35 C
Phnom Penh

នាយប៉ុស្តិ៍​ត្រូវ​ចាប់ខ្លួន​ពី​បទ​ផ្ទុះ​អាវុធ​​អាកា​​អំឡុង​​ជម្លោះក្នុងគ្រួសារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយប៉ុស្តិ៍ឃុំម្នាក់ក្នុងខេត្តមណ្ឌលគិរីត្រូវបានចាប់ខ្លួនបន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទយកកាំភ្លើងអាកា-៤៧ដែលរដ្ឋចេញឱ្យកាន់កាប់គំរាមបាញ់ប្រពន្ធរបស់ខ្លួនអំឡុងពេលមានជម្លោះនៅផ្ទះសាច់ញាតិម្នាក់។

លោក ទូច យន់ ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា លោក រ៉ា បូរិទ្ធ អាយុ៤៤ឆ្នាំ នាយប៉ុស្តិ៍ឃុំស្រែអំពូម ស្រុកពេជ្រាដា ត្រូវបាននគរបាលខេត្តចាប់ខ្លួនកាលពីថ្ងៃច័ន្ទ ហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលដែលជននេះត្រូវបានឃុំខ្លួននៅទីនោះកាលពីម្សិលមិញ។

លោក ទូច យន់ បានមានប្រសាសន៍ថា លោក រ៉ា បូរិទ្ធ ត្រូវបានចាប់ខ្លួនតែប៉ុន្មាន ម៉ោងប៉ុណ្ណោះបន្ទាប់ពីដកកាំភ្លើងអាកាបាញ់គំរាមប្រពន្ធរបស់ខ្លួន ប៉ុន្តែជននេះទំនងជាមិនត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តទេ ពីព្រោះករណីនេះនឹងត្រូវត្រួតពិនិត្យទៅតាមនីតិវិធីវិន័យរបស់នគរបាល។

លោក សូ សុវណ្ណ ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា ហេតុការណ៍េនះបានកើតឡើងខណៈប្រពន្ធរបស់ជននេះបានទៅលេងឪពុកម្ដាយរបស់ខ្លួននៅក្នុងឃុំស្រែអំពូម។ ប្ដីស្រវឹងស្រារូបនេះបានហៅប្រពន្ធរបស់ខ្លួនឱ្យត្រឡប់ទៅផ្ទះ ប៉ុន្តែប្រពន្ធប្រកែកមិនព្រមទៅ។

លោក សូ សុវណ្ណ បានមានប្រសាសន៍ថា អំឡុងការសាកសួរកាលពីម្សិលមិញ នាយប៉ុស្តិ៍រូបនេះបានប្រាប់នគរបាលថា គាត់បានដើរទៅផ្ទះសាច់ថ្លៃរបស់ខ្លួន ហើយប្ដីប្រពន្ធនេះបានឈ្លោះប្រកែកគ្នានៅទីនោះ មុនពេលបុរសរូបនេះបានធ្វើឱ្យផ្ទុះអាវុធរបស់ខ្លួនដោយអចេតនា។

លោក សូ សុវណ្ណ បានមានប្រសាសន៍ថា “បើតាមការរៀបរាប់របស់បុរសរូបនេះ កាំភ្លើងនោះបានរាលកៃដោយចៃដន្យ”។ គណៈកម្មការវិន័យដែលបង្កើតឡើងដោយមន្ត្រីនគរបាល រួមទាំងស្នងការនគរបាលខេត្ត និងស្នងការរងពីររូបទៀត នឹងសម្រេចថាតើត្រូវបន្តដូចម្ដេច។

លោក សូ សុវណ្ណ បានមានប្រសាសន៍ថា “បើករណីនេះធ្ងន់ធ្ងរ យើងនឹងបញ្ជូនបុរសរូបនេះទៅតុលាការ ហើយបើវាជាករណីតូចតាច យើងនឹងធ្វើការស៊ើបអង្កេតដើម្បីរកឱ្យឃើញថា តើបុរសរូបនេះពិតជាបានផ្ទុះអាវុធដោយអចេតនាមែនឬយ៉ាងណា ហើយយើងនឹងដាក់ទោសទណ្ឌជននេះទៅតាមច្បាប់ស្តីពីវិន័យរបស់នគរបាល ដូចជាការព្រមាន ការដកតួនាទី ឬក៏បញ្ចុះឋានៈជាដើម។

លោកស្រី រស់ សុភាព នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បានជំរុញឱ្យរដ្ឋាភិបាលដកតួនាទីនាយប៉ុស្តិ៍ឃុំរូបនេះ ដើម្បីបញ្ជូនសារដល់សហគមន៍ថា អំពើហិង្សានឹងមិនត្រូវបានអត់ឱនឡើយ។

លោកស្រីបានមានប្រសាសន៍ថា “ច្បាប់មិនត្រូវបានពង្រឹងទេ នេះជាមូលហេតុដែលមនុស្សនៅតែបន្តប្រព្រឹត្ត។ វាដល់ពេលដែលរដ្ឋាភិបាលត្រូវកែប្រែហើយ ដោយគិតអំពីការពង្រឹងនីតិរដ្ឋ”៕ សារុន (រាយការណ៍បន្ថែមដោយ Sonia Kohlbacher)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស