35 C
Phnom Penh

ការ​​​ឈប់​​​រថយន្ត​​​បត់​​​ជើង​​​តាមបណ្ដោយ​​​​ផ្លូវបាន​​ប្រែក្លាយ​​ទៅ​ជា​ការកើតមាន​​​​​អំពើ​​​ហិង្សា​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលបាននិយាយកាលពីម្សិលមិញថា អ្នកបើកបរស្រវឹងម្នាក់បានបុកពីក្រោយរថយន្ត ឡិចស៊ិស RX330 ដែលចតនៅមួយកន្លែងមានទាំងគ្រួសារផង ហើយបន្ទាប់មកបានប្រវាយប្រតប់ជាមួយអ្នកបើកបរផ្សេងទៀតនិងអធិការរងម្នាក់ ដែលបានមកដល់កន្លែងកើតហេតុការណ៍បុកគ្នាក្នុងខេត្តកំពតកាលពីថ្ងៃសៅរ៍។

អ្នកបើកបរនិងមនុស្សពីរនាក់ក្នុងចំណោមបីនាក់ដែលជិះជាមួយគាត់ ត្រូវបានឃាត់់ខ្លួននិងសាកសួរនៅតុលាការកាលពីម្សិលមិញ។

លោក សេង រតនា អធិការរងស្រុកកំពង់ត្រាច បាននិយាយថា ហេតុការណ៍នេះបានកើតមានឡើងនៅពេលដែលម្ចាស់រថយន្ត ឡិចស៊ិស ឈ្មោះ មាស សាន អាយុ៤៥ឆ្នាំ បានឈប់អែបខាងនៅម៉ោងប្រហែល៧យប់ដើម្បីបត់ជើង តាមបណ្តោយផ្លូវលេខ៣១ក្នុងឃុំអង្គសុភី ក្នុងពេលធ្វើដំណើរជាមួយសមាជិកគ្រួសារ។

លោក រតនា បាននិយាយថា រថយន្តតូយ៉ូតាកាម៉ារីបើកបរដោយឈ្មោះ ម៉ៅ វាសនា អាយុ៤១ឆ្នាំ ដែលស្រវឹង បានបុករថយន្តឡិចស៊ិស បណ្តាលឲ្យមានការស្រែកដាក់គ្នារវាងលោក សាន និងលោក វាសនា ពេលនោះ។

លោកបាននិយាយថា អ្នកដំណើរជាមួយលោក វាសនា គឺ ម៉ៅ សុរិយា អាយុ៣៨ឆ្នាំ ជាម្ចាស់រថយន្ត សាម នាម អាយុ៤០ឆ្នាំ និងអ្នកដំណើរទី៤ដែលបានរត់គេចចេញពីកន្លែងបុកគ្នា នៅពេលនោះបានចូលរួមក្នុងការវាយតប់គ្នា។

លោក រតនា និយាយថា នៅពេលលោកបានទៅដល់កន្លែងកើតហេតុ និងព្យាយាមរារាំងបុរសបីនាក់ផ្សេងទៀតក្នុងរថយន្តកាម៉ារីកុំឲ្យរត់គេច លោក សុរិយា បានវាយមកលើរូបលោកតែម្ដង។

លោក រតនា និយាយថា “ម៉ៅ សុរិយា បានច្រានខ្ញុំនិងទាត់ខ្ញុំចំខ្នងឱ្យដួលទៅលើដី បណ្តាលឲ្យរបួសដៃឆ្វេង និងទ្រូងរបស់ខ្ញុំ។ ខ្ញុំទារសំណង២.០០០ដុល្លារពីពួកគេ ពីព្រោះពួកគេបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ខ្ញុំ និងខូចអាយកូមរបស់ខ្ញុំដែរ”។

លោក រតនា បាននិយាយថា លោក សាន ដែលមិនអាចទាក់ទងសុំការពន្យល់បាននោះ ក៏ចង់បានសំណងពីបុរសទាំងនោះដែរ។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បានមានប្រសាសន៍ថា ជនសង្ស័យបីនាក់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពត និងបន្ទាប់មកទៀតទៅតុលាការខេត្ត ខណៈដែលនគរបាលនៅកំពុងស្វែងរកជនសង្ស័យទី៤នៅឡើយ។

លោកបានមានប្រសាសន៍ថា “យើងបានចោទពួកគេពីបទប្រើអំពើហិង្សាដោយចេតនា និងបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយបុរសបីនាក់នោះត្រូវបានបញ្ជូនទៅតុលាការ”។

លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត មានប្រសាសន៍ថា តុលាការបានសាកសួរបុរសទាំងនោះកាលពីម្សិលមិញ ប៉ុន្តែមិនទាន់បានចោទពួកគេទេ៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស