31.8 C
Phnom Penh

កូន​​​ កែម ឡី កើតក្នុង​​​ពេល​​​​​​​​​មាន​​​​​​​​​ភាព​​​តាន​​​តឹង​​​ក្នុង​​​ខួប​​​​​​បុណ្យ​​​សព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការសម្រាលកូនប្រុសទីប្រាំរបស់លោក កែម ឡី អ្នកវិភាគនយោបាយដែលគេធ្វើឃាតបាននាំមកនូវសេចក្តីរីករាយដល់គ្រួសាររបស់លោក ប៉ុន្តែការទាស់ទែងគ្នាក្នុងចំណោមមិត្តភក្តិនិងសាច់ញាតិខ្លះរបស់លោកអំពីថាតើគោរពបុរសនេះយ៉ាងណានោះ គំរាមធ្វើឲ្យប្រេះឆាដល់សាមគ្គីភាពដែលលោកមានបំណងនឹងបង្កើតឡើង។

អ្នកស្រី ប៊ូ រចនា បីកូនទើបកើត កែម ឡីវីរៈ ក្នុងរូបថតបង្ហោះតាមទំព័រហ្វេសប៊ុករបស់មន្ត្រីគណបក្សសង្គ្រោះជាតិ សាង សាន់។
អ្នកស្រី ប៊ូ រចនា បីកូនទើបកើត កែម ឡីវីរៈ ក្នុងរូបថតបង្ហោះតាមទំព័រហ្វេសប៊ុករបស់មន្ត្រីគណបក្សសង្គ្រោះជាតិ សាង សាន់។

គម្រោងគោរព កែម ឡី ដោយមានប្រារព្ធខួប១០០ថ្ងៃបានប្រគល់ជូនគណៈកម្មការរៀបចំបុណ្យសពដែលមានសមាសភាពពីមិត្តភក្តិនិងគ្រួសារ បន្ទាប់ពីអ្នកស្រី ប៊ូ រចនា បានភៀសខ្លួនចេញពីប្រទេសជាមួយកូនប្រុសរបស់អ្នកស្រីក្នុងចុងខែសីហា ដើម្បីស្វែងរកសិទ្ធិជ្រកកោណអចិន្ត្រៃយ៍ ដោយភ័យខ្លាចពីសុវត្ថិភាព។

ទីកន្លែងនិងសកម្មភាពរបស់គេត្រូវលាក់បាំង ចាប់តាំងពីអ្នករិះគន់រដ្ឋាភិបាលដ៏មានប្រជាប្រិយនេះត្រូវឃាតករបាញ់សម្លាប់ ក្នុងពេលផឹកកាហ្វេពេលព្រឹកនៅឯស្ថានីយចាក់សាំងមួយកន្លែងក្នុងក្រុងភ្នំពេញនៅថ្ងៃទី១០ ខែកក្កដា។

តាមលោក ទឹម ម៉ាល័យ ជាសមាជិកនៃគណៈកម្មការបុណ្យសព សំណើបានបញ្ជូនទៅសាលាក្រុងកាលពីថ្ងៃទី២៣ ខែកញ្ញា ដើម្បីសុំបារព្ធខួបគម្រប់១០០ថ្ងៃក្នុងក្រុងភ្នំពេញនៅថ្ងៃទី១៤និង១៥ ខែតុលា មុននឹងដង្ហែរូបចម្លាក់ទៅកាន់ខេត្តកំណើតរបស់កែម ឡី ដើម្បីគោរពលោក។

ទោះជាយ៉ាងនេះក្តី លោក កែម រិទ្ធិសិទ្ធិ ប្អូនប្រុសលោក កែម ឡី បាននិយាយថា លោកនឹងមានគម្រោងផ្ទាល់ខ្លួន ហើយនឹងមិនចូលរួមពិធីនៅភ្នំពេញទេ។

លោក ម៉ាល័យ បាននិយាយថា គណៈកម្មការ”បានបង្ហាញវត្តពីរ គឺវត្តចាស់និងវត្តថាន់” ជាទីកន្លែងសម្រាប់ធ្វើពិធី។ លោកបាននិយាយថា “បន្ទាប់មក យើងនឹងហែរូបចម្លាក់បណ្ឌិត កែម ឡីទៅកាន់តាកែវ” នៅថ្ងៃទី១៦ ហើយបញ្ចប់ពិធីនៅថ្ងៃទី១៧ ខែតុលា។

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលាក្រុងបាននិយាយកាលពីថ្ងៃច័ន្ទថា សេចក្តីសម្រេចថាតើនឹងយល់ព្រមលើទីកន្លែងនិងការហែ នឹងធ្វើឡើងក្នុងពេលមួយថ្ងៃឬពីរថ្ងៃ។

ក្បួនដង្ហែសពនិងមឈូសរបស់លោកពីភ្នំពេញទៅខេត្តតាកែវ ដើម្បីបញ្ចុះកាលពីពាក់កណ្តាលខែកក្កដាត្រូវពន្យារពេលដោយប្រធានគណៈកម្មការ គឺព្រះតេជគុណ ប៊ុត ប៊ុនតិញ នៅនាទីចុងក្រោយ ដើម្បីទុកពេលមួយសប្តាហ៍ទៀតសម្រាប់រៀបចំគម្រោងនិងការកាន់ទុក្ខក្នុងក្រុងភ្នំពេញ។

លោកបាននិយាយថា “ខ្ញុំមិនដែលចូលរួមប្រជុំជាមួយគណៈកម្មការទេ បន្ទាប់ពី ប៊ុត ប៊ុនតិញ បានប្រកាសពន្យារពេលការហែតាមការកំណត់នោះ។ ខ្ញុំមិនគាំទ្រទេ។ បើយើងបានសម្រេចចិត្តរួចហើយ ហេតុអ្វីក៏យើងមិនធ្វើតាមគម្រោងទៅ?”។

លោក រិទ្ធិសិទ្ធិ បាននិយាយថា លោកនឹងស្វាគមន៍អ្នកដែលហែពីក្រុងភ្នំពេញនៅថ្ងៃទី១៦ ខែតុលា ប៉ុន្តែលោកបាននិយាយបន្ថែមថា “ខ្ញុំនឹងមិនចូលរួមខួប១០០ថ្ងៃនៅភ្នំពេញទេ”។

លើសពីនេះទៅទៀត លោកបាននិយាយថា លោកខកចិត្តចំពោះការខ្វះទំនាក់ទំនងរវាងអ្នកស្រី រចនា និងក្រុមគ្រួសារលោក ចាប់តាំងពីអ្នកស្រីបានសម្រាលកូនប្រុសពៅកាលពីថ្ងៃអាទិត្យ ឈ្មោះ កែម ឡីវីរៈ។

លោកបាននិយាយថា “ខ្ញុំមិនដឹងថាទាក់ទងពួកគេយ៉ាងម៉េចទេ។ វាជាការសម្ងាត់របស់គេ ប៉ុន្តែគាត់គួរទាក់ទងម្តាយខ្ញុំ ដើម្បីឲ្យគាត់ដឹងអំពីស្ថានភាព”។

ទាំងអ្នកស្រី រចនា ទាំងព្រះតេជគុណ ប៊ុត ប៊ុនតិញ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

តាមលោក សាម អ៊ិន ជាមិត្តភក្តិយូរឆ្នាំរបស់កែម ឡី ដែលបានធ្វើការជាមួយលោក ដើម្បីបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោករិទ្ធិសិទ្ធិ ពិតជាមិនបានធ្វើការល្អជាមួយគណៈកម្មការតាំងពីដំបូងមកម្លេ៉ះ។

លោកបាននិយាយថា “ខ្ញុំគិតថា គាត់គួរមានមោទនភាព ពីព្រោះគាត់មានបងប្រុសម្នាក់ដូចជាបណ្ឌិត កែម ឡី។ គាត់បានស្លាប់ ប៉ុន្តែមនុស្សគ្រប់គ្នាស្គាល់ឈ្មោះគាត់។ វាជាការធ្វើពិធីសម្រាប់គាត់”។

លោកបាននិយាយថា “ខ្ញុំគិតថា គ្រប់គ្នាគួររួបរួមគ្នា ដើម្បីធ្វើការងារនេះ”។

អ្នកវិភាគដែលបានទទួលមរណភាពនេះត្រូវសាធារណជនខែ្មរជាទូទៅកោតសរសើរចំពោះការអត្ថាធិប្បាយត្រង់ចំៗនិងងាយយល់អំពីនយោបាយរបស់ប្រទេស ដោយលើកឡើងអំពីចំណុចខ្សោយនៅក្នុងបក្សកាន់អំណាចនិងបក្សប្រឆាំង។

អាជ្ញាធរដែលស៊ើបអង្កេតឃាតកម្មរបស់លោកមិននិយាយអំពីថាតើមានវឌ្ឍនភាពអ្វីខ្លះទេ ដោយបណ្តាលឲ្យមានការប៉ាន់ស្មានជាសាធារណៈថា រដ្ឋាភិបាលនៅពីក្រោយឃាតកម្មនេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងលោក សម រង្ស៊ី មេបក្សប្រឆាំងចំពោះការអះអាងថា ឃាតកម្មនោះជាទង្វើភេរវកម្មរដ្ឋ៕ (រាយការណ៍បន្ថែមដោយJanelle Retka )

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស