28.3 C
Phnom Penh

សម្រាប់​​​អ្នក​​​ធ្វើ​​​ចំណាក​​​ស្រុក ​​​ការ​​​បោះ​​​ឆ្នោត​​​នៅទីប្រជុំជន និង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​មិនសូវ​​​ជា​​​​​​មាន​​​តម្លៃ​​​ទេ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពិធីបុណ្យភ្ជុំបិណ្ឌដែលទើបតែកន្លងផុតកាលពីចុងសប្តាហ៍គឺជាឱកាសដ៏កម្រសម្រាប់អ្នកធ្វើចំណាកស្រុកជាច្រើននៅក្នុងការវិលត្រឡប់មកស្រុកកំណើតវិញដើម្បីចុះឈ្មោះ អ្នកបោះឆ្នោតនៅតាមបណ្តាខេត្ត ជាកន្លែងដែលសន្លឹកឆ្នោតរបស់ពួកគេនឹងមានតម្លៃជាង ការបោះឆ្នោតនៅក្នុងរាជធានីភ្នំពេញ។

ការកែប្រែច្បាប់បោះឆ្នោត និងការមិនបានធ្វើបច្ចុប្បន្នភាពមណ្ឌលបោះឆ្នោតនានា រាប់ឆ្នាំមកហើយដើម្បីឆ្លុះបញ្ចាំងពីកំណើនប្រជាពលរដ្ឋនោះ បានធ្វើឲ្យការបោះឆ្នោតនៅក្នុងរាជធានីធ្លាក់ចុះតម្លៃជាលំដាប់។វាឈានដល់ចំណុចដែលការបោះឆ្នោតក្នុងរាជធានីភ្នំពេញអាចមានតម្លៃទាបជាងការបោះឆ្នោតនៅក្នុងខេត្តក្បែរខាងពាក់ កណ្តាល នៅឆ្នាំ២០១៨ប្រសិនបើប្រជាពលរដ្ឋចេញមកបោះឆ្នោតមានចំនួនសមាត្រនឹងកំណើនប្រជាពលរដ្ឋ។

រាជធានីភ្នំពេញជាមណ្ឌលដ៏រឹងមាំរបស់គណបក្សប្រឆាំងជាយូរមកហើយដោយគណបក្សសង្គ្រោះជាតិទទួលបានអាសនៈសភាចំនួន៧បើធៀបនឹងគណបក្សប្រជាជនកម្ពុជាដែលទទួលបាន៥អាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣។ ប៉ុន្តែ ភាពខ្លាំងរបស់គណបក្សប្រឆាំងនេះ មានគុណវិបត្តិដោយសារលក្ខណៈពិសេសនៃការបោះឆ្នោតនៅក្នុងច្បាប់ថ្មីដែលត្រូវបានអនុម័តបន្ទាប់ពីការបោះឆ្នោត។

នៅក្នុងការកែប្រែច្បាប់បោះឆ្នោតនេះអ្នកធ្វើចំណាកស្រុកត្រូវបានផ្តល់សិទ្ធិជាលើកដំបូងឲ្យបោះឆ្នោតនៅកន្លែងដែលពួកគេធ្វើការតែម្តងជំនួសឲ្យការវិលត្រឡប់មកស្រុកកំណើតរបស់ខ្លួន ដោយផ្តល់សិទ្ធិឲ្យមនុស្សជាច្រើនដែលមិនអាចធ្វើដំណើរមកចុះឈ្មោះបោះឆ្នោត ប៉ុន្តែដោយមានលក្ខណៈ ពិសេសបន្ថែមនេះ វាធ្វើឲ្យការបោះឆ្នោតនៅកម្ពុជាមានភាពមិនស្មើគ្នា។

ដោយសារមិនមានការបែងចែកអាសនៈសភាសាជាថ្មីនៅតាមបណ្តាខេត្តអំឡុងឆ្នាំដែលមានការធ្វើដំណើរមកតំបន់ក្រុងច្រើននោះ តម្លៃនៃសំឡេងឆ្នោតវាខុសគ្នាខ្លាំងហើយ វាធ្វើឲ្យសំឡេងឆ្នោតនៅរាជធានីមានតម្លៃទាបជាងស្ទើរតែគ្រប់ខេត្តទាំងអស់។ ភាពមិនស្មើគ្នានៃសំឡេងឆ្នោតនេះបានធ្វើឲ្យខូចភាពត្រឹមត្រូវនៃការបោះឆ្នោតនៅកម្ពុជា នេះបើយោងតាមលោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅ កម្ពុជា “ខុមហ្វ្រែល”។

លោកបានមានប្រសាសន៍ថា “អ្នកណាកាន់អំណាចគ្រប់គ្រងបញ្ហានេះ។ ពួកគេដឹងថា កន្លែងណាដែលជាមណ្ឌលរឹងមាំរបស់ខ្លួន ហើយអាចដាក់បន្ថែមអាសនៈនៅទីនោះ”។

យោងតាមច្បាប់បច្ចុប្បន្ន ការបោះឆ្នោតនៅក្នុងរាជធានីភ្នំពេញ និងជាផ្នែកនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ១២រូបក្នុងចំណោមតំណាងរាស្ត្រសរុប១២៥រូបក្នុងឆ្នាំ២០១៨ ឬស្មើនឹង៩,៦ភាគរយ។ ប៉ុន្តែ រាជធានីភ្នំពេញត្រូវបានព្យាករណ៍ថា មាន១២,៦ភាគរយនៃអត្រាប្រជាពលរដ្ឋសរុបគិតដល់ពេលនោះ នេះបើយោងតាមការប៉ាន់ប្រមាណដោយ Statistics Japan ដែលជួយធ្វើជំរឿនលើកចុងក្រោយនៅកម្ពុជា។

បើប្រៀបធៀបទៅនឹងខេត្តក្បែរខាង គឺខេត្តព្រៃវែងវិញមាន១១អាសនៈ ដោយស្មើ នឹង៨,៨ភាគរយនៃតំណាងរាស្ត្រសរុប ប៉ុន្តែមានអត្រាប្រជាជនត្រឹមតែ៦,២ភាគរយប៉ុណ្ណោះនៃអត្រាប្រជាពលរដ្ឋសរុប ពោលគឺមានន័យថា សំឡេងឆ្នោតនៅក្នុងរាជធានីភ្នំពេញត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃត្រឹមតែ០,៥៤ភាគរយប៉ុណ្ណោះនៃការបោះឆ្នោតនៅក្នុងខេត្តព្រៃវែង។

មណ្ឌលទាំងពីរនេះសុទ្ធតែបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៣។ ប៉ុន្តែ អ្នកធ្វើចំណាកស្រុកទាំងឡាយណាដែលប្តូរមកបោះឆ្នោតក្នុងរាជធានីភ្នំពេញអាចធ្វើឲ្យសំឡេងឆ្នោតរបស់ខ្លួនមានតម្លៃតិចតួច។

លោក គល់ បញ្ញា បានលើកឡើងថា សំឡេង ឆ្នោតគួរតែបន្ថែមទៅលើចំនួនសំឡេងឆ្នោតសរុបនៅតាមបណ្តាខេត្តដែលជាស្រុកកំណើតរបស់អ្នកធ្វើចំណាកស្រុកមិនថា ពួកគេចុះឈ្មោះទៅកន្លែងណាឡើយហើយមណ្ឌលបោះឆ្នោតគួរតែធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងពីដង់ស៊ីតេប្រជាពលរដ្ឋ។

ច្បាប់កម្ពុជាផ្តល់សិទ្ធិឲ្យមានការបែងចែកអាសនៈឡើងវិញអំឡុងរាល់៥ឆ្នាំម្តងនៃអាណត្តិសភាដើម្បីឆ្លុះបញ្ចាំងអំពីការប្រែប្រួលអត្រាប្រជាពលរដ្ឋ ប៉ុន្តែតាមការអនុវត្តជាក់ស្តែង រដ្ឋាភិបាលមិនបានធ្វើការកែតម្រូវណាមួយឡើយតាំងពីឆ្នាំ២០០៣មក។ ច្បាប់នេះត្រូវបានលុបចោលអំឡុងការធ្វើកំណែទម្រង់បោះឆ្នោតកាលពីឆ្នាំមុននៅក្នុងការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។

លោក គល់ បញ្ញា បានមានប្រសាសន៍ទាក់ទិននឹងការបែងចែកអាសនៈថា “ពួកគេមិនបានកែតម្រូវវា ព្រោះនេះជាស្ថានភាពនយោបាយដ៏តានតឹង”។

លោកបានបន្ថែមថា យោងតាមច្បាប់បោះឆ្នោតថ្មី ដែលគណបក្សទាំងពីរបានព្រមព្រៀងគ្នាកាលពីខែមីនា ឆ្នាំមុន គ្មានរូបមន្តសម្រាប់កំណត់ចំនួនអាសនៈសភានៅក្នុងខេត្តនីមួយៗនោះឡើយ។

លោកបានមានប្រសាសន៍ថា “នៅក្នុងច្បាប់ចាស់វាមានចែងយ៉ាងច្បាស់ថា ពួកគេគួរតែគណនាចំនួនអាសនៈដោយផ្អែកលើដង់ស៊ីតេប្រជាពលរដ្ឋ…ឥឡូវនេះពួកគេបានលុបចោលច្បាប់ទាំងអស់នេះហើយ។ ពួកគេគ្រាន់តែចុះបញ្ជីចំនួន [អាសនៈ] ប៉ុណ្ណោះ។ កត្តានេះគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះថា នរណាដែលគ្រប់គ្រងគណបក្សកាន់អំណាចពួកគេអាចបង្កើនចំនួនអាសនៈបានដើម្បីប្រយោជន៍នយោបាយរបស់ខ្លួន។ច្បាប់នេះមិនច្បាស់ទេថា តើហេតុអ្វីបានជាគេអាចបង្កើន ឬបន្ថយ”។

លោក គល់ បញ្ញាបានលើកឡើងបន្ថែមទៀតថា សំឡេងភាគច្រើនធម្មតានៅក្នុងសភានឹងអនុញ្ញាតឲ្យរដ្ឋាភិបាលនាពេលអនាគតបែងចែកមណ្ឌលសម្រាប់ហេតុផលណាមួយ។

ដោយមិនបានកែប្រែតាំងពីឆ្នាំ២០០៣មកច្បាប់ថ្មីនេះធ្វើការកែប្រែពាក់ព័ន្ធមណ្ឌលបោះឆ្នោតត្រឹមតែពីរចំណុចប៉ុណ្ណោះ។វាបានផ្តល់អាសនៈចំនួន៨ទៅឲ្យខេត្តទើបតែកើតថ្មីដែលមានទំនោរទៅរកគណបក្សប្រជាជនកម្ពុជា គឺខេត្តត្បូងឃ្មុំដោយបំបែកសំឡេងឆ្នោតនៅក្នុងខេត្តកំពង់ចាមរបស់គណបក្សសង្គ្រោះជាតិ ហើយបានបន្ថែមអាសនៈពីរទៅខេត្តព្រះសីហនុដែលគណបក្សប្រជាជនកម្ពុជាឈ្នះទាំងប្រផិតប្រផើយក្នុងឆ្នាំ២០១៣។

លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាដែលបានបញ្ជូនអ្នកស្ម័គ្រចិត្តរាប់រយនាក់ទៅឃ្លាំមើលការបោះឆ្នោតបានលើកឡើងថា សំឡេងឆ្នោតនៅក្នុងរាជធានីភ្នំពេញនឹង”គ្មានតម្លៃ” ដូចអ្វីដែលគណបក្សសង្គ្រោះជាតិព្រួយបារម្ភ។

លោកបានមានប្រសាសន៍ថា “ច្បាប់ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋបោះឆ្នោតនៅកន្លែងដែលគាត់រស់នៅពិតជាជួយដល់អ្នកធ្វើចំណាកស្រុកមែន។ ប៉ុន្តែនិយាយតាមបែបនយោបាយ តំបន់ទីប្រជុំជន និងតំបន់ក្រុងជាមណ្ឌលរឹងមាំរបស់គណបក្សសង្គ្រោះ ជាតិ ហេតុដូច្នេះសម្រាប់គណបក្សសង្គ្រោះជាតិវានឹងជាគុណវិបត្តិសម្រាប់ពួកគេ”។

លោកបានថ្លែងបន្តថា “ហេតុដូច្នេះបើប្រជាពលរដ្ឋកាន់តែច្រើនចុះឈ្មោះក្នុងតំបន់ក្រុងកន្លែងដែលគណបក្សសង្គ្រោះជាតិខ្លាំងស្រាប់ សំឡេងឆ្នោតក៏កាន់តែគ្មានតម្លៃដែរសម្រាប់ពួកគេ”។

យោងតាមកំណើនប្រជាពលរដ្ឋ តម្លៃនៃសំឡេងឆ្នោតក្នុងរាជធានីភ្នំពេញសម្រាប់ការបោះឆ្នោតជាតិត្រូវបានប៉ាន់ប្រមាណថា ស្ទើរតែទាបជាងខេត្តចំនួនបី គឺខេត្តឧត្តរមានជ័យ រតនគិរី និងខេត្តសៀមរាបទៅទៀត។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានលើកឡើងថា ចំនួនអាសនៈដែលបែងចែកនៅក្នុងខេត្តនីមួយនៅតែអាចមានការកែប្រែប្រសិនបើវាខុសពីគោលកាណ៍ឆ្ងាយពេក។

លោកបានបន្តថានៅពេលការចុះឈ្មោះបោះឆ្នោតបានបញ្ចប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) អាចស្នើឲ្យមានការបែងចែកអាសនៈសភាសរុបចំនួន១២៥ឲ្យបានស្មើៗគ្នា ហើយបន្ទាប់មករដ្ឋាភិបាលអាចស្នើឲ្យសមាជិកសភាអនុម័តច្បាប់បោះឆ្នោតដែលមានការធ្វើវិសោធនកម្ម។

លោកបានមានប្រសាសន៍ថា “ប្រសិនបើចាំបាច់ច្បាប់បោះឆ្នោតអាចធ្វើវិសោធនកម្មបាន ប៉ុន្តែខ្ញុំគិតថា បើគ្មានការកែប្រែខ្លាំងនៅក្នុងចំនួនអាសនៈនោះទេ អាសនៈនឹងនៅតែមានចំនួនដដែល”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Colin Meyn និង គុច ណារ៉េន)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស