ស្របពេលមានការរិះគន់ យ៉ាងខ្លាំងមកលើរដ្ឋាភិបាលកម្ពុជាក្នុងពេលថ្មីៗ ជាពិសេសពីបណ្តាប្រទេសប្រជាធិបតេយ្យនៅលោកខាងលិចដែលខឹងសម្បាដោយសារការឃុំខ្លួនសកម្មជន ការយកយោធាឲ្យមកពាក់ព័ន្ធរឿងនយោបាយ និងការបង្ក្រាបការតវ៉ាដោយសន្តិវិធីនោះ មានប្រទេសមួយបានគាំទ្រប្រទេសនេះពេញទំហឹង។
ដោយមានទំនាក់ទំនងកាន់តែជិតស្និទ្ធមិនធ្លាប់មានជាមួយប្រទេសចិន ដែលសន្យាផ្តល់ជំនួយឥតឈប់ឈរ និងមានគោលការណ៍សិទ្ធិមនុស្សមិនខុសគ្នានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់បីដូចជាមានទំនាក់ទំនងដាច់កាន់តែឆ្ងាយពីអង្គការសហប្រជាជាតិនិងលោកខាងលិច ដែលបានជួយរៀបចំផែនការសម្រាប់អ្វីដែលជាអន្តរកាលលទ្ធិប្រជាធិប តេយ្យដ៏រអាក់រអួលកាលពីពីរទសវត្សរមុន។
នៅទីក្រុងហ្សឺណែវក្នុងសប្តាហ៍នេះ លោកស្រី រ៉ូណា ស្មីត (Rhona Smith)អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានរិះគន់យ៉ាងខ្លាំងចំពោះស្ថានភាពដ៏យ៉ាប់យ៉ឺននៅកម្ពុជា។ សោកស្រីទទួលបានការគាំទ្រពី សហភាពអឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី និងបណ្តាប្រទេសលោកខាងលិចមួយចំនួនផ្សេងទៀត។
ប៉ុន្តែការព្យាយាមរបស់លោកស្រីដើម្បីធ្វើឱ្យប្រទេសកម្ពុជាឲ្យក្លាយជាប្រទេសប្រកាន់លិទ្ធិប្រជាធិបតេយ្យដូចលោកខាងលិចដែលខិតខំតស៊ូដើម្បីតម្កល់ការប្តេជ្ញាចិត្តអន្តរជាតិរបស់ខ្លួនដែរនោះ ត្រូវបានប្រឆាំងដោយប្រទេសចិន ដែលនិយាយថា ពិភពលោកត្រូវតែគាំទ្រវប្បធម៌ល្អឯករបស់កម្ពុជា និង”ជម្រើសនៃគំរូនិងវិថីអភិវឌ្ឃន៍សិទ្ធិមនុស្សដ៏ត្រឹមត្រូវ”។
ថ្លែងអំឡុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិុមនុស្សអង្គការសហប្រជាជាតិ លោក វ៉ាង យីង (Wang Ying) តំណាងប្រទេសចិនបានអំពាវនាវឲ្យសហគមន៍អន្តរជាតិវាយតម្លៃប្រទេសកម្ពុជា តាមរយៈ”ការពិចារណាឲ្យបានពេញលេញលើលក្ខខណ្ឌដ៏ជាក់លាក់របស់ប្រទេសនេះ”។
ពាក្យពេចន៍ទាំងនោះកើតមានឡើងបន្ទាប់ពីមានរបាយការណ៍រិះគន់ដ៏លម្អិតរបស់លោកស្រី រ៉ូណា ស្មីត ស្តីអំពីការរំលោភបំពានសិទ្ធិុមនុស្សកាន់តែខ្លាំងឡើង ដោយមានឧទាហរណ៍បញ្ជាក់ដូចជា ការចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំង ការបង្កើនការគំរាមកំហែងលើសកម្មជន និងអង្គការសិទ្ធិមនុស្ស បរិយាកាសបំភិតបំភ័យបង្កើតឡើងដោយយោធាដែលតែងតែលូកដៃចូលក្នុងឆាកនយោបាយ និងការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយកាលពីខែកក្កដាជាដើម។
ការពិភាក្សាដេញដោលនៅអង្គការសហប្រជាជាតិបង្ហាញឲ្យឃើញពីភាពផ្ទុយគ្នារវាងប្រទេសការពារសិទ្ធមនុស្សជាសាកលដែលដឹកនាំដោយសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប និង ប្រទេសដែលអំពាវនាវឲ្យទុកពេលបន្ថែមទៀតសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ន៍ដោយប្រទេសដែលគួរឲ្យកត់សម្គាល់ខ្លាំងបំផុតគឺប្រទេសចិន។
ទាំងសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកសុទ្ធតែបានគំរាមកាត់ជំនួយនៅក្នុងឆ្នាំនេះ បើរដ្ឋាភិបាលកម្ពុជាមិនឈប់បង្ក្រាបលើគណបក្សប្រឆាំងទេនោះ ហើយប្រទេសមិនមែនជាម្ចាស់ជំនួយក៏បានចង្អុលបង្ហាញថា វាពិតជារឿងល្អនៅក្នុងការអនុវត្តវិធានការការទូតដ៏ខ្លាំងបែបនេះ។
ស្របពេលដំណាលគ្នានេះ មន្ត្រីមកពីទីក្រុងប៉េកាំងបានផ្តល់ការគាំទ្រយ៉ាងកក់ក្តៅសម្រាប់សមភាគីរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ។
លោក ជាំង ប៉ូ ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសចិនប្រចំាកម្ពុជា បានប្រាប់លោក ហ៊ុន សែន អំឡុងកិច្ចប្រជុំកាលពីម្សិលមិញថា លោកសង្ឃឹមថា នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ”កាន់រឹងមាំនិងស៊ីជម្រៅ” នេះបើេយោងតាមសារមួយបង្ហោះនៅលើគេហទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី។
សារនេះមានខ្លឹមសារដូច្នេះថា “បេសកកម្មការទូតរបស់ ឯកឧត្តម ជាំង ប៉ូ នៅកម្ពុជាគឺដើម្បីជំរុញទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត”។
នៅក្នុងឆ្នាំនេះ ប្រទេសចិនបានសន្យាផ្តល់ជំនួយជិត៦០០លានដុល្លារដល់ប្រទេសកម្ពុជារួចហើយ។ ដោយប្រឈមនឹងបញ្ហាស្រូវធ្លាក់ថ្លៃយ៉ាងខ្លាំងនៅក្នុងខែនេះនោះ កម្ពុជាបានងាកទៅរកប្រទេសចិនភ្លាមៗហើយបានស្នើសុំកញ្ចប់មូលនិធិបន្ទាន់ដែលមានទឹកប្រាក់៣០០លានដុល្លារដើម្បីរក្សាវិស័យនេះឲ្យនៅមានស្ថិរភាព។ ជាការសងគុណចំពោះការគាំទ្រផ្នែកហិរញ្ញវត្ថុ មជ្ឈដ្ឋានជាច្រើននិយាយថា កម្ពុជាបានដើរតួជារបាំងការទូតរារាំងប្រទេសសមាជិកអាស៊ានកុំឲ្យរួបរួមសាមគ្គីគ្នាប្រឆាំងរដ្ឋាភិបាលក្រុងប៉េកាំងពាក់ព័ន្ធជម្លោះនៅសមុទ្រចិនខាងត្បូង។
លោក Lee Morgenbesser អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Griffith អូស្ត្រាលី និងជាអ្នកសរសេរអត្ថបទដែលមានចំណងជើងថា “នៅពីក្រោយភាពអាថ៌កំបាំង៖ ការបោះឆ្នោតនៅក្រោមរបបផ្តាច់ការនៅអាស៊ីអាគ្នេយ៍” បានមានប្រសាសន៍ថា ការផ្លាស់ប្តូររបស់កម្ពុជាទៅស្ថិតនៅក្រោមឥទ្ធិពលរបស់ចិន នឹងមានតែកើនឡើង។
លោក Morgenbesser បានលើកឡើងនៅក្នុងអីុម៉េលថា “ជំនួយឥតសំណង និងការវិនិយោគរបស់ចិននឹងបន្តទាក់ទាញកម្ពុជាឱ្យខិតកាន់តែកៀកក្នុងកម្រិតមួយដ៏ឆាប់រហ័ស។ ប្រទេសលោកខាងលិចមិនអាចមកប្រកួតប្រជែងអ្វីដែលចិនកំពុងផ្តល់បានទេ”។
លោកបានមានប្រសាសន៍ថា “ការរិះគន់ពីការរំលោភបំពានសិទ្ធិមនុស្សរបស់រដ្ឋាភិបាលជាការចាំបាច់ ប៉ុន្តែ តាមពិតវាគ្មានផ្លែផ្កាទេ។ត្រូវមានយុទ្ធសាស្ត្រផ្សេង”។
លោក Morgenbesser បានមានប្រសាសន៍ថា ភាពជាដៃគូរវាងកម្ពុជានិងចិនរួមមានការការពារ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិ ជា “ឧទាហរណ៍ច្បាស់ក្រឡែតពីអ្វីដែលជាថ្នូរទៅវិញទៅមករវាងរបបផ្តាច់ការទាំងពីរ”។
លោក Morgenbesser បានលើកឡើងនៅក្នុងអីុម៉េលថា “តាមធម្មតា បញ្ហានេះសម្រេចបានតាមរយៈការប្រើប្រាស់អ្វីដែលហៅថា ‘អង្គការមិនមែនរដ្ឋាភិបាលប្រតិបត្តិដោយរដ្ឋាភិបាល’ ដែលផ្តល់ឯករាជភាពតែសម្បកក្រៅ” អំឡុងវេទិកាអន្តរជាតិ។
លោកបន្ថែមថា “ប៉ុន្តែ ក្នុងករណីកម្ពុជានិងចិន មិនត្រូវការការបន្លំភ្នែកបែបហ្នឹងទេហើយបង្ហាញការគាំទ្រគ្នាទៅវិញទៅមកដោយចំហតែម្ដង”។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយ ជាប្រធានអង្គការវេទិកាអនាគត និងជាអ្នក ឃ្លាំមើលស្ថានការណ៍នយោបាយបានមានប្រសាសន៍ថា ការគាំទ្ររបស់ចិនបានធ្វើឱ្យ កម្ពុជាមិនព្រមទទួលយកការរិះគន់ពីអន្តរជាតិ។
លោក អ៊ូ វីរៈ មានប្រសាសន៍ថា “លែង មានការឆ្លើយតបទៅនឹងការដាក់សម្ពាធរបស់លោកខាងលិចដូចដូចមុនទៀតហើយ”។ លោកបានបន្ថែមថា ការផ្លាស់ប្តូរនេះបានចាប់ផ្តើមអំឡុងជម្លោះព្រំដែនរវាងកម្ពុជានិងថៃក្នុងឆ្នាំ២០០៨ ដែលនៅពេលនោះ “ប្រទេសតែមួយគត់ដែលមកជួយសង្គ្រោះកម្ពុជាគឺប្រទេសចិន ដោយផ្តល់ទាំងហិរញ្ញវត្ថុ និងអាវុធ”។
ចំណងទាក់ទងជ្រាលជ្រៅនេះនឹងធ្វើឱ្យកាន់តែលំបាកសម្រាប់ប្រទេសលោកខាងលិចក្នុងការជំរុញឱ្យកម្ពុជាដើរតាមមាគា៌ប្រជាធិបតេយ្យដែលបានដាក់ចេញនៅក្នុង កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសជិត២៥ឆ្នាំមកហើយនោះ។ វាក៏ទំនងជាធ្វើឱ្យលែងបានផលដែរចំពោះការដែល លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងអាចប្រើប្រាស់ឥទ្ធិពលនៃការគាំទ្រពីអន្តរជាតិក្នុងការព្យាយាមថ្មីបំផុតរបស់លោកដើម្បីទទួលបានការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រចំពោះបទចោទប្រកាន់ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជារឿងនយោបាយ។
លោក អ៊ូ វីរៈ បានកត់សម្គាល់ថា ប៉ុន្តែឥទ្ធិពលបរទេសមិនមែនជាកម្លាំងតែមួយមុខប៉ុណ្ណោះទេក្នុងរឿងនេះ។ លោកបាននិយាយពីគណបក្សកាន់អំណាចថា “ខ្ញុំមិនគិតថា ពួកគេនឹងឆ្លើយតបចំពោះរដ្ឋាភិបាលលោកខាងលិចឡើយ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរ ពួកគេនឹងត្រូវប្រុងប្រយ័ត្នបំផុតជាមួយឆន្ទៈរបស់ប្រជាពលរដ្ឋ។ ពួកគេនៅតែត្រូវធ្វើអ្វីដែលពលរដ្ឋចង់បាន”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមានប្រសាសន៍ថា កម្ពុជាមិនគាំទ្រប្រទេសណាជាងប្រទេសណានោះទេ។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “យើងមិនពឹងផ្អែកលើនរណាម្នាក់ទេ ប៉ុន្តែយើងព្យាយាមធ្វើជាដៃគូជាមួយគ្រប់មនុស្សទាំងអស់។ សូម្បីនៅពេលអាមេរិករិះគន់យើងក៏ដោយ ក៏យើងនៅតែបើកចិត្តទូលាយ ហើយញញឹមដាក់ពួកគេដដែល”។
លោកបានមានប្រសាសន៍ថា អារម្មណ៍រួសរាយរាក់ទាក់ដែលកើនឡើងរបស់កម្ពុជាជាមួយចិនគឺអំពីកំណើនសេដ្ឋកិច្ច។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “ជាមួយនឹងកំណើនសេដ្ឋកិច្ច សិទ្ធិមនុស្សចេញពីទីនោះ។ ប្រជាពលរដ្ឋមានការងារធ្វើ ដូច្នេះហើយគ្រប់គ្នាអាចរីករាយ និងគោរពគ្នាទៅវិញទៅមក”។
លោកបន្ថែមថា អ្នកដែលរិះគន់អំពីចំណងទាក់ទងរបស់កម្ពុជាជាមួយចិន ដែលជារឿយៗបានលើកឡើងពីសការរំលោភសិទ្ធិមនុស្សនោះ គួរធ្វើសង្គ្រាមជាមួយក្រុងប៉េកាំងទៅ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើអ្នកមិនចូលចិត្តចិន ធ្វើសង្គ្រាមជាមួយពួកគេទៅ”៕ ស៊ុយឈាង និង សារុន (រាយការណ៍បន្ថែមដោយ ផាន់ ស៊ូមី)