28 C
Phnom Penh

លោក ស៊ី ជិនភីង ប្រធានាធិបតីដំបូងនឹងធ្វើទស្សនកិច្ចនៅខែនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តាមការបង្ហោះហ្វេសប៊ុកដោយលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពេលទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនជាមួយបណ្តាបស្ចិមប្រទេសដោយសារតែការបង្ក្រាបអ្នករិះគន់ពីសំណាក់រដ្ឋាភិបាលនោះ លោក ស៊ី ជិនភីង ប្រធានាធិបតីចិនគ្រោងនឹងធ្វើទស្សនកិច្ចប្រទេសកម្ពុជានៅខែនេះជាលើកដំបូងចាប់តាំងពីចូលកាន់មុខតំណែងមក។

ក្នុងអំឡុងកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃពុធ រវាងនាយឧត្តមសេនីយ៍ នេត សាវឿន និង លោក វ៉ាង ស៊ាវហុង (Wang Xiaohong) អនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈរបស់ប្រទេសចិន មន្ត្រីចិនរូបនេះបានលើកសរសើរទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ និងបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកជាការរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរបស់លោក។

ការបង្ហោះនោះបាននិយាយថា “លោក វ៉ាង ស៊ាវហុង បានថ្លែងថា មូលហេតុ ដែលគាត់មកប្រទេសកម្ពុជា គឺដើម្បីពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធចំពោះការរៀបចំទស្សនកិច្ចរបស់ប្រធានាធិបតីចិន ដែលនឹងធ្វើទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជាក្នុងខែតុលាឆ្នាំ២០១៦នេះ”។

នាយឧត្តមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍បន្ថែមថា ការត្រៀមសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបានរៀបចំហើយ។

ក្រុមមន្ត្រីក្រសួងការបរទេសមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ខណៈដែលលោក ឆេង ហុង បូ (Cheng Hong Bo) អ្នកនាំពាក្យស្ថានទូតចិន បាននិយាយថា លោក “មិនបានដឹងអំពីការធ្វើទស្សនកិច្ចនេះទេ”។

ប្រទេសកម្ពុជានាពេលថ្មីៗនេះបានទទួលរងការរិះគន់ជាពាក្យសម្តីពីបណ្តាបស្ចិមប្រទេស ដែលមិនយល់ស្របនឹងអ្វីដែលត្រូវគេមើលឃើញជាទូទៅថាជារឿងក្តីក្តាំនយោបាយលើគណបក្សសង្គ្រោះជាតិ និងអ្នករិះគន់ផ្សេងទៀត មុនការបោះឆ្នោតឃុំសង្កាត់នាឆ្នាំក្រោយ និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។

ទោះជាយ៉ាងនេះក្តី ក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅក្រុងហ្សឺណែវកាលពីសប្តាហ៍មុន ប្រទេសចិនបានការពារប្រទេសកម្ពុជា ដោយតំណាងប្រចាំអង្គការសហប្រជាជាតិរបស់ខ្លួន គឺលោក វ៉ាង យ៉ីង បានជំរុញប្រទេសក្រៅទុកឲ្យប្រទេសកម្ពុជាស្វែងរក “គំរូនិងផ្លូវអភិវឌ្ឍន៍សិទ្ធិមនុស្សមួយសមស្រប”។

នៅឆ្នាំនេះ ក្រុងប៉េកាំងបានផ្តល់ជំនួយយ៉ាងហោចណាស់៦០០លានដុល្លារដល់ប្រទេសនេះ ដោយក្លាយជាប្រទេសផ្តល់ជំនួយដ៏ធំបំផុតតែមួយគត់។

អ្នករិះគន់បានថ្កោលទោសប្រទេសកម្ពុជាដែលធ្វើតាមប្រទេសចិន ដោយរារាំងម្តងហើយម្តងទៀតលើសេចក្តីថ្លែងការណ៍រួមអាស៊ានប្រឆាំងនឹងការទាមទាររបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូង ហើយធ្វើនិរទេសឧក្រិដ្ឋជនតៃវ៉ាន់ទៅកាន់ចិនដីគោកជាជាងធ្វើមាតុភូមិនិវត្តពួកគេ។

យោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសចិន ក្នុងកិច្ចប្រជុំជាមួយព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុងក្រុងប៉េកាំងកាលពីខែមិថុនា លោក ស៊ី បាននិយាយថា ប្រទេសទាំងពីរ “គួរពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីទទួលបានផលប្រយោជន៍ទៅវិញទៅមកនិងលទ្ធផលឈ្នះឈ្នះ”។

ដំណើរចុងក្រោយរបស់លោក ស៊ីមកកាន់កម្ពុជាគឺក្នុងឆ្នាំ២០០៩ពេលលោកជាអនុប្រធានាធិបតី៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស