26 C
Phnom Penh

ចូរ​​​ស្តាប់​​​និស្សិត​​​ នាយក​​​រដ្ឋ​​​មន្ត្រី​​​របស់​​​អ្នក​​​កំពុង​​​មាន​​​ប្រសាសន៍​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពិធីចែកសញ្ញាបត្រសាកលវិទ្យាល័យទូទាំងពិភពលោកទាក់ទងនឹងសុន្ទរកថា ពោលគឺជួនកាលឆ្លាតវាងវៃ  ជារឿយៗគួរឲ្យធុញ ហើយក៏ជាសុន្ទរកថាប្រសើរបំផុតនិងជំរុញទឹកចិត្ត ដែលអ្នកនយោបាយ ឬឥស្សរជនសរសើរនិស្សិតចំពោះការខិតខំរៀនសូត្ររបស់គេ ហើយជូនពរឲ្យពួកគេជួបប្រទះតែអនាគតភ្លឺស្វាង។

នៅកម្ពុជា សុន្ទរកថាបើកដែលថ្លែងដោយអ្នកមានតំណែងខ្ពង់ខ្ពស់គឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ និស្សិតមិនតែងតែទទួលយកសញ្ញាបត្ររបស់ពួកគេ ដោយមានអារម្មណ៍ជំរុញទឹកចិត្តទេ។

ក្នុងតួនាទីរបស់លោកជាអគ្គវាគ្មិន ពិធីចែកសញ្ញាបត្រគឺប្រហែលជាវេទិកាគួរជាទីពេញចិត្តរបស់លោក ហ៊ុន សែន។ ប៉ុន្តែនិស្សិតកម្រជាចំណុចផ្តោតនៃឯកវាទរបស់លោកណាស់ ដោយលោកនាយករដ្ឋមន្ត្រីតែងតែមានប្រសាសន៍អំពីព្រឹត្តិការណ៍បច្ចុប្បន្ន ដោយគំរាមបិទកាសែត ប្រកាសថាចូលចិត្តការសម្តែងរឿងពិតតាមទូរទស្សន៍ ឬទទួចថា កូនប្រុសរបស់លោកមិនមែនជាវៀតណាមទេ។

កាលពីសប្តាហ៍មុន វោហារសាស្ត្រពេលចែកសញ្ញាបត្ររបស់លោកនាយករដ្ឋមន្ត្រីបានគំរាមកំហែង ក្នុងពេលដែលលោកបានសន្យាកម្ចាត់ចោលអ្នកប្រឆាំង ដែលហ៊ានតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់លោក។ ការគំរាមបានធ្វើឡើងជាការឆ្លើយតបនឹងការប្តេជ្ញារបស់គណបក្សសង្គ្រោះជាតិក្នុងការធ្វើមហាបាតុកម្ម ក្រោយពីលោក កឹម សុខា អនុប្រធានបក្សប្រឆាំង ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំខែ។

លោក ហ៊ុន សែន បានថ្លែងប្រាប់និស្សិតនៅឯវិទ្យាស្ថានជាតិអប់រំក្នុងក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទសប្តាហ៍មុនថា “វាធ្ងន់ជាងគំរាមទៅទៀត ព្រោះជាប្រភេទនៃបទបញ្ជាដល់កម្លាំងរបស់រាជរដ្ឋាភិបាលទាំងអស់ត្រៀមខ្លួនកម្ចាត់ចោលរាល់កម្លាំងដែលធ្វើសកម្មភាពបំផ្លាញសន្តិសុខជាតិ”។

ការប្រកាសបែបនេះបានបណ្តាលឲ្យជនជាតិខ្មែរមួយចំនួនដែលសកម្មក្នុងប្រព័ន្ធបណ្តាញសង្គមមានចម្ងល់ថា តើពិធីចែកសញ្ញាបត្រគឺជាពេល ឬទីកន្លែងសម្រាប់ថ្លែងបែបហ្នឹងឬយ៉ាងណាទេ។ ស្រដៀងគ្នាដែរ និស្សិតដែលសម្ភាសកាលពីសប្តាហ៍មុនបាននិយាយថា ពួកគេចង់ឲ្យលោកនាយករដ្ឋមន្ត្រីជៀសវាងពីការប្រើពិធីចែកសញ្ញាបត្រ ដើម្បីអបអរសមិទ្ធិផលអប់រំរបស់ពួកគេជាវេទិកាពិភាក្សាអំពីនយោបាយនោះទេ។

លោក នុត ចន្ថា វ័យ២៨ឆ្នាំ ជានិស្សិតបញ្ចប់ថ្នាក់នៅសាកលវិទ្យាល័យបញ្ញាជាតិ ដែលបានអង្គុយស្តាប់សុន្ទរកថាលោក ហ៊ុន សែន នៅឯវិទ្យាស្ថានជាតិអប់រំក្នុងក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទបាននិយាយថា “លោកគួរលើកអំពីប្រធានបទដែលទាក់ទងនឹងការអប់រំ”។

និស្សិតរូបនេះបាននិយាយថា “ជួនកាលក៏មានរឿងទាក់ទងនឹងនយោបាយ ដែលយើងគួរតែដឹងដែរ ប៉ុន្តែប្រសិនបើលោកមានប្រសាសន៍ច្រើនពេក វាគួរឲ្យធុញ។ ក្នុងបរិយាកាសនោះ លោកមិនគួរនិយាយពីនយោបាយច្រើនពេកទេ”។

នៅថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្ត្រីបានប្រើពិធីចែកសញ្ញាបត្ររបស់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដើម្បីប្រកាសពី ‘បទឈប់បាញ់” ដ៏ផុយស្រួយរវាងរដ្ឋាភិបាលនិងគណបក្សសង្គ្រោះជាតិ គឺភាពស្ងប់ស្ងាត់កើតឡើងបីថ្ងៃ ក្រោយពីការគំរាមដល់អ្នកដែលនឹងតវ៉ា។

សម្រាកពីការឈរថតសែលហ្វីក្នុងសម្លៀកបំពាក់ទទួលសញ្ញាបត្រនៅខាងក្រៅសណ្ឋាគារសុខា ភ្នំពេញ និស្សិតមួយចំនួនបានរិះគន់ចំណូលចិត្តមេដឹកនាំរបស់ពួកគេចំពោះការបញ្ចូលនយោបាយទៅក្នុងសុន្ទរកថាចែកសញ្ញាបត្ររបស់លោក។

និស្សិតម្នាក់ដែលប្រាប់ឈ្មោះថាស្រីលក្សណ៍បាននិយាយថា លោក ហ៊ុន សែន ទំនងជាយល់ថាសុន្ទរកថាជាវិធីមួយ ដើម្បីបំពាក់បំប៉នទស្សននយោបាយរបស់មនុស្សជំនាន់ក្រោយ ហើយទប់ទល់នឹងភាពទាក់ទាញដែលពួកគេមានទៅលើគណបក្សសង្គ្រោះជាតិ។

និស្សិតរូបនេះបាននិយាយថា “ខ្ញុំគិតថា លោកយល់ថា យើងជានិស្សិតនិងជាអ្នកជំនាន់ក្រោយ។ ភាគច្រើន យើងយល់អ្វីដែលកំពុងកើតឡើងចំពោះនយោបាយរបស់លោកនិងគណបក្សប្រឆាំង។ លោកលើកឡើងពីនយោបាយ ដើម្បីជំរុញឲ្យយើងក្រឡេកមើលខាងលោកដែរ”។

និស្សិតមុខជំនាញព័ត៌មានវិទ្យារូបនេះបាននិយាយថា នាងបានឃើញលោកមានប្រសាសន៍សប្បាយនឹងវប្បធម៌ប្រជាប្រិយ។

និស្សិតរូបនេះបាននិយាយថា “លោកបានចូលរួមពិធីចែកសញ្ញាបត្រសាកលវិទ្យាល័យច្រើនណាស់ ហើយជួនកាលលោកនិយាយអំពីកម្មវិធី Cambodian Idol និងប្រធានបទផ្សេងៗទៀត។ ខ្ញុំមិនគិតថា វាពិតជាសមរម្យទេ។ លោកគួរតែនិយាយពីការអប់រំ និងរបៀបជំរុញនិស្សិតឲ្យឆ្នើម”។

លោក សុង សុភណ្ឌដារ៉ា វ័យ៣០ឆ្នាំ ដែលទើបតែទទួលបានសញ្ញាបត្របរិញ្ញាបត្ររងផ្នែកមន្ទីរពិសោធវេជ្ជសាស្ត្រមានទស្សនខុសគ្នា។ មិនដូចជាមិត្តរបស់គាត់ជាច្រើនទៀត និស្សិតរូបនេះបាននិយាយថា លោកនាយករដ្ឋមន្ត្រីគឺត្រឹមត្រូវក្នុងការប្រើវេទិកានេះ ដើម្បីថ្លែងអំពីសត្រូវរបស់លោក។

លោក សុភណ្ឌដារ៉ា បាននិយាយថា “ខ្ញុំគិតថា ល្អ។ ពីព្រោះជួនកាលនាយករដ្ឋមន្ត្រីនឹងត្រូវគេចោទថាធ្វើអ្វីមួយ ហើយជំនាន់ក្មេងៗ គឺមានអ្នកខ្លះគ្រាន់តែស្តាប់តែម្ខាង។ អ៊ីចឹង វាជាការល្អ បើនាយករដ្ឋមន្ត្រីប្រើឱកាសនេះការពារខ្លួនលោក ហើយឆ្លើយដោយខ្លួនលោក”។

និស្សិតរូបនេះបាននិយាយថា “នេះជាឱកាសរបស់លោក ដើម្បីប្រើពេលលោកឆ្លើយតបនឹងម្ខាងទៀត ហើយប្រសិនបើលោកមិនប្រើឱកាសនេះទេ នឹងមិនមានការឆ្លើយឆ្លងរវាងគណបក្សទាំងពីរឡើយ”។

លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំបាននិយាយថា លោកបានយល់ស្របចំពោះសេចក្តីថ្លែងផ្នែកនយោបាយរបស់លោក ហ៊ុន សែន នៅឯពិធីចែកសញ្ញាបត្រ ហើយជឿថា និស្សិតអាចរៀនសូត្រពីបទពិសោធលោកនាយករដ្ឋមន្ត្រី។

លោក សាលីន បាននិយាយថា “លោកអាចចែករំលែកជាមួយនិស្សិតថ្នាក់បញ្ចប់ថ្មីៗ ដើម្បីឲ្យទទួលបានយោបល់និងទស្សនខាងក្នុង និងការវាយតម្លៃស្ថានការណ៍ពីអ្វីដែលលោកបានធ្វើរហូតមកដល់ពេលនេះអំឡុងពេលលោកជាមេដឹកនាំ។ យើងសូមគាំទ្រ”។

អ្នកនាំពាក្យរូបនេះបាននិយាយថា ” នៅពេលដែលនិស្សិតបញ្ចប់សាកលវិទ្យាល័យ មានន័យថា ពួកគេមានវ័យជាង២០ឆ្នាំ គឺ២៤ឆ្នាំ ២៥ឆ្នាំ ហើយផ្តល់ឲ្យពួកគេនូវព័ត៌មានខ្លះៗទាក់ទងនឹងនយោបាយមិនជាបញ្ហាអ្វីទេ”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា លោក ហ៊ុន សែន ពិតជាមានសិទ្ធិគ្រប់គ្រាន់ ក្នុងការសំដៅលើបក្សប្រឆាំង នៅពេលធ្វើបាឋកថាដល់និស្សិតបញ្ចប់ថ្នាក់សាកលវិទ្យាល័យ។

លោក ស៊ីផាន បាននិយាយថា “វាជាការសមរម្យសម្រាប់កម្ពុជា”។

លោកបាននិយាយថា “លោកនាយករដ្ឋមន្ត្រីចង់ឲ្យយុវជនយល់អំពីរបៀបរក្សាសន្តិភាពរបស់ប្រទេស ដែលខុសគ្នាស្រឡះពីគណបក្សសង្គ្រោះជាតិ ដែលញុះញង់និស្សិតឲ្យធ្វើបាតុកម្មតាមដងផ្លូវ”។

និយាយនៅក្រៅកន្លែងទទួលភ្ញៀវនៃសណ្ឋាគារសុខាកាលពីសប្តាហ៍មុន ក្រោយពីទទួលសញ្ញាបត្រសម្ភពវិជ្ជា នាង ហឿន សុវណ្ណគង្គា វ័យ២៣ឆ្នាំមិនចូលចិត្តឲ្យមេដឹកនាំនិយាយពីនយោបាយទេ ប៉ុន្តែបាននិយាយថា នាងបាននិយាយថា នាងមិនខ្វល់ខ្វាយអំពីការប្រឹងប្រែងរបស់លោកដើម្បីបញ្ចូលឥទ្ធិពលលើជំនាន់ក្មេងៗទេ។

និស្សិតរូបនេះបាននិយាយថា “វាមិនមានបញ្ហាទេ។ យើងពេញវ័យ ហើយមានចំណេះដឹង អ៊ីចឹងយើងមិនចង់ឲ្យគេប្រើឥទ្ធិពលលើយើងទេ”៕

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស