31 C
Phnom Penh

គ.ជ.ប.៖ ទាហាន​ចុះឈ្មោះ​បោះឆ្នោត​នៅក្នុង​ឃុំ-សង្កាត់មិន​ត្រឹមត្រូវ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យអាជ្ញាធររៀបចំការបោះឆ្នោតទូទាំងប្រទេសបានលើកឡើងថា ក្រុមមន្ត្រីនៅក្នុងខេត្តព្រះវិហារមានកំហុស ដោយបានចុះឈ្មោះទាហានមួយក្រុមដែលមិនបានរស់នៅ ឬធ្វើការជាប្រចាំនៅទីនោះឡើយ ប៉ុន្តែលោកបានបន្ថែមថា ពួកគេប្រហែលជាទទួលបានការអនុញ្ញាតដោយសារទាហានទាំងនោះអាចទៅឃ្លាំមើលនៅការិយាល័យបោះឆ្នោតទាំងនោះនៅឆ្នាំក្រោយ។

ក្រុមសង្កេតការណ៍បោះឆ្នោតបានលើកឡើងថា ការចុះឈ្មោះទាំងនេះបានរំលោភច្បាប់ ឬជាងនេះទៅទៀតនោះ កត់សម្គាល់ឱ្យឃើញពីការអនុវត្តដ៏ធូររលុងប្រកបដោយគ្រោះថ្នាក់។

គណបក្សសង្គ្រោះជាតិបានដាក់ពាក្យបណ្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កាលពីថ្ងៃទី២២ ខែកញ្ញា ដោយអះអាងថា ទាហាននៅក្នុងខេត្តចំនួនបី គឺខេត្តបាត់ដំបង ព្រះវិហារ និងខេត្តសៀមរាប ត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយនៅក្រៅឃុំ-សង្កាត់ដែលពួកគេរស់នៅ និងបម្រើការជាយោធា។ ច្បាប់បោះឆ្នោតដែលត្រូវបានអនុម័តកាលពីឆ្នាំមុនចែងថា អ្នកដែលចុះឈ្មោះបោះឆ្នោតបាន ត្រូវតែមានអាសយដ្ឋាន ឬលំនៅដ្ឋាននៅក្នុងឃុំ-សង្កាត់ដែលពួកគេត្រូវបោះឆ្នោត”។

កាលពីម្សិលមិញ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប. មានប្រសាសន៍ថា ក្រុមសង្កេតការណ៍របស់គណៈកម្មាធិការនេះបានអះអាងថា ទាហាន៩០នាក់នៅក្នុងខេត្តព្រះវិហារកាលពីពេលថ្មីៗនេះបានចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំឆែប២ ស្រុកឆែប កន្លែងដែលពួកគេគ្មានលំនៅដ្ឋាននៅទីនោះ និងគ្មានជាប់ព្រំប្រទល់ឃុំ-សង្កាត់ដែលពួកគេឈរជើងជាមួយអង្គភាពយោធារបស់ខ្លួនឡើយ។ លោកបានថ្លែងថា ពួកគេបានចុះឈ្មោះនៅក្នុងឃុំឆែប២នៅថ្ងៃដែលពួកគេមិនធ្វើការ និងធ្វើការជាកម្មករនៅពេលថ្ងៃនៅលើចម្ការអំពៅក្នុងមូលដ្ឋាន។

លោកបានមានប្រសាសន៍ថា “ពួកគេបានចុះឈ្មោះនៅក្នុងឃុំដែលពួកគេកំពុងកាប់អំពៅ ហើយលោកមេឃុំមិនបានយល់ឡើយ ហើយបានអនុញ្ញាតឱ្យពួកគេចុះឈ្មោះ ដូច្នេះមិនមានការស្វែងយល់ពីនីតិវិធីឡើយ”។

លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា គ.ជ.ប.រង់ចាំរបាយការណ៍ពីខេត្តពីរផ្សេងទៀតមុនពេលសម្រេចថាតើត្រូវធ្វើអ្វីអំពីទាហានទាំង៩០នាក់នៅក្នុងខេត្តព្រះវិហារនេះ។ ប៉ុន្តែលោកបានលើកឡើងថា ស្ថានភាពរបស់ពួកគេទាំងស្របច្បាប់និងខុសច្បាប់។

លោកបានថ្លែងថា “វាមិនត្រឹមត្រូវ ហើយក៏មិនខុសដែរ។ ទី១ ប្រសិនបើពួកគេបានចុះឈ្មោះនៅក្នុងឃុំ-សង្កាត់មិនត្រឹមត្រូវ មានន័យថាវាជាការខុសច្បាប់។ ប៉ុន្តែវាអាចស្របច្បាប់ ប្រសិនបើក្រសួងការពារជាតិមានផែនការបញ្ជូនពួកគេទៅការពារសន្តិសុខនៅតាមការិយាល័យបោះឆ្នោតនៅទីនោះ ពីព្រោះការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសត្រូវការទាហាន៧០.០០០នាក់។ ដូច្នេះប្រសិនបើផែនការចាត់តាំងពួកគេទៅការពារនៅកន្លែងនោះ ពួកគេអាចបោះឆ្នោត និងផ្តល់ការការពារសន្តិសុខផង”។

លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា គ.ជ.ប.មានអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃផ្ដល់ការការពារសន្តិសុខទាក់ទងការបោះឆ្នោត ប៉ុន្តែមិនទាន់ឃើញផែនការចាត់តាំងអង្គភាពយោធាជាក់លាក់ណាមួយទៅកាន់ការិយាល័យបោះឆ្នោតជាក់លាក់ទាំងនោះនៅឡើយទេ។

បើទោះជាលោកព្យាយាមធ្វើឱ្យការចុះឈ្មោះបោះឆ្នោតរបស់ទាហានទាំងនេះសមហេតុសមផលក៏ដោយ ក៏អ្នកនាំពាក្យរូបនេះបានលើកឡើងថា មន្ត្រីឃុំ-សង្កាត់ទាំងអស់ត្រូវបានប្រាប់ឱ្យឈប់ចុះឈ្មោះទាហាននៅក្រៅឃុំ-សង្កាត់របស់ខ្លួនដែរ។

លោក គល់ បញ្ញា ដែលគ្រប់គ្រងគណៈកម្មាធិការឯករាជ្យដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ មានប្រសាសន៍ថា គ.ជ.ប.ទំនងជាពង្រីកអត្ថន័យទីលំនៅដើម្បីរួមបញ្ចូលការិយាល័យបោះឆ្នោតដែលទាហានទាំងនោះត្រូវដាក់ឱ្យឈរជើងនៅថ្ងៃនោះ។

លោកបានមានប្រសាសន៍ថា “ពួកគេអាចប្រើប្រាស់ចន្លោះប្រហោងនៅក្នុងបទប្បញ្ញត្តិច្បាប់។យោងតាមច្បាប់ថ្មី លំនៅដ្ឋានមិនត្រូវបានអមដោយលក្ខខណ្ឌច្រើនទាក់ទិនការចុះឈ្មោះឡើយ”។

លោក គល់ បញ្ញា បានមានប្រសាសន៍ថា ក៏មានបទប្បញ្ញត្តិសម្រាប់  ”លំនៅដ្ឋានមិនច្បាស់លាស់” ផងដែរ ប៉ុន្តែលោកបានថ្លែងថា វាសំដៅបន្ថែមទៀតសម្រាប់អ្នកដែលត្រូវបានបណ្ដេញចេញ  និងអ្នកគ្មានផ្ទះសំបែងដែលចំណាយពេលរបស់ខ្លួនច្រើនបំផុតនៅក្នុងឃុំ-សង្កាត់ដែលពួកគាត់ចុះឈ្មោះ។

អំឡុងការបោះឆ្នោតជាតិឆ្នាំ២០១៣ ទាហានរងការចោទប្រកាន់ថា ត្រូវបានចល័តទៅកាន់ឃុំ-សង្កាត់ដែលពួកគេមិនបានចុះឈ្មោះទំនងជាដើម្បីជំរុញភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងតំបន់សំខាន់ៗ។ គណបក្សសង្គ្រោះជាតិដែលចាញ់ការរាប់សន្លឹកឆ្នោតផ្លូវការយ៉ាងប្រកៀកប្រកិតនោះ បានដាក់ពាក្យបណ្ដឹងជាច្រើនទៅគ.ជ.ប. ពាក់ព័ន្ធភាពមិនប្រក្រតីផ្សេងៗ ប៉ុន្តែបានត្រឹមតែឈរមើលគេច្រានចោលបណ្តឹងរបស់ខ្លួនប៉ុណ្ណោះ។

លោក គល់ បញ្ញា បានមានប្រសាសន៍ថា កង្វះការកំណត់និយមន័យនៅក្នុងច្បាប់បោះឆ្នោតថ្មី ធ្វើឱ្យមានភាពងាយរងគ្រោះចំពោះការប្រើប្រាស់ក្នុងផ្លូវមិនល្អ ប៉ុន្តែបានព្រមានថា ការទទួលបានផលប្រយោជន៍ ដោយសង្ឃឹម ថា បន្ថែមសំឡេងឆ្នោតដល់គណបក្សប្រជាជនកម្ពុជាចំពោះឃុំ-សង្កាត់ដែលមានបញ្ហានោះ អាចមានផលអវិជ្ជមានទៅវិញទេ។

លោកបានថ្លែងថា រដ្ឋាភិបាល “មិនគួរដាក់សម្ពាធលើអ្នកចុះឈ្មោះកន្លែងដែលពួកគេចង់បានពួកគាត់ឡើយ។ ពួកគេគិតថា ទាហានទាំងនោះនឹងបោះឆ្នោតឱ្យពួកគេ ប៉ុន្តែប្រហែលជាមិនដូចការគិតឡើយ។

លោក ព្រាប កុល នាយកអង្គការតម្លាភាពកម្ពុជាបានមានប្រសាសន៍ថា ទាហានដែលទៅចុះឈ្មោះបោះឆ្នោតនៅក្រៅឃុំ-សង្កាត់ដែលជាលំនៅដ្ឋាន ឬបន្ទាយរបស់ខ្លួនគឺជាការរំលោភច្បាប់ច្បាស់ក្រឡែត ហើយមិនគួរបានអនុញ្ញាតឱ្យកើតមានឡើយ។

លោកបានមានប្រសាសន៍ថា “នេះជាការខុសច្បាប់។  វាជាអ្វីដែលគ.ជ.ប.ត្រូវដោះស្រាយជាជាងធ្វើការពន្យល់ ហើយបង្ហាញថាខ្លួនត្រឹមត្រូវ។  ប្រសិនបើមានការលើកលែង ពួកគេត្រូវសរសេរចូលនៅក្នុងច្បាប់ ឬគោលនយោបាយ”។

យោងតាមលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិក៏បានដាក់ពាក្យបណ្ដឹងជាច្រើនផងដែរកាលពីពេលថ្មីៗនេះជាមួយគ.ជ.ប. ដោយអះអាងពីភាពមិនប្រក្រតីអំឡុងការចុះឈ្មោះបោះឆ្នោតពាក់ព័ន្ធនឹងព្រះសង្ឃ និងអ្នកធ្វើចំណាកស្រុកខុសច្បាប់ ព្រមទាំងមេឃុំ ចៅសង្កាត់ ដែលមិនបានបំពេញភារកិច្ចរបស់ខ្លួនជាដើម។។

លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា គ.ជ.ប.កំពុងពិនិត្យមើលពាក្យបណ្ដឹងថ្មីទាំងនេះផងដែរ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស