38.8 C
Phnom Penh

លោក​ កឹម សុខា​ បួងសួង​សុំ​ឱ្យ​មានការ​អត់ឱន​អំឡុង​​ពេល​​ភ្ជុំបិណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា មេដឹកនាំប្រទេសកម្ពុជាគួរមានគុណធម៌នៅរដូវបុណ្យភ្ជុំបិណ្ឌ ហើយដោះលែងសកម្មជន និងមន្ត្រីសិទ្ធិមនុស្ស២៥នាក់ដែលជាប់ពន្ធនាគារ ជាការលើកឡើងដែលអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ច្រានចោលថា “មិនអាចទៅរួចទេ”។

ការលើកឡើងរបស់លោក កឹម សុខា ចំពោះក្រុមគ្រួសារសកម្មជនទាំងនោះកត់សម្គាល់ឱ្យឃើញពីការព្យាយាមថ្មីបំផុតរបស់គណបក្សប្រឆាំងក្នុងការធ្វើការពិភាក្សាក្នុងន័យផ្សះផ្សាបន្ថែមទៀតជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលើកឡើងកាលពីសប្ដាហ៍មុនស្ដីអំពី ”បទឈប់បាញ់” បណ្ដោះអាសន្នជាមួយគណបក្សសង្គ្រោះជាតិជុំវិញការចាប់អ្នករិះគន់រដ្ឋាភិបាលយ៉ាងតិច២០រូបដាក់ពន្ធនាគារតាមការចោទប្រកាន់នានា ដែលមជ្ឈដ្ឋានទូទៅជឿថា ជារឿងនយោបាយ។

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបួងសួងឲ្យសមាជិកគ្រួសាររបស់សកម្មជនជាប់ពន្ធនាគារក្នុងពិធីនៅទីស្នាក់ការបក្សក្នុងក្រុងភ្នំពេញកាលពីថ្ងៃអង្គារ។ Ma Chettra

លោក កឹម សុខា ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ខែកាលពីដើមខែនេះនៅក្នុងករណីពាក់ព័ន្ធស្ត្រីម្នាក់ដែលគេអះអាងថា ជាស្រីកំណាន់របស់លោក ប៉ុន្តែលោកមិនព្រមចាកចេញពីទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ ចាប់តាំងពីខែឧសភាមក  ដោយព្រមានធ្វើមហាបាតុកម្មប្រសិនបើរដ្ឋាភិបាលព្យាយាមចាប់ខ្លួនលោក។

ប៉ុន្តែកាលពីម្សិលមិញ លោក កឹម សុខា បានលើកឡើងក្នុងន័យផ្សះផ្សាបន្ថែមទៀតដោយមានការបង្ហោះសារតាមហ្វេសប៊ុកកាលពីថ្ងៃអាទិត្យជំរុញឱ្យអ្នកគាំទ្រចៀសវាង “ពាក្យគ្រោតគ្រាត” ដែលអាចបញ្ឆេះឱ្យមានភាពតានតឹងនយោបាយ។

លោក កឹម សុខា បានប្រាប់សមាជិកគ្រួសារ និងមន្ត្រីគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញថា “នៅថ្ងៃភ្ជុំបិណ្ឌ យើងគិតដល់គុណធម៌។ ថ្នាក់ដឹកនាំត្រូវមានមេត្តា ករុណា មុទិតា និងឧបេក្ខា”។

ប្រធានស្តីទីគណបក្សប្រឆាំងរូបនេះបានបួងសួងដល់វិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរ និងអ្នកសេ្នហាជាតិឱ្យផ្ដល់”ព្រហ្មវិហារធម៌ទាំងបួនដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន ដើម្បីឱ្យពួកគាត់ផ្ដល់ការអាណិតអាសូរដល់អ្នកដែលកំពុងជាប់ឃុំ”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា ការលើកឡើងនេះបង្ហាញឱ្យឃើញថា ”លោក កឹម សុខា ទាល់ច្រកហើយ”។

លោក សុខ ឥសាន បានមានប្រសាសន៍កាលពីម្សិលមិញថា ”ដូច្នេះគាត់ចង់ឱ្យអ្នកទោសមួយចំនួនតូចដែលជាមនុស្សរបស់គាត់ត្រូវបានដោះលែង។ ចុះអ្នកទោសរាប់ពាន់នាក់ទៀតនៅតាមខេត្តយ៉ាងម៉េចទៅវិញ? គាត់មិនបានស្នើឱ្យមានការដោះលែងពួកគេទេ។ នេះបង្ហាញឱ្យឃើញថា  គាត់គិតតែពីផលប្រយោជន៍មនុស្សរបស់គាត់  និងបក្សរបស់គាត់តែប៉ុណ្ណោះ”។

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនិយាយលួងចិត្តសមាជិកក្រុមគ្រួសារសកម្មជនដែលជាប់ពន្ធនាគារ អំឡុងពិធីមួយនៅទីស្នាក់ការកណ្តាលគណបក្សក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ ស៊ីវ ចាន់ណា
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនិយាយលួងចិត្តសមាជិកក្រុមគ្រួសារសកម្មជនដែលជាប់ពន្ធនាគារ អំឡុងពិធីមួយនៅទីស្នាក់ការកណ្តាលគណបក្សក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ ស៊ីវ ចាន់ណា

បើទោះជាលោក ហ៊ុន សែន មានប្រវត្តិផ្ដល់ការលើកលែងទោសដល់អ្នកទោសដែលជាប់ពាក់ព័ន្ធក្នុងរឿងក្ដីនយោបាយក៏ដោយ ក៏លោក សុខ ឥសាន បានបញ្ជាក់ឡើងវិញពីជំហររបស់រដ្ឋាភិបាលថា រដ្ឋាភិបាលនឹងមិនចរចាជាមួយនរណាដែលតុលាការកម្ពុជាចាត់ទុកជាឧក្រិដ្ឋជនឡើយ។

លោក សុខ ឥសាន បានអះអាងថា “តើគណបក្សនយោបាយអាចដោះស្រាយវិវាទរបស់តុលាការដូចម្ដេចកើត? វាមិនអាចទៅរួចទេ”។

លោក Paul Chambers សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យឈៀងម៉ៃ ប្រទេសថៃ បានមានប្រសាសន៍ថា វាជាការគួរឱ្យ “ភ្ញាក់ផ្អើលមែនទែន” ប្រសិនបើលោក ហ៊ុន សែន ស្រុះស្រួលតាមសំណើរបស់គណបក្សសង្គ្រោះជាតិនោះ។

លោក Chambers បានសរសេរនៅក្នុងអីុម៉េលកាលពីម្សិលមិញថា “អានុភាពតែមួយគត់ដែលគណបក្សសង្គ្រោះជាតិអាចមាននោះ គឺត្រូវលុបចោលការអំពាវនាវឱ្យមានការធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន ។ ប្រហែលអាចផងដែរ ប្រសិនបើលោក កឹម សុខា និងលោក សម រង្ស៊ី ចុះញ៉មលោក ហ៊ុន សែន ហើយយល់ព្រមសហការជាមួយគណបក្សប្រជាជនកម្ពុជា នោះប្រហែលជាពួកគេអាចនឹងទទួលបានអានុភាពខ្លះៗ”។

ប៉ុន្តែលោក អ៊ូ ច័ន្ទរ័ត្ន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅតែមានសង្ឃឹម ដោយលើកឡើងថា បុណ្យភ្ជុំបិណ្ឌគឺជា “ពេលវេលាដែលត្រូវគិត និងពិចារណាពីការអត់ឱន”។

លោកបានមានប្រសាសន៍ថា ”រដ្ឋាភិបាលប្រហែលជាគិតថា យើងបន្ទន់ឥរិយាបថ ហើយយើងពិតជាចង់ធ្វើការចរចាដើម្បីបន្ធូរបន្ថយភាពតានតឹងឱ្យឈានទៅរកសភាពធម្មតាឡើងវិញសម្រាប់នយោបាយរបស់យើង”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស