34 C
Phnom Penh

រដ្ឋាភិបាល​​​​​​​​​​ដំឡើង​​​​​​​​​ប្រាក់​​​ខែ​​​​​​គោល​​​ក្នុង​​​វិស័យ​​​​​​កាត់​​​ដេរ​​​​​​​​​​​​​​​ដល់​​​​​១៥៣​​​ដុល្លារ​​​សម្រាប់​​​ឆ្នាំ​​​​​​​​​២០១៧

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលបានដំឡើងប្រាក់ខែគោលសម្រាប់វិស័យកាត់ដេរដ៏មានសារៈសំខាន់របស់ប្រទេសពី១៤០ដុល្លារដល់១៥៣ដុល្លារកាលពីម្សិលមិញ ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីប្រាក់ចំណេញដុលកាន់តែតិចទៅៗ និងបន្ទាប់ពីការចរចាជាច្រើនខែដែលបានធ្វើឲ្យសហជីព និងថៅកែរោងចក្របែកបាក់គ្នា។

លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានមានប្រសាសន៍ក្នុងកិច្ចប្រជុំកំណត់ប្រាក់ខែគោលថ្មីសម្រាប់វិស័យកាត់ដេរនៅកម្ពុជាក្នុងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍។ ស៊ីវ ចាន់ណា
លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានមានប្រសាសន៍ក្នុងកិច្ចប្រជុំកំណត់ប្រាក់ខែគោលថ្មីសម្រាប់វិស័យកាត់ដេរនៅកម្ពុជាក្នុងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍។ ស៊ីវ ចាន់ណា

ប្រាក់ខែគោលថ្មីដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះចំពោះការដំឡើងប្រាក់ខែតាមកម្រិតឆ្នាំបន្ទាប់ពីនៅទ្រឹងជាច្រើនឆ្នាំនេះ នឹងចូលជាធរមាននៅខែមករា។

សមាជិក២២រូបក្នុងចំណោម២៤រូបរបស់គណៈកម្មការប្រឹក្សាការងារ (LAC) ដែលមានសមាសភាពសហជីព ថៅកែរោងចក្រ និងភាគច្រើនជាតំណាងរដ្ឋាភិបាល បានបោះឆ្នោតគាំទ្រសំណើរបស់រដ្ឋាភិបាលដំឡើងប្រាក់ខែគោលដល់១៤៨ដុល្លារ។ សំណើរបស់សហជីពសុំដំឡើងដល់១៧១ដុល្លារទទួលបានសំឡេងឆ្នោត២ ចំណែកឯសំណើសុំដំឡើងដល់១៤៧ដុល្លារពីថៅកែរោងចក្រមិនទទួលបានសំឡេងគាំទ្រទេ។

លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានមានប្រសាសន៍ថា បន្ទាប់មកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែម៥ដុល្លារពីលើតួលេខដែលឈ្នះ។លោកបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្រសួងការងារក្នុងរាជធានីភ្នំពេញថា ”លទ្ធផលនៃការបោះឆ្នោតរបស់យើងនៅថ្ងៃនេះគាំទ្រតួលេខ១៤៨ច្រើនលើសលប់ ហើយប្រមុខរដ្ឋាភិបាលបានសម្រេចបន្ថែម៥ដុល្លារពីលើ។ ដូច្នេះប្រាក់ខែគោលក្នុងឆ្នាំ២០១៧គឺ១៥៣ដុល្លារ”។

លោកបានលើកឡើងថា លោកសង្ឃឹមថាប្រាក់ខែគោលថ្មីនេះថ្លឹងថ្លែងបានល្អរវាងក្តីសង្ឃឹមចង់បានរបស់ថោកែរោងចក្រ ព្រមទាំងកម្មករទាំង៦០០.០០០០នាក់។ “ខ្ញុំគិតថា យើងមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបាន១០០ភាគរយទេ ប៉ុន្តែវាប្រសើរជាងអ្វីដែលយើងមានកាលពីមុន”។

លោក អាត់ ធន់ ប្រធានសហជីពឯករាជ្យបានមានប្រសានស៍ថា លោកជាសមាជិកមួយរូបក្នុងចំណោមសមាជិក២រូបរបស់គណៈកម្មការប្រឹក្សាការងារដែលបានបោះឆ្នោតគាំទ្រការដំឡើងស្នើដោយសហជីព ដែលដំបូងឡើយហាក់មានការរួបរួមសាមគ្គីគ្នា ប៉ុន្តែទីបំផុតពួកគេភាគច្រើនបានបោះបង់ការទាមទារនេះកាលពីម្សិលមិញ។

លោកថ្លែងថា ប្រាក់ខែគោលថ្មីនេះមិនអាចរ៉ាប់រងបានឡើយចំពោះថ្លៃចំណាយរស់នៅរបស់កម្មករភាគច្រើនដែលការសិក្សាមួយធ្វើឡើងដោយសហជីពកាលពីពេលថ្មីៗនេះបង្ហាញថាជិត២០០ដុល្លារក្នុងមួយខែ។

លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានមានប្រសាសន៍ក្នុងកិច្ចប្រជុំកំណត់ប្រាក់ខែគោលថ្មីសម្រាប់វិស័យកាត់ដេរនៅកម្ពុជាក្នុងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍។ ស៊ីវ ចាន់ណា
លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានមានប្រសាសន៍ក្នុងកិច្ចប្រជុំកំណត់ប្រាក់ខែគោលថ្មីសម្រាប់វិស័យកាត់ដេរនៅកម្ពុជាក្នុងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍។ ស៊ីវ ចាន់ណា

លោកគូសបញ្ជាក់ថា “យើងមិនពេញចិត្តប្រាក់ខែគោលនេះទេ ព្រោះយើងគិតថា វាមិនគ្រប់គ្រាន់សម្រាប់ការរស់នៅសមរម្យ។ ខ្ញុំយល់ថា កម្មករខ្លះនឹងសប្បាយចិត្តចំពោះវា ហើយខ្លះទៀតមិនសប្បាយចិត្ត ប៉ុន្តែកម្មករភាគច្រើនចង់បានយ៉ាងតិច១៧១ដុល្លារ។ ត្រង់ថា មានបាតុកម្មឬអត់អាស្រ័យលើការចរចាជាមួយកម្មករ ប៉ុន្តែខ្ញុំគិតថាការតវ៉ាពេលនេះពិបាកបន្តិចហើយ”។

លើកឡើងពីការបាញ់ប្រហារ ការចាប់ខ្លួន និងបាតុកម្មតបពីសំណាក់សហជីពដែលប្រជែងគ្នា លោកមានប្រសាសន៍ទៀតថា “យើងដែលជាអ្នកចរចាកំពុងស្ថិតក្រោមការតាមដានរបស់តុលាការ ហើយកម្មករកំពុងតែពិបាកធ្វើបាតុកម្មក្នុងពេលថ្មីៗនេះដោយសារតែការរឹតបន្តឹងពីសំណាក់ថៅកែរោងចក្រ និងអាជ្ញាធរ”។

កម្មករកាត់ដេរមានការស្ទាក់ស្ទើរជាងមុនឆ្ងាយក្នុងការតវ៉ាទាមទារដំឡើងប្រាក់ខែចាប់តាំងពីនគរបាលបានបង្ក្រាបបាតុកម្មហិង្សានៅខាងក្រៅរោងចក្រមួយក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ២០១៤ដោយការបាញ់គ្រាប់ពិតទៅលើក្រុមបាតុករ បណ្តាលឲ្យមនុស្ស៥នាក់បាត់បង់ជីវិត។ ហើយដោយត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យមានអំពើហិង្សា មេដឹកនាំសហជីពនានាហាក់មិនសូវមានឆន្ទៈដឹកនាំការតវ៉ាដូចមុនឡើយ។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលក៏បានព្រមព្រៀងដំឡើងប្រាក់ខែគោលយ៉ាងហោចណាស់ក៏តិចតួចដែរក្នុងមួយឆ្នាំៗ និងផ្តល់អំណាចបញ្ចេញមតិច្រើនជាងមុនដល់សហជីពឯករាជ្យនៅក្នុងដំណើការកំណត់ប្រាក់ខែគោល។

លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)ដែលតំណាងរោងចក្រនាំចេញ មានប្រសាសន៍ថា ការដំឡើងប្រាក់ខែចុងក្រោយនេះនឹងធ្វើឲ្យបាត់បង់ការបញ្ជាទិញសម្លៀកបំពាក់ថោកបំផុតទៅបណ្តាប្រទេសគូប្រជែងដែលមានតម្លៃពលកម្មទាបជាង។

លោកមានប្រសាសន៍ថា “យើងនឹងប្រឹងប្រែងរស់តទៅទៀត។ទំនិញថោកៗនឹងមិនត្រូវបានផលិតក្នុងប្រទេសកម្ពុជាឡើយ។ ដូច្នេះយើងនឹងព្យាយាមបន្ថែមតម្លៃក្នុងប្រទេសកម្ពុជា”។

ថៅកែរោងចក្របានបន្ទោសការកើនឡើងរោងចក្របិទទ្វារដោយផ្ទាល់លើការដំឡើងប្រាក់ខែគោលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយលោក ស៊ូអៀង បានមានប្រសាសន៍ថា ការបិទរោងចក្រទំនងជានឹងបន្តទៀត វៀរលែងតែមានការកែប្រែណាមួយឲ្យមានកម្លាំងទីផ្សារធំជាងនេះ។ ហើយបើទោះជាការនាំចេញបានបន្តមើលឃើញកំណើនខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំដែលផ្ទុយពីការព្រមានរបស់ GMAC អំពីការធ្លាក់ចុះក៏ដោយ ក៏ប្រធានសមាគមរូបនេះមានប្រសាសន៍ថា  សម័យកំណើនពីរខ្ទង់បានចប់ហើយ។

ក្នុងការប្រកាសចុងក្រោយរបស់ខ្លួនអំពីឧស្សាហកម្មកាត់ដេរនៅប្រទេសកម្ពុជា អង្គការពលកម្មអន្តរជាតិ (ILO) ក៏បានព្រមានដែរថា ការវិនិយោគក្នុងវិស័យនេះនឹងចាប់ផ្តើមធ្លាក់ចុះក្នុងពេលឆាប់ៗ ប្រសិនបើការដំឡើងប្រាក់ឈ្នួលនារយៈពេលពីរបីឆ្នាំចុងក្រោយនេះមិនស្របជាមួយនឹងកំណើនផលិតភាពស្រដៀងគ្នា ឬក្រុមហ៊ុនម៉ាកល្បីៗមិនត្រៀមចំណាយបន្ថែមទៀតសម្រាប់ការបញ្ជាទិញរបស់ពួកគេទេនោះ។

លោក ស៊ូអៀង មានប្រសាសន៍ថា រោងចក្រជាច្រើនបានខិតខំបង្កើនផលិតភាពរបស់កម្មករក្នុងចំណោមប្រទេសដែលមានផលិតភាពទាបបំផុតនៅក្នុងតំបន់ ប៉ុន្តែត្រូវរាំងស្ទះដោយសារការមានសហជីពច្រើន និងកូដកម្មខុសច្បាប់របស់ពួកគេ។

លោកបានមានប្រសាសន៍ថា “វាមិនអាចទៅរួចទេក្នុងការគ្រប់គ្រងប្រទេសមួយដែលមានសហជីពច្រើនជាងសហគ្រាសនោះ។ វាមិនប្រកបដោយនិរន្តរភាពទេ”។

ជាលទ្ធផល សហជីពមួយចំនួនបន្ទោសថៅកែរោងចក្រចំពោះការវិនិយោគតិចតួចពេកលើកម្មកររបស់ខ្លួន។ លោក វីលៀម ខុនឃ្លីន (William Conklin) នាយកប្រចាំប្រទេសនៃអង្គការមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center) ដែលជាអង្គការសិទ្ធិការងារមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ការបង្កើនផលិតភាពគឺជារឿងសំខាន់បំផុតសម្រាប់ម្ចាស់រោងចក្រ។

លោកមានប្រសាសន៍ថា “គេមានសមត្ថភាពដើម្បីធ្វើឲ្យបរិយាកាសការងារប្រសើរឡើងគឺការវិនិយោគផ្នែកគ្រឿងចក្រប្រសើរឡើង កន្លែងធ្វើការ អាហារដ្ឋាន និងការផ្តល់អាហារ ការដោះស្រាយការដឹកជញ្ជូន គឺកម្មករមកធ្វើការដោយធ្វើដំណើរឆ្ងាយទាំងទុក្ខព្រួយ ហើយប្រឈមនឹងការលំបាកដដែលនៅពេលត្រឡប់ទៅវិញនាពេលយប់។ ចូរផ្លាស់ប្តូរពីការចាត់ទុកកម្មករជាទំនិញទៅជាទ្រព្យដែលអ្នកឲ្យតម្លៃ”។

ទោះជាដូច្នេះក្តី លោក ខុនឃ្លីន ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយសហជីពក្នុងស្រុកថ្លែងថា លោករំពឹងថា ប្រាក់ខែគោលថ្មីនេះនាំមកនូវការតវ៉ាតិចតួច។ ដោយគាំទ្រការប្រើកម្លាំងជាការគំរាមកំហែង លើកនេះរដ្ឋាភិបាលប្រហែលជាផ្តល់ឲ្យកម្មករត្រឹមតែមួយគ្រប់ដើម្បីកុំឲ្យកម្មករចេញមកតវ៉ាតាមដងផ្លូវជាទ្រង់ទ្រាយធំទៀត។

លោកមានប្រសាសន៍ថា ”[រដ្ឋាភិបាល] នៅពេលនេះបានទទួលអ្វីដែលខ្លួនចង់បាន។ តួលេខ [ប្រាក់ខែគោល] ថ្មីនេះមានការជំទាស់តិចតួចពីសំណាក់សហជីពគ្មានសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា”៕  សុខុម និង មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស