33.3 C
Phnom Penh

ប្រាក់ខែ​គោលថ្មី​​សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​​ប្រហែល​ជា​អាច​ដោះស្រាយ​​បាន​នៅ​ថ្ងៃនេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលអាចដោះស្រាយប្រាក់ខែគោលថ្មីសម្រាប់ឧស្សាហកម្មកាត់ដេរដ៏លើសលប់នៅក្នុងប្រទេសសព្វថ្ងៃនេះ បន្ទាប់ពីក្រុមការងារដែលមានភារកិច្ចផ្ដល់យោបល់អំពីតួលេខបានសម្រេចមិនធ្វើការបោះឆ្នោត បន្ទាប់ពីមានការខ្វែងគំនិតគ្នាឥតឈប់ឈររវាងសហជីព និងនិយោជក។

cam-photo-wage-800x533ក្រុមការងារដែលមានសមាសភាពមកពីរដ្ឋាភិបាល សហជីព និងតំណាងរោងចក្រគ្រោងធ្វើការបោះឆ្នោតកាលពីម្សិលមិញលើសំណើដាច់ដោយឡែកពីគ្នារបស់ភាគីទាំងបីចំពោះការដំឡើងប្រាក់ខែគោលបច្ចុប្បន្នដែលមាន១៤០ដុល្លារ បន្ទាប់ពីមិនបានឈានដល់ការព្រមព្រៀងគ្នានៅកិច្ចប្រជុំបីលើកពីមុន។

គិតមកដល់ថ្ងៃម្សិលមិញ ភាគីទាំងបីនៅតែមិនទាន់និយាយត្រូវគ្នានៅឡើយទេ។ និយោជកព្រមព្រៀងត្រឹម១៤៧ដុល្លារ  រដ្ឋាភិបាលព្រមព្រៀងត្រឹម១៤៨ដុល្លារ ហើយសហជីពយល់ព្រមត្រឹម១៧១ដុល្លារ។ ទោះយ៉ាងណា ជំនួសឱ្យការដោះស្រាយបញ្ហានេះតាមរយៈការបោះឆ្នោតនោះ ក្រុមការងារបានព្រមព្រៀងគ្នាកាលពីម្សិលមិញថានឹងបញ្ជូនតួលេខទាំងបីនេះទៅពិភាក្សាត្រីភាគីស្រដៀងគ្នានេះ ប៉ុន្តែ ជាថ្នូរ គណៈកម្មាធិការប្រឹក្សាការងារ (LAC)ដែលតូចជាងគេ នឹងធ្វើសំណើរបស់ខ្លួនដាក់ជូនទៅក្រសួងការងារ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានមានប្រសាសន៍កាលពីម្សិលមិញថា ”យើងបានយល់ព្រមធ្វើការបោះឆ្នោត ប្រសិនបើយើងមិនអាចស្វែងរកការព្រមព្រៀងគ្នាទេនោះ។ ប៉ុន្តែនៅព្រឹកនេះយើងបានពិភាក្សាគ្នា ហើយបានសម្រេចបញ្ជូនសំណើរបស់ភាគីនីមួយៗទៅគណៈកម្មាធិការប្រឹក្សាការងារដើម្បីពិនិត្យ។ មិនចាំបាច់បោះឆ្នោតទេ”។

ក្នុងឆ្នាំកន្លងមក សហជីពបានចាញ់ឆ្នោតជាបន្តបន្ទាប់ ហើយបានបញ្ជូនតួលេខរបស់ខ្លួនដែលបានស្នើឡើងទៅគណៈកម្មាធិការប្រឹក្សាការងារដើម្បីធ្វើការពិចារណា។

លោក ហេង សួរ បានមានប្រសាសន៍ថា គណៈកម្មាធិការប្រឹក្សាការងារដែលមានតំណាងជាច្រើនមកពីរដ្ឋាភិបាល នឹងធ្វើការបោះឆ្នោតលើសំណើទាំងបីនេះនៅថ្ងៃនេះ ដោយផ្ដល់ការសម្រេចចុងក្រោយទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកបានមានប្រសាសន៍ថា “គណៈកម្មាធិការប្រឹក្សាការងារនឹងធ្វើសំណើ ហើយលោកនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលនឹងពិចារណាថាតើត្រូវដំឡើងឬក៏ទុកឱ្យនៅដដែល។ យើងរំពឹងថា  នឹងមានការសម្រេចនៅថ្ងៃស្អែក”។

មុនពេលក្រុមការងារសម្រេចមិនបោះឆ្នោត តំណាងសហជីពបានធ្វើសំណើចុងក្រោយមួយដោយបង្រួមគម្លាតឱ្យកាន់តែកៀកគ្នារវាងពួកគេ និងនិយោជក។ ពួកគេបានបញ្ចុះមកនៅត្រឹម១៧១ដុល្លារ ពី១៧៧,៥៩ដុល្លារ។

លោក អាត់ ធន់ មេដឹកនាំសហជីពបានមានប្រសាសន៍ថា ភាគីរបស់លោកយល់ព្រមបន្ទន់ជំហររបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងនិយោជក ដែលបានកែប្រែតួលេខរបស់ខ្លួនដែលបានស្នើឡើង ទោះបីតិចតួចក៏ដោយ។

លោកបានថ្លែងថា “យើងបានសម្រេចត្រឹម១៧១ដុល្លារ ពីព្រោះនិយោជកឡើងបន្តិច ដូច្នេះយើងចុះបន្តិច”។ លោករំពឹងថា ប្រាក់ខែគោលថ្មីក្នុងវិស័យកាត់ដេរនឹងត្រូវដោះស្រាយត្រឹម១៥០ដុល្លារ ឬលើសពីនេះបន្តិចបន្តួច បន្ទាប់ពីគណៈកម្មាធិការប្រឹក្សាការងារបោះឆ្នោតគាំទ្រតួលេខដែលបានស្នើឡើងរបស់រដ្ឋាភិបាល ហើយលោក ហ៊ុន សែន បន្ថែមពីរបីដុល្លារទៀតពីលើនោះ  ដូចដែលបានកើតឡើងកាលពីឆ្នាំមុន។ប្រាក់ខែគោលថ្មីនឹងចូលជាធរមាននៅខែមករា។

និយោជកព្រមានថា ការដំឡើងប្រាក់ខែច្រើនអាចប៉ះពាល់ដល់ឧស្សាហកម្មកាត់ដេរ ដែលជាផ្នែកដ៏ធំនៃសេដ្ឋកិច្ចនាំចេញរបស់ប្រទេស។ ប៉ុន្តែឧស្សាហកម្មនេះនៅតែមានកំណើនខ្លាំងក្លាបន្ទាប់ពីការដំឡើងប្រាក់ខែដ៏ច្រើនកាលពីពីរបីឆ្នាំកន្លងមក៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស