33 C
Phnom Penh

មន្ត្រី​​ គ.ជ.ប.​​ត្រៀម​​ខ្លួន​សម្រាប់​​​​ការ​ចុះឈ្មោះ​​​បោះឆ្នោត​ដែល​នឹង​​​មាន​មនុស្ស​​​​ច្រើន​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឃុំត្រពាំងធំខាងត្បូង, ខេត្តតាកែវ- សាលាឃុំ-សង្កាត់ទូទាំងប្រទេសកំពុងតែប្រុងប្រៀបខ្លួនសម្រាប់ពេលមានមនុស្សច្រើនមកចុះឈ្មោះបោះឆ្នោតអំឡុងថ្ងៃភ្ជុំបិណ្ឌ ដែលអាចក្លាយជាពេលជោគជ័យឬមិនជោគជ័យនៅក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

ប្រជាពលរដ្ឋនៅឃុំត្រពាំងធំខាងត្បូងក្នុងខេត្តតាកែវចាប់ផ្តើមការដើរហែលើកទឹកចិត្តឲ្យអ្នកភូមិទៅចុះឈ្មោះបោះឆ្នោត។ Michael Dickison/The Cambodia Daily

បន្ទាប់ពីមានការចុះឈ្មោះបោះឆ្នោតបានជិត១ខែមក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរាយការណ៍កាលពីម្សិលមិញថា ប្រជាពលរដ្ឋចំនួន៣,៥លាននាក់ដែលស្មើនឹង៣៦,៧ភាគរយនៃអ្នកមានសិទ្ធិបោះឆ្នោត បានទៅឲ្យគេស្គែនម្រាមដៃ ថតរូប និងកត់ត្រាព័ត៌មានលម្អិតផ្ទាល់ខ្លួនចូលក្នុងបញ្ជីបោះឆ្នោតឌីជីថលថ្មី ដែលកំពុងត្រូវបានរៀបចំដើម្បីឆ្លើយតបនឹងបញ្ហាបាត់ឈ្មោះ និងជាន់ឈ្មោះអំឡុងការបោះឆ្នោតនៅឆ្នាំ២០១៣រួចហើយ។

សេចក្តីរាយការណ៍ថ្មីបំផុតនេះបង្ហាញថា មានការវិវឌ្ឍន៍យឺតនៅក្នុងការចុះឈ្មោះប្រជាពលរដ្ឋទូទាំងប្រទេស ប៉ុន្តែក្រុមមន្ត្រីបានលើកឡើងថា ថ្ងៃភ្ជុំបិណ្ឌគឺជាពេលដ៏សំខាន់ក្នុងការខិតខំដើម្បីផ្តល់សិទ្ធិបោះឆ្នោតទៅឱ្យអ្នកធ្វើចំណាកស្រុករាប់លាននាក់នៅក្នុងទីក្រុង និងប្រទេសជិតខាងដែលចង់បោះឆ្នោតនៅស្រុកកំណើតរបស់ខ្លួន  ដែលពួកគេមានឱកាសមកលេងបានតែពេលមានពិធីបុណ្យធំៗនោះ។

នៅក្នុងឃុំជនបទមួយនេះ ដែលធ្វើដំណើរតាមផ្លូវក្រួសក្រហមរយៈពេល១៥នាទីពីផ្លូវជាតិលេខ៣ និងដែលស្ថិតនៅពាក់កណ្ដាលរវាងរាជធានីភ្នំពេញ និងខេត្តកំពតនោះ មានអ្នកស្ម័គ្រចិត្តប្រហែល១០០នាក់បាននាំគ្នាហែក្បួនកាលពីម្សិលមិញ ដោយមានខិត្តប័ណ្ណលើកកម្ពស់ការយល់ដឹងសាធារណៈ  ដែលឧបត្ថម្ភដោយសហភាពអឺរ៉ុបនៅក្នុងដៃ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋដែលត្រឡប់មកស្រុកកំណើតឱ្យទៅចុះឈ្មោះបោះឆ្នោត។

លោក សាន់ គឿន ដែលជាមេឃុំនេះបានលើកឡើងថា អ្នកបោះឆ្នោតប្រហែល២.០០០នាក់ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត៦.០០០នាក់នៅក្នុងឃុំនេះបានចុះឈ្មោះរួចហើយរហូតមកទល់ពេលនេះ។ អ្នកដែលនៅមិនទាន់បានចុះឈ្មោះបោះឆ្នោតភាគច្រើនជាអ្នកធ្វើចំណាកស្រុក និងឪពុកម្ដាយមានវ័យចំណាស់របស់ពួកគេ ដែលកំពុងរង់ចាំកូនៗរបស់ខ្លួនត្រឡប់មកផ្ទះវិញ។

លោកមានប្រសាសន៍ថា ”ប្រជាពលរដ្ឋបានត្រឡប់ពីក្រុងនានាមកវិញរួចហើយ។ ប៉ុន្តែប្រសិនបើមានមនុស្សកាន់តែច្រើនមកចុះឈ្មោះអំឡុងរយៈពេលបីថ្ងៃនៃថ្ងៃភ្ជុំបិណ្ឌនោះ យើងមិនអាចធ្វើទៅបានទេ ព្រោះយើងគ្មានមន្ត្រីគ្រប់គ្រាន់”។

យោងតាមអ្នកសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតបានឱ្យដឹងថា ចំនួននៃអ្នកបានចុះឈ្មោះបោះឆ្នោតស្រដៀងគ្នានៅក្នុងឃុំ-សង្កាត់ជាច្រើនក្នុងចំណោមឃុំ-សង្កាត់ជាង១.៦០០នៅទូទាំងប្រទេសកម្ពុជាដែរ។ ពេលកំណត់នៃការចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅខែមិថុនា ឆ្នាំ២០១៧ គឺត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា។

ការិយាល័យចុះឈ្មោះបោះឆ្នោតនៅទីនេះគឺជាតុដ៏វែងមួយដែលគេរៀបចំឡើងនៅក្រោមដំបូលតង់ដែលមានការតុបតែងនៅទល់មុខផ្លូវវត្តក្នុងភូមិ។ មន្ត្រីបីនាក់បានណែនាំប្រជាពលរដ្ឋឱ្យយល់ដឹងអំពីជំហាននីមួយៗនៃដំណើរការពាក់ព័ន្ធនឹងឧបករណ៍ឌីជីថលថ្មី ដែលឧបត្ថម្ភភាគច្រើនដោយសហភាពអឺរ៉ុប និងប្រទេសជប៉ុន។

លោក ឃឹម សុខ អាយុ៤៨ឆ្នាំ ជាប្រធានក្រុមការងារ និងជាគ្រូបង្រៀនសាលាបឋមបានលើកឡើងថា ការចុះឈ្មោះបោះឆ្នោតមានសភាពយឺតយ៉ាវ ចាប់តាំងពីមានការមមាញឹកខ្លាំងពេលចាប់ផ្តើមចុះឈ្មោះដំបូង ហើយនៅថ្ងៃខ្លះមានប្រជាពលរដ្ឋត្រឹមតែប្រហែល៥នាក់ប៉ុណ្ណោះបានមកចុះឈ្មោះ។ ប៉ុន្តែលោកបានលើកឡើងថា លោកបាននិងកំពុងរៀបចំការិយាល័យដើម្បី  ”ខិតខំធ្វើការឆ្លើយតបចំពោះប្រជាពលរដ្ឋ” អំឡុងថ្ងៃភ្ជុំបិណ្ឌដែលជិតមកដល់ហើយ។

លោក សាន់ គឿន បានលើកឡើងទៀតថា អ្នកស្ម័គ្រចិត្តមកពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានមកអង្កេតការចុះឈ្មោះបោះឆ្នោតរកភាពមិនប្រក្រតីស្ទើរមិនលោះថ្ងៃ។ យោងតាមលោក អួន សុខុម អធិការរងនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា មានមន្ត្រីនគរបាលពីរនាក់ក៏បាននិងកំពុងឃ្លាំមើលការិយាល័យចុះឈ្មោះបោះឆ្នោតបណ្ដោះអាសន្ននេះ ក៏ដូចជាការិយាល័យ១៤ផ្សេងទៀត ដែលបានបង្កើតឡើងនៅក្នុងស្រុកនេះផងដែរ។

លោក ឱក កុប ជាកសិករអាយុ៦០ឆ្នាំ និងជាអ្នកបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាដែលបានឆ្លងកាត់តាមផ្លូវមានការហែក្បួនលើកកម្ពស់ការយល់ដឹងសាធារណៈកាលពីម្សិលមិញនោះ បានលើកឡើងថា លោកនឹងគ្រួសារបានចុះឈ្មោះបោះឆ្នោតរួចហើយ។ គាត់បានសម្លឹងមើលខិត្តប័ណ្ណដ៏រលោងដែលគេចែកឱ្យទាំងអារម្មណ៍ហាក់បីដូចជាងឿងឆ្ងល់។ លោកបាននិយាយថា ”យើងទទួលបានដំណឹងអំពីការចុះឈ្មោះតាមរយៈមន្ត្រីមូលដ្ឋាន”។

នៅម្ដុំកាច់ជ្រុង កសិករអាយុ៤៥ឆ្នាំម្នាក់ទៀតឈ្មោះ ឡេង ស្រី បានលើកឡើងថា មេភូមិបានទៅផ្ទះរបស់គាត់នៅដើមខែនេះដើម្បីប្រាប់គាត់ឱ្យដឹងអំពីដំណើរការនេះ។ អ្នកស្រី ឡេង ស្រី បាននិយាយថា “កូនៗរបស់ខ្ញុំនៅរាជធានីភ្នំពេញនឹងមកដល់ផ្ទះនៅល្ងាចនេះហើយ។  ខ្ញុំនឹងទៅចុះឈ្មោះជាមួយពួកគេឆាប់ៗនេះ”។

លោក ឃាន ឈុន ជំទប់ទី២ឃុំនេះបានលើកឡើងថា ទោះហាក់បីដូចជាមានមនុស្សជាច្រើនដឹងអំពីយុទ្ធនាការបោះឆ្នោតរួចហើយក៏ដោយ តែវានៅតែមានសារៈសំខាន់ក្នុងការយកសារនេះទៅដល់ផ្ទះអ្នកភូមិនៅក្នុងសប្ដាហ៍នេះ។

លោកបាននិយាយថា ”បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌខ្ញុំមិនសង្ឃឹមថា យើងអាចធ្វើឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍លើសារនេះឡើយ”។

មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ដែលជាអ្នករៀបចំការហែក្បួននេះបានលើកឡើងថា  មជ្ឈមណ្ឌលបានបង្កើតយុទ្ធនាការនេះនៅទូទាំងឃុំ-សង្កាត់ចំនួន២០០ ក្នុងខេត្តចំនួន១០ដោយផ្ដោតជាពិសេសលើយុវជនឱ្យជួយផ្សព្វផ្សាយសារនេះ។

លោក គឹម អេង ដែលជាប្រធានអង្គការនេះបានលើកឡើងថា អ្វីៗមានដំណើរការទៅមុខដោយរលូនរហូតមកទល់ពេលនេះ។

លោកបានថ្លែងថា “ខ្ញុំក៏មានការព្រួយបារម្ភដែរ។ យើងនឹងរង់ចាំមើលថាតើនៅខែតុលាការដំណើរការនេះនៅតែមានដំណើរការល្អឬយ៉ាងណា”។

លោកបានលើកឡើងបន្តថា ជំហានបន្ទាប់នឹងបញ្ជូនអ្នកស្ម័គ្រចិត្តទៅដល់ផ្ទះ ហើយចុះឈ្មោះប្រជាពលរដ្ឋនៅក្នុងគ្រួសារណាដែលមានការយឺតយ៉ាវតែម្ដង។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានលើកឡើងថា លោករំពឹងថា នឹងមានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតច្រើននៅទូទាំងប្រទេសអំឡុងថ្ងៃភ្ជុំបិណ្ឌនេះ។ ប៉ុន្តែលោកក៏បានគូសបញ្ជាក់ផងដែរថា   ពលករមានជម្រើសចុះឈ្មោះនៅកន្លែងដែលពួកគេកំពុងរស់នៅសព្វថ្ងៃដោយមិនចាំបាច់មកស្រុកកំណើតក៏បានដែរ។ លោកមានប្រសាសន៍ថា “ច្បាប់អនុញ្ញាតឱ្យពួកគាត់ធ្វើការសម្រេចដូច្នេះបាន”។

សម្រាប់គណបក្សប្រឆាំងវិញ ការចុះឈ្មោះបែបនេះគឺជាបញ្ហានយោបាយ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងថា អាទិភាពដំបូងគឺត្រូវធ្វើឱ្យប្រាកដថា ប្រជាពលរដ្ឋគ្រប់រូបបានចុះឈ្មោះ ប៉ុន្តែអ្នកគាំទ្រគណបក្សប្រឆាំងដែលរស់នៅក្នុងរាជធានីត្រូវបានជំរុញឲ្យទៅបោះឆ្នោតនៅក្នុងស្រុកកំណើតរបស់ខ្លួន “ព្រោះភ្នំពេញគឺជាមណ្ឌលរឹងមាំរបស់យើង”។

លោកបានមានប្រសាសន៍បន្តថា ”វាជារឿងសំខាន់ដែលការិយាល័យត្រូវតែបើកទ្វារ ហើយត្រៀមខ្លួនរួចជាស្រេច។ យើងនឹងរង់ចាំមើល”។

លោក គល់ បញ្ញា នាយកប្រតិបត្តិខុមហ្វ្រែលបានលើកឡើងថា លោកសង្ឃឹមថា អ្នកធ្វើចំណាកស្រុកនឹងត្រូវបានផ្ដល់ពេលវេលាឱ្យឈប់សម្រាកគ្រប់គ្រាន់ដើម្បីចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌជាមួយគ្រួសារផង  និងចុះឈ្មោះបោះឆ្នោតផង។ លោកមានប្រសាសន៍ថា ”ប្រសិនបើមានអ្នកទៅចុះឈ្មោះបោះឆ្នោតច្រើនអំឡុងថ្ងៃបុណ្យនេះ អ្នកធ្វើចំណាកស្រុកគួរតែអនុញ្ញាតឱ្យឈប់សម្រាកបន្ថែម”៕

ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស