35 C
Phnom Penh

ប្រទេសថៃចាប់អ្នកនេសាទហើយដោះលែងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃច័ន្ទ អាជ្ញាធរអន្តោប្រវេសន៍នៅប្រទេសថៃបានដោះលែងពលរដ្ឋខ្មែរប្រហែល៥០នាក់ ដែលបានឆ្លងចូលដែនទឹកថៃ នៅពេលនេសាទហ្វូងត្រីនៅរសៀលថ្ងៃអាទិត្យ។

លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា “វាប្រហែលជាការភាន់ច្រឡំរបស់ពួកគេ។ អ្នកនេសាទគ្រាន់តែនេសាទហ្វូងត្រី ដោយមិនបានគិតអំពីព្រំដែនសមុទ្រទេ”។

លោកបានមានប្រសាសន៍ថា បន្ទាប់ពីត្រូវបានឆ្នាំសមុទ្រថៃចាប់ អ្នកនេសាទលើទូក១១គ្រឿងត្រូវបានបញ្ជូនទៅអាជ្ញាធរអន្តោប្រវេសន៍ ដែលបានឃាត់ខ្លួនពួកគាត់មួយយប់ និងបានសុំឲ្យវេជ្ជបណ្ឌិតថៃម្នាក់ពិនិត្យសុខភាពពួកគាត់។

លោក ឡេង បាននិយាយថា លោក ប៊ុន ឡឺត អភិបាលខេត្តកោះកុង បានទៅខេត្តត្រាតប្រទេសថៃកាលពីថ្ងៃអង្គារដើម្បីចរចាឲ្យមានការដោះលែងអ្នកនេសាទទាំងនោះ។ អាជ្ញាធរថៃមិនបានសុំឲ្យមានសំណងណាមួយទេ។ លោកបាននិយាយបន្ថែមថា ព្រំដែនសមុទ្រកំណត់មិនច្បាស់លាស់។

លោកបាននិយាយថា អ្នកនេសាទ “ប្រហែលវង្វេងនៅពេលយប់ ដោយហេតុថា ពួកគាត់មិនមានជីភីអេស”។

លោកបាននិយាយបន្ថែមថា មិនមានឧប្បត្តិហេតុនេះពីមុនទេក្នុងខេត្តនេះទាក់ទិននឹងអ្នកនេសាទកម្ពុជាដែលត្រូវចាប់ខ្លួនដោយអាជ្ញាធរថៃ។ ទោះជាយ៉ាងនេះក្តី នគរបាលកម្ពុជានៅដើមឆ្នាំនេះចាប់បានជនជាតិថៃ៧នាក់ដែលចាប់សត្វកណ្តុរក្នុងខេត្តបន្ទាយមានជ័យ និងបានប្រគល់ពួកគេវិញភ្លាមដោយគ្មានការពិន័យ។

ក្នុងឧប្បត្តិហេតុមួយដែលមិនទាក់ទងគ្នា ជនជាតិវៀតណាម៤នាក់ត្រូវបានដោះលែងនៅថ្ងៃអង្គារ បន្ទាប់ពីពួកគេត្រូវចាប់ខ្លួនបាននៅពេលកំពុងនេសាទខុសច្បាប់នៅបឹងការពារមួយកន្លែងក្នុងស្រុកកោះធំខេត្តកណ្តាលកាលពីថ្ងៃសុក្រ។

លោក លឹម សុគន្ធថា ព្រះរាជអាជ្ញានៅសាលាដំបូងខេត្តកណ្តាល បាននិយាយកាលពីថ្ងៃអង្គារថា លោកបានណែនាំឲ្យចោទប្រកាន់បុរស២នាក់និងស្ត្រី២នាក់នោះពីបទឆ្លងព្រំដែនដោយខុសច្បាប់ និងនេសាទខុសច្បាប់ ដែលការចោទប្រកាន់ទី២មានទោសជាប់ពន្ធនាគារ៣ឆ្នាំ។

លោក អីុ ម៉ាណូកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ លោក ទេព ម៉ានីន អ្នកនាំពាក្យសាលាដំបូងខេត្ត បាននិយាយថា អ្នកទាំង៤ត្រូវបានដោះលែងហើយ ប៉ុន្តែមិននិយាយប្រាប់លម្អិតអំពីករណីនេះទេ។

លោកបាននិយាយថា “ចៅក្រមស៊ើបសួរបានសម្រេចមិនឃាត់ខ្លួនពលរដ្ឋវៀតណាម៤នាក់នោះ និងបានអនុញ្ញាតឲ្យពួកគេវិលត្រឡប់ទៅផ្ទះវិញនៅរសៀលនេះ”៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស