30 C
Phnom Penh

គណបក្ស​​​ប្រឆាំង​​ដែល​​​​អស​កម្ម​​​​​មួយ​​​​​​​​​រយៈ​​​​​​​​​ ចេញ​​​មុខ​​​​​​ឡើង​​​​​​វិញ​​​​​​​​​​​​​​​​​​​​ជាមួយនឹង​ផែន​ការ​កំណែ​ទម្រង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រឈមសំណុំរឿងព្រហ្មទណ្ឌជាបន្តបន្ទាប់ដែលខ្លួននិយាយថាជំរុញដោយហេតុផលនយោបាយ គណបក្សប្រឆាំងបានចេញមុខឡើងវិញកាលពីម្សិលមិញក្រោយពីអសកម្មផ្នែកនយោបាយអស់មួយរយៈពេលដើម្បីជំរុញកំណែទម្រង់តុលាការ ហើយការពារអភ័យឯកសិទ្ធិតំណាងរាស្ត្ររបស់សមាជិកសភាពីររូបរបស់ខ្លួនក្នុងកិច្ចប្រជុំមួយនៅរដ្ឋសភា។

cam-photo-assembly-800x533គណបក្សសង្គ្រោះជាតិក៏បានបង្ហើបឲ្យដឹងដែរថា លោក កឹម សុខា អនុប្រធានគណបក្សនឹងចាកចេញពីការឃុំខ្លួនឯងនៅទីស្នាក់ការបក្សដើម្បីទៅចុះឈ្មោះបោះឆ្នោតក្នុងរយៈពេល២ខែក្រោយ។

ចាប់តាំងពីនគរបាលបានប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា កាលពីខែឧសភាមក លោកបានសម្ងំរស់នៅក្នុងទីស្នាក់ការកណ្ដាលគណបក្សនៅរាជធានីភ្នំពេញ ចំណែកឯសហសេវិករបស់លោកបានរក្សាភាពស្ងាត់ស្ងៀមភាគច្រើន ដោយបដិសេធមិនចូលរួមប្រជុំជាមួយគណបក្សប្រជាជនកម្ពុជា នៅរដ្ឋសភាឡើយ។

លោក យ៉ែម បុញ្ញរិទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា “យើងមិនដែលប្រកាសធ្វើពហិការទេ” ដោយប្រែក្រឡាស់ខុសពីសេចក្តីប្រកាសមួយកាលពីថ្ងៃទី២៧  ខែឧសភា ដែលលើកឡើងថា សមាជិកសភា “មិនអាចបំពេញការងាររបស់ខ្លួននៅរដ្ឋសភាបានឡើយ នៅពេលអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រត្រូវបានបំពានម្ដងហើយម្ដងទៀត”។

បច្ចុប្បន្នតំណាងរាស្ត្រ អ៊ុំ សំអាន កំពុងជាប់ពន្ធនាការដោយសារបង្ហោះសារតាមហ្វេសប៊ុករិះគន់រដ្ឋាភិបាល ចំណែកឯលោក កឹម សុខា ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៥ខែនៅខែនេះ  ទោះបីជាលោកទាំងពីរមានអភ័យឯកសិទ្ធិអាចការពារខ្លួនពីការចោទប្រកាន់ក្ដីដូចមានចែងក្នុងរដ្ឋធម្មនុញ្ញក្តី។ ស្មារតីចូលរួមថ្មីរបស់គណបក្សសង្គ្រោះជាតិនេះកើតមានឡើងស្ទើរតែភ្លាមៗបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសុន្ទរកថាកាលពីសប្ដាហ៍មុន ដោយគូសបញ្ជាក់ពី “បទឈប់បាញ់” រវាងគណបក្សទាំងពីរ ថ្វីបើឥស្សរជនគណបក្សប្រឆាំង និងសកម្មជនសិទ្ធិមនុស្សជាង២០រូបត្រូវបានដាក់ពន្ធនាគារក្នុងឆ្នាំកន្លងទៅក្តី។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោក កឹម សុខា បានជំរុញឱ្យគណបក្សចៀសវាងការប្រើ “ពាក្យអសុរោះ” ដែលអាចធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំង ហើយបានបួងសួងឱ្យព្រលឹងដូនតាជួយជំរុញបន្ទន់ចិត្តថ្នាក់ដឹកនាំប្រទេសឱ្យដោះលែងអ្នកទោសនយោបាយអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាមានប្រសាសន៍ថា គណៈកម្មាធិការអចិន្ត្រយ៍នៃរដ្ឋសភាបានបោះឆ្នោតកាលពីម្សិលមិញ ដើម្បីពិចារណាការធ្វើវិសោធនកម្មច្បាប់ចំនួនបីដែលត្រូវបានអនុម័តកាលពីឆ្នាំ២០១៤ ដែលបណ្ដាអ្នករិះគន់និយាយថា បានផ្តល់អំណាចប្រមូលផ្តុំដល់ក្រសួងយុត្តិធម៌ឲ្យគ្រប់គ្រងលើព្រះរាជអាជ្ញា  និងចៅក្រមទូទាំងប្រទេស ដោយយកប្រព័ន្ធតុលាការដែលមជ្ឈដ្ឋានទូទៅមើលឃើញថា ពុករលួយធ្វើជាឧបករណ៍នយោបាយ។

សំដៅដល់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបានអនុម័តច្បាប់នេះ លោក ឡេង ប៉េងឡុង បានមានប្រសាសន៍ទៀតថា “គណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចបញ្ជូនវាទៅឲ្យគណៈកម្មការជំនាញពិនិត្យផ្ទៀងផ្ទាត់តាមការស្នើសុំរបស់ឯកឧត្ដម សុន ឆ័យ ហើយ”។

លោកបានបន្តទៀតថា នៅពេលគណៈកម្មការនីតិកម្ម និងយុត្តិធម៌ពិនិត្យផ្ទៀងផ្ទាត់ច្បាប់នេះរួច ”យើងនឹងយករបៀបវារៈមកកាន់សម័យប្រជុំពេញអង្គ” សម្រាប់តំណាងរាស្ត្រទាំងអស់ជជែកដេញដោល និងបោះឆ្នោតអនុម័ត។

លោកថ្លែងថា គណៈកម្មាធិការអចិន្ត្រៃយ៍ក៏បានសម្រេចច្រានចោលដែរនូវសំណើរបស់ក្រសួងយុត្តិធម៌ដែលសុំឱ្យសភាពេញកូរ៉ុមទាំង១២៣អាសនៈបោះឆ្នោតសម្រេចថា តើត្រូវដកអភ័យឯកសិទ្ធិតំណាងរាស្ត្ររបស់សមាជិកសភាគណបក្សសង្គ្រោះជាតិពីររូប គឺលោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ឬយ៉ាងណា។

លោកគូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញអនុញ្ញាតឱ្យមានការចាប់ខ្លួនតំណាងរាស្ត្រលុះត្រាតែវាជាបទល្មើសជាក់ស្ដែង ដែលមិនមាននៅក្នុងករណីរបស់លោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា។

តំណាងរាស្ត្រទាំងពីរត្រូវបានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងព្រហ្មទណ្ឌប្រឆាំងលោក កឹម សុខា ដែលត្រូវតុលាការកាត់ឱ្យជាប់ទោសកាលពីដើមខែនេះពាក់ព័ន្ធសំណុំរឿង “សញ្ចរកម្ម” ដែលបានធ្វើឱ្យជាប់ពាក់ព័ន្ធដល់មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុកបួនរូប មន្ត្រីគ.ជ.ប.មួយរូប និងមេឃុំគណបក្សសង្គ្រោះជាតិមួយរូបផងដែរ។

បន្ទាប់ពីលោក កឹម សុខា ត្រូវបានតុលាការផ្ដន្ទាទោសពីបទបដិសេធក្នុងការចូលខ្លួនទៅតុលាការ គណបក្សប្រឆាំងបានគំរាមធ្វើមហាបាតុកម្ម។ ជាការឆ្លើយតប លោក ហ៊ុន សែន មានប្រសាសន៍ថា បាតុកម្មបែបនេះត្រូវបានហាមប្រាម ហើយយោធាត្រូវបានចល័តតាមឧទ្ធម្ភាគចក្រ អូប័រ និងរថយន្តព័ទ្ធជុំវិញទីស្នាក់ការកណ្ដាលរបស់គណបក្សនេះ។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា លោក កឹម សុខា នឹងចាកចេញពីកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់លោកដើម្បីចុះឈ្មោះបោះឆ្នោត ដែលផុតកំណត់នៅថ្ងៃទី២៩ ខែវិច្ឆិកា។

លោកថ្លែងថា “យោងលើផ្លូវច្បាប់ គាត់ [ឯកឧត្ដម កឹម សុខា] នៅតែមានសិទ្ធិពេញលេញក្នុងការចុះឈ្មោះ [បោះឆ្នោត] ហើយយើងមិនប្រាកដថានឹងធ្វើឡើងនៅពេលណាទេ”។ លោក អុី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញមានប្រសាសន៍ថា លោក កឹម សុខា នឹងមិនប្រឈមការចាប់ខ្លួនឡើយរហូតទាល់តែដំណើរការប្ដឹងទាស់របស់លោកចប់។

លោកបានលើកឡើងកាលពីម្សិលមិញថា “គាត់នឹងមិនត្រូវចាប់ខ្លួនទេ  រហូតទាល់តែសាលក្រមចូលជាស្ថាពរ”។ លោក សម សុគង់ មេធាវីក្នុងក្រុមអ្នកច្បាប់របស់លោក កឹម សុខា មានប្រសាសន៍កាលពីម្សិលមិញថា ពួកលោកគ្រោងប្ដឹងទាស់នៅពេលបុណ្យភ្ជុំបិណ្ឌចប់ ដោយទុកឱកាសឱ្យលោក កឹម សុខា ចុះឈ្មោះបោះឆ្នោតដោយគ្មានការចាប់ខ្លួន។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានគូសបញ្ជាក់ឡើងវិញអំពីការអះអាងរបស់លោក យ៉ែម បុញ្ញឫទ្ធិ ថា គណបក្សមិនបានកែប្រែការធ្វើពហិការណាមួយកាលពីមុនឡើយ ហើយផ្ទុយមកវិញនឹងចូលរួមក្នុងចំណុចណាដែលខ្លួនអាចណែនាំការធ្វើកំណែទម្រង់បាន។

លោកថ្លែងថា “បញ្ហាគឺថា យើងមិនអាចចូលសភា ហើយបណ្ដោយឱ្យសភាបំភិតបំភ័យប្រធានស្ដីទីរបស់យើងបានទេ។  ប៉ុន្តែនៅពេលឈានដល់ការធ្វើកំណែទម្រង់ស្ថាប័ននានារបស់ប្រទេសដូចជាតុលាការជាដើម យើងត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់លើស្ថានភាពនេះ”។

លោកបានលើកឡើងទៀតថា គណបក្សប្រឆាំងនៅតែត្រូវ “រង់ចាំមើល” ថាតើរដ្ឋសភាឆ្លើយតបបែបណាទៅនឹងការព្យាយាមការធ្វើកំណែទម្រង់របស់ខ្លួន មុនពេលចូលសភាវិញដោយពេញលេញ។ “យើងជឿថា បើសភាធ្វើឲ្យបានត្រឹមត្រូវ យើងនឹងចូលរួម”។

លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅក្នុងប្រទេសបារាំង ដើម្បីគេចពីការជាប់ពន្ធនាគារ បានមានប្រសាសន៍ម្ដងហើយម្ដងទៀតថា គណបក្សសង្គ្រោះជាតិនឹងចូលរួមក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភា លុះត្រាតែមាន  ”ដំណោះស្រាយគ្រប់ជ្រុងជ្រោយចំពោះវិបត្តិនយោបាយបច្ចុប្បន្ន”។

លោក អ៊ា សុផល សាស្ត្រាចារ្យរងដែលបង្រៀនផ្នែកការទូត និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ Occidental College ក្នុងទីក្រុងឡូសអ៊ែនជើឡេស  បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិសង្ឃឹមថា “ប្រហែលជា គ្រាន់តែប្រហែលប៉ុណ្ណោះ គឺភាពល្អូកល្អិនផ្នែកនយោបាយនេះអាចនឹងបន្តទៅមុខ”។

លោកបានសរសេរក្នុងសារអេឡិចត្រូនិកមួយស្ដីពីការធ្វើពហិការរបស់គណបក្សប្រឆាំងថា “ពិតណាស់ថា វាហាក់ដូចជាផើមពាក់កណ្ដាលអ៊ីចឹង។ គ្មានរឿងបែបនេះទេ បើមិនចូលទេ គឺចេញ”៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស