិតកន្លះគីឡូក្រាមត្រូវបានរឹបអូសក្នុងខេត្តកោះកុងកាលពីថ្ងៃអាទិត្យ ដោយឈានទៅដល់ការចាប់ខ្លួនមនុស្សបីនាក់ ជាការចាប់ខ្លួនថ្មីបំផុតចំពេលដែលមានការកើនឡើងនូវការចាប់ខ្លួនទាក់ទិនគ្រឿងញៀន៥៤ភាគរយទូទាំងប្រទេសក្នុងរយៈពេល៨ខែថ្មីៗនេះ។
យោងតាមរបាយការណ៍នគរបាលបានឱ្យដឹងថា ការិយាល័យប្រឆាំងគ្រឿងញៀនរបស់នគរបាលជាតិរឹបអូសបានមេតំហ្វេតាមីនទឹកកក (ម៉ាទឹកកក)១០៣,៧ ក្រាម មេតំហ្វេតាមីនគ្រាប់៥២០គ្រាប់ និងកញ្ឆា៣៣៩,៥ក្រាមក្នុងការឆ្មក់ចូលផ្ទះមួយដែលមានជនសង្ស័យបីនាក់ស្នាក់នៅ គឺឈ្មោះ ស៊ូ ហ៊័រណុល អាយុ៥០ឆ្នាំ មន្ត្រីយាមតំបន់ឆ្នេរចូលនិវត្តន៍ គួច វល័ក្ខណ៍ អាយុ៤៧ឆ្នាំ និង សៅ ថុនា អាយុ៤៧ឆ្នាំ បន្ទាប់ពីទទួលបានតម្រុយពីអ្នកផ្តល់ដំណឹង។
លោក យឹម ផេង ស្នងការរងនគរបាលខេត្តបានហៅការចាប់នេះថា ជាការចាប់គ្រឿងញៀនធំបំផុតក្នុងខេត្តកោះកុងនៅឆ្នាំនេះ ហើយលោកបានលើកឡើងថា ជនសង្ស័យទាំងបីនាក់នេះនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តដើម្បីធ្វើការសាកសួរនៅថ្ងៃនេះ។
ការឆ្មក់ចាប់នេះធ្វើឡើងអំឡុងពេលមានការកើនឡើងនូវការចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀនក្នុងរយៈពេល៨ខែចាប់ពីថ្ងៃទី២៥ខែធ្នូ ដល់ថ្ងៃទី៣១ ខែសីហា ដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃរាយការណ៍ថាមានការចាប់ខ្លួនមនុស្សបាន៧.០៣៥នាក់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានេះកាលពីឆ្នាំមុនដែលចាប់បាន៤.៥៦៤នាក់។
យោងតាមតួលេខនេះបានឱ្យដឹងថា ចំនួនករណីទាក់ទងគ្រឿងញៀនក៏បានកើនឡើងផងដែរគឺ២.៩២៦ករណីរហូតដល់ខែសីហា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានេះកាលពីឆ្នាំមុនដែលមាន២.១១៤ករណី គឺកើនឡើង៣៨ករណី។
ទោះយ៉ាងណា ចំនួនគ្រឿងញៀនដែលរឹបអូសបានបានធ្លាក់ចុះ៦ភាគរយពី១១៣,១៨គីឡូក្រាមមកត្រឹម ១០៦,៣២គីឡូក្រាម ជាការឆ្លុះបញ្ចាំងឲ្យឃើញថា ការឆ្មក់ចាប់នេះ ធ្វើឱ្យចំនួននៃការចាប់បានកាន់តែតិច។ ជាមធ្យម គ្រឿងញៀនតែ១៥ក្រាមប៉ុណ្ណោះត្រូវបានរឹបអូសពីជនសង្ស័យគ្រប់រូបដែលត្រូវបានចាប់ខ្លួនរហូតមកដល់ខែសីហាបើប្រៀបធៀបទៅនឹងរយៈពេលមុនដែលមាន២៥ក្រាម។
នៅពេលត្រូវបានសួរថាតើការឆ្មក់ចាប់ក្នុងទ្រង់ទ្រាយតូចៗនេះជាការបង្ហាញឱ្យឃើញថា រដ្ឋាភិបាលតាមចាប់តែអ្នកចែកចាយគ្រឿងញៀនតូចតាចក្នុងចំណោមអ្នកចែកចាយទ្រង់ទ្រាយធំឬយ៉ាងណានោះ លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ ថា មិនមាននរណាម្នាក់ត្រូវបានការពារទេ។ លោកបានមានប្រសាសន៍ថា “មិនថាអ្នកឯងធំប៉ុណ្ណានោះទេ គេចាប់ទាំងអស់”៕ សារុន