អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជាកាលពីថ្ងៃពុធបានរិះគន់ប្រទេសនេះជាច្រើនទាក់ទងការរំលោភសិទ្ធិមនុស្ស តែកម្ពុជាបានទទួលការគាំទ្រពីប្រទេសជិតខាង រួមទាំងប្រទេសភូមា ឡាវ ថៃ និងចិន។
ក្នុងការបង្ហាញនៅឯកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងក្រុងហ្សឺណែវ អ្នកស្រី រ៉ូណា ស្មីត បានធ្វើបច្ចុប្បន្នភាពលើរបាយការណ៍មួយដែលបានរៀបចំពីមុនក្នុងខែឧសភា ដោយមានកង្វល់ជាច្រើនទាក់ទងនឹងព្រឹត្តិការណ៍នយោបាយថ្មីៗកន្លងទៅនេះ។
អ្នកស្រីបានសរសរក្នុងខែឧសភាថា “បើគ្មានកិច្ចប្រឹងប្រែងសម្រុះសម្រួលពិតប្រាកដពីគណបក្សនយោបាយធំទាំងពីរទេ…ស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជាអាចកាន់តែអាក្រក់ឡើងបន្តទៀតក្នុងប៉ុន្មានខែខាងមុខ”។

កាលពីថ្ងៃពុធ អ្នកស្រីបាននិយាយថា “ប្រាកដជាមានកម្តៅនយោបាយរឹតតែខ្លាំងឡើងទៀត”។
អ្នកស្រី ស្មីត បាននិយាយថា មន្ទិលសង្ស័យអំពីឯករាជ្យភាពនៃប្រព័ន្ធយុត្តិធម៌កម្ពុជាកាន់តែកើនឡើង ដោយមានរឿងក្តីផ្សេងៗនិងការកាត់ឲ្យជាប់ទោសដោយវិសមាមាត្រដែលធ្វើឲ្យប៉ះពាល់ដល់អ្នកនយោបាយបក្សប្រឆាំងនិងសកម្មជនសិទ្ធិមនុស្ស។
អ្នកស្រីបានលើកឡើងពីការកាត់ឲ្យជាប់ទោសក្នុងពេលថ្មីៗនេះចំពោះលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាក់ទងនឹងរឿងក្តីបរិហារកេរ្តិ៍ដែលកើតចេញពីពេលលោកធ្វើជាអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងលោក កឹម សុខា អនុប្រធានបក្សប្រឆាំង។
អ្នកស្រីបាននិយាយថា ការសំដៅគោលដៅលើអ្នកប្រឆាំងនយោបាយដោយប្រព័ន្ធតុលាការនោះ ពោលគឺលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងក៏បានទទួលរងបណ្តឹងបរិហារកេរ្តិ៍ ហើយក៏និរទេសខ្លួនឯងក្នុងប្រទេសបារាំង គឺអាចធ្វើឲ្យខូចដល់ភាពគួរឲ្យជឿទុកចិត្តលើការបោះឆ្នោតឃុំសង្កាត់ប្រទេសកម្ពុជានៅឆ្នាំក្រោយ និងការបោះឆ្នោតសាកលក្នុងឆ្នាំ២០១៨។
អ្នកស្រី ស្មីត បាននិយាយថា “ភាពធ្ងន់ធ្ងរនៃស្ថានការណ៍នេះមិនអាចមើលស្រាលបានទេ”។ អ្នកស្រីក៏បានអំពាវនាវឲ្យគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិសហការគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹងនេះដែរ។
អ្នកស្រីបាននិយាយថា “មានការបង្កហេតុនិងទប់ទល់ការបង្កហេតុក្នុងវោហារសាស្ត្រនៃគណបក្សនយោបាយធំទាំងពីរ ប៉ុន្តែក្នុងអំឡុងពេលបោះឆ្នោតលើកមុន ពលរដ្ឋកម្ពុជាសម្តែងការគាំទ្រគណបក្សនយោបាយធំទាំងពីរ ហេតុដូច្នេះ គេត្រូវតែធ្វើការដើម្បីបម្រើអ្នកដែលបានបោះឆ្នោតឲ្យពួកគេ”។
អំឡុងពេលកិច្ចប្រជុំពេលព្រឹក តំណាងពីសហគមន៍អ៊ឺរ៉ុបនិងប្រទេសលោកខាងលិច៨ប្រទេស ពោលគឺសាធារណរដ្ឋឆែក បារាំង អូស្ត្រាលី សហរដ្ឋអាមេរិក ស្វ៊ីស អៀរឡង់ នូវែលសេឡង់ និងចក្រភពអង់គ្លេសបន្ទរតាមរបាយការណ៍របស់អ្នកស្រី ស្មីត ដែរ ហើយបានរិះគន់រដ្ឋាភិបាលយ៉ាងខ្លាំងចំពោះស្ថានការណ៍សិទ្ធិមនុស្សកាន់តែដុនដាប ដោយអំពាវនាវម្តងហើយម្តងទៀតសុំឲ្យដោះលែងសកម្មជនសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារ។
ការអត្ថាធិប្បាយរបស់ប្រទេសទាំងនោះបន្ទរតាមរបាយការណ៍រួមគ្នាមួយដែលយល់ព្រមនៅដើមខែនេះដោយប្រទេសចំនួន៣៩ដែលរិះគន់រដ្ឋាភិបាលទាក់ទងនឹងព្រឹត្តិការណ៍កន្លងទៅថ្មីៗនេះនៅកម្ពុជា។
ទោះជាយ៉ាងនេះក្តី ប្រទេសអាស៊ីអាគ្នេយ៍បួននិងប្រទេសចិនបានផ្តល់ការវាយតម្លៃផ្ទុយគ្នាទៅលើរបាយការណ៍អ្នករាយការណ៍ពិសេស។
ឆ្លុះបញ្ចាំងទៅលើវិធីដែលថា តំណាងនៃប្រទេសលោកខាងលិចបាននិយាយម្តងហើយម្តងទៀតថា វឌ្ឍនភាពរបស់កម្ពុជាអំពីសិទ្ធិមនុស្សបានលុបលើដោយការកើនឡើងនូវភាពតានតឹងផ្នែកនយោបាយនោះ ប្រទេសអាស៊ីអាគ្នេយ៍ទាំងនេះបានប្រើប្រាស់ពាក្យពេចន៍ស្រដៀងគ្នាក្នុងការជំរុញទឹកចិត្តសហគមន៍អន្តរជាតិឲ្យផ្តោតលើ”ការកសាងសមត្ថភាពបច្ចេកទេស”វិញ។
តំណាងប្រទេសឡាវ លោក បូវុណេថាត ឌូងចក បាននិយាយថា “យើងអំពាវនាវសុំឲ្យសហគមន៍អន្តរជាតិទាក់ទងប្រទេសកម្ពុជាដោយវិជ្ជមាន”។
លោក អាសិប ស៊ូម៉ានទ្រី តំណាងឥណ្ឌូនេស៊ី បាននិយាយថា “សូម្បីតែវឌ្ឍនភាពតិចតួចក៏នៅតែជាសញ្ញាលើកទឹកចិត្តដែរ”។
លោកបាននិយាយថា ” យើងទាំងអស់គ្នាដឹងហេតុការណ៍ថា ចំពោះវឌ្ឍនភាពសិទ្ធិមនុស្សដែលនឹងមានប្រសិទ្ធភាពទៅបាន នឹងប្រើពេលមួយចំនួន។ តាមទស្សនរបស់យើង ដូចគ្នានឹងប្រទេសជាច្រើនទៀត ប្រទេសកម្ពុជាកំពុងតែព្យាយាមរួមបញ្ចូលវឌ្ឍនភាពក្នុងកិច្ចអភិវឌ្ឍនិងវិស័យសិទ្ធិមនុស្ស។ យើងដឹងអំពីការប្រឈមមុខស្រាប់ហើយ”។
លោក វ៉ាង យិង តំណាងប្រទេសចិនបាននិយាយថា “ខ្លួនបានគាំទ្រ “ជម្រើសកម្ពុជាក្នុងគំរូនិងមាគ៌ាអភិវឌ្ឍសិទ្ធិមនុស្សដ៏សមរម្យ ហើយប្រទេសផ្សេងទៀតគួរតែ”ពិចារណាឲ្យបានពេញលេញទៅលើស្ថានភាពជាតិជាក់លាក់របស់ខ្លួន”។
ក្រោយពីការអត្ថាធិប្បាយជាច្រើន រួមទាំងការអត្ថាធិប្បាយពីអង្គការសិទ្ធិមនុស្សចំនួន៩នោះ លោក ណី សំអុល ឯកអគ្គរាជទូតកម្ពុជាប្រចាំក្រុងហ្សឺណែវថ្លែងសុន្ទរកថាបិទ ដោយស្តីបន្ទោសប្រទេសនានាដែលលោកបាននិយាយថា ធ្វើការសន្និដ្ឋានផ្អែកលើព័ត៌មានមិនគ្រប់គ្រាន់។
លោក សំអុល បាននិយាយថា “ពួកគេយកនិងជ្រើសរើសទំព័រសៀវភៅមួយ ហើយសង្វេបលើអ្វីដែលសៀវភៅនិយាយទាំងអស់”។
លោកបាននិយាយថា សេចក្តីថ្លែងអំពីសិទ្ធិមនុស្សត្រូវគេធ្វើអាជីវកម្ម ហើយប្រើជាអាវុធនយោបាយ”ដើម្បីបំបាក់មុខរដ្ឋាភិបាលនៅកម្ពុជា”។
លោកបាននិយាយថា “សរុបសេចក្តីមក ប្រតិភូរបស់ខ្ញុំមានទស្សនថា ការវាយតម្លៃជាទូទៅលើរូបភាពទាំងមូលរបស់កម្ពុជាដោយគ្រាន់តែប្រើប្រាស់ជ្រុងតែមួយ គឺមិនខុសគ្នាពីមនុស្សខ្វាក់ដែលបកស្រាយរូបរាងដំរី ដោយគ្រាន់តែស្ទាបនោះទេ”៕